ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

មន្ត្រី​យោធា​អាមេរិក​កំពូលៗ​នឹង​ត្រូវ​សភា​សួរ​ដេញដោល​អំពី​ការ​ដកទ័ព​ពី​អាហ្វហ្គានីស្ថាន


រូប​ឯកសារ៖ លោក​នាយ​ឧត្តមសេនីយ៍ Mark Milley នាយ​សេនាធិការ​កងទ័ព​ចម្រុះ​​នៅ​ក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន​​មួយ​នៅ​មន្ទីរបញ្ចកោណ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ឆ្នាំ​២០២១។

មន្រ្តី​យោធា​កំពូលៗ​របស់​សហរដ្ឋ​អាមេរិក​នឹង​ត្រូវ​ប្រឈម​នឹង​ការ​សួរ​ដេញដោល​នៅ​ថ្ងៃ​អង្គារ​នេះ​អំពី​ការ​បញ្ចប់​សង្គ្រាម​នៅ​អាហ្វហ្គានីស្ថាន​និង​អំពី​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​ដែល​មាន​ភាព​ច្របូកច្របល់​មុន​ការ​ដក​កងកម្លាំង​អាមេរិក​ចេញពី​ប្រទេស​នេះ​បន្ទាប់ពី​បាន​ប្រឡូក​នៅ​ទីនោះ​អស់​រយៈពេល ២០ ឆ្នាំ។

លោក Lloyd Austin រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ លោក​នាយ​ឧត្តមសេនីយ៍ Mark Milley នាយ​សេនាធិការ​កងទ័ព​ចម្រុះ និង​លោក​នាយ​ឧត្តមសេនីយ៍ Kenneth McKenzie មេបញ្ជាការ​នៃ​បញ្ជាការដ្ឋាន​សហរដ្ឋ​អាមេរិក​ទទួក​បន្ទុក​កិច្ចការ​តំបន់​មជ្ឈិម​បូព៌ា​និង​អាស៊ី​កណ្ដាល គ្រោង​នឹង​បង្ហាញ​ខ្លួន​នៅ​ពី​មុខ​គណៈកម្មាធិការ​កិច្ចការ​ការពារ​ជាតិ​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក សម្រាប់​សវនាការ​អំពី​ការ​បញ្ចប់​ប្រតិបត្តិការ​យោធា​នៅ​អាហ្វហ្គានីស្ថាន​និង​អំពី​ផែនការ​របស់​យោធា​អាមេរិក​នៅ​ក្នុង​ការ​ប្រឆាំង​ភេរវកម្ម​នា​ពេល​អនាគត។

ក្រសួង​ការពារ​ជាតិ​បាន​ការពារ​ប្រតិបត្តិការ​ដក​កងទ័ព​នេះ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​កិច្ច​ប្រឹងប្រែង​ជម្លៀស​មនុស្ស​ជាង ១២០.០០០ នាក់​ចេញពី​អាហ្វហ្គានីស្ថាន​ផងដែរ នៅ​ពេល​ក្រុម​តាលីបង់ (Taliban) ដណ្តើម​កាន់កាប់​ប្រទេស​នេះ​ម្តង​ទៀត។

ក្នុង​អំឡុងពេល​ប្រតិបត្តិការ​នេះ គេ​ឃើញ​មាន​ភាព​ច្របូកច្របល់​ជាច្រើន​ថ្ងៃ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុង​កាប៊ុល ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ដែល​បាន​សម្លាប់​ទាហាន​អាមេរិក ១៣ នាក់ និង​ជនជាតិ​អាហ្វហ្គានីស្ថាន ១៦៩ នាក់​ផងដែរ។

មន្រ្តី​ទាំង​នេះ​ទំនងជា​ប្រឈម​នឹង​ការ​សាកសួរ​អំពី​ផែនការ​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី Joe Biden សម្រាប់​កិច្ច​ប្រឹងប្រែង​ដក​កងទ័ព​នេះ អំពី​ការ​សម្រេចចិត្ត​បញ្ចប់​បេសកកម្ម​របស់​សហរដ្ឋ​អាមេរិក​នៅ​អាហ្វហ្គានីស្ថាន និង​អំពី​ព្រឹត្តិការណ៍​នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​ដូចជា​ការ​វាយ​ប្រហារ​តាម​អាកាស​ដែល​បាន​សម្លាប់​ជនស៊ីវិល ១០ នាក់​ជាដើម។

លោក Austin លោក Milley និង​លោក McKenzie នឹង​ត្រូវ​បង្ហាញ​ខ្លួន​ម្តង​ទៀត​នៅ​ថ្ងៃ​ពុធ​ខាង​មុខ​នៅ​ពី​មុខ​គណៈកម្មាធិការ​កិច្ចការ​ការពារ​ជាតិ​នៃ​រដ្ឋសភា៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​របាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

XS
SM
MD
LG