ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​យោធា​កំពូល​របស់​សហរដ្ឋ​អាមេរិក​សោកសៅ​ដោយសារ​អំពើ​ហិង្សា​ក្នុង​ទីក្រុង Charlottesville រដ្ឋ Virginia


លោក Joe Dunford ឡើង​យន្តហោះ​យោធា C-17 សម្រាប់​ការ​ហោះហើរ​ពី​ប្រទេស​ប៊ែលហ្ស៊ិក ទៅ​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦។
លោក Joe Dunford ឡើង​យន្តហោះ​យោធា C-17 សម្រាប់​ការ​ហោះហើរ​ពី​ប្រទេស​ប៊ែលហ្ស៊ិក ទៅ​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦។

ប្រធាន​នាយ​អគ្គសេនាធិការ​ចម្រុះ​សហរដ្ឋ​អាមេរិក​លោក​ឧត្ដមសេនីយ៍ Joe Dunford បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ការ​ប្រកាន់​ពូជសាសន៍ និង​ចិត្ត​ចង្អៀតចង្អល់ មិន​ត្រូវ​កើត​មាន​ឡើង​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ឬ​នៅ​ក្នុង​វិស័យ​យោធា​របស់​សហរដ្ឋ​អាមេរិក​នោះ​ទេ។ លោក​ក៏​បាន​បន្ថែម​ផង​ដែរ​ថា លោក​មាន​អារម្មណ៍​សោកសៅ​យ៉ាង​ខ្លាំង ចំពោះ​ហេតុការណ៍​ហិង្សា​ដ៏​ប្រល័យ​ដែល​បាន​ផ្ទុះ​ឡើង​កាល​ពី​ចុង​សប្ដាហ៍​មុន​នៅ​ក្នុង​ទីក្រុង Charlottesville រដ្ឋ Virginia សហរដ្ឋ​អាមេរិក។

ដោយ​ថ្លែង​នៅ​ក្នុង​ពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន លោក Dunford បាន​សរសើរ​អំពី​ការ​លើក​ឡើង​ស្រដៀង​គ្នា​នេះ​ដែរ​របស់​មន្ត្រី​យោធា​សហរដ្ឋ​អាមេរិក​កំពូលៗ។

លោក Dunford បាន​និយាយ​ថា៖ «មន្ត្រី​យោធា​អាមេរិក​កំពូលៗ​បាន​និយាយ​ដោយ​ផ្ទាល់​ទៅ​កាន់​ទាហាន និង​ប្រជាពលរដ្ឋ​អាមេរិកាំង។ សម្រាប់​ការ​លើក​ឡើង​ទៅ​កាន់​ទាហាន មន្ត្រី​ទាំង​នោះ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា មិន​មាន​ការ​ប្រកាន់​ពូជ​សាសន៍ ឬ​ការ​មាន​ចិត្ត​ចង្អៀត​ចង្អល់​ណា​មួយ​កើត​ឡើង​នៅ​ក្នុង​ជួរ​កង​ទ័ព​នោះ​ទេ។ សម្រាប់​ការ​លើក​ឡើង​ទៅ​កាន់​ប្រជាពលរដ្ឋ​អាមេរិកាំង​វិញ មន្ត្រី​ទាំង​នោះ​បាន​រំឭក​ពួកគេ​អំពី​តម្លៃ​ដែល​យោធា​សហរដ្ឋ​អាមេរិក​ឈរ​លើ ដែល​ជា​ការ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​អ្វី​ដែល​ខ្ញុំ​ជឿ​ថា ជា​តម្លៃ​របស់​សហរដ្ឋ​អាមេរិក»។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump កំពុង​ប្រឈម​នឹង​ការ​រិះគន់​ជា​បន្ត​ទៅ​លើ​ការ​ឆ្លើយតប​របស់​លោក​ចំពោះ​អំពើ​ហិង្សា​នៅ​ក្នុង​ទីក្រុង Charlottesville រដ្ឋ Virginia ដោយ​លោក​បាន​អះអាង​ថា ទាំង​ក្រុម​ពលរដ្ឋ​ស្បែក​ស​ដែល​គិត​ថា​ខ្លួន​អស្ចារ្យ​ជាង​គេ និង​ទាំង​អ្នក​តវ៉ា​ប្រឆាំង​នឹង​ក្រុម​ពលរដ្ឋ​ស្បែក​ស​ទាំង​នេះ សុទ្ធតែ​មាន​កំហុស​នៅ​ក្នុង​អំពើ​ហិង្សា​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG