ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បង់ក្លាដេស​សម្លឹង​មើល​វិធានការរៀបចំ​ផែនការ​គ្រួសារ​នៅ​ក្នុង​ជំរំ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា


ជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា រង់ចាំ​ការនាំចូល​ជំរំ​ជន​ភៀសខ្លួន ប៉ុន្តែ​ពី​បាន​ឆ្លង​ទន្លេ​ Naf នៅឯព្រំដែនមីយ៉ាន់ម៉ា-បង់ក្លាដេស នៅ Palang Khali ក្បែរទីក្រុង Cox’s Bazar ប្រទេសបង់ក្លាដេស ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧។

អាជ្ញាធរ​ក្នុង​រដ្ឋធានី​ Dhaka កំពុង​ចាត់​វិធានការ​ពង្រីក​ការ​ផ្សព្វផ្សាយ​ការរៀបចំ​ផែនការ​គ្រួសារ​ និង​កំពុង​ពិចារណា​លើ​គម្រោង​ទទួល​ការ​ពន្យារ​កំណើត​ដោយ​ស្ម័គ្រ​ចិត្ត​ ខណៈកន្លែង​ទំនេរនិង​ធនធាន​កំពុង​រួម​តូចទៅៗ​នៅ​ជំរំ​គ្រួសារ​ជន​ភៀស​ខ្លួនរ៉ូហ៊ីងយ៉ា​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​បង់ក្លាដែស។

មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​បាន​ប្រាប់​ VOA ថា​ កិច្ច​ខំ​ប្រឹងប្រែង​នេះ​ រួម​មាន​ការជួល​បុគ្គលិក​បន្ថែម​ ចែក​ថ្នាំ​ពន្យារ​កំណើត​ និង​ស្រោម​អនាម័យ​។

លោក​ Pintu Kanti Battacharjee ប្រធាន​នាយកដ្ឋាន​រៀបចំ​ផែន​ការ​គ្រួសារ​ប្រចាំស្រុក Cox's Bazar មាន​ទីតាំង​ជាប់​នឹង​ប្រទេស​មីយ៉ាន់ម៉ា​បាន​ឲ្យ​ដឹង​ថា​៖ «​យើង​បាន​រៀបចំ​ឡើង​វិញ​នូវ​ប្រតិបត្តិការ​ក្នុង​ជំរំ​ចំនួន​៧​សម្រាប់​ជន​ជាតិ​រ៉ូហ៊ីងយ៉ា។ កាល​ពីពេលមុន​ ពួក​យើង​មាន​បុគ្គលិក​តែ​៤០​នាក់​ប៉ុណ្ណោះ​ ហើយ​ឥឡូវ​នេះ​ យើង​បាន​ជួល​បន្ថែម​១៦០​នាក់ទៀត​ មក​ពី​តំបន់​ផ្សេងៗ​ ដើម្បី​ពន្លឿន​សកម្មភាព​របស់​យើង»។

លោក​ Pintu និយាយ​បន្តទៀត​ថា​៖​ «យើង​បាន​ចែកថ្នាំ​ពន្យារ​កំណើតជា​ថ្នាំគ្រាប់​ចំនួន​ ៣.០០០បន្ទះ​ ហើយ​ស្ត្រី​ចំនួន​៣.៩០០ នាក់​បាន​ទទួល​ការ​ចាក់​ថ្នាំ​ពន្យារ​កំណើត​ កាល​ពី​ខែ​កញ្ញា​និង​ខែតុលា​កន្លង​មក។ ​ស្រោម​អនាម័យ​ចំនួន​ ១.០០០​ប៉ុណ្ណោះ​ ត្រូវ​បាន​ចែកចាយដោយ​ឥតគិតថ្លៃ​នៅ​ពេលនោះ។ ស្របពេល​ជាមួយគ្នា​នេះដែរ​ បុគ្គលិក​របស់​យើង​ក៏​កំពុង​បន្ត​ផ្សព្វផ្សាយ​ការរៀបចំ​ផែនការ​គ្រួសារ​ រួម​មាន​ការ​ផ្ដល់​ប្រឹក្សា​យោបល់ផង​ដែរ»។

