ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​សន្យា​រក្សា​វត្តមាន​យោធា​សហរដ្ឋ​អាមេរិក​រយៈពេល​យូរ​ក្នុង​ប្រទេស​ស៊ីរី


រូបភាព​ឯកសារ៖ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​លោក​ Rex Tillerson ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​អំឡុងកិច្ច​ប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​និង​ស្ថិរភាពនៃ​មន្រ្តី​ការបរទេស​អំពី​កូរ៉េ​ទាំងពីរ​នៅ​ទីក្រុង​ on the Korean Peninsula ក្នុង​ទីក្រុង Vancouver អង់គ្លេស កូឡុំប៊ី កាណាដា កាលពី​ថ្ងៃទី១៦ មករា​​ ២០១៨។
រូបភាព​ឯកសារ៖ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​លោក​ Rex Tillerson ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​អំឡុងកិច្ច​ប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​និង​ស្ថិរភាពនៃ​មន្រ្តី​ការបរទេស​អំពី​កូរ៉េ​ទាំងពីរ​នៅ​ទីក្រុង​ on the Korean Peninsula ក្នុង​ទីក្រុង Vancouver អង់គ្លេស កូឡុំប៊ី កាណាដា កាលពី​ថ្ងៃទី១៦ មករា​​ ២០១៨។

ក្រសួង​ការបរទេស​ស៊ីរី​បាន​បញ្ជាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា វត្តមាន​របស់​យោធា​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​ស៊ីរី​គឺ​ជា​ទង្វើ​ឈ្លានពាន និង​ជា​ការ​រំលោភ​លើ​អធិបតេយ្យភាព​របស់​ប្រទេស​ស៊ីរី។

ការ​លើក​ឡើង​ដូច​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Rex Tillerson បាន​បង្ហាញ​នូវ​ផែនការ​មួយ​ចំនួន​នៅ​ក្នុង​ការ​ថ្លែង​សុន្ទរកថា​របស់​លោក​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ សម្រាប់​ឲ្យ​សហរដ្ឋ​អាមេរិក​រក្សា​ការ​ផ្សារភ្ជាប់​របស់​ខ្លួន​ទាំង​ផ្នែក​ការទូត និង​ផ្នែក​យោធា​នៅ​ក្នុង​ប្រទេស​ស៊ីរី​ក្នុង​រយៈពេល​យូរ​បន្ថែម​ទៀត បន្ទាប់ពី​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម​បាន​ទទួល​បរាជ័យ​នៅ​ក្នុង​ប្រទេស​ស៊ីរី​រួច​មក។

សហរដ្ឋ​អាមេរិក​បាន​ដឹកនាំ​ក្រុម​សម្ព័ន្ធមិត្ត​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​ប្រឆាំង​នឹង​ក្រុម​ជ្រុល​និយម​រដ្ឋ​ឥស្លាម​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់​តាំង​ពី​ឆ្នាំ ២០១៤ មក ហើយ​ក្រសួង​ការពារ​ជាតិ​អាមេរិក​បាន​បញ្ជាក់​កាល​ពី​ខែ​មុន​ថា មាន​ទាហាន​អាមេរិកាំង​ប្រហែល ២ ពាន់​នាក់ កំពុង​ឈរ​ជើង​នៅ​ក្នុង​ប្រទេស​ស៊ីរី។

លោក Tillerson បាន​ពិភាក្សា​អំពី​ដំណោះស្រាយ​សម្រាប់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ប្រទេស​ស៊ីរី​នៅ​ក្នុង​ពិធី​មួយ​នៅ​ឯ​វិទ្យាស្ថាន Hoover នៃ​សាកលវិទ្យាល័យ Stanford ក្នុង​សហរដ្ឋអាមេរិក កាល​ពី​ពេល​ថ្មីៗ​នេះ។ លោក​បាន​បង្ហាញ​នូវ​មូលហេតុ​មួយ​ចំនួន​អំពី​សារៈសំខាន់​សម្រាប់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​រក្សា​វត្តមាន​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​ស៊ីរី ដែល​ក្នុង​នោះ​មាន​ទាំង​ការ​ការពារ​មិន​ឲ្យ​ក្រុម​ភេរវកម្ម​ជ្រុល​និយម​រដ្ឋ​ឥស្លាម និង​ក្រុម​ភេរវកម្ម​អាល់កៃដា​លេច​ឡើង​ជា​ថ្មី​ផង​ដែរ។

លោក Tillerson បាន​និយាយ​ថា គោល​បំណង​ចម្បង​នៃ​កិច្ច​ប្រឹងប្រែង​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​រក្សា​ស្ថិរភាព​នៅ​ក្នុង​ប្រទេស​ស៊ីរី គឺ​ដើម្បី​បង្កើត​លក្ខខណ្ឌ​សម្រាប់​ឲ្យ​ជន​ភៀស​ខ្លួន​ស៊ីរី​ត្រឡប់​ចូល​ក្នុង​ប្រទេស​វិញ ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ប្រទេស​អ៊ីរ៉ង់​នៅ​ក្នុង​តំបន់ និង​ដើម្បី​ត្រួសត្រាយ​ផ្លូវ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​សហប្រជាជាតិ​ក្នុង​គោល​បំណង​ដើម្បី​ជ្រើសរើស​ថ្នាក់​ដឹកនាំ​ថ្មី​សម្រាប់​ប្រទេស​ស៊ីរី៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG