ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Rex Tillerson៖ «ក្រុម ISIS ជា​អ្នក​ទទួល​ខុស​ត្រូវលើ​អំពើ​ប្រល័យ​ពូជ​សាសន៍»


លោក​រដ្ឋ​មន្ត្រី​ការបរទេស Rex Tillerson ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ទាក់ទង​នឹង​ប្រទេស​កូរ៉េ​ខាង​ជើង បន្ទាប់​ពី​ថ្លែង​ពី​ការ​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ២០១៦​ស្តី​​ពី​សេរីភាព​សាសនា​អន្តរជាតិ​ កាលពី​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ នៅ​ក្រសួង​ការបរទេស​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
លោក​រដ្ឋ​មន្ត្រី​ការបរទេស Rex Tillerson ឆ្លើយ​តប​ទៅ​នឹង​សំណួរ​ទាក់ទង​នឹង​ប្រទេស​កូរ៉េ​ខាង​ជើង បន្ទាប់​ពី​ថ្លែង​ពី​ការ​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ២០១៦​ស្តី​​ពី​សេរីភាព​សាសនា​អន្តរជាតិ​ កាលពី​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧ នៅ​ក្រសួង​ការបរទេស​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Rex Tillerson បាន​ដាក់​ប្រទេស​ចំនួន ៧ ថា​ជា​ប្រទេស​មាន​ការ​រំលោភ​បំពាន​លើ​សេរីភាព​សាសនា។ លោក​បាន​រិះគន់​យ៉ាង​ខ្លាំង​ទៅ​លើ​ក្រុម​សកម្ម​ប្រយុទ្ធ​ជ្រុល​និយម​រដ្ឋ​ឥស្លាម ដែល​ប្រើប្រាស់​អំពើ​ហិង្សា​ប្រឆាំង​ក្រុម​អ្នក​កាន់​សាសនា​ភាគ​តិច និង​ក្រុម​ជនជាតិ​ភាគ​តិច។

លោក Tillerson បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​នេះ​កាល​ពី​ថ្ងៃអង្គារ​សប្ដាហ៍​នេះ​បន្ទាប់​ពី​ក្រសួង​ការបរទេស​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្ដី​អំពី​សេរីភាព​សាសនា​នា​ពេល​ថ្មីៗ​នេះ។

អំពើ​ឃោរឃៅ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​បង្ក​ឲ្យ​មាន​ការ​គំរាម​កំហែង​មួយ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​សេរីភាព​សាសនា។ នេះ​បើ​យោង​តាម​របាយការណ៍​ថ្មី​មួយ​របស់​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក។

លោក​រដ្ឋមន្ត្រី​ការបរទេស Rex Tillerson បាន​ថ្លែង​ថា៖ «វា​ច្បាស់​ណាស់​ថា​ ក្រុមISISគឺ​ជា​អ្នក​ទទួល​ខុសត្រូវ​លើ​អំពើ​ប្រល័យ​ពូជសាសន៍​ប្រឆាំង​ក្រុម​អំបូរYazidis អ្នក​កាន់​សាសនា​គ្រិស្ត​ និង​អ្នក​កាន់​សាសនា​ឥស្លាម​និកាយShia នៅ​ក្នុង​តំបន់​ដែល​ខ្លួន​កំពុង​កាន់កាប់​ និង​ធ្លាប់​បាន​កាន់កាប់​កន្លង​មក។ ក្រុមISIS ក៏​ជា​អ្នក​ទទួល​ខុសត្រូវលើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ និង​ការ​ចង់​លុបបំបាត់​ជាតិ​សាសន៍​ដែល​ធ្វើ​ឡើង​លើ​ក្រុម​ទាំង​នេះ ដែល​ក្នុង​ករណី​ខ្លះ​ ក៏​មាន​ការ​ប្រឆាំង​នឹង​អ្នក​កាន់​សាសនា​ឥស្លាម​និកាយ​ស៊ុននី ក្រុម​អំបូរ​ឃឺត និង​ក្រុម​ជន​អំបូរ​ភាគតិច​ផ្សេង​ទៀត​ផង​ដែរ»។

លោក​រដ្ឋមន្ត្រី Rex Tillerson ថ្លែង​បន្ត​ទៀត​ថា ការ​ធ្វើ​ទុក្ខបុកម្នេញ​ខាង​សាសនា និង​ការ​មិន​អត់ឱន​ គឺ​នៅ​តែ​ឋិត​នៅ​ក្នុង​ចំណាត់​ថ្នាក់​ខ្ពស់​ដដែល ដោយ​ក្នុង​នោះ​ពលរដ្ឋ​ប្រមាណ​៨០ភាគរយ​នៃ​ចំនួន​ពលរដ្ឋ​ទាំងអស់​ក្នុង​ពិភពលោក​នេះ​កំពុង​រស់នៅ​ក្នុង​ស្ថានភាព​រឹតត្បិត​ ឬក៏​កំពុង​ស្ថិត​ស្ថានភាព​ឃោរឃៅ ដែល​កំហិត​ដល់​សេរីភាព​សាសនា​របស់​ពួកគេ។

