ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សវនាការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោក​ ត្រាំ ពី​តំណែង​នឹង​ចាប់​ផ្ដើម​ជា​សាធារណៈ​ក្នុង​សប្ដាហ៍​នេះ


លោក Adam Schiff ប្រធាន​គណៈកម្មាធិការ​ស៊ើបអង្កេត​របស់​សភា​តំណាងរាស្ត្រ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នៅ​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក Adam Schiff ប្រធាន​គណៈកម្មាធិការ​ស៊ើបអង្កេត​របស់​សភា​តំណាងរាស្ត្រ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នៅ​វិមាន​សភា Capitol Hill ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

គណៈកម្មាធិការ​ស៊ើបការណ៍​សម្ងាត់​របស់រដ្ឋសភា​អាមេរិក​នឹង​ចាប់​ផ្ដើម​បើក​សវនាការ​សាធារណៈ​ក្នុង​សប្ដាហ៍​នេះ​អំពី​ដំណើរការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ពី​តំណែង។ សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​និយាយ​ថា លោក​ប្រធានាធិបតី​បាន​បំពាន​អំណាច​ខ្លួនឯង​តាមរយៈ​ការផ្អឹប​ជំនួយយោធា​ចេញ​ពី​ប្រទេស​អ៊ុយក្រែន​ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​រដ្ឋាភិបាល​អ៊ុយក្រែន​ស៊ើបអង្កេត​លើ​គូប្រជែង​នយោបាយ​របស់​លោក។ ​

ការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ពី​តំណែង​នឹង​ចាប់​ផ្ដើម​ដំណើរការ​ជា​សាធារណៈ​ក្នុង​សប្ដាហ៍​នេះ ដែល​សវនាការ​ទី​មួយ​នឹង​បើក​នៅ​ថ្ងៃ​ពុធ​នេះ។

ចំណាត់ការ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ការ​ចោទប្រកាន់​ពី​សំណាក់​ពួក​សាធារណរដ្ឋ​អស់រយៈពេល​រាប់​សប្ដាហ៍​ទៅ​លើ​ពួក​ប្រជាធិបតេយ្យ​ថា​បាន​ធ្វើការ​ដោយ​លាក់លៀម។

ពួក​សាធារណរដ្ឋ​បាន​បន្ដ​ការពារ​លោក​ប្រធានាធិបតី បើ​ទោះ​ជា​អ្នក​ខ្លះ​ជឿថា សកម្មភាព​របស់​លោក​ប្រធានាធិបតី​មិន​សមរម្យ​ក៏​ដោយ។

ការ​ស៊ើបអង្កេត​ដើម្បី​ចោទប្រកាន់​ទម្លាក់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ពី​តំណែង​នេះ គឺ​ផ្ដើម​ចេញ​ពី​ការ​សន្ទនា​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា រវាង​លោក ដូណាល់ ត្រាំ និង​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskiy ដែល​លោក ត្រាំ​បាន​ស្នើ​ឲ្យ​អ៊ុយក្រែន​បើក​ការ​ស៊ើបអង្កេត​ទៅ​លើ​គូ​ប្រជែង​នយោបាយ​របស់​លោក គឺ​អតីត​អនុប្រធានាធិបតី​អាមេរិក លោក Joe Biden ដែល​ប្រជែង​គ្នា​នៅ​ក្នុង​ការ​បោះឆ្នោត​យក​តំណែង​ប្រធានាធិបតី​នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ។

លោក ត្រាំ ក៏​ស្នើ​ឲ្យ​អ៊ុយក្រែន​បើក​ការ​ស៊ើបអង្កេត​ទៅ​លើ​លោក Hunter Biden ដែល​ជា​កូន​ប្រុស​របស់​លោក Joe Biden ផង​ដែរ ដោយសារ​តែ​លោក​ធ្លាប់​បម្រើការ​នៅ​ក្នុង​ក្រុមហ៊ុន​ឧស្ម័ន​ធម្មជាតិ​មួយ​របស់​អ៊ុយក្រែន។ ខណៈ​ពេល​នេះ លោក ត្រាំ បាន​ផ្អឹបជំនួយ​យោធា​របស់​អាមេរិកដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​ចំនួន​៣៩១ដុល្លារ​ពី​ប្រទេស​អ៊ុយក្រែន​ផង​ដែរ៕

XS
SM
MD
LG