ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កីឡាករ Tom Brady ចូល​និវត្តន៍ បន្ទាប់​ពី​លេង​អស់​ ២២ រដូវកាល និង​ឈ្នះពាន​រង្វាន់ Super Bowl ចំនួន​ ៧


រូបឯកសារ៖ កីឡាករ​ Rob Gronkowski (ឆ្វេង) និង​កីឡាករ Tom Brady នៃ​ក្រុម Tampa Bay Buccaneers អបអរ​ក្រោយ​ការ​ប្រកួត​ NFL Super Bowl 55 ទល់​នឹង​ក្រុម Kansas City Chiefs នៅ​ទី​ក្រុង Tampa រដ្ឋ Florida កាល​ពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២១។
រូបឯកសារ៖ កីឡាករ​ Rob Gronkowski (ឆ្វេង) និង​កីឡាករ Tom Brady នៃ​ក្រុម Tampa Bay Buccaneers អបអរ​ក្រោយ​ការ​ប្រកួត​ NFL Super Bowl 55 ទល់​នឹង​ក្រុម Kansas City Chiefs នៅ​ទី​ក្រុង Tampa រដ្ឋ Florida កាល​ពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០២១។

កីឡាករ​ Tom Brady ដែល​ជាអ្នកដឹកនាំ​ក្រុមកីឡាករ​បាល់ឱប​អាមេរិកអស្ចារ្យ​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​កីឡាបាល់ឱប​អាមេរិក (National Football League ហៅ​កាត់​ថា NFL) បាន​ចូលនិវត្តន៍​ បន្ទាប់​ពី​បានឈ្នះ​ពានរង្វាន់​ក្នុងការប្រកួត​បាល់ឱប​អាមេរិក​វគ្គ​ផ្តាច់ព្រ័ត្រ ហៅ​ថា ​ Super Bowl ចំនួន​៧ និង​បង្កើត​កំណត់ត្រា​ថ្មី​មួយ​ចំនួន​ទៀត​ក្នុងការ​បោះបាល់ នៅ​ក្នុង​អាជីព​កីឡា​២២​ឆ្នាំ​របស់​លោក។

លោក Brady បាន​សរសេរ​សារ​បង្ហោះ​ដ៏​វែង​មួយ​នៅលើ​បណ្តាញ​សង្គម Instagram ថា៖ «រឿង​នេះ​គឺ​ លំបាក​សម្រាប់​ខ្ញុំ​សរសេរ​រៀបរាប់ ប៉ុន្តែខ្ញុំ​លែងចូលរួមប្រកួត​ទៀត​ហើយ។ ខ្ញុំ​ស្រឡាញ់​អាជីព​បាល់ឱប NFL របស់​ខ្ញុំ ហើយ​ឥឡូវ​នេះ ជា​ពេល​ដែលខ្ញុំ​ត្រូវ​ផ្តោត​ពេលវេលា និង​កម្លាំងកាយ​ចិត្ត​ទៅ​លើ​រឿងផ្សេង​ទៀត​ដែល​ត្រូវ​ការ​ការ​យក​ចិត្ត​ទុកដាក់​ពី​ខ្ញុំ»។

លោក Brady ធ្លាប់​បាន​និយាយ​ជាយូរ​មកហើយ​ថា លោក​ចង់​ចំណាយ​ពេល​ច្រើន​ជាង​មុន​ជាមួយ​ភរិយា​របស់​លោក​ដែល​ជា​តារា​ម៉ូដែល និង​កូន​ទាំងបី ​ទោះ​ជា​លោក​នៅ​លេង​កីឡា​បាន​យ៉ាងខ្លាំង ពូកែ​នៅ​ឡើយ​ក៏ដោយ។

កីឡាករ​បាល់ឱប​អាមេរិក​ Tom Brady អាយុ ៤៤​ឆ្នាំ បាន​ចូលនិវត្តន៍ បន្ទាប់​ពី​ដឹកនាំ​ក្រុម Buccaneers នៃទីក្រុងTampa Bay ឲ្យ​ឈ្នះ​ពានរង្វាន់​ Super Bowl កាល​ពី​ឆ្នាំ​មុន និង​ពានរង្វាន់​ NFC South Championship នៅ​រដូវ​កាល​នេះ។

ព័ត៌មាន​ពី​ការ​ប្រុង​ចូល​និវត្ត​ន៍​របស់​លោក​ Brady បាន​បែកធ្លាយ​កាល​ពី​ថ្ងៃ​ចុងខែ​មករា។ ប៉ុន្តែ​គ្រួសារ​របស់​លោក និង​ក្រុមកីឡា Buccaneers បាន​បដិសេធថា លោក​មិន​ទាន់​បាន​ធ្វើ​សេចក្តី​សម្រេច​ចុងក្រោយ​នៅឡើយ​ទេ ហើយ​លោក​ Brady បាន​និយាយ​កាល​ពី​យប់​ថ្ងៃ​ចន្ទ ទី២១ ខែ​មករា ​នៅ​លើ​កម្មវិធី​ផតខាស្តថ៍​ឈ្មោះ​ថា Sirius XM ថា លោក​មិន​ទាន់​សម្រេចជា​ចុងក្រោយ​អំពី​ផែនការ​របស់​លោក​នៅ​ឡើយ​ទេ។

ព័ត៌មាន​បញ្ជាក់​ពិតប្រាកដ​ពី​ការ​ចូល​និវត្តន៍លោក​ Brady បាន​លេច​ចេញនៅ​ព្រឹក​ថ្ងៃ​អង្គារ ទី១ ខែ​កុម្ភៈ។

លោក​ Brady បាន​និយាយ​នៅ​ក្នុង​សារបង្ហោះ​ថា៖ «ខ្ញុំ​បាន​គិត​ជ្រៅជ្រះ​កាល​ពី​សប្តាហ៍​មុន​ និង​បាន​សួរ​ខ្លួនឯង​នូវ​សំណួរ​ពិបាកៗ។ ហើយ​ខ្ញុំ​មាន​មោទនភាព​ចំពោះ​អ្វី​ដែល​យើង​សម្រេច​បាន។ មិត្ត​រួម​ក្រុម គ្រូបង្វឹក កីឡាករ​ពី​ក្រុម​ដទៃទៀត និង​អ្នកគាំទ្រ​ ត្រូវ​តែ​ទទួល​បាន​ ១០០​ភាគរយ​ពី​ខ្ញុំ ប៉ុន្តែ​ឥឡូវ​នេះ ជា​រឿង​ល្អ​បំផុត​ដែល​ខ្ញុំ​ទុក​ទីលាន​ឲ្យ​កីឡាករ​ជំនាន់​ក្រោយ​ ដែលមាន​ការ​ប្តេជ្ញា​ចិត្ត។

​តើ Tom​ Brady ក្លាយ​ជា​កីឡាករ​ល្អ​បំផុត​បាន​យ៉ាង​ដូចម្តេច?

​អ្នកដែល​ធ្លាប់​បាន​លេង​បាល់ ឬ​ធ្វើការ​ជាមួយ​លោក​ Brady តែងតែ​ប្រើពាក្យ​ថា «ងប់ងល់» នៅពេល​និយាយ​អំពី​លោក។ កីឡាករ​រូប​នេះ​ងប់ងល់នឹង​ការ​រៀបចំ​ ងប់ងល់នឹង​ការ​ធ្វើ​រឿង​លម្អិត​តូចៗ​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​ទាំងអស់​នេះ​គឺ​ដោយសារ​តែ​លោក​ងប់ងល់​នឹង​ការ​ឈ្នះ។

