ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ចូល​រួម​រំឭក​ខួប​សន្ធិសញ្ញា​សន្តិភាព​សម្ដែង​កង្វល់​អំពី​​​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា


អ្នកចូលរួម​នៅ​ក្នុង​កម្មវិធីរំឭក​ខួប​លើក​ទី២៨ ​នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​បណ្ណាល័យ​ George Mason Regional Library ក្នុងទីក្រុង​ Annandale រដ្ឋ​ ​Virginia ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩។ (សឿន វឌ្ឍនា/VOA)
អ្នកចូលរួម​នៅ​ក្នុង​កម្មវិធីរំឭក​ខួប​លើក​ទី២៨ ​នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​បណ្ណាល័យ​ George Mason Regional Library ក្នុងទីក្រុង​ Annandale រដ្ឋ​ ​Virginia ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩។ (សឿន វឌ្ឍនា/VOA)

អ្នក​ចូល​រួម​​ភាគ​ច្រើន​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ពលរដ្ឋ​ខ្មែរ​អាមេរិកាំង និង​ឡាវ​អាមេរិកាំង​ជាង​២០​នាក់​មក​ពីរដ្ឋ Florida រដ្ឋ Wisconsin រដ្ឋ Utah រដ្ឋ Washington State រដ្ឋ Virginia រដ្ឋ Maryland និង​រដ្ឋ Pennsylvania បាន​ជួបជុំ​គ្នារៀបចំ​រំលឹក​ខួប​លើក​ទី២៨ ​នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​ និង​ពិភាក្សា​គ្នាអំពី​ស្ថានការណ៍​នយោបាយ លទ្ធិ​ប្រជាធិបតេយ្យ និង​សន្តិភាព​នៅប្រទេស​កម្ពុជា​ និង​ឡាវ​កាលពី​ថ្ងៃ សុក្រ​ និង​ថ្ងៃសៅរ៍ ទី១៨ និង១៩ ខែ​តុលា ឆ្នាំ២០១៩ ក្នុង​បណ្ណាល័យ​ George Mason Regional Library នៅ​ក្នុង​ទីក្រុងAnnandale និង បណ្ណាល័យ Great Falls ​នៅ​ក្នុង​ទីក្រុង Great Falls ក្នុងរដ្ឋ​ Virgina ដែល​ស្ថិតនៅ​ក្នុង​តំបន់​រដ្ឋ​ធានី Washington។

ពិធី​រំឭក​ខួប​លើក​ទី២៨ ​នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ ​ក៏​មាន​គោល​បំណងក្រើន​រំឭក​ពី​គុណ​សម្បត្តិ​របស់​សន្ធិសញ្ញា​នេះ ក្នុង​ការ​បញ្ចប់​សង្គ្រាម​រ៉ាំរ៉ៃ​នៅ​កម្ពុជា។

លោក ទឹង យ័ប ប្រធាន​សមាគម​ខ្មែរ​អាមេរិកាំង​ដើម្បី​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ និង​ជា​អ្នក​រៀប​ចំ​កម្មវិធី​មួយ​រូប​ បាន​លើក​ឡើង​ថា៖ «កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ហ្នឹង ពី​ព្រោះ​កិច្ច​ព្រមព្រៀង​ហ្នឹង​ធ្វើ​ឲ្យ​ប្រទេស​យើង​កុំ​ឲ្យ​មាន​សង្គ្រាម​តទៅ​ទៀត ហើយ​ជា​សំខាន់​ណាស់​បើ​សិន​ជា​យើង​មិន​គោរព​កិច្ច​ព្រមព្រៀង​ហ្នឹង យើង​អាច​មាន​សង្គ្រាម​តទៅ​មុខ​ទៀត ជួន​កាល​យើង​នឹង​យល់​ថា​ កិច្ច​ព្រមព្រៀង​ហ្នឹង​មិន​បាន​ការ ហើយ​ថា​យើង​ធ្វើ​ខុស​ពី​កុងត្រា នៅ​ក្នុង​ហ្នឹង​ធ្វើ​ឲ្យ​ប្រជាជន​ច្រើន​គ្នា​មិន​សប្បាយ​ចិត្ត ហើយ​ថា​មនុស្ស​អត់​មាន​ច្រក​អ្វី​ផ្សេង​ទៀត​ដើម្បី​រើស​រដ្ឋាភិបាល គេ​អាច​បង្កើត​បញ្ហា​មិន​ល្អ​នៅ​ក្នុង​សង្គម​ទៅ​ថ្ងៃ​មុខ​បាន»។

