កំណត់និពន្ធ៖ អត្ថបទនេះត្រូវបានបញ្ចូលព័ត៌មានថ្មី។
នៅក្នុងសន្និបាតជាតិគណបក្សសាធារណរដ្ឋកាលពីយប់ថ្ងៃចន្ទ ទី២៤ ខែសីហា លោកប្រធានាធិបតី Donald Trump បានបង្ហាញសញ្ញាឱ្យឃើញថា ការការពារវិធីរបស់លោកនៅក្នុងការដោះស្រាយវិបត្តិជំងឺកូវីដ១៩ និងការដោះស្រាយវិបត្តិសេដ្ឋកិច្ច គឺពិតជាសំខាន់នៅក្នុងការឈ្នះការបោះឆ្នោតអាណត្តិទីពីរ។
នៅយប់ទីមួយនៃសន្និបាតជាតិរបស់គណបក្សសាធារណរដ្ឋ ដែលផ្សាយតាមទូរទស្សន៍ទូទាំងប្រទេសនេះ គេឃើញលោក Trump ស្វាគមន៍បុគ្គលិកសុខាភិបាលនៅសេតវិមាន ដែលអ្នកទាំងនោះ បានកោតសរសើរវិធានការរបស់លោកនៅក្នុងការដោះស្រាយបញ្ហាឆ្លងរាតត្បាតជំងឺកូវីដ១៩។ ការសរសើររបស់បុគ្គលិកពេទ្យទាំងនេះ គឺមិនស្របនឹងទស្សនៈរបស់ពលរដ្ឋអាមេរិកជាច្រើននាក់នោះទេ។
ថែ្លងទៅកាន់ក្រុមបុគ្គកលិកសុខាភិបាលទាំងនោះ លោក Trump បានលើកឡើងថា «យើងត្រូវកម្ចាត់នូវវីរុសចិននេះ» ដែលហាក់ដូចជាទទួលស្គាល់ថា ការរាតត្បាតនៃជំងឺកូវីដ១៩ អាចជាការគំរាមកំហែងដល់ការជាប់ឆ្នោតជាថ្មីក្នុងអាណត្តិទី២របស់លោក។ ក្នុងពេលនោះ មិនមានបុគ្គលិកពេទ្យណាម្នាក់ បានពាក់ម៉ាស់ការពារ និងមិនបានឈរនៅឆ្ងាយពីគ្នា តាមការផ្តល់យោបល់ពីអ្នកជំនាញសុខភាពនោះទេ។
លោក Trump ក៏យកឱកាសនេះ វាយប្រហារទៅលើគណបក្សប្រជាធិបតេយ្យផងដែរ។ លោកបានលើកឡើងថា ផ្លូវតែមួយគត់ ដែលគណបក្សប្រជាធិបតេយ្យអាចយកឈ្នះលើរូបលោកបាន គឺតាមរយៈការបោះឆ្នោតដែលមានការលួចបន្លំ តាមរយៈការប្រើសន្លឹកឆ្នោតដែលផ្ញើទៅកាន់អ្នកបោះឆ្នោត។ លោក Trump បាននិយាយដោយគ្មានភស្តុតាងថា៖ «ពួកគេព្យាយាមលួចបន្លំនៅក្នុងការបោះឆ្នោតនេះ»។
លោកក៏បានរិះគន់ផងដែរថា៖ «គណបក្សប្រជាធិបតេយ្យបានធ្វើសន្និបាតដ៏ងងឹតងងុល ពោរពេញដោយកំហឹង និងអួរអាប់បំផុតនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក»។ លោកបានចោទប្រកាន់គណបក្សប្រជាធិបតេយ្យថា បាន «រិះគន់សហរដ្ឋអាមេរិកថា ជាប្រទេសដ៏អាក្រក់ដែលរើសអើងជាតិសាសន៍ ដែលត្រូវតែជួយសង្គ្រោះ»។
ក្នុងថ្ងៃទីមួយនៃសន្និបាតគណបក្សសាធារណរដ្ឋនេះផងដែរ ក្រុមគណបក្សប្រជាធិបតេយ្យ បានផ្សាយវីដេអូដែលមានសារឌឺដង ដូចដែលក្រុមសាធារណរដ្ឋបានឌឺដងសន្និបាតជាតិគណបក្សប្រជាធិបតេយ្យកាលពីសប្តាហ៍មុនដែរ។
សារវីដេអូក្រុមប្រជាធិបតេយ្យនោះថា សន្និបាតគណបក្សសាធារណរដ្ឋជា «ចលាចល» ដោយសារលោក Trump មិនមានសមត្ថភាពទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ដោយធ្វើឲ្យខូចខាតសេដ្ឋកិច្ចជាតិ ហើយសិស្សានុសិស្សនិងគ្រូបង្រៀនត្រូវរកដំណោះស្រាយដោយខ្លួនឯង។
នៅក្នុងការធ្វើសន្និបាតគណបក្សសាធារណរដ្ឋកាលពីយប់ថ្ងៃច័ន្ទ បន្ទាប់ពីជួបក្រុមបុគ្គលិកពេទ្យមក នៅសាលការទូតក្នុងសេតវិមាន លោកត្រាំ ក៏បានស្វាគមន៍ពលរដ្ឋអាមេរិកមួយចំនួន ដែលត្រូវបានដោះលែងពីពន្ធនាគារនៅក្រៅប្រទេសដោយសារកិច្ចខិតខំប្រឹងប្រែងការទូត ក្នុងអំឡុងពេលនៃការដឹកនាំរបស់លោកក្នុងអាណត្តិទី១នេះ៕
ព័ត៌មានថ្មី៖ វីអូអេ ទើបតែបញ្ចូលព័ត៌មានថ្មី នៅកថាខណ្ឌទី២ ទី៣ ទី៦ ទី៧ និងទី៨។