ប៉ូលិសកម្ពុជានៅបន្តអះអាងថា សមត្ថកិច្ចមិនទាន់អាចផ្ទៀងផ្ទាត់ព័ត៌មាននៃការបាត់ខ្លួនសកម្មជនថៃលោក Wanchalearm Satsaksit នៅឡើយទេ ខណៈភាគីថៃក៏មិនទាន់បានស្នើសុំឲ្យកម្ពុជាធ្វើអ្វីបន្តទៀតនោះដែរ។
អស់រយៈពេល៣សប្តាហ៍មកហើយ ពោលគឺកាលពីថ្ងៃទី៤ ខែមិថុនា លោក Wanchalearm ជាសកម្មជនថៃនិងបានគេចខ្លួនមករស់នៅកម្ពុជាជាច្រើនឆ្នាំមកហើយនោះត្រូវបានគេចាប់ដាក់ក្នុងរថយន្ត Highlander ពណ៌ខ្មៅ ហើយបើកចេញទៅ។
សាក្សីនៅក្បែរខុនដូដែលពួកគេថា ជនជាតិថៃលោក Wanchalearm អាយុ៣៧ឆ្នាំ ស្នាក់នៅនោះ បានប្រាប់ VOA ថា ពួកគេឃើញសកម្មជនថៃរូបនេះ ត្រូវបានបុរស៣ នាក់ ចាប់បញ្ចូលក្នុងរថយន្តមួយគ្រឿងនៅមុខខុនដូមួយក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សាក្សីបញ្ជាក់ថា អ្នកដែលត្រូវចាប់ពង្រត់នោះ ពិតជាជនជាតិថៃ ដែលរូបថតរបស់លោកត្រូវបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកនិងសារព័ត៌មាន។
លោក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យ ថ្លែងប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា រហូតមកដល់ថ្ងៃនេះ អាជ្ញាធរកម្ពុជាមិនទាន់អាចសន្និដ្ឋានថា ព័ត៌មាននៃការបាត់ខ្លួនសកម្មជនថៃរូបនោះ ពិតកម្រិតណានោះទេ។
លោកបន្តថា ម្ចាស់ខុនដូបានប្រាប់ប៉ូលិសថា មិនមានឈ្មោះជនជាតិថៃនោះស្នាក់នៅខុនដូទេ ហើយម្ចាស់ខុនដូក៏លើកឡើងដែរថា មិនដែលឃើញជនជាតិថៃជាអតិថិជនស្នាក់នៅដែរ។ លោកបន្ថែមថារថយន្តដែលកាមេរ៉ាសុវត្ថិភាពថតបាននោះ ក៏ប្រើប្រាស់ស្លាកលេខក្លែងក្លាយផងដែរ។
អ្នកនាំពាក្យប៉ូលិសរូបនេះលើកឡើងទៀតថា មិនដឹងថា ឃ្លីបវីដេអូដែលត្រូវបានចែករំលែកលើបណ្តាញសង្គមហ្វេសប៊ុកនោះ កើតឡើងពីពេលណា និងនៅកន្លែងណាទេ។
លោកបញ្ជាក់ថា៖ «ជាការផ្ទៀងផ្ទាត់ជាមួយការចោទប្រកាន់ឃើញថា វាអត់ស៊ីមេទ្រីគ្នាចំពោះព័ត៌មាននិងការស៊ើបអង្កេតជាក់ស្តែង»។
បើតាមលោក ឆាយ គឹមខឿន ចាប់តាំងពីឆ្នាំ ២០១៧ មក ជនជាតិថៃ Wanchalearm មិនមានឈ្មោះសុំទិដ្ឋាការពីអាជ្ញាធរកម្ពុជានោះទេ។ ដូច្នេះលោកថាជនជាតិថៃនោះអាចចេញពីកម្ពុជា ឬ រស់នៅដោយខុសច្បាប់។
នៅពេលសួរថា តើអាជ្ញាធរកម្ពុជានឹងបញ្ចប់ការស៊ើបអង្កេតឬយ៉ាងណា លោក ឆាយ គឹមខឿន ថ្លែងថា៖
