សហរដ្ឋអាមេរិកបានប្តេជ្ញាគោរពការតាំងចិត្តរបស់ខ្លួនដើម្បីពង្រឹងចំណងទាក់ទងយុទ្ធសាស្ត្រជាមួយប្រទេសឥណ្ឌានៅពេលដែលលោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក Rex Tillerson បានជួបជាមួយមេដឹកនាំឥណ្ឌារួមមាននាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នៅក្នុងរដ្ឋធានីញូវដេលីក្នុងអំឡុងនៃដំណើរទស្សន កិច្ចរបស់លោកដែលផ្តោតលើសម្ព័ន្ធភាពដ៏ខ្លាំងរបស់ប្រទេសទាំង២។
ការប្រយុទ្ធប្រឆាំងភេរវកម្ម ហើយនិងតួនាទីរបស់ឥណ្ឌាក្នុងការជួយការអភិវឌ្ឍប្រទេសអាហ្វហ្គានីស្ថានជាបញ្ហាសំខាន់ៗដែលត្រូវបានពិភាក្សាដោយលោក Sushma Swaraj រដ្ឋមន្ត្រីការបរទេសឥណ្ឌា និងលោក Tillerson រដ្ឋមន្ត្រីការបរទេសអាមេរិកដែលបានអញ្ជើញទៅដល់រដ្ឋធានីនោះបន្ទាប់ពីការឈប់សំចតនៅរដ្ឋធានីកាប៊ុលប្រទេសអាហ្វហ្គានីស្ថាន និងរដ្ឋធានីអ៊ីស្លាម៉ាបាដនៃប្រទេសប៉ាគីស្ថាន។
ក្រសួងការបរទេសឥណ្ឌា បានប្រាប់ឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានស្វាគមន៍គន្លងជឿនលឿនទៅមុខដ៏រឹងមាំក្នុងទំនាក់ទំនងទ្វេភាគីក្នុងអំឡុងនៃជំនួបរបស់លោកជាមួយលោករដ្ឋមន្ត្រីការបរទេសអាមេរិក Tillerson ហើយបាននិយាយទៀតថា ប្រទេសទាំង២មានគោលដៅរួមនៃការលុបបំបាត់ហេដ្ឋារចនាសម្ព័ន្ធភេរវកម្មខណៈដែលនាំសន្តិភាព និងស្ថិរភាពដល់ប្រទេសអាហ្វហ្គានីស្ថាន។
សេចក្តីថ្លែងការណ៍នោះបានប្រាប់ឲ្យដឹងថា មេដឹកនាំទាំង២បានបញ្ជាក់ថា ការពង្រឹងភាពជាដៃគូរវាងឥណ្ឌា និងសហរដ្ឋអាមេរិកមិនត្រឹមតែផ្តល់ផលប្រយោជន៍ទៅវិញទៅមកដល់ប្រទេសទាំង២ទេ ក៏ប៉ុន្តែ មានផលជាវិជ្ជមានយ៉ាងខ្លាំងសម្រាប់ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់និងពិភពលោក។
នៅឯសន្និសីទកាសែតបន្ទាប់ពីការចរចា លោករដ្ឋមន្ត្រីការបរទេសអាមេរិក Tillerson បានធ្វើការបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងបន្តឈរប្រកៀកស្មាគ្នាជាមួយឥណ្ឌានៅក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម។ ទីជម្រកសុខសាន្តរបស់ភេរវជននឹងមិនត្រូវអនុគ្រោះជាដាច់ខាត៕