កាលពីពេលថ្មីៗនេះ ប្រធានាធិបតីតៃវ៉ាន់អ្នកស្រី Tsai Ing Wen បានប្រកាសពីការចូលរួមប្រកួតការបោះឆ្នោតប្រធានាធិបតីនៅអាណត្តិបន្ទាប់ បន្ទាប់ពីការគាំទ្រអ្នកស្រីមានការកើនឡើងនៅក្នុងការស្ទង់មតិសាធារណៈមួយ ដែលបានធ្វើឡើងបន្ទាប់ពីអ្នកស្រីបាននិយាយប្រឆាំងនឹងការលើកឡើងរបស់ប្រធានាធិបតីចិនលោក Xi Jinping ដែលថា កោះតៃវ៉ាន់ និងប្រទេសចិនរួមគ្នាជាប្រទេសតែមួយ។
អ្នកស្រីទទួលបានការគាំទ្រ ២៤ ភាគរយ នៅក្នុងការស្ទង់មតិ បន្ទាប់ពីគណបក្សរបស់អ្នកស្រីបានចាញ់ការបោះឆ្នោតមូលដ្ឋានកាលពីខែវិច្ឆិកា ឆ្នាំមុន។ កាលពីខែមករាកន្លងទៅនេះ អ្នកស្រីបានថ្លែងម្ដងហើយម្ដងទៀតប្រឆាំងនឹងទស្សនៈរបស់លោក Xi Jinping ហើយអត្រាគាំទ្រអ្នកស្រីបានកើនឡើងដល់ ៣៤,៥ ភាគរយ នៅត្រឹមថ្ងៃទី ២១ ខែមករា។ នេះបើយោងតាមការស្ទង់មតិរបស់អង្គការមូលនិធិមតិសាធារណៈតៃវ៉ាន់ (Taiwan Public Opinion Foundation)។
កាលពីថ្ងៃទី ២០ ខែមករា អ្នកស្រី Tsai Ing Wen បានបង្ហាញថា អ្នកស្រីមានគម្រោងឈរឈ្មោះជាប្រធានាធិបតីមួយអាណត្តិទៀតដែលមានរយៈពេល ៤ ឆ្នាំ។ ដោយសារមានការជំរុញទឹកចិត្តពីការកើនឡើងនូវអត្រាគាំទ្រនេះ អ្នកស្រី Tsai Ing Wen នឹងផ្ដោតយ៉ាងហោចណាស់លើផ្នែកដំបូងនៃយុទ្ធនាការរបស់អ្នកស្រីនៅឆ្នាំខាងមុខលើការលើកទឹកចិត្តសាធារណជនឲ្យកាន់តែសង្ស័យលើប្រទេសចិន។ នេះបើតាមការបញ្ជាក់របស់អ្នកវិទ្យាសាស្ត្រនយោបាយនានា។
លោក Huang Kwei Bo ព្រឹទ្ធបុរសរងមហាវិទ្យាល័យកិច្ចការអន្តរជាតិនៃសាកលវិទ្យាល័យជាតិ Chengchi និយាយដូច្នេះថា៖
«យុទ្ធសាស្ត្រនៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់ពួកគេនៅពេលខាងមុខ គឺការនិយាយពីការស្អប់ប្រទេសចិន ខ្លាចប្រទេសចិន និងប្រឆាំងនឹងចិន។ ប្រសិនបើមន្ត្រីតៃវ៉ាន់លើកឡើងម្ដងហើយម្ដងទៀតអំពីពាក្យទាំងនេះ ហើយពាក្យទាំងនេះត្រូវបានផ្សព្វផ្សាយ នោះមនុស្សទូទៅនឹងទទួលឥទ្ធិពលពីពាក្យទាំងនេះជាមិនខាន»។
ប្រទេសចិនបានអះអាងថា កោះតៃវ៉ាន់ជាផ្នែកមួយរបស់ខ្លួនតាំងពីទសវត្សរ៍ ១៩៤០ មក និងបានទទូចថា ភាគីទាំងពីរនៅទីបំផុតនឹងរួបរួមគ្នា។ ប្រជាពលរដ្ឋតៃវ៉ាន់ភាគច្រើនប្រឆាំងនឹងការអះអាងនេះ។
ឱកាសនិយាយអំពីប្រទេសចិន
សុន្ទរកថារបស់ប្រធានាធិបតីចិនកាលពីថ្ងៃទី ២ ខែមករា ដែលបានជំរុញឲ្យកោះតៃវ៉ាន់ទទួលយកការរួបរួមជាមួយប្រទេសចិន បានធ្វើឲ្យអ្នកស្រី Tsai Ing Wen ដាស់តឿនប្រជាពលរដ្ឋតៃវ៉ាន់មិនឲ្យមានទំនាក់ទំនងជាមួយនឹងចិន។ នេះបើតាមការបញ្ជាក់របស់អ្នកជំនាញនយោបាយនានា។