ជនម៉ូស្លីម រ៉ូហ៊ីងយ៉ា​ ជាង​ ៦០០.០០០ នាក់​ បាន​រត់​ភៀសខ្លួន​ពី​ប្រទេស​មីយ៉ាន់ម៉ា​ ចាប់​តាំង​ពី​កងទ័ពស្រោចស្រង់រ៉ូហ៊ីងយ៉ា Arakan​ (Arakan Rohingya Salvation Army) បាន​វាយ​ប្រហារ​កាល​ពី​ខែ​សីហា ដែល​បាន​ជំរុញ​ឲ្យ​មាន​ការ​បង្ក្រាប​យ៉ាង​ឃោរឃៅ​។ ការ​វាយ​ប្រហារ​នេះ​ ធ្វើ​ឲ្យ​មាន​ការពិភាក្សា​អំពី​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ឡើង​វិញ​ ដែល​ទើបតែ​រួចផុត​ការដាក់​ទណ្ឌកម្មក្នុង​អាណត្តិ​រដ្ឋាភិបាលបាល​ស៊ីវិល​របស់​លោក​ស្រី​ Aung San Suu Kyi​ ដែលទើបតែ​មាន​រយៈ​មិនដល់​ពីរ​ឆ្នាំ​ផងនោះ។

ជន​ភៀសខ្លួន​ជា​ច្រើន បាន​មក​ដល់ជំរំ​ដែល​កកើត​តាំង​ពី​ពីរ​ទសវត្ស​មុន​ ហើយ​ការ​កើន​ឡើង​ជន​ភៀស​ខ្លួន​ដ៏​គំហុក​នេះ​ បាន​ដាក់​សំពាធ​ដល់​ភ្នាក់ងារ​ផ្ដល់​ជំនួយមនុស្ស​ ឲ្យ​ឆ្លើយតប​នឹង​ការ​បន្ត​កើត​មាន​នៃវិបត្តិ​មនុស្ស​ធម៌​នេះ។

ប៉ុន្តែ​វា​ក៏​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ធនធាន​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស​បង់ក្លាដែស​ផង​ដែរ​។ បង់ក្លាដែស​គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​បណ្ដា​ប្រទេស​ដែល​មាន​ចំនួន​ប្រជាជន​ច្រើន​បំផុត​លើ​ពិភពលោក។ ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើងអំពី​កង្វះ​ធនធាន​ប្រើប្រាស់​ ​បាន​នាំ​ឱ្យ​មាន​គម្រោង​ណែនាំកម្មវិធីពន្យាកំណើតដោយ​ស្ម័គ្រចិត្ត ដែលជា​ជម្រើសមួយ​សម្រាប់​ជនជាតិ​បង់ក្លាដែស​សម្រាប់យក​ទៅអនុវត្ត​នៅ​ក្នុង​ជំរំ។

រដ្ឋាភិបាល​កំពុង​ពិចារណា​លើគម្រោង​នេះ។ ​អ្នក​ស្ម័គ្រ​ចិត្ត​ជា​បុរសត្រូវ​ទទួល​ការ​វះកាត់ដើម្បី​ចងបំពង់​ទឹកកាម​ទាំងពីរ​ ចំណែកឯ​ស្ត្រីវិញ​ត្រូវវះកាត់ចង​ដៃ​ស្បូន។ ប៉ុន្តែ​គម្រោង​នេះ​មិន​ទាន់​ទទួល​បាន​ការអនុញ្ញាត​នៅ​ឡើយ​ទេ។​

វិធានការ​ផែន​ការគ្រួសារ​ទាំងនេះ​ អាច​ប្រឆាំងនឹងប្បធម៌​អភិរក្ស​និយម​ និងជំនឿ​សាសនា​ ក្នុង​ចំណោម​ជន​ភៀស​ខ្លួន។ សាសនា​ឥស្លាម​ មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់​លើ​ការហាមប្រាម​ការពន្យារ​កំណើត​នោះ​ទេ​ ប៉ុន្តែ​មាន​ទស្សនៈ​ផ្សេង​គ្នា​កើត​មាន​ឡើង​នៅក្នុង​ជំរំ​ជុំវិញ​ការពន្យារ​កំណើត​នេះ។