«សំណួរហ្នឹងរសើបបន្តិច ហើយពូក៏មិនមែនមិនដឹងថា VOA ជានរណាដែរ។ ប៉ុន្តែដូចពូឆ្លើយពីដំបូងអ៊ីចឹង យើងមិនទុកឲ្យស្រុកខ្មែរគេចោទប្រកាន់ស្រេចតែចិត្តទេ។ ប៉ុន្តែគ្រាន់តែថា យើងត្រូវការពេលវេលាមួយ។ ដល់ពេលនេះ យើងមិនទាន់អាចវាយតម្លៃព័ត៌មាន ផ្ទៀងផ្ទាត់ព័ត៌មានបានច្បាស់ផង។ ចោទថា យើងចង់ទុកស្ថានការណ៍អ៊ីចឹងខាងសមត្ថកិច្ចអត់ទទួលយកបានទេ។ យើងអត់ទុកស្ថានការណ៍អ៊ីចឹងទេ។ លទ្ធផលនៃការស៊ើបអង្កេតយ៉ាងម៉េច យើងអត់ទាន់ដឹងទេ»។
កន្លងទៅ ស្ថានទូតថៃប្រចាំនៅកម្ពុជា បានស្នើឲ្យអាជ្ញាធរកម្ពុជាផ្ទៀងផ្ទាត់ព័ត៌មាននៃការបាត់ខ្លួនសកម្មជនថៃតាមការចុះផ្សាយរបស់សារព័ត៌មាន។
លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍នេះថា កម្ពុជាបានផ្ញើកំណត់ទូតត្រឡប់ទៅប្រទេសថៃវិញ តាំងពីថ្ងៃទី១១ ខែមិថុនា ដោយរៀបរាប់ពីការស៊ើបអង្កេតផ្ទៀងផ្ទាត់ព័ត៌មាន។ លោកបន្តថា ភាគីថៃមិនទាន់មានការស្នើសុំអ្វីបន្តទៀតនោះទេ។
លោកបញ្ជាក់ថា៖ «គេអត់មានធ្វើការស្នើអីឲ្យយើងធ្វើអីទៀតទេ។ នៅក្នុងហ្នឹងដូចយើងបានបញ្ជាក់ហើយ សមត្ថកិច្ចយើងក៏នៅតែបន្តធ្វើការស្រាវជ្រាវដែរ»។
VOA មិនអាចសុំការឆ្លើយតបពីមន្រ្តីស្ថានទូតថៃប្រចាំនៅភ្នំពេញ និងទីក្រុងបាងកកបាននៅឡើយទេនៅថ្ងៃព្រហស្បតិ៍នេះ។
កន្លងទៅ ក្រសួងការបរទេសថៃបានប្រាប់ VOA ថា ភាគីថៃបាននិងកំពុងតាមដានរបាយការណ៍ព័ត៌មានទាក់ទងទៅនឹងការបាត់ខ្លួនលោក Wanchalearm «ជាមួយការព្រួយបារម្ភយ៉ាងខ្លាំង»។ ក្រសួងការបរទេសថៃបញ្ជាក់ថា រដ្ឋាភិបាលថៃបានទាក់ទងកម្ពុជារួចហើយ ដើម្បីជាកិច្ចសហការឲ្យផ្ទៀងផ្ទាត់ការណ៍ពិតនិងផ្តល់ព័ត៌មានដែលអាចឈានទៅដល់ការស្វែងរកលោក Wanchalearm។
VOA បានសាកសួរស្រ្តីខ្មែរម្នាក់ដែលស្គាល់លោក Wanchalearm ជាង២ឆ្នាំ មកហើយក្នុងនាមជា«មិត្តភ័ក្តិជិតស្និទ្ធិ»។ ស្រ្តីអាយុ២៧ឆ្នាំរូបនោះនិយាយសុំមិនបញ្ចេញឈ្មោះ ដោយបារម្ភអំពីសុវត្ថិភាព។ កញ្ញានិយាយថា លោក Wanchalearm ពិតជាស្នាក់នៅខុនដូនោះមែន ហើយកញ្ញាក៏ធ្លាប់ចូលទៅលេងទីនោះជាមួយគាត់ដែរ។
កញ្ញាបញ្ជាក់ថា៖ «ខ្ញុំមិនដឹងហេតុអ្វីគេថាមិនដែលស្គាល់គាត់មិនដែលឃើញគាត់នៅខុនដូ។ គាត់ពិតជានៅទីនោះ។ គាត់ធ្លាប់ហៅខ្ញុំទៅលេង ហើយខ្ញុំបានទៅលេងអង្គុយនៅខាងក្រោយខុនដូនោះដែរ»។
បើតាមស្រ្តីរូបនោះ នៅថ្ងៃចាប់ខ្លួន មិត្តភក្តិជនជាតិថៃរបស់សកម្មជនរូបនោះ បានខលមកកញ្ញាហើយសួរថា កាមេរ៉ាសុវត្ថិភាពនៅហាងកញ្ញាថតផ្លូវឃើញឬទេ តែកញ្ញាមិនចាប់អារម្មណ៍។ កញ្ញាបន្តថា នៅពេលឃើញព័ត៌មាននិងការចុះផ្សាយលើប្រព័ន្ធសង្គមហ្វេសប៊ុក ទើបដឹងថា លោក Wanchalearm ត្រូវបានចាប់ពង្រត់។
កញ្ញាថ្លែងប្រាប់ VOA ថា លោក Wanchalearm ដែលកញ្ញាស្គាល់ឈ្មោះក្រៅថា «តា» ចូលចិត្តនិយាយរឿងនយោបាយ ហើយតែងតែរិះគន់នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan-ocha)។
កញ្ញាថ្លែងថា៖ «គាត់និយាយថា គាត់អត់ចូលចិត្តលោកប្រាយុទ្ធទេ។ គាត់ចូលចិត្តថាក់ស៊ីន (អតីតនាយករដ្ឋមន្រ្តីថៃ)។ ហើយគាត់ថា គាត់ចង់ឃើញប្រជាជនមានសេរីភាព»។
កញ្ញាឲ្យដឹងទៀតថា លោក Wanchalearm ប្រាប់ថា លោកធ្លាប់ត្រូវបានបុរសពីរបីនាក់តាមរកហើយលោកប្រាប់ថា បើមានគេសួររករូបលោកប្រាប់គេថា មិនស្គាល់រូបលោកនោះទេ។ កញ្ញាថ្លែងបន្តថា៖
«ខ្ញុំនៅតែគិតថា គាត់មកវិញ។ គាត់ជាមនុស្សល្អ រួសរាយ មនុស្សស្រួលៗ និងជាសុភាពបុរស»។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ ថ្លែងថា អាជ្ញាធរកម្ពុជាគួរតែបន្តការស៊ើបអង្កេតករណីនេះ ដោយសារវាមានការចាប់អារម្មណ៍ច្រើនពីសហគមន៍អន្តរជាតិ។
លោកមានប្រសាសន៍ថា៖ «ត្រូវតែជំរុញឲ្យមានការប្រមូលព័ត៌មានហ្នឹងឲ្យបានច្បាស់លាស់ ដើម្បីបញ្ជាក់អំពីហេតុផលសមរម្យណាមួយដែលគេអាចនឹងជឿជាក់បាន»។
លោក Wanchalearm គឺជាសកម្មជនប្រជាធិបតេយ្យល្បីឈ្មោះម្នាក់ ដែលតែងរិះគន់រដ្ឋាភិបាលយោធារបស់លោកនាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូច។ មួយថ្ងៃមុនការចាប់ដាក់ក្នុងរថយន្ត សកម្មជនរូបនេះបានបង្ហោះវីដេអូចុងក្រោយមួយលើហ្វេសប៊ុករបស់លោក រិះគន់នាយករដ្ឋមន្រ្តីថៃ។ នៅក្នុងវីដេអូប្រមាណ ១ នាទីនោះ សកម្មជនរូបនេះបាន«ជេរប្រមាថ»ថា លោក ប្រាយុទ្ធ ជាមេដឹកនាំនិយាយបានតែមាត់ ដឹកនាំប្រទេសមិនកើត និងជា«មេដឹកនាំល្ងង់ខ្លៅ»។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) លើកឡើងថា សកម្មជនរូបនេះ បានគេចមកនៅប្រទេសកម្ពុជា បន្ទាប់ពីរដ្ឋប្រហារនៅប្រទេសថៃក្នុងខែឧសភា ឆ្នាំ២០១៤។ អង្គការ Human Rights Watch បញ្ជាក់ថាកាលពីខែមិថុនា ឆ្នាំ២០១៨ អាជ្ញាធរថៃបានចេញដីកាចាប់ខ្លួនលោក Wanchalearm ផងដែរ៕