ថ្ងៃទី៣ ខែតុលា គឺជាថ្ងៃបុណ្យជាតិឈប់សម្រាកសាធារណៈនៅប្រទេសអាល្លឺម៉ង់ ដែលជាកំណត់សម្គាល់ថ្ងៃដែលប្រទេសអាល្លឺម៉ង់ខាងកើត និងអាល្លឺម៉ង់ខាងលិចរួបរួមគ្នាឡើងវិញនៅឆ្នាំ១៩៩០។ អាជ្ញាធររដ្ឋធានីប៊ែរឡាំង (Berlin) កាលពីថ្ងៃសៅរ៍ ទី៣ ខែតុលា បានរៀបចំពិធីជប់លៀងនៅតាមដងផ្លូវមួយ នៅខោ្លងទ្វារ Brandenburg ដែលជានិមិត្តរូបនៃការបង្រួបបង្រួមរបស់អាល្លឺម៉ង់។
ប្រទេសអាល្លឺម៉ង់ដែលបានរួបរួមគ្នាឡើងវិញ បានក្លាយជាប្រទេសមេដឹកនាំមួយក្នុងទ្វីបអឺរ៉ុប និងជាមហាអំណាចសេដ្ឋកិច្ចមួយ ដឹកនាំដោយអ្នកនយោបាយពីររូបដែលធំដឹងក្តីនៅអាល្លឺម៉ង់ខាងកើត គឺលោកស្រីអធិការបតី Angela Merkel និងលោកប្រធានាធិបតី Joachim Gauck។ លោកស្រី Merkel ធ្លាប់ជាអ្នកវិទ្យាសាស្ត្រនៅអាល្លឺម៉ង់ខាងកើត ចំណែកឯលោក Gauck វិញគឺជាគ្រូគង្វាលគ្រឹះសាសនា និងជាសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យមួយរូប។
ការប្រារព្ធទិវាបុណ្យជាតិរបស់អាល្លឺម៉ង់នេះ ធ្វើឡើងនៅខណៈពេលដែលប្រទេសនេះកំពុងប្រឈមមុខនឹងបញ្ហាគួរឲ្យប្រឈមធំៗចំនួនពីរនាពេលថ្មីៗនេះ គឺលំហូរចូលនៃជនចំណាកស្រុកដ៏ច្រើនមិនធ្លាប់មានពីមុន និងផែនការគៃបន្លំនៅទូទាំងពិភពលោករបស់ក្រុមហ៊ុនផលិតរថយន្ត Volkswagen។
បញ្ហាជនចំណាកស្រុកពីមជ្ឈិមបូព៌ា
លោកស្រី Merkel បាននិយាយថា អាល្លឺម៉ង់នឹងទទួលយកជនចំណាកស្រុកឬជនទេសន្តរប្រវេសន៍ចំនួន៨០០.០០០នាក់ និងបានជំរុញប្រទេសក្នុងសហភាពអឺរ៉ុបផ្សេងទៀតឲ្យទទួលយកជនដែលកំពុងរត់គេចពីសង្គ្រាម និងភាពក្រីក្រ។ អ្នករិះគន់លើលោកស្រីនៅក្នុងប្រទេសអាល្លឺម៉ង់ និងនៅប្រទេសដទៃទៀតបានបង្ហាញចម្ងល់អំពីការទទួលយកជនចំណាកស្រុកឲ្យចូលក្នុងសហភាពអឺរ៉ុប និងទីផ្សារការងាររបស់អឺរ៉ុប។ ក៏ប៉ុន្តែ លោកស្រី Merkel នៅតែរក្សាជំហររបស់លោកស្រីដដែល ចំពោះការទទួលយកជនចំណូលថ្មី ហើយលោកស្រីថា ពួកគេគួរតែត្រូវបានគេស្វាគមន៍ឲ្យអស់ពីចិត្តពីថ្លើម។
លោកស្រី Merkel បាននិយាយកាលពីសប្តាហ៍មុនថា៖ «បទពិសោធន៍របស់អាល្លឺម៉ង់ក្នុងការបង្រួបបង្រួមប្រទេសធ្វើឲ្យយើងមានទឹកចិត្តនិងមានទំនុកចិត្តថា យើងអាចដោះស្រាយបញ្ហាប្រឈមនៅចំពោះមុខយើងដោយជោគជ័យ ទោះជាវាធំប៉ុណ្ណាក៏ដោយ។ រឿងនេះក៏ទាក់ទិនទៅនឹងការខិតខំប្រឹងប្រែងយ៉ាងខ្លាំងដែលយើងកំពុងប្រឈមនាពេលឥឡូវនេះ ហើយវាទាមទារនូវកិច្ចខិតខំប្រឹងប្រែងពីប្រទេសជាតិទាំងមូល បញ្ហានោះគឺថា មនុស្សក្នុងចំនួនដ៏ច្រើនកំពុងស្វែងរកទីជ្រកកោនជាមួយយើងនៅក្នុងទ្វីបអឺរ៉ុប និងនៅប្រទេសអាល្លឺម៉ង់»។
