លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Rex Tillerson បានមានប្រសាសន៍កាលពីថ្ងៃសុក្រថា ការកើនឡើងនូវសមត្ថភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើងជាការគំរាមកំហែងដោយផ្ទាល់ដល់សហរដ្ឋអាមេរិក ហើយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងប្រើវិធានការសំខាន់ៗដើម្បីការពារខ្លួនឯងទប់ទល់ភាពគឃ្លើនបែបនេះ។
លោករដ្ឋមន្រ្តីការបរទេសមានប្រសាសន៍ទៀតថា៖ «ក្នុងការប្រឈមការគំរាមកំហែងបែបនេះ ការមិនចាត់វិធានការជាការមិនអាចទទួលយកបានសម្រាប់ប្រទេសមួយ»។
លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Rex Tillerson បានប្រាប់ជំនួបរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងបូរីញូយ៉កថា៖ «យើងបានធ្វើការបញ្ជាក់យ៉ាងច្បាស់ថា ជម្រើសទាំងអស់ស្ថិតនៅលើតុនៅក្នុងការការពារប្រទេសរបស់យើង។ ក៏ប៉ុន្តែ យើងនឹងមិនស្វះស្វែង ឬយើងចង់ធ្វើសង្គ្រាមជាមួយកូរ៉េខាងជើងទេ»។
លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Rex Tillerson បានថ្លែងទៅកាន់ជំនួបមួយស្តីពីការរីកសាយអាវុធរបស់កូរ៉េខាងជើងដែលធ្វើឡើងដោយប្រទេសជប៉ុនដែលធ្វើជាប្រធានផ្លាស់វេណរបស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិនៅខែនេះ។
លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Tillerson និយាយទៀតថា៖ «សហរដ្ឋអាមេរិកនឹងប្រើវិធានការសំខាន់ៗដើម្បីការពារខ្លួនឯងទប់ទល់នឹងភាពគឃ្លើនរបស់កូរ៉េខាងជើង ក៏ប៉ុន្តែ សេចក្តីសង្ឃឹមរបស់យើងគឺថា វិស័យការទូតនឹងធ្វើឲ្យមានដំណោះស្រាយនេះ»៕