ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហភាព​អឺរ៉ុប​ចាប់ផ្តើម​បារម្ភ​ពី​​ការហូរចូល​នៃ​​ជន​ចំណាក​ស្រុក​​ដ៏​ធំ


រូបឯកសារ៖ ជន​ប្ដូរ​ទីជម្រក​អាហ្វហ្គានីស្ថាន​មក​ពី​ខេត្ត​នៅ​ភាគ​ខាង​ជើង តាំងទីជម្រក​នៅ​ក្នុង​ឧទ្យាន​សាធារណៈ​មួយ​ក្នុង​រដ្ឋធានីកាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន ថ្ងៃទី១៣ ខែសីហា​ ឆ្នាំ២០២១។

កាល​ពី​៤​ឆ្នាំ​មុន មេដឹកនាំ​សហភាព​អឺរ៉ុប​ បាន​ស្តីបន្ទោស​អតីត​ប្រធានាធិបតី​អាមេរិក​លោក Donald Trump លើ​ផែន​ការ​របស់​លោក​ ក្នុង​ការ​សាង​សង់ជញ្ជាំង​ព្រំដែន​អាមេរិកជា​មួយ​ប្រទេស​ម៉ិកស៊ិក​នៅ​ភាគ​ខាង​ត្បូង។ អ្នកស្រី Federica Mogherini អតីត​ប្រធាន​គោល​នយោបាយ​ការ​បរទេស​របស់​សហភាព​អឺរ៉ុប​នៅ​ពេល​នោះ បានក្រើន​រំឭកថា «យើង​មាន​ប្រវត្តិសាស្ត្រ​និងប្រពៃណី​ដែល​ថា​យើង​អបអរ​សាទរ​នៅ​ពេល​ដែល​ជញ្ជាំង​ត្រូវ​បាន​គេ​វាយ​រំលំ​ ហើយ​ស្ពាន​ត្រូវ​បាន​គេ​សាង​សង់»។

ប៉ុន្តែ​នៅ​ពេល​នេះ សហភាព​អឺរ៉ុប​កំពុង​បង្កើន​ល្បឿន​នូវ​ផែន​ការសាង​សង់​ជញ្ជាំង​ព្រំ​ដែន​របស់​ខ្លួន​ ដោយ​បារម្ភ​ពីវិបត្តិជន​ចំណាក​ស្រុក​ក្នុង​ពេល​អនាគត។

ក្នុង​ពេល​អនាគត​ឆាប់ៗ​ខាង​មុខ​នេះ រដ្ឋាភិបាល​សហភាព​អឺរ៉ុប​មាន​ការ​បារម្ភ​អំពីការហូរ​ចូល​នៃ​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ ហើយសង្ឃឹម​ថា​នឹង​អាច​បញ្ចុះ​បញ្ចូលប្រទេស​ជិត​ខាង​អាហ្វហ្គានីស្ថាន​ដើម្បី​ទទួល​យក​ជន​ទាំង​ឡាយដែល​បាន​រត់​គេច​ចេញ​ពី​ក្រុម​តាលីបង់​ នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

ទី​ភ្នាក់​ងារ​ជនភៀសខ្លួនអង្គការ​សហប្រជាជាតិ UNHCR បាន​ព្រមាន​ថា ពលរដ្ឋ​អាហ្វហ្គានីស្ថាន​រហូត​ដល់​កន្លះ​លាន​នាក់​ អាច​រត់​គេច​ខ្លួនចេញ​ពី​ប្រទេស​របស់​គេ​ នៅ​ត្រឹម​ដំណាច់​ឆ្នាំ២០២១​នេះ។ មន្ត្រី​សហភាព​អឺរ៉ុប​លើក​ឡើង​ថា គេកំពុង​ពិចារណាចំណាយ​ទឹក​ប្រាក់​ប្រមាណ​១​ពាន់​លាន​យូរ៉ូ ដើម្បី​បញ្ចុះ​បញ្ចូល​ឲ្យ​ប្រទេសជិត​ខាង​អាហ្វហ្គានីស្ថាន​ទទួល​យក​អ្នក​រត់​គេច​ខ្លួន​ទាំង​នោះ។ ប៉ុន្តែ​ប្រទេស​ប៉ាគីស្ថាន តាហ៊ី្សគីស្ថាន ​និង​ប្រទេស​អ៊ូសបេគីស្ថាន​ ហាក់​នៅ​មាន​ភាព​ស្ទាក់​ស្ទើរ​ ហើយ​ព្រមាន​ថា ពួក​គេត្រៀម​ខ្លួន​ធ្វើ​ជា​ប្រទេស​សម្រាប់ការ​ឆ្លង​កាត់​តែ​ប៉ុណ្ណោះ ចំពោះ​ពលរដ្ឋ​អាហ្វហ្គានីស្ថាន​ដែលស្វែង​រក​សិទ្ធិជ្រក​កោន​នោះ។

កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ អធិការបតីប្រទេស​អូទ្រីស​លោកSebastian Kurz និយាយ​ថា រលក​ជនភៀស​ខ្លួន​មក​កាន់​តំបន់​អឺរ៉ុប​ មិន​ត្រូវ​កើតមាន​ឡើង​នោះ​ទេ។ ក្នុង​ពេល​ថ្មីៗ​នេះ ប្រធានាធិបតី​បារាំង​ លោកEmmanuel Macron បាន​និយាយ​ថា សហភាព​អឺរ៉ុប​គួរ​តែ​«រំពឹង​និង​ការពារ​ខ្លួន​ឯង​នូវ​រលក​នៃ​ជន​ចំណាក​ស្រុក​មួយ»មក​ពី​ប្រទេស​អាហ្វហ្គានីស្ថាន។

ការ​លើក​ឡើង​នោះ​ត្រូវ​បានបន្ទរ​ដោយ​មេដឹកនាំ​ជាតិក្នុងប្រទេស​សហភាព​អឺរ៉ុប​ផ្សេងៗ​ទៀត​ ដែល​មាន​បំណងបញ្ឈប់ជន​ភៀស​ខ្លួន​អាហ្វហ្គានីស្ថានមិនឲ្យ​ចូល​ទឹក​ដឹក​សហភាព​អឺរ៉ុប​ ក្នុង​ទ្រង់​ទ្រាយ​ធំ​ ដោយ​ខ្លួន​ចង់​បញ្ចៀស​នូវ​អ្វី​ដែល​កើត​មាន​ឡើង​កាល​ពី​ឆ្នាំ​២០១៥ និង​២០១៦ ដែល​កាល​នោះមាន​ជន​សុំ​សិទ្ធិ​ជ្រក​កោន​ជាង១លាន​នាក់​មក​ពី​តំបន់​មជ្ឈិមបូព៌ា តំបន់​អនុ​សាហារ៉ា​ក្នុង​ទ្វីប​អាហ្រ្វិក​ និង​តំបន់​អាស៊ី​កណ្តាល​ បាន​នាំ​គ្នា​សម្រុក​ចូល​ទៅ​ក្នុង​ទ្វីប​អឺរ៉ុប។

កាល​ពី​សប្តាហ៍​មុន​ ក្នុង​កិច្ច​ប្រជុំ​បន្ទាន់​មួយ​ក្នុង​ទីក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្សិក រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃនៃ​រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប​ទាំង​២៧​ប្រទេស​ បាន​យល់​ស្រប​គ្នា​ថា«នឹងសកម្មភាព​រួម​គ្នា ដើម្បី​ទប់​ស្កាត់​នូវចលនា​ជន​ចំណាក​ស្រុកក្នុង​ទ្រង់ទ្រាយ​ធំ​ ដែល​មិន​អាច​គ្រប់​គ្រង​បាន​ ដែល​សហភាព​អឺរ៉ុប​ ធ្លាប់​ឆ្លង​កាត់​ក្នុង​ពេល​កន្លង​ទៅ»៕

XS
SM
MD
LG