លោក​រដ្ឋមន្ត្រី Rex Tillerson បាន​ថ្លែង​ថា៖ «នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ អ្នក​កាន់​សាសនា​បាហាយ អ្នក​កាន់​សាសនា​គ្រិស្ត និង​អ្នក​កាន់​សាសនា​ភាគតិច​ផ្សេង​ទៀត រង​ការ​ធ្វើ​ទុក្ខបុកម្នេញ ដោយសារ​តែ​ជំនឿ​របស់​ពួកគេ។ ប្រទេស​អ៊ីរ៉ង់​នៅ​តែ​បន្ត​ប្រហារ​ជីវិត​ពលរដ្ឋ​ណា​ដែល​ប្ដូរ​ទៅ​កាន់​សាសនា​ផ្សេង​ទៀត»។

របាយការណ៍​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ជំរុញ​ឲ្យ​ប្រទេស​នានា ដូចជា​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏​សំខាន់​មួយ​របស់​សហរដ្ឋ​អាមេរិក​ជាដើម ឲ្យ​ប្រកាន់​ខ្ជាប់​នូវ​ការ​គោរព​សេរីភាព​សាសនា​សម្រាប់​ពលរដ្ឋ​ទាំង​អស់​របស់​ខ្លួន។

លោក Tillerson បាន​បញ្ជាក់​ថា៖ «រដ្ឋាភិបាល​មិន​ទទួល​ស្គាល់​នូវ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ណា​ ដែល​មិនមែន​ជា​អ្នក​កាន់​សាសនា​ឥស្លាម ក្នុង​ការអនុវត្ត​ជំនឿ​សាសនា​របស់​ពួកគេ​នៅ​តាម​ទី​សាធារណៈ​នោះ​ទេ ហើយ​បាន​ដាក់​ទោស​ឧក្រិដ្ឋ​ដល់​អ្នក​ទាំងនោះ មាន​ដូចជា​ការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ ធ្វើ​ការ​វៃ​ដោយ​ខ្សែតី និង​ការ​ដាក់​ពិន័យ​លើ​អ្នក​មិន​គោរព​ព្រះ អ្នក​ប្រមាថ​ព្រះ និង​អ្នក​ដែល​រំលោភ​បំពាន​លើ​ការ​បកស្រាយ​របស់​រដ្ឋ​អំពី​សាសនា​ឥស្លាម»។

លោក Tillerson ក៏​បាន​រិះគន់​ទៅ​លើ​ប្រទេស​តួកគី បារ៉ែន ស៊ូដង់ ប៉ាគីស្ថាន និង​ប្រទេស​ចិន​ផង​ដែរ។ លោក Tillerson បាន​ថ្លែង​បន្ត​ថា៖ «ក្រុម​ហ្វាលូនគង់​រាប់​សិប​នាក់​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរ​ឃុំ​ឃាំង។ គោលនយោបាយ​ដែល​រឹតត្បិត​ទៅ​លើ​សេរីភាព​នៃ​ការ​គោរព​សាសនា​របស់​ក្រុម​អំបូរ​អ៊ុយហ្គ័រ​កាន់​សាសនា​ឥស្លាម និង​ពលរដ្ឋ​ទីបេ​កាន់​សាសនា​ព្រះពុទ្ធ មាន​ការ​កើន​ឡើង​ផង​ដែរ»។

ទោះបីជា​បញ្ហា​ប្រឈម​កំពុង​តែ​បន្ត​ក៏​ដោយ​ ក៏​របាយការណ៍​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ដែល​កត់ត្រា​ប្រទេស​ចំនួន​ជិត ២០០ និង​ដែល​បាន​ផ្ដល់​អំណាច​ដោយ​សភា បាន​កត់​សម្គាល់​ឃើញ​ថា សេរីភាព​សាសនា​កំពុង​តែ​មាន​ការ​រីក​ចម្រើន​បន្តិច​ម្ដងៗ​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន ដូចជា​ប្រទេស​វៀតណាម និង​អេមីរ៉ាត​អារ៉ាប់រួម​ជាដើម៕

ប្រែ​សម្រួល​ដោយ ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG