តុលាការជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ ហៅកាត់ថា ICJ បញ្ជាឲ្យប្រទេសរុស្ស៊ីបញ្ឈប់ការឈ្លានពានក្នុងប្រទេសអ៊ុយក្រែន នៅក្នុងសេចក្តីសម្រចជាបឋមមួយដែលតម្រូវឲ្យធ្វើតាម ក៏ប៉ុន្តែប្រហែលជាពិបាកអនុវត្ត។
លោកស្រីប្រធានតុលាការយុត្តិធម៌អន្តរជាតិ Joan Donoghueបានអានសេចក្តីសម្រចជាបឋមថា៖ «សហព័ន្ធរុស្ស៊ីត្រូវបញ្ឈប់ជាបន្ទាន់នូវប្រតិបត្តិការយោធាដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៤កុម្ភៈនៅក្នុងទឹកដីនៃប្រទេសអ៊ុយក្រែន»។
លោកស្រីថែមទាំងបានថ្លែងអំពីវិបត្តិមនុស្សធម៌ដែលកាន់តែរីកធំឡើងដោយសារសង្គ្រាមនេះផងដែរ។
«តុលាការយល់ដឹងយ៉ាងច្បាស់លាស់អំពីទំហំនៃសោកនាដកម្មរបស់មនុស្ស ដែលកំពុងកើតឡើងក្នុងប្រទេសអ៊ុយក្រែន ហើយព្រួយបារម្ភយ៉ាងខ្លាំងអំពីការបាត់បង់ជីវិតមនុស្សនិងការរងគ្រោះរបស់មនុស្សជាបន្ត។ តុលាការព្រួយបារម្ភយ៉ាងខ្លាំងអំពីការប្រើប្រាស់កម្លាំងយោធារបស់សហព័ន្ធរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន ដែលបង្កបញ្ហាយ៉ាងធ្ងន់ធ្ងរដល់ច្បាប់អន្តរជាតិ»។
ចៅក្រមតុលាការ ICJ បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចនេះ ១៣ទល់២សំឡេង។ ចៅក្រមប្រឆាំងជំទាស់២រូបមកពីប្រទេសរុស្ស៊ីនិងចិន។
លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានសរសើរសេចក្តីសម្រេចរបស់តុលាការ ICJ ក្នុងសារ Twitter មួយ ដោយនិយាយថា សេចក្តីសម្រេចនេះស្មើនឹងអ្វីដែលលោកបានហៅថាជា «ជ័យជម្នះទាំងស្រុងមួយ» សម្រាប់អ៊ុយក្រែន ក្នុងករណីរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី ។ លោកបានព្រមានថាការមិនអើពើចំពោះបញ្ជារបស់តុលាការអន្តរជាតិ នឹងនាំឲ្យប្រទេសរុស្ស៊ីស្ថិតនៅឯកោថែមទៀត។
សេចក្តីសម្រេចរបស់ ICJ គ្រាន់តែជាការសម្រេចលើកទីមួយរបស់តុលាការអន្តរជាតិប៉ុណ្ណោះ។ ទោះជាមានការតម្រូវឲ្យធ្វើតាមក៏ដោយ ក៏សេចក្តីសម្រេចនេះប្រហែលជាគ្រាន់តែជាជ័យជម្នះជានិមិត្តរូបសម្រាប់អ៊ុយក្រែនតែប៉ុណ្ណោះ ពីព្រោះការអនុវត្តនឹងមានការលំបាកយ៉ាងខ្លាំង។
រដ្ឋាភិបាលក្រុងកៀវបានដាក់ពាក្យបណ្តឹងរបស់ខ្លួនទៅកាន់តុលាការ ICJ ប៉ុន្មានថ្ងៃក្រោយការឈ្លានពានរបស់រុស្ស៊ី កាលពីខែកុម្ភៈ ដើម្បីប្រឆាំងតវ៉ាចំពោះការអះអាងរបស់រុស្ស៊ីដែលថាការវាយលុករបស់ខ្លួន មានគោលបំណងបញ្ឈប់ការប្រល័យពូជសាសន៍លើក្រុមបំបែករដ្ឋដែលគាំទ្ររុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន។
អ្នកតំណាងនៃប្រទេសរុស្ស៊ី មិនបានចូលរួមក្នុងសវនាការបើកការជំនំជំរះក្តី កាលពីសប្តាហ៍មុនទេ។ ក៏ប៉ុន្តែរដ្ឋាភិបាលក្រុងមូស្គូអះអាងថាតុលាការអន្តរជាតិ ICJ មិនគួរចាត់វិធានការណាមួយទេ ហើយថាតុលាការនេះគ្មានយុត្តាធិការទេ។
ការវិនិច្ឆ័យក្តីរបស់តុលាការអន្តរជាតិ ICJ លើយុត្តាធិការនិងគុណសម្បត្តិនៃសំណុំរឿងនេះ អាចត្រូវចំណាយពេលរាប់ខែ ឬរាប់ឆ្នាំ៕