ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

វេជ្ជបណ្ឌិត​ចាប់ផ្តើម​វិភាគ​កត្តា​ចម្លង​មេរោគ​អេដស៍​ក្នុង​ភូមិ​រកា


ស៊ីរ៉ាំង​ដែលគ្រូពេទ្យ​ត្រៀ​ម​សម្រាប់​វិភាគ​ឈាម​​ពិនិត្យរកមេរោគ​
ស៊ីរ៉ាំង​ដែលគ្រូពេទ្យ​ត្រៀ​ម​សម្រាប់​វិភាគ​ឈាម​​ពិនិត្យរកមេរោគ​

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​សុខា​ភិបាល​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ​ក្រុម​វេជ្ជបណ្ឌិតបាន​បញ្ចប់​ការ​ស្រង់​ព័ត៌មានអំពី​ការ​ឆ្លង​មេរោគ​អេដស៍​ដ៏​រីករាល​ដាល​នៅ​ក្នុង​ភូមិរកា ​ខេត្ត​បាត់​ដំបង​ ប៉ុន្តែនៅ​មិន​ទាន់​មាន​ការ​សន្និដ្ឋាន​បែប​ណា​នៅ​ឡើយ​ទេ។​

លោក​វេជ្ជ​បណ្ឌិត​មាន ឈីវុន ​នាយក​មជ្ឈ​មណ្ឌល​ជាតិ​ប្រយុទ្ធនឹង​ជំងឺ​អេដស៍​ សើ​ស្បែក​និង​កាម​រោគ ​មាន​ប្រសាសន៍​ថា​ ក្រុម​គ្រូពេទ្យ​បាន​ចាប់​ផ្តើម​ធ្វើ​ការ​វិភាគលើ​ហានិភ័យ​នៃ​ការ​ចម្លង​មេរោគ​អេដស៍​ដី​ច្រើន​ដែល​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ។​

«យើង​ទើប​តែ​ប្រមូល​បាន​នូវ​ព័ត៌មាន​នានា​លើ​ការ​សិក្សា​ស្រាវជ្រាវ​ចប់​កាល​ពី​ម្សិល​មិញ។​ យើង​រៀប​ចំ​ធ្វើ ​Data Cleaning ​ហើយ​យើង​ចាប់​ផ្តើម​ធ្វើ​ការ​វិភាគ»។​

មនុស្ស​យ៉ាង​ហោច​ណាស់ជាង​១០០​នាក់​ត្រូវ​បញ្ជាក់​ថា​ បាន​ឆ្លង​មេរោគ​អេដស៍ ​HIV ​នៅ​ក្នុង​ភូមិ​រកា ​ស្រុក​សង្កែ ​ខេត្ត​បាត់​ដំបង​ ដែល​ជា​ករណី​ដ៏​ភ្ញាក់​ផ្អើល​បំផុត​សម្រាប់​ប្រទេស​កម្ពុជា ​ស្រប​ពេល​ដែល​ប្រទេស​ដ៏​ក្រីក្រ​នេះ​ដាក់​ផែន​ការ​កាត់​បន្ថយការ​ឆ្លង​មេរោគ​ដ៏ប្រល័យ​នេះ​ឲ្យ​អស់​នៅ​ឆ្នាំ​២០២០។​

លោក​វេជ្ជបណ្ឌិត​មាន ឈីវុន​មិន​បាន​បញ្ជាក់​ ថា​តើ​រហូត​មក​ដល់​ពេល​នេះ​មាន​ប្រជា​ពលរដ្ឋ​ចំនួន​ប៉ុន្មាន​បាន​មកពិនិត្យ​ឈាម​ស្វែង​រក​មេរោគ​អេដស៍​ទេ​ ប៉ុន្តែ​លោក​បញ្ជាក់​ថា ​នៅ​មាន​ប្រជា​ពលរដ្ឋ​ប្រមាណ​ជា​ដប់​នាក់ ជារៀង​រាល់ថ្ងៃ ​មក​ពិនិត្យ​ឈាម​ស្វែងរក​មេរោគ​អេដស៍​នៅមន្ទីរ​ពេទ្យ​ខេត្ត​បាត់​ដំបង​នៅ​ក្នុង​ពេល​នេះ។​

