ប្រជាពលរដ្ឋជប៉ុននៅក្នុងទីក្រុងតូក្យូ បានចេញទៅបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ដើម្បីជ្រើសរើសសមាជិកសភាក្រុងតូក្យូចំនួន ១២៧ រូប។
ការបោះឆ្នោតនេះអាចធ្វើឲ្យប្រែប្រួលដល់នយោបាយថ្នាក់ជាតិរបស់ជប៉ុន ដោយសារតែលោកស្រី Yuriko Koike ដែលជាអភិបាលក្រុងតូក្យូដ៏មានប្រជាប្រិយភាពមួយរូប មានគោលបំណងពង្រឹងមូលដ្ឋានគាំទ្ររបស់លោកស្រី និងប្រជែងជាមួយនឹងគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី Shinzo Abe ដែលពោរពេញដោយរឿងអាស្រូវ។
លោក Shinzo Abe កំពុងប្រឈមនឹងការចោទប្រកាន់ដែលថា លោកបានបង្ហាញការអនុគ្រោះយោគយល់ដល់មិត្តភ័ក្ដិរបស់លោកមួយរូប នៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ។
កន្លងមក លទ្ធផលនៃការបោះឆ្នោតប្រចាំក្រុងតូក្យូកាលពីលើកមុនៗ អាចផ្ដល់ជាសញ្ញាទស្សន៍ទាយឲ្យដឹងអំពីការបោះឆ្នោតថ្នាក់ជាតិបាន។ មានពាក្យលេចឭថា លោកស្រី Koike មានគោលបំណងចង់ឈរឈ្មោះជានាយករដ្ឋមន្ត្រី។
លោកស្រី Koike វ័យ ៦៤ ឆ្នាំ រូបនេះ ធ្លាប់ធ្វើជាសមាជិកមួយរូបនៃគណបក្សប្រជាធិបតេយ្យសេរី (Liberal Democratic Party) របស់លោកនាយករដ្ឋមន្ត្រី Shinzo Abe មុនពេលលោកស្រីងាកមកបង្កើតគណបក្សរបស់លោកស្រីផ្ទាល់ ដែលមានឈ្មោះថា «គិតពីប្រជាពលរដ្ឋក្រុងតូក្យូមុនគេបង្អស់»។
លោកស្រី Koike ដែលជាអតីតអ្នកនិយាយព័ត៌មានតាមទូរទស្សន៍ បានក្លាយជាអភិបាលក្រុងតូក្យូជាស្ត្រីដំបូងគេបង្អស់កាលពីឆ្នាំមុន ហើយកន្លងមកលោកស្រីទទួលបានការគាំទ្រចំនួនប្រហែល ៦០ ភាគរយ៕