ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden ប្រកាសជំនួយ​ថ្មី​​​​៨០០​លាន​​​សម្រាប់​អ៊ុយក្រែន​ ហើយ​បាន​ហៅ​លោក Putin ថា​ជា​«ឧក្រិដ្ឋជន​សង្គ្រាម»


អ្នក​ជួយ​សង្គ្រោះ​យក​កម្ទេចកម្ទី​ចេញ​ពី​អគារ​ដែល​ត្រូវ​ខ្ទេចខ្ទាំ​ដោយ​ការ​បាញ់​​​ផ្លោង​ដាក់​នៅ​កណ្តាល​ក្រុង Kharkiv កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២២ ក្នុង​អំឡុង​នៃ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។
អ្នក​ជួយ​សង្គ្រោះ​យក​កម្ទេចកម្ទី​ចេញ​ពី​អគារ​ដែល​ត្រូវ​ខ្ទេចខ្ទាំ​ដោយ​ការ​បាញ់​​​ផ្លោង​ដាក់​នៅ​កណ្តាល​ក្រុង Kharkiv កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០២២ ក្នុង​អំឡុង​នៃ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។

ប្រធានាធិបតី​អាមេរិក​លោក Joe Biden បាន​ឆ្លើយ​ទៅ​នឹង​ការ​អង្វរសុំ​របស់​អ៊ុយក្រែន​កាលពី​ថ្ងៃ​ពុធ ដោយ​មាន​កញ្ចប់​ជំនួយ​ទឹកប្រាក់​៨០០​លាន​ដុល្លារ​ដែល​រួម​មាន​អាវុធ​និង​សម្ភារៈ​ផ្សេងៗ​ទៀត។​ បើ​ទោះ​បី​ជា​យ៉ាង​នេះ​ក្តី​ ការ​ឆ្លើយ​តបនេះ​ មិន​អាច​ធ្វើបាន​សម្រាប់​តំបន់​គ្មាន​ការ​ហោះ​ហើរ​ដែល​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelensky ស្វះស្វែង​រក​នៅពេល​ដែល​ប្រទេស​របស់​លោកកំពុង​ប្រឈម​ការបន្ត​ការវាយ​ប្រហារ​ពី​រុស្ស៊ី​នោះ។

ក៏ប៉ុន្តែ លោក Biden ក៏​បាន​បង្កើន​ពាក្យ​សម្តី​សង្គ្រាម​រវាង​លោក​និង​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ​ផង​ដែរ។

លោក​ប្រធានាធិបតី Biden បាន​និយាយ​ថា៖ «ខ្ញុំ​គិត​ថា លោក Putin ជា​ឧក្រិដ្ឋជន​សង្គ្រាម»។ លោក​ប្រធានាធិបតី បាន​ប្រាប់​ពួក​អ្នកកាសែត​នៅឯ​ពិធី​មួយ​បន្ទាប់​មក​ ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ។ លោក​មិន​បាន​និយាយ​លម្អិត​ទេ ហើយ​បាន​ដើរចេញ។

នៅ​ក្នុង​ការឆ្លើយតប អ្នកនាំពាក្យ​រដ្ឋាភិបាល​វិមាន​ក្រឹមឡាំង​លោក Dmitry Peskov បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន TASS ថា សុន្ទរកថា​របស់​លោក Biden ជា៖ «វោហាសាស្ត្រ​មិន​អាច​ទទួល​យក​បាន​ និង​មិន​អាច​អត់ឱន​ឲ្យ​បាន»។

អ្នកនាំពាក្យ​សេតវិមាន​លោក​ស្រី Jen Psaki បាន​និយាយ​ថា៖ «កំណត់​សម្គាល់​របស់​លោក​ប្រធានាធិបតី​ជា​គំនិត​ផ្ទាល់​ខ្លួន​របស់​លោក។ លោក​និយាយ​ចេញពី​បេះដូង​របស់​លោក​ហើយ​និយាយ​ពី​អ្វី​ដែល​លោក​បាន​ឃើញ​នៅតាម​កញ្ចក់​ទូរទស្សន៍​ដែល​ជា​អំពើ​ដ៏​ព្រៃផ្សៃ​របស់​មេដឹកនាំ​ផ្តាច់ការ​តាមរយៈ​ការឈ្លានពាន​របស់​លោក Putinទៅ​លើ​ប្រទេស​ក្រៅ​មួយ»។

