ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​មិនបញ្ជាក់​អំពី​ផែនការ​ជំនួប​កំពូល​រវាង​លោក​ Putin ​និង​លោក​ Biden តែ​ព្រមាន​ប្រឆាំង​នឹង​ទណ្ឌកម្ម​របស់​អាមេរិក


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden (ឆ្វេង) និង​ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin។

ប្រទេស​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃពុធ​ថា​ វា​ជា​ឆាប់​ពេក​ហើយ​ដែល​ខ្លួន​មិនទាន់​អាច​និយាយ​ឲ្យ​ច្បាស់​អំពី​សំណើ​របស់​លោក​ប្រធានាធិបតី Joe Bidenក្នុង​ការ​ជួប​លោក​ប្រធានាធិបតី Putin ​ទេហើយ​វិមាន​ក្រឹមឡាំង​បាន​ប្រាប់​ទីក្រុង​វ៉ាស៊ីនតោន​ថា​ មិនត្រូវ​ដាក់​ទណ្ឌកម្ម​ថ្មីណា​ទៅ​លើ​ទីក្រុង​មូស្គូទេ។ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​សារ​ព័ត៌មានRIA។

នៅក្នុង​ការ​ហៅតាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​អង្គារ​លោកBiden បាន​ស្នើឱ្យ​មាន​កិច្ច​ប្រជុំ​កំពូលដើម្បី​ដោះស្រាយ​ជម្លោះ ហើយបាន​ប្រាប់​ឲ្យ​រដ្ឋាភិបាល​ក្រុង​មូស្គូ​ឲ្យ​បន្ថយ​ភាព​តានតឹង​នៅ​អ៊ុយក្រែន ដែលបង្ក​ឡើង​ដោយ​កំណើន​យោធា​រុស្ស៊ី។

ចំណង​ទាក់ទង​របស់​រដ្ឋាភិបាល​ក្រុង​មូស្គូ​ជាមួយ​សហ​រដ្ឋអាមេរិក​បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​ថ្មី​ក្រោយ​សង្គ្រាម​ត្រជាក់កាលពីខែ​មុន​ បន្ទាប់ពី​លោក Biden បាន​និយាយ​ថា​ លោកគិត​ថា​លោក Putin ​ជា​«ឃាតករ» ​ហើយទីក្រុង​មូស្គូ​បាន​កោះហៅ​ឯកអគ្គ​រដ្ឋទូត​របស់​ខ្លួន​ប្រចាំ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ទៅ​ពិគ្រោះ​យោបល់។​ ជិតមួយខែ​ក្រោយមក ​ឯកអគ្គរដ្ឋទូត​រូប​នេះ​នៅ​តែ​មិន​ទាន់​វិលត្រឡប់​មកវិញ។​

អ្នក​នាំពាក្យ​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​លោក Dmitry Peskovបានប្រាប់​អ្នក​យក​ព័ត៌មាន​ថា៖​«វា​ឆាប់​ពេក​ មិនទាន់​អាច​និយាយ​អំពី​ជំនួប​នេះ​ទេ។​ វាជា​សំណើថ្មី​ ហើយ​វា​នឹង​ត្រូវ​សិក្សា»។​លោក​បន្ថែមថា​ បញ្ហា​នេះ​នឹង​ត្រូវ​ពិភាក្សា​បន្ថែម​ទៀត​តាម​រយៈ​បណ្តាញ​ការទូត។ ភាគី​ទាំង​ពីរ​មិនទាន់មាន​គម្រោង​រៀបចំ​ប្រធាន​បទ​ជាច្រើន​ដែល​ត្រូវ​ពិភាក្សា​នៅឡើយ​ទេ ហើយក៏​មិនទាន់​មាន​ការ​រៀបចំ​សម្រាប់​កិច្ចប្រជុំ​នេះ​ដែរ។​

ដោយឡែក ​លោក Yuri Ushakov ទីប្រឹក្សា​គោល​នយោបាយ​ការ​បរទេស​របស់​ Putin​ បាន​អញ្ជើញ​លោកJohn Sullivanឯកអគ្គ​រដ្ឋទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​នៅ​ទីក្រុង​មូស្គូ​ដើម្បី​ពិភាក្សា​កាលពី​ថ្ងៃពុធ។ នេះបើ​យោងតាម​ក្រសួង​ការ​បរទេស​រុស្ស៊ី។​

លោក​ Ushakov ​បាន​ប្រាប់​លោក​ឯកអគ្គរដ្ឋទូត​ថា​ទីក្រុង​មូស្គូ​នឹងធ្វើ​សកម្មភាព​ដាច់ខាត​ ប្រ សិន​បើ​សហ​រដ្ឋ​អាមេរិក​ចាត់​វិធាន​ការ​អមិត្ត​ថ្មី​ដូចជា​ដាក់​ទណ្ឌ​កម្ម​ជាដើម។ ស្ថានទូត​សហ​រដ្ឋ​អាមេរិក​នៅ​ទីក្រុង​មូស្គូ​មិន​បាន​ឆ្លើយតប​ភ្លាមៗ​ទៅ​កាន់​សំណើ​សុំការ​អត្ថាធិប្បាយ​អំពី​ការ​ពិភាក្សា​ទាំង​នោះ​ទេ៕

XS
SM
MD
LG