ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ខណៈថៃ​រង់ចាំ​ការផ្ទៀងផ្ទាត់​ព័ត៌មាន​បាត់​ខ្លួន​សកម្មជន​ថៃ​នៅ​ភ្នំពេញ ប៉ូលិស​កម្ពុជា​ថា រថយន្ត​ដែល​ថត​បាន​នោះ​ពាក់​ស្លាក​លេខ​ក្លែងក្លាយ


រូបឯកសារ៖ បាតុករ​ម្នាក់​នៅ​ខាងក្រៅ​ស្ថានទូត​ខ្មែរ​ក្នុង​ទីក្រុង​បាងកក នៅ​ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២០ កាន់​រូប​សកម្មជន​ថៃ​លោកWanchalearm Satsaksit ដែល​ត្រូវ​បានចាប់​ពង្រត់។
រូបឯកសារ៖ បាតុករ​ម្នាក់​នៅ​ខាងក្រៅ​ស្ថានទូត​ខ្មែរ​ក្នុង​ទីក្រុង​បាងកក នៅ​ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២០ កាន់​រូប​សកម្មជន​ថៃ​លោកWanchalearm Satsaksit ដែល​ត្រូវ​បានចាប់​ពង្រត់។

សាក្សី​ដែល​នៅ​ក្បែរ​ខុនដូ​ដែល​ពួក​គេ​ថា ​ជន​ជាតិ​ថៃ​លោក​ Wanchalearm​ អាយុ​៣៧​ឆ្នាំ​ ស្នាក់​នៅ​​នោះ​ បាន​ប្រាប់ ​VOA ​ថា​ ពួក​គេ​ឃើញ​សកម្មជន​​ថៃ​រូប​នេះ​ ត្រូវ​បាន​បុរស​៣​នាក់​ចាប់​បញ្ចូល​ក្នុង​រថយន្ត​មួយ​គ្រឿង​នៅ​មុខ​ខុនដូ​មួយ ​ដែល​សកម្មជន​រូប​នោះ ​ស្នាក់​នៅ​ច្រើន​ឆ្នាំ​មក​ហើយ។

ប៉ូលិស​កម្ពុជា​អះអាង​ថា​ ​ស្លាក​លេខ​រថយន្ត​ដែល​សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​បាត់​ខ្លួន​សកម្មជន​ថៃ​ជា​ស្លាក​លេខ​ក្លែង​ក្លាយ​ ខណៈ​ក្រសួង​ការ​បរទេស​ថៃ​នៅ​បន្ត​រង់​ចាំ​ការ​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​នៅ​ឡើយ​ថា​ តើ​សកម្មជន​ថៃ​ឈ្មោះ ​Wanchalearm Satsaksit​ពិត​ជា​ត្រូវ​បាន​ចាប់​ពង្រត់ ​ឬ ​យ៉ាងណា។​

ជិត​២​សប្តាហ៍​មក​ហើយ​ ពោល​គឺ​កាល​ពី​ថ្ងៃ​ទី​៤​ ខែ​មិថុនា​លោក​ Wanchalearm ​ជា​សកម្មជន​ជាតិ​ថៃ ​ដែល​ក្រុម​សិទ្ធិ​មនុស្ស​រាយ​ការណ៍​ថា​ បាន​គេច​ខ្លួន​មក​រស់​នៅ​កម្ពុជា​ជា​ច្រើន​ឆ្នាំ​មក​ហើយនោះ​ ត្រូវ​បាន​គេ​ចាប់​ដាក់​ក្នុង​រថយន្ត ​Highlander​ ពណ៌​ខ្មៅ ហើយ​បើក​ចេញ​ទៅ។ ​សាក្សី​ដែល​នៅ​ក្បែរ​ខុនដូ​ដែល​ពួក​គេ​ថា ​ជន​ជាតិ​ថៃ​លោក​ Wanchalearm​ អាយុ​៣៧​ឆ្នាំ​ ស្នាក់​នៅនោះ​ បាន​ប្រាប់ ​VOA ​ថា​ ពួក​គេ​ឃើញ​សកម្មជនថៃ​រូប​នេះ​ ត្រូវ​បាន​បុរស​៣​នាក់​ចាប់​បញ្ចូល​ក្នុង​រថយន្ត​មួយ​គ្រឿង​នៅ​មុខ​ខុនដូ​មួយ ​ដែល​សកម្មជន​រូប​នោះ ​ស្នាក់​នៅ​ច្រើន​ឆ្នាំ​មក​ហើយ ​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ ​រាជ​ធានី​ភ្នំពេញ។ សាក្សី​បញ្ជាក់​ថា​ អ្នក​ដែល​ត្រូវ​ចាប់​ពង្រត់​នោះ​ ពិត​ជា​ជន​ជាតិ​ថៃ ​ដែល​រូប​ថត​របស់​លោក ​ត្រូវ​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ និង​សារ​ព័ត៌មាន។​

