ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជើង​ហោះហើរ​ទៅ​អារ៉ាប់​រួម​ចាប់ផ្ដើម​ជាមួយ​ក្ដី​រំពឹង​ចម្រុះ​


យន្តហោះ​ដែល​បម្រើ​ការ​ហោះ​ហើរ​ដំបូង​ត្រង់​ពី​ទី​ក្រុង​ឌូបៃ ​ប្រទេស​អារ៉ាប់​រួម​ មក​កាន់​ទីក្រុង​ភ្នំពេញ ​ប្រទេស​​កម្ពុជា​ ​ដោយ​មាន​​ការ​ឈប់​សំចត​​នៅ​ទីក្រុង​យ៉ាងហ្គោន​​ ប្រទេស​ភូមា​ ​នឹង​ចុះ​ចត​នៅ​​​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​ម៉ោង​ប្រមាណ​៩​យប់​ថ្ងៃ​សៅរ៍​នេះ។​​

អ្នក​គ្រប់​គ្រង​របស់​អាកាស​ចរណ៍ ​Emirates ​Airlines ​ប្រចាំ​ប្រទេស​កម្ពុជា ​ថៃ ​និង​មីយ៉ាន់ម៉ា​ (ភូមា) និយាយថា ភាព​ទាក់​ទាញ​កាន់​តែ​ខ្លាំង​ឡើង​នៃ​ទីផ្សារ​កម្ពុជា ​ទាំង​ផ្នែក​សេដ្ឋ​កិច្ច​ វិនិយោគ​ និង​ទេសចរណ៍​ ជា​ កាតាលីករ​សំខាន់​ជំរុញ​​ឱ្យ​ក្រុមហ៊ុន​លោក​បើក​ជើង​ហោះ​ហើរ​ថ្មី​ដែល​ចាប់​បើក​នៅ​ថ្ងៃសៅរ៍​នេះ​ ហើយ​ជើង​ហោះ​ហើរ​នេះ​នឹង​ធ្វើ​ឡើង​ជា​រៀង​រាល់​ថ្ងៃ។

នៅ​ស្រប​ពេល​ដែល​អាកាស​ចរណ៍​លំដាប់​ពិភពលោក​ Emirates Airlines ​បើក​ការ​ហោះ​ហើរភ្នំពេញ-ឌូបៃ ​ជា​លើក​ដំបូងនៅ​ថ្ងៃ​ចុង​សប្ដាហ៍​នេះ​ មន្ត្រី​រដ្ឋាភិបាល​ វិស័យ​ឯកជន ​និង​អ្នកវិភាគបាន​បង្ហាញ​ចំណាប់​អារម្មណ៍​ និង​ក្ដី​រំពឹង​ចម្រុះ​ចំពោះ​គន្លង​ហោះ​ហើរ​ត្រង់​ទៅ​កាន់​តំបន់​មជ្ឈឹម​បូព៌ា។​

យន្តហោះ​ដែល​បម្រើ​ការ​ហោះ​ហើរ​ដំបូង​ត្រង់​ពី​ទី​ក្រុង​ឌូបៃ ​ប្រទេស​អារ៉ាប់​រួម​ មក​កាន់​ទីក្រុង​ភ្នំពេញ ​ប្រទេសកម្ពុជា​ ​ដោយ​មានការ​ឈប់​សំចតនៅ​ទីក្រុង​យ៉ាងហ្គោន ប្រទេស​ភូមា​ ​នឹង​ចុះ​ចត​នៅ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​ម៉ោង​ប្រមាណ​៩​យប់​ថ្ងៃ​សៅរ៍​នេះ។