នៅ​ក្នុង​ការ​ពិភាក្សា​នេះ​ ក្រុម​អ្នក​ចូលរួម​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ពី​ការមិន​គោរព​សិទ្ធិ​មនុស្ស និង​ការ​ធ្លាក់​ចុះ​នៃ​ការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក ទឹង យ័ប​ បាន​កត់​សម្គាល់​ថា៖ «យើង​យល់​ថា​បញ្ហា​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ស្រុក​ខ្មែរ​យើង​សព្វ​ថ្ងៃ​ហ្នឹង​ មនុស្ស​ភាគ​ច្រើន​យល់​ថា​គឺ​បាន​ស្លាប់​ ព្រោះ​លោក​ហ៊ុន​ សែន បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ​យក​តំណែង​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ទាំង​ប៉ុន្មាន​ហ្នឹង យក​ចេញ​ទាំង​អស់។ តំណែង​សុទ្ធ​តែ​ឈ្នះ​ឆ្នោត​តាម​ការ​បោះ​ឆ្នោត។ ដល់ពេល​ធ្វើ​អញ្ចឹង​ទៅ​ យើង​យល់​ថា​ការណ៍​នេះ​វា​មិន​ល្អ»។

លោក​ យ័ប គឹមទឹង ប្រធាន​សមាគម​ខ្មែរ​-អាមេរិកាំង​ដើម្បី​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ នៅ​ក្នុង​កម្មវិធី​រំឭក​ខួប​លើក​ទី២៨ ​នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​បណ្ណាល័យ​ George Mason Regional Library ក្នុង​ទីក្រុង​ Annandale រដ្ឋ​ ​Virginia ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩។ (សឿន វឌ្ឍនា/VOA)
លោក​ យ័ប គឹមទឹង ប្រធាន​សមាគម​ខ្មែរ​-អាមេរិកាំង​ដើម្បី​សិទ្ធិ​មនុស្ស​និង​លទ្ធិ​ប្រជាធិបតេយ្យ នៅ​ក្នុង​កម្មវិធី​រំឭក​ខួប​លើក​ទី២៨ ​នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​បណ្ណាល័យ​ George Mason Regional Library ក្នុង​ទីក្រុង​ Annandale រដ្ឋ​ ​Virginia ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩។ (សឿន វឌ្ឍនា/VOA)

លោក​ក៏​បាន​បន្ថែម​ថា៖ «ហើយ​ជា​ពិសេស​ហាម​១១៨​ នាក់​បេក្ខជន​ផ្សេង​ទៀត​មិន​ឲ្យ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​កាល​ពី​បោះ​ឆ្នោត​លើក​មុន ម្លោះ​ហើយ​យើង​យល់​ថា​ ការ​បោះ​ឆ្នោត​ហ្នឹង​មិន​ត្រឹម​ត្រូវ ជា​ការ​បោះ​ឆ្នោត​ក្លែង​ក្លាយ។ ឥឡូវ​នេះ​ប្រជាជន​ខ្មែរ​នៅ​ក្នុង​ និង​ក្រៅ​ស្រុក ហើយ​នឹង​ពួក​បរទេស​ផង​ដែរ​ យល់​ថា​រដ្ឋាភិបាល​កើត​មក​ថ្មី​ហ្នឹង មិន​អាច​រាប់​ថា​ជា [រដ្ឋាភិបាល] ស្រប​ច្បាប់​បាន​ទេ»។

លោក Morton Sklar មេធាវី​សិទ្ធិ​មនុស្ស​មួយ​រូប និង​វាគ្មិន​ម្នាក់នៅ​ក្នុងពិធី​រំលឹក​ខួប​លើក​ទី២៨ ​នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​នេះ ក៏​បាន​លើក​ស្រ​ដៀង​គ្នាទៅ​នឹង​លោក​ទឹង​ យ័ប ផង​ដែរ។

