ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បញ្ហា​ប្រទេស​កាតា​អាច​ប៉ះ​ពាល់​គោល​នយោបាយ​ការ​ទូត​របស់​ចិន​​ដែល​ជា​អ្នកទិញ​ទ្រព្យសម្បត្តិ​ដ៏​ធំ​បង្អស់


យន្តហោះ​របស់​ក្រុមហ៊ុនQatar Airways ចត​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ Hamad ក្នុង​ក្រុង Doha ប្រទេស​កាតា កាលពី​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧។
យន្តហោះ​របស់​ក្រុមហ៊ុនQatar Airways ចត​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ Hamad ក្នុង​ក្រុង Doha ប្រទេស​កាតា កាលពី​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧។

អំណាច​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ជា​អ្នក​ទិញ​ទ្រព្យសម្បត្តិ​ដ៏ធំ​បង្អស់​របស់​ពិភពលោក​កំពុង​រង​ការប៉ះពាល់​បណ្តាលមក​ពី​ការ​បង្ក្រាប​របស់ ​រដ្ឋាភិបាល​ចិន​លើ​លំហូរ​មូលធន​ ហើយ​និង​ភាព​ចម្រូង​ចម្រាស​របស់​ប្រទេស​កាតា​ដែល​ត្រូវ​គេ​រំពឹង​នឹង​ធ្វើ​ឲ្យ​ប្រាក់​យ៉ាង​ច្រើន​របស់​អារ៉ាប់​ធ្លាក់​ចូល​ក្នុង​ទីផ្សារ​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​លោក​ខាង​លិច។​

ពលរដ្ឋ​កាតាកំពុង​ស្វះស្វែង​យ៉ាង​អន្ទះសារ​ដើម្បី​រក​ការ​បណ្តាក់​ទុន​ផ្សេង​ទៀត​នៅ​ពេល​ដែល​ប្រទេស​អារ៉ាប៊ី​សាអូឌីត ​និង​ប្រទេស​អេមីរ៉ាត​អារ៉ាប់រួម​បាន​កាត់​ផ្តាច់​ទំនាក់​ទំនង​កាល​ពី​ពេល​ថ្មីៗ​នេះ​ជាមួយ​ប្រទេស​របស់​ខ្លួន ហើយ​បាន​ចេញ​បញ្ជា​ដែល​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ដល់​ពួកគេ​ដើម្បី​កាន់កាប់​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​អារ៉ាប់​ផ្សេងៗ​ទៀត ​នេះ​តាម​ការ​បញ្ជាក់​របស់​អ្នក​លក់​អចលនទ្រព្យ។

លោក Sajid Bashirអគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Copperstones International Properties ដែល​មាន​ទីតាំងនៅក្នុង​ទីក្រុង​ឡុងដ៍​បាន​និយាយ​ថា «ខ្ញុំ​គិត​ថា បញ្ហា​សំខាន់​គឺ​ភាព​មិន​ប្រាកដ​ប្រជា។ ដូច្នេះ តំបន់​មជ្ឈឹម​បូព៌ា​ទាំង​មូល​មាន​ភាព​ចលា​ចល។ បន្ទាប់​មក​ភាព​ចលាចល​នេះ​បង្កើត​ឲ្យ​មាន​ការ​ភ័យ​ស្លន់​ស្លោ បន្ទាប់​មក​ការ​ភ័យស្លន់​ស្លោ​ធ្វើ​ឲ្យ​មាន​បញ្ហា​ផ្សេងៗ​ជា​ច្រើន​ពីព្រោះ​តែ​ពលរដ្ឋ​គិត​ថា អូ តើ​មាន​អ្វី​កើត​ឡើង ​បើ​កាតា​ត្រូវ​គេ​រាំង​ខ្ទប់​ម្តង​ទៀត​នោះ‍»។

