ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បីឆ្នាំក្រោយពី​ជ័យជម្នះលោក ត្រាំ ប្រយុទ្ធនឹងការប្តឹងទម្លាក់លោកហើយប្រឈមនឹងមាគ៌ាដ៏លំបាកទៅកាន់ការបោះឆ្នោតឆ្នាំក្រោយ


លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ និង​ភរិយាMelania
លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ និង​ភរិយាMelania

ថ្ងៃសុក្រទី៨ ខែវិច្ឆិកា គឺគម្រប់ខួបទី៣នៃជាប់ឆ្នោតឆ្នាំ២០១៦របស់លោក ដូណាល់ ត្រាំ ធ្វើជាប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិក។ លោក ត្រាំ នៅតែខ្លាំងនៅក្នុងនយោបាយអាមេរិក ប៉ុន្តែនៅគម្រប់ខួបទី៣នេះ គឺជាពេលដែលលោកកំពុងប្រឈមមុខនឹងការគំរាមកំហែងដល់តំណែងប្រធានាធិបតីរបស់លោកដ៏ធ្ងន់ធ្ងរបំផុតមួយ។

៣ឆ្នាំ​កន្លង​ផុត​ទៅ​ចាប់​តាំង​ពី​យប់​មួយ​ក្នុង​ខែ​វិច្ឆិកា​ ដែល​លោក​ ដូណាល់ ត្រាំ បាន​ធ្វើ​ឲ្យ​ពិភពលោក​មាន​ការ​ភ្ញាក់​ផ្អើល​ ពេល​លោក​ជាប់​ឆ្នោត​ធ្វើ​ជា​ប្រធានាធិបតី​ទី៤៥​របស់​អាមេរិក។

លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ បាន​ថ្លែង​ថា៖

«ជូន​ចំពោះ​អ្នក​គាំទ្រ​គណបក្ស​សាធារណរដ្ឋ​ គណបក្ស​ប្រជាធិបតេយ្យ​និង​អ្នក​ឯករាជ្យ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស​ ខ្ញុំ​គិត​ថា​ វា​ដល់​ពេល​ហើយ​ដែល​យើង​ត្រូវ​រួម​សាមគ្គី​គ្នា​ជា​ថ្លុង​មួយ»។

ការ​អំពាវនាវ​ឲ្យ​មាន​ការ​បង្រួប​បង្រួម​គ្នា​នៅ​ពេល​នោះ​បាន​សាប​រលាប​យូរ​ណាស់​ទៅ​ហើយ។

លោក ត្រាំ ឥឡូវ​នេះ​ពឹង​ផ្អែក​ទៅ​លើ​ក្រុម​អ្នកគាំទ្រ​ស្មោះ​ស្ម័គ្រ​របស់​លោក​ឲ្យ​អត់​ទ្រាំ​ជាមួយ​នឹង​ការ​ចោទ​ប្រកាន់​ប្តឹង​ទម្លាក់​លោក​ពី​តំណែង ហើយ​បន្ទាប់​មក​ជួយ​លោក​ឲ្យ​ជាប់ឆ្នោត​ម្តង​ទៀត​នៅ​ឆ្នាំ​ក្រោយ។

លោក ត្រាំ បាន​ថ្លែង​ថា៖

«អ្វី​ដែល​ស្ថិត​ក្នុង​ហានិភ័យ​ពាក់ព័ន្ធ​នឹង​ការ​ប្តឹង​ផ្តល់​គ្នា​នេះ​គឺ​ លទ្ធិ​ប្រជាធិបតេយ្យ​របស់​អាមេរិក។ នេះ​គឺ​ជា​អ្វី​ដែល​ពួក​គេ​ចង់​បាន។ ពួកគេ​កំពុង​បំផ្លាញ​ប្រទេស​នេះ ប៉ុន្តែ​វា​នឹង​មិន​អាច​កើត​ឡើង​នោះ​ទេ សូម្បី​តែ​បន្តិច​ក៏​មិន​អាច​ដែរ»។