លោក Sklar បាន​និយាយ​ថា​៖

«ឥឡូវ​នេះ​គ្មាន​ទេ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក ហ៊ុន សែន​បានលុប​បំបាត់​សិទ្ធិ​មនុស្ស​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ ដើម្បី​គ្រប់គ្រង​ប្រទេស​កម្ពុជា​ ក៏​ដូច​ជា​រក្សា​អំណាច​ផ្ដាច់​ការ។ ជាង ៣០​ ឆ្នាំ​មក​ហើយ​ ដែល​លោក​ហ៊ុន​ សែន បាន​ប្រើ​ការ​លុប​បំបាត់​សិទ្ធិ​មនុស្ស​ជា​មធ្យោបាយ​ប្លន់​សំឡេង​ឆ្នោត​ រំលាយ​គណបក្ស​ប្រឆាំង​សំខាន់ៗ និង​បំភិត​បំភ័យ​ជន​ទាំង​ឡាយ​ណា​ដែល​រិះ​គន់លោក»។

លោក Morton Sklar មេធាវី​សិទ្ធិ​មនុស្សនៅ​ក្នុង​កម្មវិធី​រំឭក​ខួប​លើក​ទី២៨ ​នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​បណ្ណាល័យ​ George Mason Regional Library ក្នុង​ទីក្រុង​ Annandale រដ្ឋ​ ​Virginia ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩។ (សឿន វឌ្ឍនា/VOA)
លោក Morton Sklar មេធាវី​សិទ្ធិ​មនុស្សនៅ​ក្នុង​កម្មវិធី​រំឭក​ខួប​លើក​ទី២៨ ​នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​បណ្ណាល័យ​ George Mason Regional Library ក្នុង​ទីក្រុង​ Annandale រដ្ឋ​ ​Virginia ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩។ (សឿន វឌ្ឍនា/VOA)

យ៉ាង​ណា​ក៏​ដោយ​អ្នក​ចូលរួម​ខ្លះ​ លើក​ឡើង​ថា​បើ​មើល​ជ្រុង​មួយសន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ ១៩៩១ នៅ​មាន​ដង្ហើម​នៅ​ឡើយ​ទេ​ ប៉ុន្តែ​បើ​មើល​ពី​ជ្រុង​ម្ខាងទៀត កិច្ច​ព្រមព្រៀង​នេះ ហាក់​ជា​កំពុង​តែ​រលាយ​បន្តិច​ម្ដង​ៗ។ ព្រះ​តេជ​គុណ ប៊ុត ប៊ុន​តិញ ជា​ប្រធាន​អនុ​កម្មការ​មាតុភូមិ​និវត្តន៍ ​ និង​ជា​ស្ថាបនិក​ទូរទស្សន៍​ព្រះ​អាទិត្យ​មាន​សង្ឃ​ដី​កា​ថា៖

«បើ​យើង​មើល​ជា​រួម​ក្នុង​កិច្ច​ក្នុង​មាត្រា​នីមួយ​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ទី​មួយ​គឺ​ការ​បោះ​ឆ្នោត បើ​សិនជា​ការ​បោះ​ឆ្នោត​នៅ​តែ​មាន​ មាន​ន័យ​ថា​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​នៅ​តែ​រស់។ បើ​សិន​ជា​យើង​និយាយ​ថា​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស​ហ្នឹង​វា​ងាប់​ ទាល់​តែ​ឈប់​បោះ​ឆ្នោត។ ហើយ​និយាយ​ពី​រឿង​ប្រទេស​កម្ពុជា​ត្រូវ​មាន​សិទ្ធិ​ស្វយ័ត​ដើម្បី​អភិវឌ្ឍ​ប្រទេសរបស់​ខ្លួន សម្រេច​ជោគ​វាសនា​របស់​ខ្លួន ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តែ​មាន​បំណង​សម្រេច​ជោគ​វាសនា​ការ​ពារ​ទឹក​ដី​របស់​ខ្លួន​ នោះ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​នៅ​តែ​រស់»។

