នៅពេលដែលលំហូរនៃជនជាតិស៊ីរី អាហ្វហ្គានីស្ថាន និងជនជាតិឯទៀតៗ កាត់តាមតំបន់បាល់កង់ (Balkans) ទៅកាន់ផ្នែកខាងលិចនៃទ្វីបអឺរ៉ុបនៅតែបន្តកើនឡើងរហូតដល់ថ្ងៃអាទិត្យនេះ ក្រុមមេដឹកនាំអឺរ៉ុបបានជួបប្រជុំគ្នានៅក្នុងក្រុង Brussels ដោយពិចារណាអំពីការបញ្ជូនឆ្មាំព្រំដែន៤០០នាក់ និងបង្កើតកន្លែងត្រួតពិនិត្យថ្មីៗ ប្រសិនបើប្រទេសនៅជាប់ព្រំដែនសហភាពអឺរ៉ុបលុបចោលគោលនយោបាយរបស់ពួកគេ អំពីការបើកឱ្យអ្នកធ្វើដំណើរឆ្លងកាត់ប្រទេសទាំងនេះអាចធ្វើដំណើរទៅកាន់ប្រទេសឯទៀតៗ នេះបើតាមសេចក្តីព្រាងសេចក្តីថ្លែងការណ៍មួយ។
បើតាមសេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍ដែលទីភ្នាក់ងារសារព័ត៌មាន Reuters បានឃើញ ហើយនៅត្រូវមានការយល់ព្រមផងនោះ បានឲ្យដឹងថា «យើងប្តេជ្ញាបង្កើនការខិតខំប្រឹងប្រែងរបស់យើងដើម្បីគ្រប់គ្រងព្រំដែនយើង។»
បើតាមសេចក្តីព្រាងសេចក្តីថ្លែងការណ៍ដដែលនេះបានឲ្យដឹងទៀតថា នឹងមានការពិភាក្សាគ្នាដែរអំពីការបញ្ជូននាវាថែមទៀតទៅកាន់លំហសមុទ្រនៅទល់មុខនឹងឆ្នេរសមុទ្រនៃប្រទេសក្រិកនិងយល់ស្របគ្នាក្នុងការមិនបញ្ជូនជនចំណាកស្រុកពីប្រទេសមួយទៅកាន់ប្រទេសមួយទៀតដោយគ្មានការយល់ព្រមជាមុន។
ការជួបប្រជុំទម្រង់តូចនៃក្រុមមេដឹកនាំប្រទេសនានាក្នុងតំបន់កណ្តាលនិងខាងកើតនៃទ្វីបអឺរ៉ុបនេះ ត្រូវបានស្វះស្វែងធ្វើឱ្យកើតមានឡើងដោយលោកស្រីអធិកាបតីអាល្លឺម៉ង់ Angela Merkel ដែលបានសម្តែងកង្វល់អំពីជនទេសន្តរប្រវេសន៍នៅពេលរដូវធ្លាក់ទឹកកកជិតមកដល់៕