ការ​ស៊ើប​អង្កេត​ដើម្បី​ប្តឹង​ទម្លាក់​លោក​ប្រធានាធិបតី​ចេញ​ពី​តំណែង​គឺ​ផ្តោត​ទៅ​លើ​ការ​ចោទ​ប្រកាន់​ពី​កិច្ច​ប្រឹង​ប្រែង​របស់​លោក ត្រាំ ដើម្បី​ដាក់​សម្ពាធ​ទៅ​លើ​អ៊ុយក្រែន​ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​គូ​ប្រជែង​នយោបាយ​របស់​លោក​គឺ​លោក Joe Biden។ លោក Biden បាន​លើក​យក​បញ្ហា​លោក ត្រាំ ​ដើម្បី​ជួយ​ឲ្យ​លោក​ឈ្នះ​ការ​តែង​តាំង​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ឆ្នាំ​ក្រោយ។

លោក Biden បាន​ថ្លែង​ថា៖

«លោក​ ត្រាំ ថ្លែង​ថា នឹង​មាន​សង្គ្រាម​ស៊ីវិល។ លោក​ជា​មនុស្ស​សរសៃ​ប្រសាទ។ ខ្ញុំ​បារម្ភ​អំពី​អ្វី​ដែល​លោក​នឹង​ធ្វើ​បន្ទាប់។ ខ្ញុំ​មិន​មែន​បារម្ភ​ពី​ខ្លួន​ខ្ញុំ​ឬ​ក្រុម​គ្រួសារ​របស់​ខ្ញុំ​ទេ។ ខ្ញុំ​បារម្ភ​អំពី​អ្វី​ដែល​លោក​នឹង​ធ្វើពេល​លោក​នៅ​កាន់​តំណែង​ប្រធានាធិបតី​នៅ​ឆ្នាំ​ក្រោយ»។

លោក John Fontier អ្នក​វិភាគ​មក​ពី​មជ្ឈមណ្ឌល​គោលនយោបាយ​បង្រួប​បង្រួម​បក្ស​ទាំង​ពីរ​បាន​ថ្លែង​ថា​ ការ​ស៊ើប​អង្កេត​ដើម្បី​ចោទ​ប្រកាន់​ប្តឹង​លោក​ប្រធានាធិបតី​ពី​តំណែង​នឹង​ផ្អែកទៅ​លើ​ការ​បោះឆ្នោត​ឲ្យ​បក្ស​រៀងៗ​ខ្លួន។

លោក Fontier ថ្លែង​ថា៖

«សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ ពួកគេ​ជឿ​ថា​លោក​ប្រធានាធិបតី​បាន​ធ្វើ​ទង្វើ​ដែល​ខុស ហើយ​ពួក​គេ​គិត​ថា ​ពួក​គេ​នឹង​អាច​ទាញ​យក​ភស្តុតាង​កាន់​តែ​ច្រើន​ជាង​មុន។ ​ខ្ញុំ​គិត​ថា ក្តី​សង្ឃឹម​របស់​ពួក​គេ​គឺ​ដើម្បី​កែ​ប្រែ​ទស្សនៈ​របស់​សាធារណៈជន​ឲ្យ​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី ហើយ​ប្រហែល​ជា​អាចទម្លាក់​លោក​ពី​តំណែង​ទៀត​ផង។ ខ្ញុំ​គិត​ថា ខាង​គណបក្ស​សាធារណរដ្ឋ​កំពុង​ងាក​ទៅ​គាំទ្រ​ប្រធានាធិបតី​ដែល​មិន​ធ្លាប់​មាន​កាល​ពី​មុន​ ដើម្បី​យក​មក​និយាយ​វាយ​បក​ទៅ​គណបក្ស​ប្រជាធិបតេយ្យ​វិញ ឬ​ដើម្បី​ឲ្យ​រួច​ខ្លួន​ពី​ការ​ចោទ​ប្រកាន់​នា​ពេល​បច្ចុប្បន្ន»។

ការ​ស្ទង់​មតិ​បង្ហាញ​ថា អត្រា​គាំទ្រ​លោក ត្រាំ មាន​ប្រមាណ​៤០ភាគរយ ដែល​ជា​អត្រា​ដ៏​ទាប​ក្នុង​ប្រវត្តិសាស្ត្រ​សម្រាប់​ប្រធានាធិបតី​កំពុង​កាន់​អំណាច ដែល​ព្យាយាម​ប្រយុទ្ធ​ប្រឆាំង​នឹង​ចោទប្រកាន់​ប្តឹង​ទម្លាក់​ពី​តំណែង​ហើយ​ចង់​ជាប់​ឆ្នោត​ម្តង​ទៀត​ក្នុង​ពេល​តែ​មួយ។

