ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Tillerson ថា​ត្រូវតែ​បន្ត​ផ្ដោត​លើ​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម​ទោះ​ក្រុម​នេះ​ចុះចាញ់​ភាគ​ច្រើន​ក៏​ដោយ


រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Rex Tillerson ដឹកនាំ​កិច្ចប្រជុំ​នៃ​សម្ព័ន្ធមិត្ត​មួយ​ដែល​ដឹកនាំ​ដោយ​អាមេរិក​ប្រយុទ្ធប្រឆាំង​នឹង​រដ្ឋ​ឥស្លាម នៅ​ក្នុង​ក្រុង​កូវ៉ែត ប្រទស​កូវ៉ែត កាលពី​ថ្ងៃទី១៣​ ខែកុម្ភៈ ឆ្នាំ២០១៨។
រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Rex Tillerson ដឹកនាំ​កិច្ចប្រជុំ​នៃ​សម្ព័ន្ធមិត្ត​មួយ​ដែល​ដឹកនាំ​ដោយ​អាមេរិក​ប្រយុទ្ធប្រឆាំង​នឹង​រដ្ឋ​ឥស្លាម នៅ​ក្នុង​ក្រុង​កូវ៉ែត ប្រទស​កូវ៉ែត កាលពី​ថ្ងៃទី១៣​ ខែកុម្ភៈ ឆ្នាំ២០១៨។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Rex Tillerson បាន​ព្រមាន​ប្រាប់​នៅ​ថ្ងៃ​អង្គារ​នេះ​អំពី​ភាព​ចាំបាច់​នៅ​ក្នុង​ការ​រក្សា​ការ​ផ្ដោត​លើ​ការ​បរាជ័យ​របស់​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម ទោះបីជា​ក្រុម​ពួក​សកម្ម​ប្រយុទ្ធ​នេះ​ត្រូវ​បាន​បណ្ដេញ​ចេញ​ភាគ​ច្រើន​ពី​តំបន់​ដែល​ក្រុម​នេះ​ធ្លាប់​កាន់កាប់​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ីរី​ក៏​ដោយ។

លោក Tillerson បាន​ថ្លែង​ដូច្នេះ​នៅ​ឯ​សន្និសីទ​មួយ​នៅ​ក្នុង​ប្រទេស​កូវ៉ែត​ទៅ​កាន់​សមាជិក​នៃ​សម្ព័ន្ធ​ភាព​មួយ​ដែល​សហរដ្ឋ​អាមេរិក​បាន​បង្កើត​ឡើង​កាល​ពី​ចុង​ឆ្នាំ ២០១៤។ សម្ព័ន្ធ​ភាព​នេះ​មាន​យុទ្ធសាស្ត្រ​ចម្រុះ​ដើម្បី​ប្រឆាំង​នឹង​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម ដែល​យុទ្ធសាស្ត្រ​ទាំង​នោះ​មាន​ដូចជា​ការ​វាយ​ប្រហារ​តាម​អាកាស​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក និង​កិច្ច​ប្រឹងប្រែង​នៅ​ក្នុង​ការ​កាត់​ផ្ដាច់​ហិរញ្ញវត្ថុ​របស់​ក្រុម​នេះ និង​លំហូរ​ចូល​នៃ​អ្នក​ប្រយុទ្ធ​បរទេស​ទៅ​ក្នុង​ក្រុម​នេះ​ជា​ដើម។

លោក Tillerson បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ពួក ISIS នៅតែ​ជា​ការ​គំរាមកំហែង​ដ៏​សាហាវ​ដដែល​ចំពោះ​ស្ថិរភាព​នៅ​ក្នុង​តំបន់ ប្រទេស​កំណើត​របស់​យើង និង​ផ្នែក​ផ្សេងៗ​ទៀត​នៃ​ពិភពលោក»។

លោក Tillerson បាន​បញ្ជាក់​ថា ក្រុម​ពួក​សកម្ម​ប្រយុទ្ធ​នេះ​បាន​បាត់បង់​ដែនដី​គ្រប់​គ្រង​របស់​ពួកគេ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ីរី នៅ​ពេល​ដែល​ក្រុម​នេះ​មាន​ឥទ្ធិពល​ខ្លាំងក្លា​បំផុត​កាល​ពី​ឆ្នាំ ២០១៤ អស់​ចំនួន ៩៨ ភាគរយ​ហើយ។ ប៉ុន្តែ ឥឡូវ​នេះ​ក្រុម​នេះ​បាន​បង្ក​ការ​គំរាមកំហែង​ផ្សេង​មួយ​ទៀត។

លោក Tillerson ថ្លែង​ថា៖ «នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ីរី ក្រុម ISIS កំពុង​ព្យាយាម​ប្រែក្លាយ​ខ្លួន​ជា​ការ​ក្រុម​បះបោរ។ រី​ឯ​នៅ​តំបន់​ផ្សេង​ទៀត​ដូចជា​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន ហ្វីលីពីន លីប៊ី អាហ្វ្រិក​ខាង​ត្បូង និង​ប្រទេស​ផ្សេងៗ​ទៀត ក្រុម​នេះ​កំពុង​ព្យាយាម​បង្កើត​ឡើង​និង​ស្វែង​រក​កន្លែង​លាក់​ខ្លួន​ប្រកប​ដោយ​សុវត្ថិភាព»។

លោក Tillerson បាន​ប្រកាស​អំពី​ជំនួយ​ថវិកា​ថ្មី​ចំនួន ២ រយ​លាន​ដុល្លារ​អាមេរិក ដើម្បី​រំដោះ​តំបន់​មួយ​ចំនួន​នៃ​ប្រទេស​ស៊ីរី។ នៅ​ល្ងាច​នៅ​ថ្ងៃ​អង្គារ​នេះ លោក​នឹង​ចូលរួម​នៅ​ក្នុង​សន្និសីទ​ផ្ដល់​ជំនួយ​មួយ​ដែល​មាន​គោល​បំណង​កសាង​តំបន់​មួយ​ចំនួន​នៃ​ប្រទេស​អ៊ីរ៉ាក់​ឡើង​វិញ៕

XS
SM
MD
LG