នៅ​ក្នុង​សារ​អេឡិចត្រូនិក​ ឬ​ អ៊ីម៉ែល ​ដែល​ផ្ញើ​មក ​VOA ​នៅ​ថ្ងៃ​អង្គារ​នេះ ​ លោក ​Cherdkiart Atthakor​ អ្នក​នាំពាក្យ​របស់​ក្រសួង​ការ​បរទេស​ថៃ ​លើក​ឡើង​ថា​ ភាគី​ថៃ​បាន​និង​កំពុង​តាម​ដាន​របាយ​ការណ៍​ព័ត៌មាន​ទាក់ទង​ទៅ​នឹង​ការ​បាត់​ខ្លួន​លោក ​ Wanchalearm​ «ជាមួយ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង»។ ​ ក្រសួង​ការ​បរទេស​ថៃ ​បញ្ជាក់​ថា​ ការណ៍​ពិត​មិន​ទាន់​ត្រូវ​បាន​ផ្ទៀង​ផ្ទាត់ ​និង​បញ្ជាក់​ច្បាស់​នៅ​ឡើយ​ទេ។​

ក្រសួង​ការ​បរទេស​ថៃ​បញ្ជាក់​ថា​ រដ្ឋាភិបាល​ថៃ​បាន​ទាក់ទង​កម្ពុជា​រួច​ហើយ ​ដើម្បី​ជា​កិច្ច​សហការ​ឲ្យ​ផ្ទៀង​ផ្ទាត់​ការណ៍​ពិត​និង​ផ្តល់​ព័ត៌មាន​ដែល​អាច​ឈាន​ទៅ​ដល់​ការ​ស្វែង​រក​លោក​ Wanchalearm។​

លោក ​ឆាយ គឹម​ខឿន ​អគ្គស្នង​ការ​រង​នគរបាល​ជាតិ​និង​ជា​អ្នក​នាំពាក្យ​ ថ្លែង​ប្រាប់​VOA​ នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ រហូត​មក​ដល់​ថ្ងៃ​នេះ ​ អាជ្ញាធរ​កម្ពុជា​មិន​ទាន់​អាច​សន្និដ្ឋាន​ថា​ ព័ត៌មាន​នៃ​ការ​បាត់​ខ្លួន​សកម្មជន​ថៃ​រូប​នោះ ​ពិត​កម្រិត​ណា​នោះ​ទេ។ ​ លោក​បន្ត​ថា​ ​ម្ចាស់​ខុនដូ​បាន​ប្រាប់​ប៉ូលិស​ថា​ មិន​មាន​ឈ្មោះ​ជន​ជាតិ​ថៃ​ដែល​បាត់​ខ្លួន​ ស្នាក់​នៅ​ខុន​ដូ​ទេ​ហើយ​ម្ចាស់​ខុនដូ​ក៏​លើក​ឡើង​ថា​ មិន​ដែល​ឃើញ​ជនជាតិ​ថៃ​ជា​អតិថិជន​ស្នាក់​នៅ​ដែរ។​ លោក​បន្ថែម​ថា​ រថយន្ត​ដែល​កាមេរ៉ា​សុវត្ថិភាព​ថត​បាន​នោះ ​ក៏​ប្រើប្រាស់​ស្លាក​លេខ​ក្លែង​ក្លាយ​ផង​ដែរ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«យើង​ស្រាវ​ជ្រាវ​ដល់​ឡាន ​ដែល​អស់​លោក​បង្ហោះ។​ អស់​លោក​សារព័ត៌​មាន​បាន​មក​ពី​ណា​ខ្ញុំ​មិន​ដឹង​ទេ។ ឃើញ​មាន​ស្លាក​លេខ​ហ្នឹង​ ស្លាក​លេខ​ក្លែង​ក្លាយ​ទៀត។ យើង​ខ្ញុំ​កំពុង​ពិចារណា​ថា​ព័ត៌មាន​ពិត ​ឬ ​មិន​ពិត​ ហើយ​ពិត​កម្រិត​ណា»។​

