ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

សមាជិក​សភា​អាមេរិក​ថ្កោលទោស​ការ​ដុត​​គម្ពី​កូរ៉ាន​អ៊ីស្លាម


យុទ្ធជន​ម្នាក់​ខាង​ក្រុម​បះបោរ​ពិនិត្យ​មើល​សមរភូមិ​ពេល​ពួកគេ​​រង់​ចាំ​សញ្ញា​ធ្វើ​ចលនា​ទៅ​មុខ​នៅ​ផ្លូវ​បែក​ ជាយ​ទីក្រុង​ប្រេហ្កា​ នៅ​ថ្ងៃ​ទី​៣​ ខែ​មេសា​ ឆ្នាំ​២០១១។​

សមាជិក​សភា​ស.រ.អ.​នៃ​គណបក្ស​ទាំង​ពីរ​បាន​ថ្កោលទោសការ​ដុត​គម្ពីរ​ កូរ៉ាន (Quran)​ ដោយ​អាចារ្យគ្រឹស្តសាសនា​អាមេរិកាំង​ជ្រុលនិយមម្នាក់​ដែល​ជា​សកម្មភាព​មួយ​បង្ក​ឱ្យ​មាន​បាតុកម្ម​ដ៏ប្រល័យ​ក្នុង​ប្រទេសអាហ្វហ្កានិស្ថាន។

បាតុករ​អាហ្វហ្កានីស្ថាន​ នៅ​តែ​ខឹងសម្បា​យ៉ាង​ខ្លាំង​នឹង​ការដុត​សៀវភៅ​ពិសិដ្ឋ​នៃ​សាសនា​អ៊ីស្លាម​កាល​ពី​ខែ​មុន​ដោយ​លោក​ ធែររី ដ្យូនស៍​ (Terry​ Jones) ​អាចារ្យ​គ្រឹស្តសាសនា​ក្នុង​រដ្ឋ​ហ្វ្លរីដា​ (Florida)។ លោក​ប្រធានាធិបតី​អូបាម៉ា​បាន​ថ្កោលទោស​សកម្មភាព​នេះ​ និង​ប្រតិកម្ម​ដ៏​ឃោរឃៅ​ដល់​ការ​ដុត​គម្ពីរ កូរ៉ាន។ កាល​ពី​ថ្ងៃ​អាទិត្យ​ ពួក​សមាជិក​សភា​ស.រ.អ.​បាន​និយាយ​តាម​ទូរទស្សន៍​នៃ​ប្រទេស​អាមេរិក​ដើម្បី​គាំទ្រ​សេចក្តីថ្លែង​របស់​លោក​ប្រធានាធិបតី។

លោក​ ហាររី រីដ​ (Harry​ Reid) ​មេដឹកនាំ​ក្រុម​ភាគច្រើន​ក្នុង​ព្រឹទ្ធសភា​ស.រ.អ.​បាន​មាន​ប្រសាសន៍​ក្នុង​កម្មវិធី​ Face​ the​ Nation ​នៃ​ទូរទស្សន៍​ CBS។

«ភាព​ជ្រុលនិយម​ខាង​សាសនា​ក្នុង​ទម្រង់​បែបណា​ក៏ដោយ​ជា​ការខុស។​ហើយ​ជា​ការពិត​ការស្លាប់​ទាំងនេះ​ជា​ការខុស។ ខ្ញុំ​ស្រងាកចិត្ត​យ៉ាងខ្លាំង​ចំពោះ​បុរស​នេះ​ដែល​បាន​សម្រេច​ចិត្ត​ធ្វើ​ដូច្នេះ។ ខ្ញុំ​គិត​ថា​ មនុស្ស​គួរ​យល់​អំពី​ផលវិបាក​នៃ​អ្វី​ដែល​ពួកគេ​ធ្វើ​នៅក្រោម​រូបភាព​នៃ​សាសនា»។

ដោយ​ចេញ​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ Meet ​the ​Press​ នៃ​ទូរទស្សន៍​ NBC ​លោក​ រីឈដ ឌូរប៊ីន (Richard ​ Durbin)​ សមាជិក​ព្រឹទ្ធសភា​ស.រ.អ.​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ​ អ៊ីល្លីណ័រស៍ (Illinois)​ បាន​សុំ​ដល់​ប្រជាពលរដ្ឋ​អាមេរិក​ឱ្យ​ប្រើប្រាស់​សេរីភាព​នៃ​ការបញ្ចេញ​មតិ​ដែល​ជា​សិទ្ធិ​មួយ​មាន​ការ​ធានារ៉ាប់រង​តាម​រដ្ឋធម្មនុញ្ញ​តាម​របៀប​មាន​ការ​ទទួលខុសត្រូវ​ និង​មាន​ការ​គិត​ពិចារណា។ លោក ឌូរប៊ីន​ បាន​បន្ត​ថា៖