លោក​និយាយ​ទៀត​ថា កាតា​បាន​លេច​ចេញ​ឡើងជា​ប្រភព​នៃ​ការ​វិនិយោគទុន​បរទេស​ដ៏​ធំ​បង្អស់​តែ​មួយ​គត់​នៅ​ក្នុង​អចលនទ្រព្យ​ក្នុង​ទីក្រុង​ឡុងដ៍​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ​ដោយ​ទីភ្នាក់​ងារ​របស់​រដ្ឋាភិបាល​ដែល​បាន​បង្កើន​អាគារ​សំខាន់ៗ​ដូចជា​ហាងលក់​ទំនិញ Harrods។ លោក Bashir ​បាន​និយាយ​ថា៖ «ខ្ញុំ​គិតថា ​ពីព្រោះ​តែ ​រដ្ឋាភិបាល​បាន​វិនិយោគទុន​នៅ​បរទេស ​ពួកគេ​បាន​គិត​ពី​បញ្ហា​នេះ។ ឥឡូវនេះ ពលរដ្ឋ​ដឹង​ថា ​យើង​មិន​អាច​រក្សា​ទុក​ប្រាក់​ទាំងអស់​នេះ​នៅ​ក្នុង​ប្រទេស​កាតា​ទេ ​ហើយ​យើង​មិន​អាច​ទុក​ចិត្ត រដ្ឋាភិបាល​របស់​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម ​និង​អារ៉ាប៊ី​សាអូឌីត​ទេ ​ហើយ​ជាការ​ពិតយើង​មិន​អាច​ងាក​ទៅ​ប្រទេស​អ៊ីរ៉ង់​ទេ ​ពីព្រោះ​តែ​ប្រទេស​នេះ​កំពុង​ទទួល​រង​ការ​ដាក់​ទណ្ឌកម្ម។ ដូច្នេះ ការណ៍​នេះធ្វើ​ឲ្យ​យើង​មិន​មាន​ជម្រើស​ច្រើន​ទេ‍»។

ទោះ​បី ​ការ​ហូរ​ថវិកា​បាន​ត្រូវកាត់​បន្ថយ​ក៏ដោយ ​ពួក​អ្នក​ទិញ​អចលនទ្រព្យ​ចិន​នៅ​តែ​កំពុង​ស្វែង​រក​មធ្យោបាយ​វិនិយោគ​ក្នុង​ទីផ្សារ​បរទេសនៅ​ឡើយ ហើយ​អ្នក​ទិញ​ជន​ជាតិ​ចិន​ខ្លះ ធ្វើ​វិនិយោគ​ខាង​អចលនទ្រព្យ​សម្រាប់​រយៈ​ពេល​យូរ។

នេះ​ជា​ភស្តុតាង​មួយ​នៅ​ក្នុង​ការ​តាំង​ពិព័រណ៍​អចលនទ្រព្យ​ប្រណីត​មួយ​ក្នុង​ទីក្រុង​ប៉េកាំង​នៅពេល​ដែល​ក្រុមហ៊ុន​បរទេស​រាប់​សិប​បាន​តាំង​ពិព័រណ៍​ឱកាស​វិនិយោគ​ទុន​ដោយ​មានការ​ផ្តល់​ការ​ចំណេញ​ច្រើន រួម​មាន​ការផ្តល់​សិទ្ធិ​រស់​នៅ​និង​សញ្ជាតិ​ផង​ដែរ។

ប្រទេស​នៅ​អឺរ៉ុប​ និង​ប្រទេស​ជា​ច្រើន​ទៀត​រួម​មាន​ប្រទេស​ក្រិក ​ម៉ាល់តា​និង​ប្រទេស​អេស្ប៉ាញ ​បាន​ផ្តល់​ទិដ្ឋាការ​មាស ​Golden Visa ដែល​ភ្ជាប់​ទៅ​នឹង​ការ​វិនិយោគ​ទុន​អចលនទ្រព្យ​អប្បរមា​រវាង​ពី​៣សែន​៥ម៉ឺន​ដុល្លារ​ទៅ​៧សែន​ដុល្លារ​អាមេរិក។

