ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទស្សនាវដ្តី Times ជ្រើស​រើស​លោក​ស្រី Merkel ជា​«មនុស្ស​ប្រចាំ​ឆ្នាំ​២០១៥»


រូបឯកសារ៖ អធិការបតី​អាល្លឺម៉ង់ Angela Merkel ថ្លែង​ទៅ​កាន់​គណបក្ស​ CSU របស់​លោក​ស្រី នៅ​ទីក្រុង​មុយនិច​ប្រទេស​អាល្លឺម៉ង់។
រូបឯកសារ៖ អធិការបតី​អាល្លឺម៉ង់ Angela Merkel ថ្លែង​ទៅ​កាន់​គណបក្ស​ CSU របស់​លោក​ស្រី នៅ​ទីក្រុង​មុយនិច​ប្រទេស​អាល្លឺម៉ង់។

ទស្សនាវដ្តី ​Times​ បាន​ដាក់​ឈ្មោះ​លោកស្រី​អធិការបតី ​Angela Merkel ​នៃ​ប្រ​ទេស​អាល្លឺម៉ង់​ជា​មនុស្ស​ប្រចាំ​ឆ្នាំ​២០១៥​ ដោយ​បាន​កត់​សម្គាល់​ការ​ដឹកនាំ​របស់​លោក​ស្រី​ក្នុង​អំឡុង​ពេល​នៃ​វិបត្តិ​ជន​ភៀស​ខ្លួន​ស៊ីរី​ ​កិច្ច​ព្រម​ព្រៀង​ផ្តល់​ប្រាក់​ជំនួយ​សេដ្ឋ​កិច្ច​ដល់​ប្រទេស​ក្រិក ​ភាព​ច្របូក​ច្របល់​រូបិយប័ណ្ណ​នៅ​ក្នុង​សហភាព​អឺរ៉ុប ​ហើយ​និង​អន្តរាគមន៍​ខាង​យោ​ធា​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

ទស្សនាវដ្តី​នោះ​បាន​សរសេរ​ថា ​លោក​ស្រី​អធិការបតី ​Merkel ​បាន​ចាត់​វិធាន​ការ​គ្រប់​ពេល​វេលានៅ​ពេល​ដែល​តំបន់​អឺរ៉ុប​បាន​ប្រឈម​មុខ​នឹង​វិបត្តិធ្ងន់​ធ្ងរ។

ទស្សនាវដ្តី​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា មាន​ការចូលរួម​មក​ពី​ផ្នែក​ជា​ច្រើន​នៃ​ពិភពលោក​ក្នុង​ការ​ជជែក​ដេញ​ដោល​អំពី​តុល្យភាព​រវាង​សុវត្ថិភាព​និង​សេរីភាព​ ​ហើយ​លោក​ស្រី​អធិការបតី ​Merkel ​កំពុង​ស្នើ​សុំ​អាល្លឺម៉ង់​ហើយ​និង​ប្រទេស​ផ្សេងៗ​ទៀត​របស់​ពិភពលោក​ឲ្យ​ជឿ​ជាក់ថា ​អរិយធម៌​ដ៏​អស្ចារ្យ​របស់​មនុស្សគឺ​ការ​ស្ថាបនា​ស្ពាន មិនមែន​ស្ថាបនា​ជញ្ជាំង​ដើម្បី​រាំង​ខ្ទប់​ទេ ​ហើយ​សង្គ្រាម​ត្រូវ​តែ​ឈ្នះ​ទាំង​នៅ​លើ​សមរភូមិ​និង​នៅ​ក្រៅ​សមរភូមិ។

លោកស្រី ​Nancy Gibbs​ បណ្ណាធិការ​នៃ​ទស្សនាវដ្តី ​Times​ បានសរសេរ​កាល​ពី​ថ្ងៃ​ពុធ​ថា៖ «មេដឹកនាំ​ត្រូវ​បាន​គេ​សាកល្បងនៅ​ពេល​ដែល​មនុស្ស​មិន​ចង់​ធ្វើ​តាម‍ ហើយ​លោក​ស្រី ​Merkel ​បាន​ផ្តល់​ការ​ដឹកនាំ​ប្រកប​ដោយ​សីលធម៌​នៅ​ក្នុង​ពិភពលោកនៅ​ពេល​មាន​បញ្ហា‍»។

លោក​ស្រី ​Merkel ​បាន​ក្លាយ​ជា​អធិការបតី​ស្រី​លើក​ដំបូង​របស់​ប្រទេស​អាល្លឺម៉ង់​កាល​ពី​១០​ឆ្នាំមុន ​ហើយ​ជា​ឥស្សរជន​នាំមុខ​ម្នាក់​របស់​សហភាព​អឺរ៉ុប។

លោកស្រី ​ជា​កូន​របស់​លោក​ Merkel ​អាចារ្យ​គ្រឹស្ត​សាសនា​ប៉ាស្ទ័រ​និកាយ ​Lutheran បាន​កើត​នៅ​ក្នុង​ទីក្រុង ​Hamburg ​ប្រទេស​អាល្លឺម៉ង់​ខាង​លិច​នៅ​ឆ្នាំ​១៩៤៥ ​ក៏ប៉ុន្តែ ​បាន​ធំដឹងក្តី​នៅ​អាល្លឺម៉ង់​ខាង​កើត​ បន្ទាប់​ពី​ឪពុក​របស់​លោកស្រី​បាន​ទទួល​តំណែង​ជា​អាចារ្យ​គ្រឹស្តសាសនានៅ​ ​Quitzow ​រដ្ឋ​សហព័ន្ធ ​Brandenburg ​ភាគ​ខាង​ជើង​ទី​ក្រុង​បែរឡាំង ហើយគ្រួសារ​របស់​លោកស្រី​បាន​តាំង​ទី​លំនៅអាល្លឺម៉ង់​ខាង​កើត។

លោកស្រី​ Merkel ​បាន​សិក្សា​មុខ​វិជ្ជា​រូប​វិទ្យា​នៅ​សាកល​វិទ្យាល័យ​ Leipzig ​ដោយ​បាន​ទទួល​សញ្ញាប័ត្រ​បណ្ឌិត​ខាង​គីមី​វិទ្យា​នៅ​ឆ្នាំ​១៩៧៨។​ លោកស្រី​បាន​ធ្វើ​ការ​នៅ​បណ្ឌិត​សភា​វិទ្យា​សាស្រ្ត​របស់​អាល្លឺ​ម៉ង់​ខាង​កើត​ពី​ឆ្នាំ​១៩៧៨​ដល់​ឆ្នាំ​១៩៩០។

លោកស្រី ​Merkel​ បាន​ចូល​ប្រលូកក្នុង​នយោបាយ​បន្ទាប់​ពី​ការ​ដួល​រលំ​ជញ្ជាំង​ក្រុម​បែរឡាំង​នៅ​ឆ្នាំ​១៩៨៩​ ដោយ​មុន​ដំបូងធ្វើ​ជា​ប្រធាន​គណបក្ស​សហភាព​ប្រជា​ធិបតេយ្យ​គ្រឹស្តសាសនា៕

XS
SM
MD
LG