លោក Brady ល្បីឈ្មោះ​ជា​អ្នកដឹកនាំ​ក្រុមកីឡាករ​បាល់ឱប​ពូកែ​ជាងគេ​ក្នុង​ប្រវត្តិសាស្រ្ត​ ប៉ុន្តែ​លោក​មិនមែន​ជា​កីឡាករ​ដែល​ទទួល​បាន​ប្រាក់ខែ​ច្រើន​ជាង​គេ​បំផុត​ទេ។ ​កិច្ចសន្យា​ដែល​លោក​បាន​ចុះ​ហត្ថលេខា​ជាមួយ​ក្រុម New England Patriots អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ​គឺ ​ទាប​ជាង​អត្រា​ទីផ្សារ ប៉ុន្តែ​ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​គ្រូបង្វឹក​យូរ​អង្វែង​លោក Bill Belichick អាច​ចាត់ចែងកម្រិត​ប្រាក់ខែ​ក្នុង​ចំណោម​កីឡាករ និង​រក្សាបាន​ភាព​ប្រកួតប្រជែង​នៅ​ក្នុង​ជួរ​ក្រុម។

បន្ទាប់​ពី​លោក​ Brady បាន​ចំណាយ​ពេល​មួយ​ឆ្នាំ​លើ​កៅអី​បម្រុង របួស​របស់​អ្នកដឹកនាំ​ក្រុមកីឡាករ Drew Bledsoe របស់​ក្រុម Patriots បាន​ផ្តល់​ឱកាស​ដល់​រូប​លោក​នៅ​ឆ្នាំ ២០០១ ហើយ​លោកBrady បាន​បញ្ចេញ​សមត្ថភាព​យ៉ាង​អស់​ពី​ខ្លួន។ លោក​តែងតែ​ចាត់​ទុក​ជ័យ​ជម្នះ​ និង​មិត្តរួម​ក្រុម​ជា​អាទិភាព​ចម្បង​ធំ​ជាង​ការ​ទទួល​បាន​ប្រាក់​ច្រើន​ជាងមុន និង​ស្ថិតិ​ផ្ទាល់​ខ្លួន​របស់​លោក ហើយ​ជារឿយៗ​ តែងតែ​ប្រឹង​ជម្នះ​ខ្លួន​ឯង​ដើម្បី​សម្រេច​ឲ្យ​បាន​ជ័យជម្នះ។

លោក​ Brady តែង​តែ​ជា​កីឡាករ​លេចធ្លោ​ជាង​គេ​មួយ ដោយ​បង្ហាញ​ខ្លួនចំនួន​ ១០ លើក​នៅ​ក្នុង​ការ​ប្រកួត​ពានរង្វាន់​ Super Bowl ចំនួន ២០ ចុងក្រោយ និង​ឈ្នះ​ពានរង្វាន់​កីឡាករ​ពូកែ​បំផុត​ចំនួន​ប្រាំ​លើក​នៅ​ក្នុង​ចំណោម​ជ័យជម្នះ​ទាំង​ប្រាំពីរ​របស់​លោក។

រឿង​អាស្រូវ «Deflategate» និង​ការ​តាម​ពី​ក្រោយ​យក​ឈ្នះ​វិញ

លោក Brady ទទួល​បាន​ជ័យលាភី​ជា​ច្រើន​សម្រាប់ខ្លួន​ឯង និង​បាន​ជួប​ប្រទះ​រឿងរ៉ាវ​ជា​ច្រើនផង​ដែរ​ក្នុង​រយៈពេល ២២​ឆ្នាំ​នៅ​ក្នុង​វិស័យ​កីឡាបាល់ឱប​ ប៉ុន្តែ​នៅ​រដូវកាល​ឆ្នាំ ២០១៦-១៧ មាន​រឿង​គួរ​ឲ្យ​កត់សម្គាល់​មួយ​គឺ ល្បី​រន្ទឺ​ជាង​រដូវ​កាល​ឆ្នាំ ២០០៨ ​ដែល​ Brady ធ្វើ​បាន​ល្អ​បំផុត​ទៅ​ទៀត។