លោក ​Mohammad ​Saharn ​អ្នក​គ្រប់​គ្រង​របស់​អាកាស​ចរណ៍ ​Emirates ​Airlines ​ប្រចាំ​ប្រទេស​កម្ពុជា ​ថៃ ​និង​មីយ៉ាន់ម៉ា​ (ភូមា)​ បាន​ប្រាប់​ VOA ​តាម​សារ​អេឡិច​ត្រូនិច​ថា ​ការ​ត​ភ្ជាប់​ជើង​ហោះ​ហើរ​ថ្មី​នេះ​មាន​គោល​ដៅដើម្បីឱ្យ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​លំដាប់​ពិភព​លោក​មួយ​នេះ ​អាច​«ដើរ​តួនាទី​សំខាន់»​ក្នុង​ការ​ផ្ដល់​វិភាគ​ទាន​ដល់​កំណើន​សេដ្ឋកិច្ច​ និង​ទេសចរណ៍​នៅ​ប្រទេស​កម្ពុជា។

លោក ​Saharn ​បាន​សរសេរ​ក្នុង​សារ​អេឡិច​ត្រូនិច​ក្នុង​ន័យ​ដើម​ថា៖​

«ក្នុង​រយៈ​ពេល​ខ្លី ​និង​រយៈ​ពេល​មធ្យម ​វត្ថុ​បំណង​របស់​យើង​គឺ​ឆ្ពោះ​ទៅ​សម្រេច​ឱ្យ​បាន​នូវ​កត្តា​ដឹក​ជញ្ជូន​ដែលមាន​សុខុមាល​ភាព​ល្អ ​និង​ស្ថិត​ស្ថិរ​ចិរភាព​នៅ​កម្ពុជា។ ​ក្នុង​រយៈ​ពេល​វែង ​យើងនឹង​បន្ត​វាយ​តម្លៃ ​និងវិភាគដោយយក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ទី​ផ្សារ ​ទាំង​ដំណើរ​ប្រព្រឹត្តទៅ​នៃ​ទីផ្សារ​ និង​តម្រូវ​ការ​ទីផ្សារ ​ដែលនឹងឆ្លុះបញ្ចាំង​ថា​ ​តើ​វា​មាន​ដែរ​ឬ​ទេ ​ឱកាស​បន្ថែម​សម្រាប់​យើង​ក្នុង​ការ​បន្ត​ពង្រីក​បន្ថែម​ទៀត ​ទៅ​លើ​ទំហំ​ប្រតិបត្តិការ​ដែល​យើង​កំពុង​មាន​សព្វ​ថ្ងៃ»។​

លោក ​Saharn ​បាន​បន្ថែម​ថា ​ភាព​ទាក់​ទាញ​កាន់​តែ​ខ្លាំង​ឡើង​នៃ​ទីផ្សារ​កម្ពុជា ​ទាំង​ផ្នែក​សេដ្ឋ​កិច្ច​ វិនិយោគ​ និង​ទេសចរណ៍​ ជា​ កាតាលីករ​សំខាន់​ជំរុញឱ្យ​ក្រុមហ៊ុន​លោក​បើក​ជើង​ហោះ​ហើរ​ថ្មី​ដែល​ចាប់​បើក​នៅ​ថ្ងៃសៅរ៍​នេះ​ ហើយ​ជើង​ហោះ​ហើរ​នេះ​នឹង​ធ្វើ​ឡើង​ជា​រៀង​រាល់​ថ្ងៃ។

កញ្ញា​សឺង សុផារី ​អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម ​បាន​ចាត់​ទុក​ថា ​ការ​បើក​ជើង​ហោះ​ហើរ​ថ្មី​ទៅ​កាន់​ប្រទេស​នៅ​តំបន់​មជ្ឈិម​បូព៌ា​នេះ​ធ្វើ​ឡើង​ដោយ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​លំដាប់​ពិភព​លោក ​និង​មាន​និយាម​ស្ដង់ដារ​សេវា​ខ្ពស់​ ហើយ​ថា​ នេះ​ជា​«សញ្ញា​វិជ្ជមាន»​មួយ​សម្រាប់​វិស័យ​សេដ្ឋកិច្ច​កម្ពុជា។​

តាម​រយៈ​ការ​បើក​ជើង​ហោះ​ហើរ​ត្រង់​នេះ ​កញ្ញា​សុផារី​រំពឹង​ថា​ នឹង​ជួយ​បង្កើន​ភ្ញៀវ​ទេសចរ​មក​ពី​តំបន់​មជ្ឈិម​បូព៌ា ​ហើយ​ក៏​នឹង​ជួយ​បង្កើន​ជម្រើស​នៃ​ច្រក​របៀង​ដោះ​ដូរ​ពាណិជ្ជ​កម្ម​ក្នុង​ការ​ដឹក​ជញ្ជូន​ទំនិញបែប​លឿន​រហ័ស​ពី​កម្ពុជា​ផង​ដែរ។​

