ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ស៊ើបការណ៍​សម្ងាត់​កំពូល​អាមេរិក​ប្ដូរ​ការ​ជូន​ដំណឹង​ដល់​សភា​អំពី​សន្តិសុខ​ការ​បោះឆ្នោត​ពី​ផ្ទាល់​មាត់​ទៅ​ជា​លាយលក្ខណ៍​អក្សរ


រូបឯកសារ៖ វិមាន​រដ្ឋសភា​សហរដ្ឋអាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃ​ទី ១៦ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ វិមាន​រដ្ឋសភា​សហរដ្ឋអាមេរិក​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃ​ទី ១៦ ខែមីនា ឆ្នាំ២០២០។

មន្ត្រី​ស៊ើបការណ៍​សម្ងាត់​សហរដ្ឋ​អាមេរិក​នឹង​មិន​ជូន​ដំណឹង​ដោយ​ផ្ទាល់​មាត់​ដល់​សមាជិក​សភា​អំពី​ការ​គំរាមកំហែង​ចំពោះ​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​ទេ ដោយ​បាន​បញ្ជាក់​ប្រាប់​សមាជិក​សភា​ថា ការ​ជូន​ដំណឹង​ដោយ​ផ្ទាល់​មាត់​នៅ​ក្នុង​សភា​ដូច​នេះ​បាន​បណ្ដាល​ឲ្យ​លេច​ធ្លាយ «ព័ត៌មាន​សម្ងាត់» និង​ការ​យក​ព័ត៌មាន​ទាំង​នោះ​ទៅ​ធ្វើ​នយោបាយ។

មន្ត្រី​ការិយាល័យ​របស់​នាយក​ស៊ើបការណ៍​សម្ងាត់​ជាតិ​បាន​ជូន​ដំណឹង​ដោយ​ផ្ទាល់​មាត់​ដល់​សមាជិក​សភា និង​គណៈកម្មាធិការ​សភា​សំខាន់ៗ​អំពី​ការ​ផ្លាស់ប្ដូរ​នេះ​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ ដោយ​បាន​និយាយ​ថា ព័ត៌មាន​សម្ងាត់​អំពី​ការ​គំរាមកំហែង​ចំពោះ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី ៣ ខែ​វិច្ឆិកា​ខាង​មុខ​នេះ នឹង​នៅតែ​ផ្ដល់​ជូន​ដដែល ប៉ុន្តែ​ក្នុង​ទម្រង់​ផ្សេង។

មន្ត្រី​ម្នាក់​នៃ​ការិយាល័យ​របស់​នាយក​ស៊ើបការណ៍​សម្ងាត់​ជាតិ​បាន​ប្រាប់ VOA ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា៖ «យើង​ប្ដេជ្ញា​បំពេញ​កាតព្វកិច្ច​របស់​យើង​តាម​ច្បាប់ និង​ជូន​ដំណឹង​ដល់​សភា​ឲ្យ​បាន​ពេញលេញ និង​ទាន់​សភាពការណ៍»។

មន្ត្រី​រូប​នេះ​បាន​បញ្ជាក់​បន្ត​ថា៖ «ដើម្បី​ភាព​ច្បាស់លាស់ និង​ការ​ការពារ​ព័ត៌មាន​សម្ងាត់​មិន​ឲ្យ​លេច​ធ្លាយ​ដោយ​គ្មាន​ការ​អនុញ្ញាត យើង​នឹង​ជូន​ដំណឹង​ដល់​សភា​ជា​ចម្បង​តាម​រយៈ​ទម្រង់​ជា​លាយលក្ខណ៍​អក្សរ»។

មន្ត្រី​រូប​នេះ​បាន​បន្ថែម​ថា៖ «យើង​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការ​បញ្ចេញ​ព័ត៌មាន​សម្ងាត់​ដោយ​គ្មាន​ការ​អនុញ្ញាត បន្ទាប់ពី​យើង​បាន​ជូន​ដំណឹង​ដោយ​ផ្ទាល់​មាត់​អំពី​ព័ត៌មាន​សម្ងាត់​នានា​ដល់​សភា​កាល​ពី​ពេល​ថ្មីៗ​នេះ»។

លិខិត​ដែល​មាន​បញ្ជាក់​អំពី​ហេតុផល​បន្ថែម​សម្រាប់​ការ​ផ្លាស់ប្ដូរ​នេះ​ក៏​ត្រូវ​បាន​នាយក​ការិយាល័យ​ស៊ើបការណ៍​សម្ងាត់​ជាតិ​លោក John Ratcliffe ផ្ញើ​ជូន​សមាជិក​សភា​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ផង​ដែរ។

ការ​ផ្លាស់ប្ដូរ​ដែល​បាន​ធ្វើ​ឡើង​មុន​ការ​បោះឆ្នោត​ចូល​មក​ដល់​នៅ​ក្នុង​ពេល​តែ​ជាង​ពីរ​ខែ​ទៀត​នេះ បាន​បង្ក​ឲ្យ​មាន​ការ​ខឹង​សម្បារ​ភ្លាមៗ​ពី​សមាជិក​សភា​កំពូលៗ​ខាង​គណបក្ស​ប្រជាធិបតេយ្យ ដែល​បាន​ចោទ​ប្រកាន់​ការិយាល័យ​នាយក​ស៊ើបការណ៍​សម្ងាត់​ជាតិ​ថា​បាន​ក្បត់​កាតព្វកិច្ច​របស់​ខ្លួន​ចំពោះ​សមាជិក​សភា និង​សាធារណជន​ទូទៅ។

លោក Adam Schiff ប្រធាន​គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​នៃ​រដ្ឋសភា និង​អ្នកស្រី Nancy Pelosi ប្រធាន​រដ្ឋសភា បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា៖ «នេះ​គឺ​ជា​ការ​បោះបង់​ចោល​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​បំផុត​នូវ​កាតព្វកិច្ច​ផ្លូវ​ច្បាប់​របស់​ខ្លួន​ក្នុង​ការ​ជូន​ដំណឹង​ទាន់​សភាពការណ៍​ដល់​សភា និង​ជា​ការ​ក្បត់​សិទ្ធិ​របស់​សាធារណជន​នៅ​ក្នុង​ការ​ដឹង​អំពី​វិធី​ដែល​មហា​អំណាច​បរទេស​ព្យាយាម​បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក»៕

XS
SM
MD
LG