គ្រូ​បង្រៀន​សាសនា​ Aminul Islam និយាយ​ថា​ វា​គ្មាន​ទាស់​ខុស​អ្វី​ទេ​ចំពោះ​វិធី​បង្ការ​ណា​ក៏ដោយ​ ប្រសិន​បើ​វា​អាច​ការពារ​សុខភាព​ស្ត្រីបាន។ ប៉ុន្តែ​របៀបរបប​នៃការ​ពន្យារ​កំណើត​អចិន្ត្រៃយ៍​បែបនេះ​ មិន​ស្របតាម​ជំនឿសាសនា​នោះទេ។ ​

ក៏ប៉ុន្តែលោក​ Hafez Abdul Waha​ ដែលមានវ័យ៤២​ឆ្នាំ មិនទាន់ប្រាកដ​ចិត្ត​ទទួល​យក​ជម្រើស​បែបនេះ​នៅ​ឡើយ​ទេ។ លោក​បាន​មក​ប្រទេស​បង់ក្លាដែស​កាល​ពី​២៧​ឆ្នាំ​មុន​ ហើយ​បាន​ចុះ​ឈ្មោះ​ជា​ជន​ភៀស​ខ្លួន​នៅ​ក្នុង​ជំរំ​ Kutupalang។

លោក​និង​ប្រពន្ធ​ មាន​កូន​ចំនួន​១០​នាក់​ ហើយ​ប្រពន្ធ​របស់​លោក​កំពុង​តែ​ព​ពោះ​កូន​ម្នាក់​ទៀត។ ពួក​គេ​បើក​ចំហ​ទទួល​យក​ជម្រើស​ថ្មីណា​ក៏បាន​ បន្ទាប់​ពី​សម្រាល​កូនចុងក្រោយ​នេះ។

លោក​និយាយ​ថា​៖​ «របៀបពន្យារ​កំណើត​ គឺ​ពិបាក​ អញ្ជឹងហើយ​បានជាយើង​តែងតែ​ចង់​ចៀស​វា។​ ប៉ុន្តែ​ឥឡូវ​ ខ្ញុំ​គិត​ថា​ យើង​នឹង​សាកល្បងប្រើវិធី​ណា​មួយ​ បន្ទាប់​ពី​យើង​សម្រាល​កូនចុង​ក្រោយនេះហើយ»។

ការរៀប​ចំ​ផែនការ​គ្រួសារ​ ក៏​ជា​ប្រធាន​បទ​ដ៏​រសើប​មួយ​ផង​ដែរ​ សម្រាប់​សហគមន៍​ជនជាតិ​រ៉ូហ៊ីងយ៉ា​ ដែល​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​។ ពលរដ្ឋកាន់​ពុទ្ធសាសនា​នៅ​ក្នុង​ប្រទេសមីយ៉ាន់ម៉ា​ បាន​តស៊ូ​មតិ​ស្នើ​ឲ្យ​មាន​ច្បាប់​«គ្រប់គ្រង​ចំនួន​ប្រជាជន»​ ដែល សំណើ​នេះ​ ត្រូវ​បានមនុស្ស​ជា​ច្រើន​មើល​ឃើញ​ថា​ ជា​ការ​កំណត់​គោលដៅ​ទៅ​លើ​តែ​ជន​ជាតភាគ​តិចកាន់សាសនាអ៊ីស្លាម។

សេចក្ដី​ស្នើ​ច្បាប់​នោះ​ ត្រូវ​បាន​អនុម័ត​កាល​ពី​ឆ្នាំ​២០១៥​ ប៉ុន្តែ​ច្បាប់​នោះ​ហាក់​បី​ដូច​ជា​មិន​ត្រូវ​បាន​អនុវត្ត​នោះ​ទេ​ ដោយ​តម្រូវ​ឲ្យពន្យារ​កំណើត​ក្នុងចន្លោះ​ពេល​៣៦​ខែ។