«នេះ​បាន​ន័យ​ថា​ យើង​បន្ថែម​ Options​ (ជម្រើស)​ច្រើន​សម្រាប់​អ្នក​ឆ្លង​កាត់។ ​ការ​ឆ្លង​កាត់​វា​មិន​ត្រឹម​តែ​ឆ្លង​កាត់​ទេ ​តែ​មានមធ្យោ​បាយ​ធ្វើ​ដំណើរ​ច្រើន ​ទេសចរ​កើន ​ប៉ុន្តែ​ដល់​តែ​រឿង​ពាណិជ្ជ​កម្ម​វិញ ​ពាក់​ព័ន្ធ​ដល់​ការ​ដឹក​ជញ្ជូន ​ជាមធ្យោបាយ​មួយ​ដែរភ្ជាប់ទៅ​កាន់​ភូមិ​ភាគ​មជ្ឈឹម​បូព៌ា​អារ៉ាប់ ​Emirates»។​

​បើ​យោង​តាម​តួលេខ​អ្នកទេសចររបស់​ក្រសួង​ទេសចរណ៍​ ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា​ចំនួន​ ៥​លាន​នាក់​កាល​ពី​ឆ្នាំ​២០១៦​ ហើយ​ក្នុង​នោះ​មាន​២,៧លាននាក់​បាន​មក​ដល់​កម្ពុជា​តាម​រយៈ​ផ្លូវ​អាកាស ​នៅ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ដែល​កំពុង​ដំណើរ​ការ​ទាំង​បី។ ក្នុង​ឆ្នាំ២០១៦នេះ​ ​អ្នក​ទស្សនា​មក​ពី​តំបន់​អារ៉ាប់​មជ្ឈឹម​បូព៌ា​មាន​ចំនួន១៧.៥៣៧​នាក់។

ក្រៅពី​លទ្ធភាព​នៃ​ការ​បង្កើន​អ្នក​ទេសចរ​ពី​តំបន់​មជ្ឈឹម​បូព៌ា​នោះ​ ក៏​នៅ​មាន​ការ​រំពឹង​ទុក​ផង​ដែរ​ថា​ ជើង​ហោះហើរ​ថ្មី​នេះ​នឹង​ជួយ​បង្កើន​ចំនួន​អ្នក​ទេសចរ​ពី​តំបន់​អឺរ៉ុប ​ដោយ​ហេតុ​ថា​ ​អាកាស​យានដ្ឋាន​នានា​នៅ​តំបន់​អារ៉ាប់​ជា​កន្លែង​ផ្ទេរ​ជើង​ហោះ​ហើរ​អាស៊ី​ទៅ​កាន់​អឺរ៉ុប។ ​នេះ​បើ​យោង​តាម​អ្នកស្រី​ឆាយ ស៊ីវលីន ​ប្រធាន​សមាគម​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា។​

អ្នកស្រី​ឆាយ ស៊ីវលីន​បាន​បន្ថែម​ថា ​ជើង​ហោះ​ហើរ​នេះ​ក៏​នឹង​អាច​ទាក់​ទាញ​អ្នក​ទេសចរ​ជនជាតិ​ខ្មែរ​ទៅ​កាន់តំបន់​មជ្ឈឹម​បូព៌ា​ និង​តំបន់​អឺរ៉ុប​ផង​ដែរ ​ខណៈ​ដែល​កាល​ពី​ឆ្នាំ​ទៅ​មិញ​មាន​ជន​ជាតិ​ខ្មែរ ​១,៤​លាន​នាក់បាន​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ ​ទាំង​ក្នុង​គោល​បំណង​ធ្វើ​ដំណើរ​កម្សាន្ត​ សិក្សាធិការ ​និង​ពិនិត្យ​សុខភាព។​