ប៉ុន្តែ​ការ​មើល​ស្រាល​លោក ត្រាំ គឺ​ជា​ការ​គ្រោះថ្នាក់។ នេះ​បើ​តាម​ការ​ថ្លែង​របស់​លោក John Feehery ដែល​ជា​អ្នក​យុទ្ធសាស្ត្រ​របស់​គណបក្ស​សាធារណរដ្ឋ។

លោក Feehery បាន​ថ្លែង​ថា៖

«តើ​ក្រុម​អ្នក​ជំនាញ​អំពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មាន​ខ្វះ​ចន្លោះ​ត្រង់​ណា​អំពី​លោក ត្រាំ​ដែរ​ឬ​ទេ? ប្រាកដ​ណាស់។ ពួក​គេ​ស្គាល់​លោក ត្រាំ​ មិន​ច្បាស់​នោះ​ទេ។ ​មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ជា​ច្រើន​ដែល​ពួក​គេ​គាំទ្រ​លោក​នោះ​គឺ​ដោយ​សារ​តែ​លោក​គោរព​ពាក្យ​សន្យា​របស់​លោក ហើយ​លោក​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មាន​ដំណើរ​ទៅ​មុខ​បាន​ល្អ»។

លោក William Galston ដែល​ជា​អ្នក​វិភាគ​មួយ​រូប​មក​ពី​វិទ្យាសា្ថន​ Brookingsបាន​ថ្លែង​ថា បើ​ទោះ​បី​ជា​ទីបំផុត​លោក ត្រាំ ត្រូវ​បាន​ចោទ​ប្រកាន់​ប្តឹង​ទម្លាក់​ពី​តំណែង​ដោយ​រដ្ឋសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​ក៏​ដោយ ក៏​លោក​ទំនង​នឹង​ត្រូវ​រួច​ខ្លួន​ក្នុង​សវនាការក្នុង​ព្រឹទ្ធសភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ​ដែរ។

លោកWilliam Galston បាន​ថ្លែង​ថា៖

«ខ្ញុំ​ដឹង​តាំង​ពី​ពេល​ពិភាក្សា​អំពី​ការ​ចោទ​ប្រកាន់​ទម្លាក់​លោក ត្រាំ​ តាំង​ពី​ពេល​ទើប​ចាប់​ផ្តើម​កាលពី​ជាង​មួយ​ឆ្នាំ​មុន​មក​ម្លេះ​ថា ប្រសិន​បើ​គណបក្ស​ប្រជាធិបតេយ្យ​ចង់​ទម្លាក់​លោក ត្រាំ​ ពី​តំណែង​ នោះនឹង​ត្រូវ​ទម្លាក់​តាម​រយៈ​ការ​បោះឆ្នោត​ឆ្នាំ២០២០។ គ្មាន​អ្វី​ដែល​អាច​កែ​ប្រែ​ទស្សនៈ​របស់​ខ្ញុំ​បាន​នោះ​ទេ»។

៣ឆ្នាំ​ក្នុង​ការ​កាន់​តំណែង​ប្រធានាធិបតី​ដ៏​ច្របូក​ច្របល់​របស់​លោក ដូណាល់ ត្រាំ ពលរដ្ឋ​អាមេរិកាំង​ឥឡូវ​នេះ​ហ៊ុំ​ព័ទ្ធ​ទៅ​ដោយ​ជម្លោះ​រវាង​គណបក្ស​ទាំង​ពីរ​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ដើម្បី​ប្តឹង​ទម្លាក់​លោក​ ត្រាំ​ ចេញ​ពី​តំណែង ហើយ​ប្រហែល​ជា​ការ​បោះឆ្នោត​ដ៏​សាហាវ​បំផុត​មួយ​នៅ​ក្នុង​ការ​ចងចាំ​របស់​ពួក​គេ​នា​ពេល​ថ្មីៗ​នេះ៕

ប្រែ​សម្រួល​ដោយ ស្រេង លក្ខិណា

វីដេអូថ្មីៗបំផុត

XS
SM
MD
LG