នៅក្នុងសុន្ទរកថារបស់លោក លោក Xi Jinping បានជំរុញឲ្យមានការបញ្ចូលកោះតៃវ៉ាន់ជាមួយនឹងប្រទេសចិន ក្រោមទម្រង់ «ប្រទេសមួយ ប្រព័ន្ធពីរ» ដែលនៅពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលចិនបានអនុវត្តចំពោះទីក្រុងហុងកុង។ ទីក្រុងហុងកុងស្ថិតក្រោមការដឹកនាំរបស់រដ្ឋាភិបាលក្រុងប៉េកាំង ប៉ុន្តែមន្ត្រីហុងកុងអាចធ្វើការសម្រេចចិត្តបានមួយចំនួន។
ប្រទេសចិនបានអះអាងថា តៃវ៉ាន់ជារបស់ខ្លួនតាំងពីសម័យសង្គ្រាមស៊ីវិលចិនមកម្ល៉េះ គឺនៅពេលដែលក្រុមអ្នកជាតិនិយមរបស់លោកជៀង កាយជៀក ចាញ់សង្គ្រាម នឹងបានគេចទៅតាំងមូលដ្ឋានថ្មីនៃរដ្ឋាភិបាលរបស់ពួកគេនៅកោះតៃវ៉ាន់។
អ្នកស្រី Tsai Ing Wen បានឡើងកាន់អំណាចនៅក្នុងឆ្នាំ ២០១៦។ តាំងពីពេលនោះមក អ្នកស្រីបានធ្វើឲ្យចិនមិនសប្បាយចិត្ត ដោយអ្នកស្រីបានបដិសេធមិនចរចាអំពីលក្ខខណ្ឌដែលលើកឡើងថា តៃវ៉ាន់ និងចិនជាប្រទេសតែមួយ។
ជនជាតិតៃវ៉ាន់ជាង ៧០ ភាគរយ បានបញ្ជាក់នៅក្នុងការស្ទង់មតិដោយរដ្ឋាភិបាលតៃវ៉ាន់ថា ពួកគេចូលចិត្តការដឹកនាំបែបស្វ័យភាពរបស់តៃវ៉ាន់នាពេលបច្ចុប្បន្ននេះ ឬក៏ឯករាជ្យភាពស្របច្បាប់ពេញលេញពីប្រទេសចិន ជាងការដាក់បញ្ចូលតៃវ៉ាន់និងចិនជាមួយគ្នា។
នៅក្នុងការលើកឡើងមួយ តាំងពីលោក Xi Jinping បានថ្លែងសុន្ទរកថាមក អ្នកស្រី Tsai Ing Wen បានបញ្ជាក់នៅឯសន្និសីទកាសែតឥតគ្រោងទុកមួយ កាលពីថ្ងៃទី ២០ ខែកុម្ភៈ ថា អ្នកស្រីប្រឆាំងនឹងកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសចិន និងកោះតៃវ៉ាន់។
អ្នកស្រីនិយាយដូច្នេះថា៖ «មហិច្ឆតាយោធារបស់ប្រទេសចិន និងការមិនលះបង់ការដាក់អាវុធប្រឆាំងនឹងតៃវ៉ាន់ គឺជាអ្វីដែលធ្វើឲ្យតំបន់គ្មានស្ថិរភាព។ ដោយសារតែចិនមិនលះបង់អាវុធដែលមានគោលបំណងចង់សំដៅលើតៃវ៉ាន់ និងបានផ្ដោតលើទម្រង់ដឹកនាំបែបប្រទេសមួយប្រព័ន្ធពីរ នោះគ្មានវិធីណាមួយដែលអាចចរចាស្មើភាពគ្នា ហើយសន្តិភាពពិតប្រាកដមិនអាចសម្រេចបានទេ»។
ជំនាញខាងបញ្ហាប្រទេសចិន
អ្នកស្រី Tsai Ing Wen អតីតប្រធានគណបក្សប្រជាធិបតេយ្យចម្រើននិយម ដែលជាគណបក្សកាន់អំណាចនៅតៃវ៉ាន់ និងជាអតីតមន្ត្រីទទួលបន្ទុកកិច្ចការគោលនយោបាយប្រទេសចិនដីគោករបស់រដ្ឋាភិបាលតៃវ៉ាន់ គឺជាអ្នកដែលដឹងអំពីបញ្ហាចិនដីគោកយ៉ាងច្បាស់។ នេះបើតាមការបញ្ជាក់របស់លោក Lin Chong Pin សាស្ត្រាចារ្យចូលនិវត្តន៍ផ្នែកសិក្សាយុទ្ធសាស្ត្រនៅតៃវ៉ាន់។
លោក Lin និយាយដូច្នេះថា៖ «នេះគឺជាចំណុចខ្លាំងរបស់អ្នកស្រី Tsai Ing Wen។ អ្នកស្រីត្រូវបានគេដឹងថាមានជំនាញនេះអស់រយៈពេល ១៨ ឆ្នាំមកហើយ»។