លោក Putin បាន​ចាប់ផ្តើម​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន​កាល​ពី​៣សប្តាហ៍​មុន។ កងទ័ព​របស់​លោក បាន​វាយប្រហារ​មន្ទីរពេទ្យ សាលារៀន​និង​ផ្ទះ​សម្បែង។ ប្រធានាធិបតី​អ៊ុយក្រែន​លោក Zelensky បាន​និយាយ​ថា កុមារ​ប្រហែល១រយ​នាក់ បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​ការវាយ​ប្រហារ​ដ៏​ខ្លាំង​នេះ។

លោក Biden មាន​ប្រសាសន៍​ថា កញ្ចប់​ជំនួយ​ថ្មី​របស់​សហរដ្ឋ​អាមេរិក «បាន​ធ្វើ​ឲ្យ​ជំនួយ​ខាង​សន្តិសុខ​ថ្មី​របស់​សហរដ្ឋ​អាមេរិក​ទាំង​អស់​ដល់​អ៊ុយក្រែន​មាន​ចំនួន​១ពាន់​លាន​ដុល្លារគ្រាន់តែក្នុង​ពេល​សប្តាហ៍​នេះ​តែ​ប៉ុណ្ណោះ»។

បន្ថែមលើ​ប្រព័ន្ធ​ប្រឆាំង​នឹង​កាំជ្រួច Stinger ចំនួន​៨០០​ដើម​ដែល​លោក Biden បាន​ប្រកាស កញ្ចប់​ជំនួយ​នោះ រួមមាន​អាវុធ​ប្រភេទJavelin ចំនួន​២.០០០​ដើម​និង​អាវុធ​បាញ់​រថពាសដែក​ប្រភេទ​ស្រាល​១.០០០​ដើម ប្រព័ន្ធ​ប្រឆាំង​រថពាសដែកAT-4 ចំនួន៦.០០០​ដើម កាំភ្លើង M203 រាប់រយ​ដើម កាំភ្លើង​ខ្លី កាំភ្លើង​វែង​រាប់​ពាន់​ដើម គ្រាប់​រំសេវ​ជាង២០លាន​គ្រាប់ អាវក្រោះ​និង​មួក​រាប់​ម៉ឺន​សម្រាប់។

ក្រសួង​ការពារ​ជាតិ​អាមេរិក​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ បាន​និយាយ​ថា កិច្ចខំប្រឹងប្រែង​ដើម្បី​ដឹក​ជញ្ជូន​ឧបករណ៍​ទាំង​នេះ កំពុង​ធ្វើ​ឡើង។

មន្ត្រី​ម្នាក់​ដែល​បាន​បដិសេធ​ពុំ​ព្រម​ផ្តល់​សេចក្តីលម្អិត​អំពី​របាយការណ៍​ថា សម្ព័ន្ធមិត្ត​ខ្លះ រួមទាំង​ប្រទេស​ស្លូវ៉ាគី មាន​បំណង​ផ្តល់ឲ្យ​រដ្ឋាភិបាល​ក្រុង​កៀវ​នូវ​ប្រព័ន្ធ​ការពារ​ដែន​អាកាសS-300 ដែល​ធ្វើ​នៅ​ប្រទេស​រុស្ស៊ី ដែល​មាន​លទ្ធភាព​បាញ់​ទម្លាក់​យន្តហោះ​របស់​សត្រូវ​និង​កាំជ្រួច​បាល់លីស្ទិក​និង​កាំជ្រួច Cruise ដែរ៕

ប្រធាន​ការិយាល័យ​វីអូអេ​នៅ​សេតវិមាន​អ្នក​ស្រី Patsy Widakuswara និង​អ្នក​យកព័ត៌មាន​វីអូអេ​ខាង​សន្តិសុខ​ជាតិ​លោក Jeff Seldin និង​អ្នក​យកព័ត៌មាន​វីអេអូ​នៅ​សភា​អ្នក​ស្រី Katherine Gypson បាន​ផ្តល់​សេចក្តីរាយការណ៍​នេះ ហើយ​ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ ដក ស្រង់ពី​ទីភ្នាក់ងារ​ព័ត៌មាន AP, AFP និង Reuters។

XS
SM
MD
LG