«មាន​ការ​ហោះ​ហើរ​រាល់​ថ្ងៃ ​[ពី]​ដំបូង​អីចឹង​ ​វា​នាំ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ ... ធ្វើ​អីចឹង​ទាញ​ការ​ចាប់​អារម្មណ៍​ភ្ញៀវ​គឺ​ថា កន្ត្រាក់​ខ្លាំង​តែ​ម្ដង ​ព្រោះ​ដាក់​អីចឹង​ភ្លាម ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​តែ​ម្ដង»។​

អ្នកស្រី​ឆាយ ស៊ីវលីន​បាន​បន្ថែម​ថា៖​

«អាច​មាន​ប្រជាជន​ខ្លះ​គាត់​អាច​គិត​ពី​រឿង​តម្លៃ​ដែរ ​ ​ក៏​ប៉ុន្តែ​ក៏​អាច​មាន​មួយ​ចំនួន ​គាត់​គិត​ថា ​គាត់​ចង់​សាកសេវា​កម្ម​ថ្មី​ដែរ។​ ហើយ​ខាង ​Emirates Airlines ហ្នឹង ​គាត់​នឹង​អាច​សម្រប​សម្រួល​តម្លៃ​ទៅ​តាម​ទីផ្សារ​ដែរ។ ​គាត់​មិន​អាច​ទៅ​តែ​ឯង​ ខ្ពស់​តែ​ឯង​បាន​ទេ»។​

អ្នក​ទេសចរ​ដូច​ជា​កញ្ញា​ផាន ស្រីរិទ្ធិ ​ដែល​ជា​មន្ត្រី​សង្គម​ស៊ីវិល​មួយ​រូប​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ​ដែល​បាន​ធ្វើ​ដំណើរ​ទេស​ចរណ៍​ទៅ​កាន់​ប្រទេស​នៅ​មជ្ឈិម​បូព៌ា​ចំនួន​ពីរ​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​ បាន​បង្ហាញ​ចំណាប់​អារម្មណ៍​តិច​តួច​ ដោយ​ថា ​កម្រិត​ជីវភាពពល​រដ្ឋ​ខ្មែរ​ដែល​មាន​ចំណូល​មធ្យម​ ដូច​ជា​កញ្ញា​ជាដើម​ ​មិន​ទាន់​អាច​ចំណាយ​សម្រាប់​ការ​ធ្វើ​ដំណើរ​តាម​រយៈ​អាកាស​ចរណ៍ ដែល​មាន​កម្រិត​ពិភព​លោក​នេះ​បាន​នៅ​ឡើយ​ទេ។

«វា​មាន​តម្លៃ​ថ្លៃ​ពេក»។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​កញ្ញា​ស្រីរិទ្ធិ​ ដែល​បាន​ធ្វើ​ដំណើរ​ទេសចរណ៍​ទៅ​មជ្ឈិម​បូព៌ា​តាម​រយៈ​អាកាសចរណ៍​ថៃ​មួយ ​ដែល​មាន​តម្លៃ​សេវា​ទាប​ជាង។​

ក៏​ប៉ុន្តែ ​កញ្ញា​សឺង សុផារី ​អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជ​កម្ម ​បាន​លើក​ឡើង​ថា ​តម្លៃ​ខ្ពស់​អាច​មិន​មែន​ជា​បញ្ហា​ចោទទេនៅ​ថ្ងៃ​អនាគត។ ​កញ្ញា​មាន​ក្ដី​រំពឹង​ថា ​ជាមួយ​នឹង​ចំនួន​ប្រតិបត្តិ​ករ​ផ្លូវ​អាកាស​កាន់​តែ​ច្រើន​ឡើង​លើ​ទីផ្សារ ​តម្លៃ​នឹង​មាន​លក្ខណៈ​ប្រកួត​ប្រជែង​ខ្លាំង​ ហើយ​នឹង​ទាប​ជាង​មុន។​