លោកស្រី Anna N. Druhakova ជា​អគ្គ​នាយក​នៃ​ក្រុមហ៊ុន D&A ​ Invest មក​ពី​ប្រទេស​ក្រិក​បាន​ប្រាប់ VOA ​នៅ​ការ​តាំង​ពិពរណ៍​អចលនទ្រព្យ​ក្នុង​ទីក្រុង​ប៉េកាំង​ថា «ប្រសិនបើ ​អស់​លោក ​អ្នក ​ទិញ​ប្រភេទ​អចលនទ្រព្យ​ណាមួយ​ក្នុង​តម្លៃ២ សែន​៥ម៉ឺន​អឺរ៉ូ ​លោក ​អ្នក នឹង​ទទួល​បាន​សិទ្ធិរស់​នៅ​សម្រាប់​លោក អ្នក ប្រពន្ធ កូន និង​ឪពុកម្តាយ​របស់​ប្រពន្ធ​លោក​អ្នក‍»។​ លោក​ស្រី​បាន​ពន្យល់​ទៀត​ថា សិទ្ធិ​រស់​នៅ​នឹង​បន្ត​រហូត​ដរាបណា​អ្នក​នៅ​កាន់​កាប់​អចលនទ្រព្យ​នោះ‍»។

ពួកភ្នាក់​ងារ​ក៏​កំពុង​ទាក់ទង​អ្នក​វិនិយោគ​ទុន​ចិន​ដោយ​មាន​ការ​សន្យា​ជួយ​ពួកគេ​ដើម្បី​បំពេញ​ទៅ​តាមលក្ខខណ្ឌ​ដើម្បី​ទទួល​បាន​ទិដ្ឋាការ​ប្រភេទ EB5 ដែល​ផ្តល់​សិទ្ធិ​រស់​នៅ​រយៈ​ពេល​យូរ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក។ ពួក​អ្នក​វិនិយោគទុន​ក្នុង​វិស័យ​ជំនួញ ឬ​អចលនទ្រព្យ​ចាំបាច់​បង្ហាញ​ថា ​ការ​វិនិយោគទុន​របស់​ពួកគេ​បាន​ជួយ​បង្កើត​ការងារ​ដោយ​ផ្ទាល់​ និង​ដោយ​ប្រយោល​សម្រាប់​មនុស្ស​យ៉ាង​តិច​ណាស់​ក៏​១០​នាក់​ដែរ។

ក្រៅ​ពី​ការ​វិនិយោគទុន​ខាង​ពាណិជ្ជកម្ម​ ពួក​អ្នក​ទិញ​អចលនទ្រព្យ​ជន​ជាតិ​ចិន​បាន​វិនិយោគ​ប្រាក់​ចំនួន​៣៣ពាន់លាន​ដុល្លារ​លើ​ទ្រព្យ​សម្បត្តិ​ខាង​ផ្ទះ​សម្បែង​និងកម្មសិទ្ធ​ហាង​ទំនិញ​នៅ​ឆ្នាំ​២០១៦ ​ដែល​ជាការ​កើន​ឡើង​ចំនួន​៥៣ភាគរយ​ច្រើន​ជាងកាល​ពី​មួយ​ឆ្នាំ​មុន។ «ការ​បង្ក្រាប​ការ​ហូរ​ចេញ​មូលធន‍» ដោយ​រដ្ឋាភិបាល​ចិន​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ការ​វិនិយោគ​ទុន​ដោយ​ក្រុមហ៊ុន​ចិន​ក្នុង​ការ​ទិញ​អគារ​សំខាន់ៗ​នៅ​តាម​ទី​ក្រុង​សំខាន់ៗ​របស់​ប្រទេស​លោក​ខាង​លិច ​រួម​មាន​ទីក្រុង​ឡុងដ៍។