តាំងពីឆ្នាំ ២០១៦ មក រដ្ឋាភិបាលចិនបានបង្ហាញការមិនសប្បាយចិត្តជាមួយនឹងអ្នកស្រី Tsai Ing Wen ដោយចិនបានធ្វើការហោះហើរយន្តហោះយោធា និងបញ្ជូននាវាយោធាទៅជិតកោះតៃវ៉ាន់ ក៏ដូចជាបានបញ្ចុះបញ្ចូលប្រទេសចំនួន ៥ ឲ្យងាកចេញពីតៃវ៉ាន់ មករករដ្ឋាភិបាលក្រុងប៉េកាំង។ ឥឡូវនេះ កោះតៃវ៉ាន់នៅសល់តែសម្ព័ន្ធមិត្តចំនួន ១៧ ប៉ុណ្ណោះ។
លោក Lin បាននិយាយថា៖ «នៅក្នុងរឿងទំនាក់ទំនងអន្តរជាតិ អ្វីដែលអ្នកស្រី Tsai Ing Wen អាចធ្វើបានគឺមានកំណត់។ យើងទាំងអស់គ្នាដឹងអំពីរឿងនេះ។ ប៉ុន្តែ ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋតៃវ៉ាន់ ជាពិសេសពាក់ព័ន្ធនឹងបញ្ហាប្រទាំងប្រទើសនានាដូចជារឿងប្រទេសមួយប្រព័ន្ធពីរនេះជាដើម គឺអ្នកស្រីមានសមត្ថភាពខ្លាំងណាស់»។
គណបក្សរបស់អ្នកស្រីមានការប្រយ័ត្នប្រយែងជាមួយនឹងប្រទេសចិន បើប្រៀបជាមួយនឹងគណបក្សប្រឆាំងចម្បងបំផុតរបស់តៃវ៉ាន់ ដែលជំរុញឲ្យភាគីទាំងពីរពិភាក្សាគ្នាអំពីលក្ខខណ្ឌរបស់រដ្ឋាភិបាលក្រុងប៉េកាំង។
យុទ្ធនាការតឹងតែង
បើយោងតាមការស្ទង់មតិដែលបានផ្សព្វផ្សាយដោយទូរទស្សន៍ TVBS របស់តៃវ៉ាន់ កាលពីថ្ងៃទី ២១ ខែកុម្ភៈ អ្នកស្រី Tsai Ing Wen នឹងទទួលបានការគាំទ្រតែ ១៦ ភាគរយប៉ុណ្ណោះ ប្រសិនបើការបោះឆ្នោតប្រធានាធិបតីធ្វើឡើងនៅថ្ងៃនោះ ហើយប្រសិនបើអ្នកស្រីឈរឈ្មោះប្រជែងជាមួយនឹងអភិបាលក្រុងតៃប៉ិលោក Ko Wen Je ដែលមិនគាំទ្រគណបក្សណាមួយ និងអភិបាលក្រុង Kaohsiung លោក Han Kuo Yu ខាងគណបក្សជាតិនិយមដែលជាគណបក្សប្រឆាំង។ ទូរទស្សន៍ TVBS នេះបានផ្សាយថា អភិបាលក្រុងទាំងពីរនាក់នេះនឹងទទួលបានសំឡេងគាំទ្រជាង ៣០ ភាគរយ ក្នុងម្នាក់ៗ។
ប្រជាពលរដ្ឋតៃវ៉ាន់ភាគច្រើនចង់ឲ្យអ្នកស្រី Tsai Ing Wen ចេញមុខប្រឆាំងនឹងចិន ប៉ុន្តែក៏ចង់ឲ្យចាត់វិធានការតឹងតែងជាងមុនលើបញ្ហាសេដ្ឋកិច្ចរបស់តៃវ៉ាន់ផងដែរ។ នេះបើតាមការបញ្ជាក់របស់អ្នកបោះឆ្នោតមួយចំនួននៅក្នុងការសម្ភាសន៍កាលពីខែវិច្ឆិកា ឆ្នាំមុន។ បញ្ហាមួយចំនួនក្នុងចំណោមបញ្ហានៅកោះតៃវ៉ាន់ទាំងអស់មានដូចជា បញ្ហាប្រាក់បៀវត្សរ៍ទាប បើប្រៀបជាមួយនឹងប្រទេសផ្សេងៗនៅទ្វីបអាស៊ី និងបញ្ហាទំនិញឡើងថ្លៃ ជាពិសេសតម្លៃអចលនទ្រព្យ។
លោក Shane Lee អ្នកវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យ Chang Jung Christian University នៅកោះតៃវ៉ាន់ និយាយថា៖
«អ្នកស្រី Tsai Ing Wen បានបង្ហាញរួចមកហើយថា អ្នកស្រីប្រឆាំងនឹងគំនិត «គ្រួសារមួយ ភាគីពីរ» ឬក៏ «ប្រទេសមួយ ប្រព័ន្ធពីរ»។ នេះជាចំណុចល្អ។ ករណីនេះប្រហែលជាអាចឲ្យអ្នកស្រីទទួលបានការគាំទ្រកើនឡើងមួយចំនួន។ ប៉ុន្តែ មានគោលនយោបាយជាច្រើននៅតៃវ៉ាន់ ដែលអ្នកស្រីត្រូវតែផ្លាស់ប្ដូរ»៕
ប្រែសម្រួលដោយ ភី សុភាដា