ការគាំទ្រឥតងាករេរបស់លោកស្រីអធិការបតីចំពោះជនចំណាកស្រុក ធ្វើឲ្យមានការសង្ស័យថា លោកស្រីទំនងនឹងអាចទទួលបានពានរង្វាន់ណូបែលសន្តិភាពនៅក្នុងឆ្នាំនេះ។
លោក Wolfgang Schauble រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់បាននិយាយថា «ភាពលោភលន់» គឺជាឫសគល់នៃរឿងអាស្រូវរបស់ក្រុមហ៊ុន Volkswagen។ លោករដ្ឋមន្ត្រីនិយាយថា៖ «គ្រប់គ្នាតែងតែចង់ធ្វើអ្វីមួយដែលធំជាងគេ។ វាជាក្តីសុបិនចង់បានកិត្តិនាមនិងការទទួលស្គាល់»។ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីរន្ទឺមួយនេះរងការចោទប្រកាន់ថាបានបន្លំលទ្ធផលធ្វើតេស្តការបញ្ចេញឧស្ម័នរបស់ម៉ាស៊ីនប្រើម៉ាស៊ូត ដែលការវាស់វែងនេះបានប៉ះពាល់ដល់ម្ចាស់រថយន្ត Volkswagen រាប់លាននាក់នៅលើពិភពលោក។ រឿងអាស្រូវនេះមិនទាន់មានផលប៉ះពាល់នៅក្នុងប្រទេសអាល្លឺម៉ង់នៅឡើយទេ ដែលប្រទេសនេះមានពលរដ្ឋម្នាក់ក្នុងចំណោមមនុស្ស៧នាក់ពឹងផ្អែកលើឧស្សាហកម្មរថយន្តសម្រាប់ជាមុខរបររបស់ពួកគេ។
ជញ្ជាំងប៊ែរឡាំង
កាលពីឆ្នាំមុន អាល្លឺម៉ង់បានប្រារព្ធខួប២៥ឆ្នាំនៃការដួលរលំជញ្ជាំងប៊ែរឡាំង។ ជញ្ជាំងដែលត្រូវបានស្ថាបនាឡើងនៅឆ្នាំ១៩៦១នេះ បានពុះចែកក្រុងប៊ែរឡាំងអស់រយៈពេលជិត៣ទសវត្សរ៍។ ជញ្ជាំងនេះក៏បានពុះចែកអាល្លឺម៉ង់ខាងកើតដែលត្រួតត្រាដោយសូវៀត ចេញពីអាល្លឺម៉ង់ខាងលិចដែលត្រួតត្រាដោយអាមេរិក បារាំង និងចក្រភពអង់គ្លេសនៅចុងបញ្ចប់នៃសង្រ្គាមលោកលើកទី២។
ជញ្ជាំងខណ្ឌចែកដែលមានប្រវែង១៦១គ.មនេះ ត្រូវបានរចនាឡើងដើម្បីឃាំងទុកពលរដ្ឋឲ្យរស់នៅក្នុងទឹកដីអាល្លឺម៉ង់ខាងកើត និងមិនឲ្យពួកគេរត់ចេញទៅអាល្លឺម៉ង់ខាងលិច។ វាបានពុះចែកផ្លូវ និងសង្កាត់ជាច្រើន ហើយបានបំបែកគ្រួសារនិងមិត្តភក្តិជាច្រើនចេញពីគ្នា។
ការរំឭកខួបនៃការដួលរលំជញ្ជាំងប៊ែរឡាំងកាលពីឆ្នាំ១៩៨៩ ត្រូវបានគេប្រារព្ធធ្វើឡើងរៀងរាល់ឆ្នាំនៅរាល់ថ្ងៃទី៩ ខែវិច្ឆិកា។ វាជាព្រឹត្តិការណ៍សំខាន់មួយនៃការដួលរលំនៃលទ្ធិកុម្មុយនិស្ត។
អាល្លឺម៉ង់ខាងកើតនិងខាងលិចបានបង្រួបបង្រួមគ្នាជាផ្លូវការនៅឆ្នាំបន្ទាប់ គឺឆ្នាំ១៩៩០៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