«យើង​ដឹង​ហើយ​ថា ​ប្រទេស​យើង​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​ អីចឹងប្រជាជន​ដែល​មាន​លទ្ធ​ភាព​ក្នុង​ដំណាក់​កាល​នេះ​ ក្នុង​កំឡុង​ពេល​ដែល​គាត់​ចូល​មក​នេះ​ ប្រជាជន​ដែល​អាច​មាន​លទ្ធ​ភាព​ប្រើ​សេវា​ក្នុង​កម្រិត​គុណ​ភាព​[ខ្ពស់]​ហ្នឹង​ វា​មិន​ទាន់​មាន​ច្រើន​ទេ។ ​ក៏​ប៉ុន្តែ​ថ្ងៃ​ក្រោយ​នឹង​មាន​អ្នក​ប្រើ​គុណ​ភាព​សេវា​បែប​ហ្នឹង​ច្រើន»។​

កម្ពុជា​បាន​បង្កើន​ចំណាត់​ថ្នាក់​សេដ្ឋ​កិច្ច​របស់​ខ្លួន ​កាល​ពី​ឆ្នាំ​២០១៦ ​ក្លាយ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ទាប​ ហើយ​កម្រិត​កំណើន​សេដ្ឋកិច្ច​ប្រចាំ​ឆ្នាំ​ស្ថិត​ក្នុង​អត្រា​៧ ភាគរយ។ ​នេះ​បើ​យោង​តាម​តួ​លេខ​របស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ។​

លោក​ Miguel ​Chanco ​អ្នក​វិភាគ​កិច្ចការ​អាស៊ាន​ឱ្យ​អង្គភាព​ស៊ើប​អង្កេត​របស់​ទស្សនាវដ្ដី ​The​ Economist ​(EIU) ​បាន​និយាយ​ថា បើ​មើល​ក្នុង​បរិបទ​ធំ​ជាង​នេះ​ ការ​បើក​ជើង​ហោះ​ហើរ​ថ្មី​នេះ​គឺជា ​ស្ពាន​ចម្លង​តំបន់​អាស៊ី​ជាមួយ​នឹង​តំបន់​អឺរ៉ុប​ទៅ​វិញ​ទេ ខណៈ​តំបន់​មជ្ឈឹម​បូព៌ា​គ្រាន់​តែ​ដើរ​តួនាទី​ជា​ទី​សំចត​ផ្លាស់​ប្ដូរ​ជើង​យន្ត​ហោះ​របស់​អ្នក​ដំណើរ​អាស៊ី​ទៅ​កាន់ទ្វីប​អឺរ៉ុប​តែ​ប៉ុណ្ណោះ។​

លោក ​Chanco ​បាន​ប្រាប់​ VOA ​តាម​សារ​អេឡិច​ត្រូនិច​ថា៖​

«បើ​ទោះ​ជា​ជើង​ហោះ​ហើរ​ថ្មី​នឹង​ចុះ​ចត​នៅ​ទីក្រុង​ភ្នំពេញ​យ៉ាង​ណា​ក្ដី ​ខ្ញុំ​នឹង​មិន​មាន​ការ​ភ្ញាក់​ផ្អើល​ទេ ​បើ​សិន​ជា​អាកាសចរណ៍​ Emirates​ បន្ត​ផ្ដោត​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ទៅ​លើ​តំបន់​អាស៊ាន​ទាំង​មូល ​នៅ​ទីផ្សារ​ដែល​ធំ​ជាង​ និង​មាន​ភាព​ទាក់​ទាញ​ជាង​ (បើ​គិត​តាម​ទំហំ​នៃ​អំណាច​ទិញ) ​ដូច​ជា​ឥណ្ឌូនេស៊ី ​វៀតណាម ​និង​ហ្វីលីពីន​ជា​ដើម»។​