កាល​ពី​ថ្ងៃ​ច័ន្ទ ​សាលា​ដំបូង​ខេត្ត​បាត់​ដំបង​បានចោទ​ប្រកាន់​លោក​យ៉ែម ជ្រិន ​អាយុ​៥៥​ឆ្នាំ​ពី​បទ​ប្រព្រឹត្ត ​ដែល​មាន​ចេតនា​ចម្លង​ជំងឺ​អេដស៍ទៅ​អ្នក​ដទៃ ​បទ​ឃាតកម្ម​ដ៏​ឃោរឃៅ​ និង​បទ​បើក​កន្លែង​ពិគ្រោះ​ជំងឺដោយ​គ្មាន​លិខិត​អនុញ្ញាត​ពី​ក្រសួង​សុខា​ភិបាល។​ តាម​បទ​ចោទ​នេះ​ ​គ្រូ​ពេទ្យ​រូប​នេះ​អាច​ប្រឈម​នឹង​ការ​ដាក់​ទោស​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត។​ ការ​ចោទ​ប្រកាន់​នេះ​ធ្វើ​ឡើង​ ក្រោយ​ពី​គ្រូ​ពេទ្យ​រូប​នេះ​បាន​សារភាព​ប្រាប់​សមត្ថ​កិច្ច​នគរបាល​ខេត្ត​ថា​ លោក​បាន​ប្រើ​ប្រាស់​ស៊ីរ៉ាំងរួម​និង​ម្ជុល​ចាក់​ថ្នាំ​រួមក្នុង​ការព្យាបាល​អ្នក​ជំងឺ​នា​ពេល​កន្លង​មក។​

ការ​អនុវត្តរបៀប​នេះ​ត្រូវ​ហាម​ឃាត់​ដោយ​សារ​មានការ​ព្រួយ​បារម្ភ​ពី​ការ​ចម្លង​មេរោគ​អេដស៍​តាម​ម្ជុល​ចាក់​ថ្នាំ​រួម។​

លោក​វេជ្ជ​បណ្ឌិត​មាន​ ឈីវុន​បញ្ជាក់​ឡើង​វិញ​ថា ​ការ​សង្ស័យ​ដែល​ថា​ គ្រូ​ពេទ្យ​នេះបាន​ជួយ​ជំរុញ​ការ​ឆ្លង​រាតត្បាត​ជំងឺ​អេដស៍​មិន​មែន​ជា​កត្តា​តែមួយ​ដែល​ក្រុម​វេជ្ជ​បណ្ឌិត​ត្រូវ​ពិចារណា​នោះ​ទេ។​

«ការ​រួម​ភេទ​ដែល​គ្មាន​សុវត្ថិភាព​ក៏​ជា​កត្តា​មួយ​ដែល​យើង​ត្រូវ​ពិចារណា​ ថា​តើ​វា​ពាក់​ព័ន្ធឬ​ទេ ហើយ​នឹង​ការ​ប្រព្រឹត្ត​នៃ​អត្តចរិត​ និងការ​ទទួល​ការ​ព្យាបាល​ និង​អ្នក​ផ្តល់​សេវា​ព្យាបាល។ ​ហើយ​យើង​ក៏​បាន​ស្រង់​ផង​ដែរ​ពី​កម្រិត​នៃ​ចំណេះ​ដឹង​ដោយ​សារ​វា​ក៏​ជា​កត្តា​ពាក់​ព័ន្ធ​នឹង​បញ្ហា​សុខ​ភាព​ដែរ»។​

លោក​វេជ្ជ​បណ្ឌិត​មាន ឈីវុន​មិន​អាច​បញ្ជាក់​បាន​ទេ​ ថា​តើការ​វិភាគ​រក​មូល​ហេតុ​នៃ​ការ​ឆ្លង​ជំងឺ​អេដស៍​នៅ​ក្នុង​ភូមិ​រកា​នឹង​បញ្ចប់​នៅ​ពេល​ណា​នោះ​ទេ។​

លោក​បន្ថែម​ថា ​ក្នុង​ចំណោមអ្នក​ផ្ទុក​មេរោគ​អេដស៍​ក្នុង​ភូមិក៏​មាន​អ្នក​ជំងឺ​មួយ​ចំនួន​ផ្ទុក​មេរោគ​នេះ​ចំនួន​ពីរ​ទៅ​បី​ឆ្នាំ​កន្លង​មកហើយ​ ហើយ​ពួក​គេ​ក៏​ទទួល​បាន​ការ​ព្យាបាល​រួច​មក​ហើយ​ដែរ។​

ក្រុម​អ្នក​ឯក​ទេស​វេជ្ជសាស្ដ្រ​បរទេស​មិន​ធ្វើ​សេចក្តី​អត្ថា​ធិប្បាយ​លើ​ករណី​ឆ្លង​មេរោគ​អេដស៍​នៅ​ភូមិ​រកា ​ខេត្ត​បាត់​ដំបង​ទេ ​ក្រោយ​ពី​រដ្ឋា​ភិបាល​បាន​បិទ​ការ​ទម្លាយ​ព័ត៌មាន​នានា​ក្នុង​សំណុំ​រឿង​នេះ៕

XS
SM
MD
LG