«ខ្ញុំ​យល់​អំពី​អ្វី​ដែល​មាន​ចែង​ក្នុង​វិសោធនកម្ម​ទី១​នៃ​រដ្ឋធម្មនុញ្ញ​គឺ​សិទ្ធិ​ដែល​បាន​ត្រូវ​ផ្តល់​ឱ្យ​ប្រជា​ពលរដ្ឋ​អាមេរិកាំង​ស្តី​ពី​ការ​បញ្ចេញ​មតិ ​ការប្រជុំ​គ្នា​និងពី​សាសនា។ ក៏ប៉ុន្តែ​ ខ្ញុំ​ចង់​ប្រាប់​លោក​ថា​ អាចារ្យ​រូប​នេះ​ ដោយ​មាន​ការដុត​គម្ពីរ​ កូរ៉ាន​ ដើម្បី​ផ្សាយ​ឱ្យ​គេ​ស្គាល់​គាត់​ បាន​ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត​របស់​ពួកទាហាន​យើង​ និង​មនុស្ស​ស្លូតត្រង់​គ្មាន​ទោសពៃរ៍​ជា​ច្រើន​នាក់។ ដល់​ពេលវេលា​ដែល​គាត់​ត្រូវ​ទទួល​ខុសត្រូវ​ក្នុង​ឋានៈ​ជា​ជនជាតិ​អាមេរិកាំង​ម្នាក់​ហើយ​ ដើម្បី​ជួយ​ឱ្យ​ក្រុម​ទាហាន​យើង​មាន​សុវត្ថិភាព»។

រដ្ឋធម្មនុញ្ញ​ស.រ.អ.​ធានា​រ៉ាប់រង​សិទ្ធិ​ដល់​ទម្រង់​សឹង​តែ​ទាំងអស់​នៃ​ការ​សម្តែង​មតិ​ដោយ​អហិង្សាដោយមាន​រួម​បញ្ចូល​ទាំង​ការបញ្ចេញ​មតិ​ និង​សកម្មភាព​ដែល​ធ្វើ​ឱ្យ​ជន​ឯទៀត​អាក់អន់​ចិត្ត​ផង​ដែរ។ ជា​លទ្ធផល​ ក្រុម​នានា​ដែលផ្សព្វផ្សាយ​កំហឹងដល់​ពួក​ជនអម្បូរ​ភាគតិច​អាច​ដើរ​ធ្វើ​បាតុកម្ម​ និង​រៀបចំ​ព្រឹត្តិការណ៍​សាធារណៈ​ឯទៀតៗ​បាន។ តុលាការ​កំពូល​បាន​បញ្ជាក់​ជា​ច្រើន​ដង​អំពី​សិទ្ធិ​នៃ​ការដុត​ទង់ជាតិ​អាមេរិកាំង។ កាល​ពី​ពេល​ថ្មីៗនេះ​ តុលាការ​កំពូល​ក៏​បាន​បញ្ជាក់​អំពី​សិទ្ធិ​នៃ​និកាយ​គ្រឹស្ត​សាសនា​មួយ​ដែល​ប្រកាន់​ជ្រុល​នឹង​ជំនឿ​របស់​ខ្លួន​ក្នុង​ការ​បរិហារ​រឹះគន់​យ៉ាងខ្លាំង​ដែល​នាំ​ឱ្យ​មាន​ការឈឺចាប់​នៅ​ពេល​បុណ្យ​សព​ពួក​ទាហាន​អាមេរិក​ ដែល​ស្លាប់​ក្នុង​សង្គ្រាម។ ពួក​អ្នកសិក្សា​ស្រាវ​ជ្រាវ​ខាង​រដ្ឋធម្មនុញ្ញ​បាន​និយាយ​បង្ហាញ​ហេតុផល​ថា​ ការ​ចុះ​ថមថយ​នៃ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​គ្មាន​ប្រជាប្រិយភាព​អាច​ធ្វើ​ឱ្យ​ថមថយ​ដល់​សេរីភាព​ខាង​សាសនា​ទេ។