ចាប់​តាំង​ពី​ឆ្នាំ​២០១៣​មក​ ​ក្រុមហ៊ុន​អាកាស​ចរណ៍ ​Qatar Airways ​ដែល​ជា​ក្រុម​ហ៊ុន​របស់​ប្រទេស​ Qatar ​បាន​ធ្វើ​ប្រតិបត្តិ​ការ​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​នៅ​មជ្ឈិម​បូព៌ា ​ទាំង​ដើម្បី​ដំណើរ​ទេសចរណ៍ ​និង​ដើម្បី​ជា​ទី​សំចត​ក្នុង​ដំណើរ​ទៅ​កាន់​ទ្វីប​អឺរ៉ុប។​ ហេតុ​នេះ ​ការ​ចូល​មក​ដល់​កម្ពុជា​របស់​អាកាស​ចរណ៍ ​Emirates Airlines ​របស់​អារ៉ាប់​រួម​នឹង​ក្លាយ​ជា​ការ​ប្រកួត​ប្រជែង​ថ្មី​មួយ​សម្រាប់​ក្រុម​ហ៊ុន ​Qatar Airways។​

តំណាង​ក្រុមហ៊ុន​ Qatar Airways​ មិន​បាន​ឆ្លើយ​តប​សំណើ​សុំ​ការ​បំភ្លឺ​ឡើយ ​ខណៈ​ក្រុមហ៊ុន ​Emirates ​Airlines ​បាន​បដិសេធ​មិន​អធិប្បាយ​ទំនាក់​ទំនង​រវាង​វិបត្តិ​នៅ​មជ្ឈឹម​បូព៌ា​មក​លើ​ជើង​ហោះ​ហើរ​ថ្មី​ឡើយ។​

ក៏​ប៉ុន្តែ​លោក ​Miguel ​Chanco ​បាន​មើល​ឃើញ​អំពី​លទ្ធ​ភាព​បន្ទុក​នៃ​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង​ពី​សំណាក់​ការ​បើក​ជើង​ហោះ​ហើរ​ថ្មី​របស់អាកាស​ចរណ៍ ​Emirates ​Airlines ​ ទៅ​លើ​អា​កាស​ចរណ៍​ Qatar ​Airways​ ខណៈ​ដែល​ក្រុមហ៊ុន​ដឹក​ជញ្ជូន​របស់​ Qatar ​មួយ​នេះ​កំពុង​តែ​ទទួល​រង​ឥទ្ធិពល​ពី​វិបត្តិ​នៅ​មជ្ឈឹម​បូព៌ា​ដែល​មាន​ស្រាប់​រួចមក​ហើយ។​

ចំ​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ ប្រទេស​អារ៉ាប់​រួម ​(UAE) ​ជា​រដ្ឋ​អារ៉ាប់​នាំ​មុខ​ក្នុង​កិច្ច​ព្យាយាម​ក្នុង​ចំណោម​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ក្នុងការ​ហ៊ុម​ព័ទ្ធ ​និង​កាត់​ផ្ដាច់​ចំណង​ទាក់​ទង​ជាមួយ​ប្រទេស ​Qatar ​ក្នុង​អ្វី​ដែល​គេ​ហៅ​ថា ​វិបត្តិ​ Qatar ​ដែល​ចាប់​ផ្ដើម​តាំង​ពី​ដើម​ខែ​មិថុនា​នេះ​ ដោយ​ចោទ​ Qatar ​ថា ​មាន​ទំនាក់​ទំនង​នឹង​ក្រុម​ភេរវជន ​ស្និទ្ធ​នឹង​អ៊ីរ៉ង់ ​ដែល​ជា​រដ្ឋ​នុយក្លេអ៊ែរ ​និង​ទាក់​ទិន​នឹង​ការ​ផ្សាយ​របស់​ទូរទស្សន៍​ ​Al Jazeera របស់​ប្រទេស Qatar។

ទាំង​អ្នកស្រី​ឆាយ ស៊ីវលីន ​និង​កញ្ញា​សឺង ​សុផារី​រំពឹង​ថា ​បញ្ហា​វិបត្តិ​ការ​ទូត​នៅ​តំបន់​មជ្ឈឹម​បូព៌ា​នឹង​មិន​មាន​កង្វល់​អ្វី​ជា​ដុំ​កំភួន​ឡើយ​សម្រាប់​ការ​ពង្រីក​ទីផ្សារ​ថ្មី​របស់​អាកាស​ចរណ៍​អារ៉ាប់​រួម​មួយ​នេះ៕

XS
SM
MD
LG