នៅ​ពេល​សួរ​អំពី​ការ​ទុក​ចិត្ត​ម្ចាស់​ខុនដូ​ដែល​ប៉ូលិស​ថា​ ពួក​គេ​មិន​ដែល​ឃើញ​សកម្មជន​ថៃ​ស្នាក់​នៅ​ទីនោះ​ លោក ​ឆាយ គឹមខឿន ​មាន​ប្រសាសន៍​ថា ​ម្ចាស់​ខុនដូ​នោះ​ ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ​ប្រសិន​បើ​ផ្តល់​ព័ត៌មាន​មិន​ពិត។​

លោក​មាន​ប្រសាសន៍​ថា៖​ «បើ​សិន​ជា​គាត់​កុហក ​ អាហ្នឹង​គាត់​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់។​ ថ្ងៃ​ក្រោយ​រក​ឃើញ​មក​ គាត់​ទទួល​ខុស​ត្រូវ​មុខ​ច្បាប់​ទៅ»។​

សាក្សី​បាន​ប្រាប់ ​VOA​ ថា​ សកម្មជន​ថៃ​រូប​នោះ​រស់​នៅ​ខុនដូ​មួយ​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។​

នៅ​ពេល​សួរ​ទាក់ទង​នឹង​សាក្សី​ដែល​ប្រាប់ ​VOA ​អំពី​ការ​ចាប់​ខ្លួន​នេះ ​ អ្នក​នាំពាក្យ​របស់​ប៉ូលិស​កម្ពុជា​រូប​នោះ​បាន​ថ្លែង​ថា៖​ «បើ​អូន​ឯង​ច្បាស់​ជាង​សមត្ថកិច្ច​អូន​ឯង​សហការ​ជាមួយ​សមត្ថកិច្ច ​យក​មក​ដាក់​ជាមួយ​សមត្ថកិច្ច ​ភស្តុតាង​អី»។​

បើ​តាម​លោក ​ឆាយ គឹមខឿន ​ចាប់តាំង​ពីឆ្នាំ​ ២០១៧​មក ជនជាតិ​ថៃ​Wanchalearm​ មិន​មាន​ឈ្មោះ​សុំ​ទិដ្ឋាការ​ពី​អាជ្ញាធរ​កម្ពុជា​នោះ​ទេ។​ ដូច្នេះ​លោក​ថា ​ជនជាតិ​ថៃ​នោះ​អាច​ចេញ​ពី​កម្ពុជា ​ឬ ​រស់​នៅ​ដោយ​ខុស​ច្បាប់។

ខុនដូ​វិមាន​មេគង្គ ​ឬ​ Mekong Gardens Condo ដែល​ត្រូវ​បាន​រាយ​ការណ៍ថា​ ​សកម្មជន​ថៃ​រូប​នោះ​ស្នាក់​នៅ​នោះ​ ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​វិនិយោគ​ទុន​អាណិកជន​កម្ពុជា​ (OCIC) ​របស់​ឧកញ៉ា​ល្បី​ឈ្មោះ​លោក ពុង ឃាវសែ។​

នៅ​ពេល​ទាក់ទង​តាម​ទូរស័ព្ទ ​ ជំនួយ​ការ​របស់​លោក ​ពុង ឃាវសែ ​បាន​បង្វែរ​សំណួរ​ឲ្យ​សួរ​ទៅ​អ្នក​ធ្វើ​ការ​នៅ​ខុនដូ​ផ្ទាល់។ ​ជំនួយការ​រូប​នោះ​បញ្ជាក់​ថា​ លោក ​ពុង ឃាវសែ​ពិត​ជា​ម្ចាស់​ខុនដូ ​ប៉ុន្តែ​មិន​គ្រប់គ្រង​ការងារ​ផ្ទាល់​នៃ​ការ​ស្នាក់​នៅ​របស់​ភ្ញៀវ​នោះ​ទេ។