ព្រះ​តេជគុណ​បាន​បន្ត​ថា៖ «ដូច្នេះ​អាត្មា​ជឿ​ថា ដោយ​សារ​ខាង​អ្នកដឹក​នាំ​រដ្ឋាភិបាល ព្យាយាម​បក​ស្រាយ​ថា​ កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស​នោះ បាន​ចម្រាញ់​ចូល​ទៅ​ក្នុង​ច្បាប់កំពូល​របស់​ជាតិ​អស់​ហើយ​ គឺ​ច្បាប់​រដ្ឋ​ធម្មនុញ្ញ ហើយ​បើ​សិន​ជា​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​នៅ​រស់ ហើយ​បើ​និយាយ​ថា​យក​កិច្ច​ព្រមព្រៀង​ដាក់​ចូល​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ហ្នឹង​ មាន​ន័យ​ថា​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​នៅ​តែ​រស់»។

​និយាយ​ពី​ជ្រុងមួយ​ទៀត​ដែល​ថា​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ ១៩៩១ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​កំពុង​តែ​រលាយ​បណ្ដើរ​ៗ​ហើយ​នោះ ព្រះ​តេជគុណ ប៊ុន​តិញ មាន​សង្ឃ​ដីកា​ថា​៖ «ក៏​ប៉ុន្តែ​យើង​មើល​ឃើញ​ទិដ្ឋភាព​បី​សំខាន់ ​ដែល​ធ្វើ​ឲ្យ​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស កាន់​តែ​បាត់​ខ្លឹម​សារ​ ហើយ​ជាន់​ឈ្លី។ ទី​១ ច្បាប់រដ្ឋធម្មនុញ្ញ ជាន់​ឈ្លី​ចោល​ បញ្ហាមិន​ឲ្យ​មាន​ទ័ព​បរទេស នៅ​ក្នុង​ផ្នែក​ទី៤ ដែល​និយាយ​ឲ្យ​ដក​ទ័ព​បរទេស​ចេញ​ពី​កម្ពុជា។ ឥឡូវ​យើង​ជំរុញ​ឲ្យ​មាន​ទ័ព​បរទេស​ចូល​ នៅ​ក្នុង​ខេត្ត​កោះ​កុង ការណ៍​នេះ​រំលោភ​មួយ​បាត់​ហើយ រំលោភ​ទាំង​កិច្ច​ព្រមព្រៀង រំលោភ​ទាំង​ច្បាប់​រដ្ឋ​ធម្មនុញ្ញ»។

ទិដ្ឋភាព​ទូទៅនៅ​ក្នុង​កម្មវិធីរំឭក​ខួប​លើក​ទី២៨ ​នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​បណ្ណាល័យ​ George Mason Regional Library ក្នុងទីក្រុង​ Annandale រដ្ឋ​ ​Virginia ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩។ (សឿន វឌ្ឍនា/VOA)
ទិដ្ឋភាព​ទូទៅនៅ​ក្នុង​កម្មវិធីរំឭក​ខួប​លើក​ទី២៨ ​នៃ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​បណ្ណាល័យ​ George Mason Regional Library ក្នុងទីក្រុង​ Annandale រដ្ឋ​ ​Virginia ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩។ (សឿន វឌ្ឍនា/VOA)

ព្រះ​តេជគុណ​បាន​បន្ត​ទៀត​ថា៖ «ទិដ្ឋិ​ភាព​មួយ​ទៀត​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​មិន​បាន​ធ្វើ​ដោយ​សេរី​ និង​យុត្តិធម៌​តាម​គោល​ការណ៍​ច្បាប់​រដ្ឋធម្មនុញ្ញ។ អា​ហ្នឹង​ហើយ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​មើល​មក​ឃើញ​ថា កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស​នោះ​ងាប់។ ងាប់​នេះ​មិន​មែន​ងាប់​ដោយ​ស្រួល​ទេ គឺ​ព្យាយាម​ធ្វើ​រដ្ឋ​ប្រហារ​ធម្មនុញ្ញ ព្យាយាម​មិន​គោរព​តាម​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស។ ហើយ​ទិដ្ឋិ​ភាព​ទី​បី​ ដែល​យើង​មើល​ឃើញ​ថា​ងាប់ គឺ​ថា​ភាគី​ខ្លះ​ដែល​ជា​ប្រទេស​ហត្ថលេខី ព្យាយាម​រំលោភ​ក្រុង​ប៉ារីស​ដែរ ឧទាហរណ៍​ដូច​ចិន​ជា​ដើម ចិន​ជា​ម្ចាស់​ហត្ថលេខី​ ប៉ុន្តែ​ហេតុ​អ្វី​ចិន​មក​ធ្វើ​ព្រលាន​យន្ត​ហោះ​ ដី​៤ម៉ឺនហិចតា ហេតុ​អី​បាន​ចិន​បញ្ជូន​ពួក​ឈ្មួញ​ទុច្ចរិត​មក​ធ្វើ​រឿង​ខុស​ឆ្គង​នៅ​ខេត្ត​កោះកុង»?

