ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រីការបរទេសស.រ.អា.ទៅប្រទេសកាណាដាដើម្បី​ពិភាក្សាពីបញ្ហាឧបទ្វីបកូរ៉េ


រូបឯកសារ៖ រដ្ឋ​មន្ត្រីការបរទេស​ស.រ.អា Rex Tillerson នៅ​ឯ​មជ្ឈមណ្ឌល​ Wilson ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៧។
រូបឯកសារ៖ រដ្ឋ​មន្ត្រីការបរទេស​ស.រ.អា Rex Tillerson នៅ​ឯ​មជ្ឈមណ្ឌល​ Wilson ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន កាល​ពី​ថ្ងៃទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៧។

លោក ​Rex Tillerson ​រដ្ឋមន្ត្រី​ការ​បរទេស​ ស.រ.អា.​នឹង​ទៅ​ធ្វើ​ទស្សនកិច្ចប្រទេស​កាណាដា​ ពីថ្ងៃ​ទី១៥​ ដល់​ថ្ងៃ​ទី​១៧ ​ខែ​មករា ​ដើម្បី​សហការ​ជាមួយ​លោក​ស្រី Chrystia Freeland ​រដ្ឋមន្ត្រី​ការបរទេស​កាណាដា​ដែល​ជា​សម​ភាគី​របស់​លោក ​ក្នុង​ការ​រៀបចំ​ទទួល​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេសនៅ​ទីក្រុង​ Vancouver ​ប្រទេស​កាណាដា។

កិច្ច​ប្រជុំ​នេះ​នឹង​ពិភាក្សាសន្តិ​សុខ​និង​ស្ថិរភាព​នៅ​ឧបទ្វីប​កូរ៉េ។​ នេះ​បើ​តាម​សេចក្តីថ្លែង​ការណ៍​របស់​អ្នកស្រី​ Heather Nauert​ អ្នកនាំ​ពាក្យ​ក្រសួង​ការ​បរទេស​ស.រ.អា.​ដែល​ចេញ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។​

សេចក្តី​ថ្លែង​ការណ៍​នេះ​បន្ត​ថា ​កិច្ច​ប្រជុំ​នេះ​នឹង​មាន​រដ្ឋមន្ត្រី​ និង​អ្នក​តំណាង​ប្រទេស​នានាមក​ពី​ជុំវិញ​ពិភព​លោក​ដើម្បី​បង្ហាញ​សាមគ្គីភាព​ជា​អន្តរជាតិ​ប្រឆាំង​នឹង​កម្មវិធី​នុយក្លេអ៊ែរ ​និង​កាំជ្រួច​ផ្លោង​របស់​កូរ៉េ​ខាង​ជើង​ ដែល​ខុសច្បាប់​ និង​ដ៏​គ្រោះ​ថ្នាក់​បំផុត។ ​ការពិភាក្សា​នេះ​នឹង​ផ្តោត​លើ​ការ​ពន្លឿន​កិច្ច​ប្រឹង​ប្រែង​ពង្រឹង​កិច្ចការ​ទូត​ដើម្បី​ធ្វើ​ឲ្យ​ឧបទ្វីប​កូរ៉េ​មាន​សន្តិសុខ ​សម្បូរ​រុង​រឿង​និង​គ្មាន​អាវុធ​នុយក្លេអ៊ែរ។​

សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការ​បរទេស​នេះ​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ​លោក​ James N. Mattis ​រដ្ឋមន្ត្រី​ការពារជាតិ​ស.រ.អា.​ក៏​នឹង​ចូល​រួម​ក្នុង​ការ​ស្វាគមន៍​ភ្ញៀវ​នៅ​ពិធី​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ផង​ដែរ៕

XS
SM
MD
LG