អង្គការសុខភាពពិភពលោកហៅកាត់ថា WHO និយាយថា ជិតអស់ពេលវេលា ហើយដើម្បីបញ្ឈប់ការរាលដាលមេរោគវីរុសកូរ៉ូណា ពីព្រោះចំនួនករណីមនុស្សមានផ្ទុកមេរោគនេះកើនឡើងច្រើនជាងមុននៅខាងក្រៅប្រទេសចិន។
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការ WHO បានមានប្រសាសន៍កាលពីថ្ងៃសុក្រថា៖ «យើងកំពុងឋិតនៅក្នុងដំណាក់កាលមួយដែលការទប់ទល់អាចធ្វើបាន»។ ក៏ប៉ុន្តែលោកបានព្រមានថា ឱកាសរបស់យើងមានតិចជាងមុន។
កាលពីថ្ងៃសៅរ៍ ប្រទេសចិនបានរាយការណ៍ថា មានករណីមនុស្សផ្ទុកមេរោគ កូរ៉ូណា៧៦,៣០០នាក់ហើយមនុស្ស២,៣៤៥នាក់បានស្លាប់ទៅហើយ។ មានមនុស្សថ្មីៗ៣៩៧នាក់មានផ្ទុកមេរោគនេះនៅក្នុងប្រទេសចិនដែលជាការចុះថយខ្លាំងពីចំនួនអ្នកជំងឺថ្មីៗ៨៨៩នាក់កាលពីមួយថ្ងៃមុននោះ។
នៅខាងក្រៅប្រទេសចិន មានមនុស្សជាង១,២០០នាក់ទៀតមានជំងឺនេះហើយមនុស្សជាង១២នាក់បានបាត់បង់ជីវិត។
លោក Tedros បាននិយាយថា នៅពេលដែលចំនួនករណីនៅខាងក្រៅប្រទេសចិននៅតែតិចតួចក៏ដោយ ក៏លោកបានសម្តែងកង្វល់អំពីកំណើននៃករណីអ្នកជំងឺនេះនៅទូទាំងពិភពលោកដែលមិនមានការទាក់ទងច្បាស់លាស់ជាមួយប្រទេសចិន។
កាលពីថ្ងៃសៅរ៍ ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍អំពីការកើនឡើង៨ដងនៃចំនួនករណីរយៈពេលតែបួនថ្ងៃ។ ពួកមន្ត្រីបាននិយាយថា មានករណីថ្មីៗពួកមនុស្សមានមេរោគនេះ២២៩នាក់ ហើយចំនួនអ្នកជំងឺមានទាំងអស់មាន៤៣៣នាក់។ ពួកអ្នកជំងឺមានផ្ទុកមេរោគនេះភាគច្រើនមានការភ្ជាក់ទាក់ទងជាមួយព្រះវិហារគ្រិស្តសាសនាមួយនិងមន្ទីរពេទ្យមួយនៅក្នុងក្រុង Daegu។
នៅពេលនេះប្រទេសកូរ៉េខាងត្បូងជាប្រទេសមានជំងឺនេះធ្ងន់ធ្ងរជាងគេនៅខាងក្រៅប្រទេសចិន។ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុនSamsung Electronics បានបញ្ជាក់ថា មានករណីមនុស្សផ្ទុកមេរោគវីរុសកូរ៉ូណាម្នាក់នៅក្នុងរោងចក្រខ្លួនមួយក្នុងក្រុង Gumi ប្រទេសកូរ៉េខាងត្បូង។ រោងចក្រនៅតែបិទទ្វាររហូតដល់ព្រឹកថ្ងៃចន្ទ។
លោក Tedros បានមានប្រសាសន៍កាលពីថ្ងៃសុក្រថា៖ «ខ្ញុំសង្ឃឹមថាកូរ៉េខាងត្បូងនឹងធ្វើអ្វីៗទាំងអស់ដើម្បីទប់ទល់នឹងការរាលដាលមេរោគនេះនៅក្នុងដំណាក់កាលដំបូងនេះ»។
លោកអគ្គនាយករូបនេះនៃអង្គការ WHO ក៏បានសម្តែងកង្វល់ដែរអំពីករណីថ្មីៗនៃមេរោគវីរុសនេះនៅក្នុងប្រទេសអ៊ីរ៉ង់ គឺមានអ្នកដំណើរអ៊ីរ៉ង់ម្នាក់បាននាំមេរោគនេះទៅកាន់ប្រទេសលីបង់ ហើយមានអ្នកដំណើរម្នាក់ទៀតបានចម្លងមេរោគវីរុសនេះពីអ៊ីរ៉ង់ទៅប្រទេសកាណាដាផងដែរ៕