អ្នក​ជំនាញ​ខាង​ច្បាប់​សិទ្ធិ​មនុស្ស​ជឿ​ជាក់​ថា ដើម្បី​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​ធ្វើ​ឲ្យ​ការ​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង​ ទាំង​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​គ្នាត្រូវចូល​កសាង​មូលដ្ឋាន​គ្រឹះនៃ​ការ​យល់​ពី​លទ្ធិ​ប្រជាធិបតេយ្យ​អោយ​បាន​គ្រប់​គ្រាន់​ជា​មុន​សិន។

​លោក Morton Sklar មេធាវី​សិទ្ធិ​មនុស្ស​បាន​ប្រាប់​វីអូអេ​ថា៖ «អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ និង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​មូល​អាច​ធ្វើ​បាន​គឺ​ការ​បញ្ចេញ​មតិ​តាម​គ្រប់​រូប​ភាព​ ដើម្បី​ទាម​ទារ​បដិសេធ​គោលនយោបាយ​ផ្ដាច់ការ​របស់​លោក​ហ៊ុន សែន។ ខ្ញុំ​គិត​ថា ការណ៍​ដែល​លោក​សម​ រង្ស៊ី វិល​ត្រឡប់​ចូល​កម្ពុជា​វិញ គឺ​ជា​ជំហាន​ដ៏​សំខាន់ និង​ជា​និមិត្ត​រូប​មួយ ប៉ុន្តែ​ខ្ញុំ​មិន​គិត​ថាវា​នឹង​មាន​ប្រសិទ្ធភាព​នោះ​ទេ បើ​គ្មាន​ការ​កសាង​មូលដ្ឋាន​គ្រឹះនៃ​ការ​យល់​ពី​លទ្ធិ​ប្រជាធិបតេយ្យ ដើម្បី​គាំទ្រ​អ្វី​ដែល​គាត់​កំពុង​ធ្វើ។ បើ​សិន​ជា​គាត់​គ្រាន់​តែ​វិល​ទៅ​វិញ​ដោយ​ខ្លួន​គម្រោង​ការណ៍​ច្បាស់​លាស់ នោះ​គាត់​នឹង​ទៅ​ចូល​គុក​ជាមួយ​អ្នក​ផ្សេងៗ​ទៀត ឬ​ក្លាយ​ជា​គោល​ដៃ​នៃ​ការ​វាយ​ប្រហារ​តែ​ប៉ុណ្ណោះ»។

គួរ​បញ្ជាក់​ថា លោក​កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ស្ថិត​ក្រោម​ការ​ឃុំ​ឃាំង​ក្នុង​គេហដ្ឋាន ក្រោម​ការ​ចោទ​ប្រកាន់​ថា​ លោក​បាន​ឃុបឃិត​ជាមួយ​សហរដ្ឋ​អាមេរិក​ ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​ស្របច្បាប់​របស់​លោក​ហ៊ុន សែន។ មិនតែប៉ុណ្ណោះ​ចាប់​តាំង​ពីពេល​ដែល​លោក​ សម រង្ស៊ី ប្រកាស​ថា​នឹង​ត្រឡប់​ចូល​ក្នុង​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃទី៩ ខែ​វិច្ឆិកា​វិញ មាន​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជាង ​៥០​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​រួម​គំនិត​ក្បត់​មាន​ ហើយ​សកម្មជន​ជាច្រើន​នាក់​ទៀត​កំពុង​ត្រូវ​បាន​សមត្ថកិច្ច​តាម​ច្បាប់​ខ្លួន​ជា​បណ្ដើរៗ​ផង​ដែរ៕

XS
SM
MD
LG