ក្នុង​ឆ្នាំ​២០១៥ លោក Brady បាន​ជួប​ប្រទះ​ស្ថានភាព​ដ៏​ខ្មៅ​ងងឹត​មួយ​នៅ​ក្នុង​អាជីព​របស់​លោក ដែល​អាក្រក់​ជាង​ការ​ខកខានមិនអាច​លេង​ពេញ​មួយ​រដូវកាល​ដោយសារ​របួស​ទៅទៀត។ ពេលនោះ​លោក​ត្រូវ​បាន​ពិន័យ​មិន​ឲ្យ​ចូលរួម​ក្នុង​ការ​ប្រកួត​ចំនួន ៤លើក​ដោយសារ​ការ​ពាក់ព័ន្ធ​របស់​លោក​នៅ​ក្នុង​រឿងអាស្រូវ «Deflategate» ដែល​នៅ​ពេល​នោះ មាន​ការ​ចោទប្រកាន់​ថា ក្រុម Patriots បាន​បន្ធូរ​ខ្យល់​បាល់​នៅក្នុង​ការឈ្នះ​ក្រុម Indianapolis Colts ក្នុង​ការ​ប្រកួត AFC Championship ឆ្នាំ ២០១៥ ដោយ​ការ​បន្ធូរ​នេះ​ជួយ​ឲ្យចាប់​បាល់​បានជាប់​ជាង​ក្នុង​ស្ថានភាព​សើម។

​ជ័យជម្នះ​នេះ​ជួយ​ឲ្យ​លោក​ Brady និង​ក្រុម Patriots ឈាន​ដល់​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ Super Bowl ដែល​ពួកគេ​បានឈ្នះ​កាល​ពី​ពេល​នោះ ហើយ​ទោះជា​លោក​ទទួល​បាន​ការអនុញ្ញាត​ឲ្យ​លេងបាល់​ពេញ​មួយ​រដូវកាល​ឆ្នាំ ២០១៥ និង​២០១៦ ក៏ដោយ ការ​ពិន័យនេះ​ត្រូវ​បាន​អនុវត្ត​នៅ​ឆ្នាំ ២០១៦ ដូច្នេះ​លោក​មិនបាន​លេង​បាល់​នៅ​ក្នុង​ការ​ប្រកួត​ដំបូង​ចំនួន ៤ នៅ​ដើមឆ្នាំ​២០១៦។

រឿងអាស្រូវ​នេះ​ធ្វើឲ្យលោក Brady ជាប់​ឈ្មោះ​មិនល្អ​មក​ទល់ពេល​សព្វថ្ងៃ​នៅ​ក្នុង​ក្រសែភ្នែក​អ្នក​រិះគន់​មួយ​ចំនួន ប៉ុន្តែ​ទោះជា​រដូវ​កាល​ឆ្នាំ ២០១៦ ចាប់ផ្តើម​ដោយ​មិនសូវ​មាន​ភាព​រំភើប​ក៏ដោយ ក៏​រដូវកាល​នេះ​បញ្ចប់​ដោយ​ភាព​រំភើប​យ៉ាង​ខ្លាំង​មួយ​ ដោយសារ​លោក Brady មិន​ត្រឹមតែ​ដឹកនាំ​ក្រុម Patriot ទៅកាន់​ជ័យ​ជម្នះ​ពានរង្វាន់ Super Bowl ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែមទាំង​យក​ឈ្នះ​វិញយ៉ាង​ធំបំផុតមួយ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​កីឡា​បាល់ឱប​អាមេរិក។

ក្រុម Patriot ទទួល​បាន​ជ័យជម្នះ ក្រោយពី​បាន​ចាញ់​ពិន្ទុ ២៨ ទល់ ៣ ដើម្បី​យក​ឈ្នះ​ក្រុម Atlanta Falcons នៅ​ម៉ោង​បន្ថែម​ នៅ​ក្នុង​រដូវកាល​មួយ​ដែល​បាន​បង្ហាញ​យ៉ាង​ច្បាស់​អំពី​លក្ខណៈសម្បត្តិ​របស់​លោក​ Brady។ បើ​ទោះបី​មាន​អ្នកខ្លះ​ស្រឡាញ់​លោក និង​អ្នកខ្លះ​ស្អប់​លោក​ក៏ដោយ ក៏គ្មាន​អ្នកណា​អាច​ប្រកែកថា​លោក​មិន​ពូកែ​ទេ៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

អត្ថបទ​ប្រែសម្រួល​នេះ​ត្រូវ​បាន​ដក​ស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន AP និង ពី BBC។

XS
SM
MD
LG