ប្រភព​នានា​បាន​ប្រាប់​ឲ្យ​ដឹងថា ជន​ជាតិ​ចិន​រាប់​ម៉ឺន​នាក់​នៅ​តែ​កំពុង​ទិញ​ផ្ទះ​ និង​កម្មសិទ្ធ​ហាង​ទំនិញក្នុង​ទីផ្សារ​បរទេស​ដែល​ជា​ការ​សន្សំ​ប្រាក់​ និង​សិទ្ធិ​សម្រាប់​រស់​នៅ​បរទេស។​ ពួកគេ​កំពុង​ស្វែងរក​វិធី​ផ្សេង​ដើម្បី​យក​ប្រាក់​ចេញ​ពី​ប្រទេស​ដោយ​មាន​ការ​ជួយ​ពី​ភ្នាក់ងារ​អចលនទ្រព្យ និង​តាម​រយៈ​ការ​លាក់លៀម​តាម បណ្តាញ​ធនាគារ។

លោក Andrew Collier នាយក​ចាត់​ចែង​នៃ​ក្រុមហ៊ុន​ស្រាវជ្រាវ Orient Capital Research ក្នុង​ទីក្រុង​ហុងកុង​បាន​និយាយ​ថា ​ការ​ផ្តោត​សំខាន់​របស់​រដ្ឋាភិបាល​ គឺត្រូវ​ទប់​ស្កាត់​ការ​ហូរ​ចេញ​រូបិយប័ណ្ណ​បរទេស។ ​រដ្ឋាភិបាល​បានសម្រេច​ជោគជ័យ​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ក្នុង​ការ​បញ្ឈប់​ការ​វិនិយោគ​ទុន​នៅ​បរទេស​សំខាន់ៗ​ក្នុង​កម្មសិទ្ធ​ហាង​ទំនិញ​និង​ពាណិជ្ជកម្ម​ដូចជា​គ្រឿង​កម្សាន្ត​ដែល​រដ្ឋាភិបាល​មិន​ចង់​លើក​ទឹក​ចិត្ត។

លោក​បាន​និយាយ​ទៀត​ថា៖ «គេ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ថា​តើ​រដ្ឋាភិបាល​បាន​ត្រួតពិនិត្យ​ប្រកប​ដោយ​ប្រសិទ្ធិភាព​ឬ​ទេ​ដល់​អតិថិជន​តូចៗ​ដែល​កំពុង​ធ្វើ​ការ​វិនិយោគ​ទុន​តិចតួច​នៅ​ឯ​បរទេសនោះ។ ក៏ប៉ុន្តែ ​ទិន្នន័យ​មិន​បាន​បង្ហាញ​ច្បាស់​លាស់​ទេ‍»។

លោក Collierនិយាយ​ថា ការ​ត្រួត​ពិនិត្យ​របស់​រដ្ឋាភិបាល​ចិន​លើ​លំហូរ​ចេញ​មូលធន​អាច​ដើរ​តួនាទី​នៅ​ក្នុង​ការធ្វើ​ឲ្យ​តម្លៃ​អចលនទ្រព្យ​ក្នុង​ទីផ្សារ​នៅ​ប្រទេស​ចិនកាន់​តែ​ឡើង​ថ្លៃ​ឡើង។ អ្វី​ដែល​សំខាន់​នោះ​គឺ​រដ្ឋាភិបាល​បាន​យក​ចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ក្នុង​ការ​ធ្វើ​ឲ្យ​តម្លៃ​ឡើង​ថ្លៃ​ខ្ពស់។

លោកCollieនិយាយ​បន្ត​ទៀត​ថា៖ «ប្រសិន​បើ តម្លៃ​អចលនទ្រព្យ​ធ្លាក់​ចុះ មនុស្សនឹង​កាន់តែ​អន្ទះសារ​ហើយ​ពួកគេ​នឹង​សម្រុក​បញ្ចេញប្រាក់​របស់​ខ្លួន​ទៅ​បរទេស។ ដូច្នេះ ​នេះជា​ហេតុផល​មួយ​ទៀត​ដែល​រដ្ឋាភិបាល​ស្វះស្វែង​រក្សា​តម្លៃ​អចលនទ្រព្យ​ក្នុង​ប្រទេស​ឲ្យ​ឡើង​ថ្លៃ​នោះ‍»៕

ប្រែ​សម្រួល​ដោយ​ជឹង ប៉ូជីន

XS
SM
MD
LG