លោក​ លីនស៊ី ហ្រ្កាហាម​ (Linsey​ Graham)​ សមាជិក​ព្រឹទ្ធសភា​ស.រ.អ.​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ​ សោធ ការ៉ូឡៃណា​ (South​ Carolina) ​បាន​និយាយ​ក្នុង​កម្មវិធី ​Face ​the​ Nation ​ថា ​ការ​មាន​សេរីភាព​គឺ​ត្រូវ​មាន​ការ​ទទួល​ខុសត្រូវ​ក្នុង​សង្គម​សេរី​មួយ។

«ខ្ញុំ​ប្រាថ្នា​ថា​ ខ្ញុំ​អាច​រក​វិធី​មួយ​ដើម្បី​ឱ្យ​មនុស្ស​មាន​ការ​ទទួល​ខុសត្រូវ។ ការ​បញ្ចេញ​មតិ​ដោយ​សេរី​ជា​គំនិត​ល្អ​មួយ ​ក៏ប៉ុន្តែ​យើង​កំពុង​មាន​សង្គ្រាម។ ក្នុង​ពេល​មាន​សង្គ្រាមលោក​លើក​ទី​ពីរ​លោកអ្នក​ត្រូវ​កម្រិត​នូវ​អ្វី​ដែល​លោក​អ្នក​និយាយ​ ប្រសិន​បើ​ការនិយាយ​នោះ​អាច​លើក​ទឹកចិត្ត​សត្រូវ។ ដូច្នេះ​ការដុតគម្ពីរ កូរ៉ាន​ជា​អំពើ​អាក្រក់​មួយ ​ក៏ប៉ុន្តែ​អំពើ​នេះ​មិន​អាច​ជា​ហេតុផល​ត្រឹមត្រូវ​ដើម្បី​សម្លាប់​នរណា​ម្នាក់​នោះ​ទេ។ ការដុត​គម្ពីរ​ បៃបល​ (Bible)​ របស់​គ្រឹស្តសាសនា ជា​អំពើ​អាក្រក់​មួយ​ ក៏ប៉ុន្តែ​វា​មិនមែន​ជា​លេស​ដើម្បី​ប្រព្រឹត្ត​ឃាតកម្ម​នោះ​ទេ»។

អាចារ្យ​ Jones​ បាន​និយាយ​ថា​សាសនា​អ៊ីស្លាម​ត្រូវ​ទទួល​ខុសត្រូវ​ដល់​ភេរវកម្ម​ហើយ​ថា​សកម្មភាព​របស់​គាត់​មាន​ន័យ​ដើម្បី​គូសបញ្ជាក់​អំពី​ជំនឿ​នោះ។

អ្នកខ្លះ​យល់​ឃើញ​ថា​វិធី​ល្អបំផុត​ដើម្បី​ចាត់ការ​ជាមួយ​ លោក​Jones​ គឺ​កុំ​អើពើ​នឹង​គាត់។លោក​ Durbin សមាជិក​ព្រឹទ្ធសភា​ស.រ.អ.​ថ្លែងថា។

«គាត់​ចង់​ឱ្យ​ល្បី​ឈ្មោះ។​ដរាបណា​គាត់​មាន​ការល្បីឈ្មោះ​ នោះ​ហើយ​ គាត់​នឹង​បន្ត​អាកប្បកិរិយា​គ្មាន​ការ​ទទួលខុសត្រូវ​នេះ​ត​ទៅ​ទៀត»។

កាល​ពី​ឆ្នាំ​កន្លង​ទៅ​ លោក ដ្យូនស៍​ បាន​គំរាមកំហែង​ថា​ ដុត​គម្ពីរ​ កូរ៉ាន ​ឱ្យ​ត្រូវ​ចំ​ថ្ងៃខួប​នៃ​ការវាយ​ប្រហារ​ភេរវកម្ម​កាល​ពី​ថ្ងៃ​ទី​១១​ខែ​កញ្ញា​ឆ្នាំ​២០០១​ លើ​ស.រ.អ.។ ប៉ុន្មាន​ថ្ងៃ​បន្ទាប់មក​ គាត់​បាន​ប្រកាសថា ​គាត់​មិន​ធ្វើ​ដូច្នេះ​ទេ​ ក៏​ប៉ុន្តែ​គាត់​រក្សា​សិទ្ធិ​ក្នុង​ការដុត​គម្ពីរ កូរ៉ាន​ មួយ​នៅ​ពេលក្រោយ​មក​ទៀត។

ប្រែ​សម្រួល​ដោយ​ ឈឹម​ សុមេធ

XS
SM
MD
LG