ក្រុមអ្នកត្រាច់ចរជនជាតិទីបេមួយក្រុមដែលមានគ្នាយ៉ាងហោចណាស់ក៏១០នាក់ បានត្រូវប៉ូលីសនាំខ្លួននៅក្នុងខេត្តSichuan នៃប្រទេសចិនបន្ទាប់ពីការតវ៉ាប្រឆាំងអ្វីដែលក្រុមនោះនិយាយថាជាការរឹបអូសយកដីធ្លីខុសច្បាប់។
ការតវ៉ាប្រឆាំងបានកើតមានឡើងកាលពីថ្ងៃពុធនៅខាងក្រៅសណ្ឋាគារ Jin Jiang នៃទីក្រុង Chengdu ដែលនៅទីនោះក្រុមមន្រ្តីមូលដ្ឋានបានចូលរួមកិច្ចប្រជុំគណបក្សកុម្មុយនិស្តខេត្ត។
ជនជាតិទីបេបានត្រូវគេឃើញនៅក្នុងរូបភាពបានកាន់បដាដែលអំពាវនាវដល់ក្រុមអាជ្ញាធរឲ្យដោះស្រាយការត្អូញត្អែររបស់ខ្លួនហើយនិងប្រគល់ដីដែលពួកគេនិយាយថាបានត្រូវគេយកពីពួកគេ។ ក្នុងរយៈពេលប៉ុន្មាននាទីនៃការចាប់ផ្តើមការតវ៉ាប្រឆាំងរបស់ខ្លួន មន្រ្តីប៉ូលីសប្រហែល៥០នាក់ បានមកដល់ហើយបានយកពួកគេចេញទៅ។
ប្រភពដែលជិតស្និទ្ធនឹងក្រុមបាតុករ បានប្រាប់វីអូអេផ្សាយជាភាសាទីបេថា ជម្លោះនោះមានរាប់សិបឆ្នាំមកហើយ។
ប្រភពដែលមិនបញេ្ចញឈ្មោះនិយាយថា កាលពី៥ឆ្នាំមុនរដ្ឋាភិបាលនិយាយថា ដីនិងផ្ទះរបស់ក្រុមអ្នកត្រាច់ចរដែលពួកគេបានរស់នៅនឹងត្រូវប្រើប្រាស់សម្រាប់ការអភិវឌ្ឍផ្ទះសម្បែង។ ដូច្នេះ ផ្ទះរបស់ក្រុមអ្នកត្រាច់ចរបានត្រូវកំទេចអស់ហើយ។ ចាប់តាំងពីពេលនោះមក ការអំពាវនាវដល់រដ្ឋាភិបាលមូលដ្ឋាន មិនបានទទួលការឆ្លើយតបទេ។
លោកនិយាយទៀតថា ជនជាតិទីបេដែលត្រូវគេចាប់ខ្លួនមកពីទីប្រជុំជន Thangko ដែលស្ថិតនៅក្នុងតំបន់ទីបេនៃខេត្ត Sichuan ហើយគេមិនដឹងពីស្ថានភាពរបស់ពួកគេនៅពេលឥឡូវនេះទេ។ ក្រុមមន្រ្តីចិនមិនបានធ្វើអត្ថាធិប្បាយអំពីឧបទ្ទវហេតុនេះទេ៕