វិបត្តិ​ជនភៀសខ្លួន​ រ៉ូហ៊ីងយ៉ា​ បាន​ប៉ះពាល់​កុមារ​រាប់ម៉ឺន​នាក់​ ដែល​បាន​ចាកចេញ​ពី​ភូមិ​កំណើត​របស់​ខ្លួន​។ កុមារ​មួយ​ចំនួន​បាន​មក​ដល់​ប្រទេស​បង់ក្លាដែស​ ដោយ​បាត់​បង់​ឪពុក​ឬ​ម្ដាយ ឬ​ក៏​បាត់​បង់​ទាំង​ឪពុក​ទាំងម្តាយ​តែ​ម្ដង។ ​

យោងតាមអង្គការ​ UNICEF បាន​ឲ្យ​ដឹង​ថា​ នៅ​ក្នុង​ជំរំ​ មាន​កុមារ​ដែល​គ្មាន​អ្នក​មើល​ថែ​ចំនួន៩៥៨នាក់​ ក្មេង​ជំទង់​គ្មាន​អ្នក​មើល​ថែ​ចំនួន ១៩៦៨​នាក់​ និង​ កុមារចំនួន​ ៥០០៩​ នាក់​ បាន​បែកបាក់​ពី​ឪពុក​ម្ដាយ​របស់​ពួកគេ។

រដ្ឋាភិបាល​មីយ៉ាន់ម៉ា​បាន​ឲ្យ​ដឹង​ថា​ ខ្លួន​នឹង​យក​ជន​ភៀស​ខ្លួន​ ដែល​រត់​គេច​ទៅ​ប្រទេស​បង់ក្លាដែស​មក​វិញ​ ក្រោម​ដំណើរ​ការ​ផ្ទៀងផ្ទាត់​សញ្ជាតិ។​ ប៉ុន្តែ​ដំណើរការ​នោះ​មិន​ទាន់​បាន​ចាប់​ផ្ដើម​នៅ​ឡើយ​ទេ។ ​

មេដឹកនាំ​ប្រទេស​ លោក​ស្រី​ Aung San Suu Kyi បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ជា​លើក​ដំបូង​ទៅ​កាន់​តំបន់​មាន​ជម្លោះ​នៅ​ភាគ​ខាង​ជើង​រដ្ឋ​ Rakhine កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ក្នុង​តួនាទី​របស់​លោកស្រី​ ជា​ប្រធាន​នៃ​សហព័ន្ធ​សហគ្រាស​សម្រាប់​ជំនួយ​មនុស្ស​ធម៌​ ការ​តាំង​ទី​លំនៅ​ឡើង​វិញ​ និង​ការ​អភិវឌ្ឍ នៅ​ក្នុង​គណៈកម្មការ​ទទួល​បន្ទុក​កិច្ចការ​រដ្ឋ​ Rakhine។ ​គណៈកម្មការ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ខែ​មុន​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​វិបត្តិ​នេះ។

ប្រទេស​នេះ​កំពុង​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ ពី​សំណាក់​សហគមន៍​អន្តរជាតិ​ និង​សហរដ្ឋ​អាមេរិក​ ខណៈ​សមាជិក​សភា​ស.រ.អា.បាន​ស្នើ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​សារ​ជា​ថ្មី​។ ទណ្ឌកម្ម​ទាំង​នោះ​ភាគ​ច្រើន​ត្រូវ​បាន​ដក​ចេញ​ បន្ទាប់​ពី​មាន​ការ​បោះ​ឆ្នោត​ដោយ​សន្តិភាព​ក្នុង​ឆ្នាំ​២០១៥​ នៅ​មីយ៉ាន់ម៉ា​ ដែល​ធ្វើ​ឲ្យ​លោក​ស្រី​ Suu Kyi ឡើង​កាន់​អំណាច ក្រោយ​ការ​គ្រប់គ្រង​របស់​យោធា​អស់​រយៈ​ពេល​ជាច្រើន​ទសវត្ស​។

រដ្ឋ​មន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ លោក Rex Tillerson ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​ នៅ​ថ្ងៃ​ទី​១៥​ ខែ​វិច្ឆិការ​នេះ​៕

ប្រែ​សម្រួល​ដោយ​ នូវ​ ពៅ​លក្ខិណា

XS
SM
MD
LG