ជំនួយ​ការ​ជា​ស្រ្តី​រូប​នោះ​និយាយ​ថា៖​ «ព្រោះ​អី​ខុនដូ​ហ្នឹង ​បច្ចុប្បន្ន ​គាត់​ជា​ម្ចាស់​ពិត​មែន ​ ប៉ុន្តែ​ធម្មតា​អ្នក​គ្រប់គ្រង​មាន​ផ្សេងៗ​គ្នា។​ គាត់​ក៏​អត់​មាន​គ្រប់​គ្រង​ទៅ​ដល់​បញ្ហា​ ការងារ​តូចតាច​ ពីណា​គេ​ស្នាក់​នៅ ពីណា​គេ​ចេញ ​ពី​ណា​ចូល​អី ​ក៏​គាត់​អត់​មាន​ទៅ​មើល​ការងារ​ហ្នឹង​ដែរ»។​

សាក្សី​អះអាង​ថា ជនជាតិ​ថៃ​នោះ ​តែងតែ​ចេញ​ពី​ខុនដូ​មក​ទិញ​ម្ហូប​អាហារ​ហើយ​ពួកគេ​ឃើញ​មុខ​ស្ទើរ​រាល់​ថ្ងៃ។ ​ សាក្សី​ដែល​ឃើញ​ការ​ចាប់​នោះ​បាន​និយាយ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ដោយ​សារ​បារម្ភ​អំពី​សុវត្ថិ​ភាព។​

មន្រ្តី​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​បន្ត​ទៀត​លើ​ករណី​នេះ ​ ដោយសារ​វា​មាន​ការ​ចាប់​អារម្មណ៍​ពី​សហគមន៍​អន្តរ​ជាតិ។

លោក​ Wanchalearm​ គឺ​ជា​សកម្ម​ជន​ប្រជា​ធិបតេយ្យ​ល្បី​ឈ្មោះ​ម្នាក់​ ដែល​តែង​រិះគន់​រដ្ឋាភិបាល​យោធា​របស់​លោក​នាយក​រដ្ឋមន្រ្តី​ ប្រាយុទ្ធ ចាន់អូចា​ (Prayuth Chan-ocha)។ ​មួយ​ថ្ងៃ​មុន​ការ​ចាប់​ដាក់​ក្នុង​រថយន្ត​ ​សកម្ម​ជន​រូប​នេះ​បាន​បង្ហោះ​វីដេអូ​ចុង​ក្រោយ​មួយ​លើ​ហ្វេសប៊ុក​របស់​លោក ​រិះគន់​នាយក​រដ្ឋមន្រ្តី​ថៃ។ ​នៅ​ក្នុង​វីដេអូ​ប្រមាណ​ ១ ​នាទី​នោះ​ សកម្មជន​រូប​នេះ​បាន​«ជេរ​ប្រមាថ»​ថា​ លោក ​ប្រាយុទ្ធ​ ជា​មេដឹកនាំ​និយាយ​បាន​តែ​មាត់​ ដឹកនាំ​ប្រទេស​មិន​កើត ​និង​ជា​ «មេ​ដឹកនាំ​ល្ងង់​ខ្លៅ»។​

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​(Human Rights Watch)​ លើក​ឡើង​ថា​ ​សកម្ម​ជន​រូប​នេះ​ បាន​គេច​មក​នៅ​ប្រទេស​កម្ពុជា ​បន្ទាប់​ពី​រដ្ឋ​ប្រហារ​នៅ​ប្រទេស​ថៃ​ក្នុង​ខែ​ឧសភា​ ឆ្នាំ​២០១៤។​ អង្គការ​ Human Rights Watch​ បញ្ជាក់​ថា​ កាល​ពី​ខែ​មិថុនា ​ឆ្នាំ​២០១៨​ ​អាជ្ញាធរ​ថៃ​បាន​ចេញ​ដីកា​ចាប់​ខ្លួន​លោក ​Wanchalearm​ ផង​ដែរ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG