ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Trump ព្រួយបារម្ភ​អំពី​ការ​ផ្លាស់ប្ដូរ​ទីតាំង​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល


លោក​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក Rex Tillerson ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ក្នុង​ព្រលាន​យន្តហោះ​អន្តរជាតិ Palm Beach កាលពី​ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧។
លោក​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក Rex Tillerson ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ក្នុង​ព្រលាន​យន្តហោះ​អន្តរជាតិ Palm Beach កាលពី​ថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧។

លោក​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក Rex Tillerson បាន​និយាយ​ថា ការ​ព្រួយ​បារម្ភ​របស់​លោក​ប្រធានាធិបតី Donald Trump អំពី​ការ​ផ្លាស់ប្ដូរ​ទីតាំង​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល ពី​ទីក្រុង Tel Aviv ទៅ​ទីក្រុង Jerusalem អាច​ប៉ះពាល់​ដល់​ដំណើរ​ការ​សន្តិភាព​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា។

លោក Tillerson បាន​បញ្ជាក់​នៅ​ក្នុង​កម្មវិធី Meet the Press របស់​ទូរទស្សន៍ NBC កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​គិត​ថា ភាគី​ពាក់ព័ន្ធ​នឹង​ការ​ចរចា​សន្តិភាព​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​នឹង​ប្រាប់​ខ្ញុំ​ម្ដង​ទៀត ហើយ​ជា​ការ​ពិត​ណាស់ យើង​ចង់​ឃើញ​ថា​តើ​ប្រទេស​អ៊ីស្រាអែល​យល់​យ៉ាង​ណា​ចំពោះ​ការ​ផ្លាស់ប្ដូរ​ទីតាំង​ស្ថានទូត​សហរដ្ឋ​អាមេរិក​នេះ ថា​តើ​វា​មាន​ប្រយោជន៍ ឬ​ក៏​ប៉ះពាល់​ដល់​ដំណើរការ​សន្តិភាព​នោះ»។

ប៉ុន្តែ លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu បាន​មាន​ប្រតិកម្ម​ភ្លាមៗ​ចំពោះ​បញ្ហា​នេះ។

ការិយាល័យ​របស់​លោក​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា៖ «ការ​ផ្លាស់ប្ដូរ​ទីតាំង​ស្ថានទូត​សហរដ្ឋ​អាមេរិក​ទៅ​ទីក្រុង Jerusalem នឹង​មិន​ប៉ះពាល់​ដល់​ដំណើរការ​សន្តិភាព​នោះ​ទេ។ វា​នឹង​ផ្ដល់​ផល​ប្រយោជន៍​ទៅ​វិញ​ទេ»។

អ៊ីស្រាអែល​បាន​ភ្ជាប់​ទីក្រុង Jerusalem ចូល​មក​ក្នុង​ដែនដី​របស់​ខ្លួន កាល​ពី​ឆ្នាំ ១៩៦៧ និង​បាន​ចាត់ទុក​ទីក្រុង​ទាំង​មូល​ថា​ជា​រដ្ឋធានី​ដ៏​ស្ថិតស្ថេរ​ជា​និរន្តរ៍​របស់​ខ្លួន។ កាល​ពី​យូរ​មក​ហើយ អ៊ីស្រាអែល​បាន​ជំរុញ​បណ្ដា​ប្រទេស​នានា​ឲ្យ​ផ្លាស់ប្ដូរ​ទីតាំង​ស្ថានទូត​របស់​ពួកគេ​ទៅ​កាន់​ទីក្រុង Jerusalem។

ប៉ុន្តែ ពលរដ្ឋ​ប៉ាឡេស្ទីន​ចង់​បាន​តំបន់​ភាគ​ខាង​កើត​នៃ​ទីក្រុង Jerusalem ធ្វើ​ជា​រដ្ឋ​របស់​ពួកគេ​នៅ​ថ្ងៃ​អនាគត ដូច្នេះ​ហើយ​បាន​ជា​សម្ព័ន្ធ​មិត្ត​របស់​អ៊ីស្រាអែល​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ផ្លាស់ប្ដូរ​ទីតាំង​ស្ថានទូត​របស់​ពួកគេ​ទៅ​ទី​នោះ៕

XS
SM
MD
LG