កាលពីថ្ងៃសុក្រ ប្រទេសអ៊ុយក្រែនបានរាយការណ៍អំពីការស្លាប់ដំបូងនៃក្រុមទាហានខ្លួននៅក្នុងពេលបីថ្ងៃក្នុងប៉ែកខាងកើតនៃប្រទេស នៅពេលដែលលោកប្រធានាធិបតី Petro Poroshenko បានមានប្រសាសន៍ថា ក្រុមឧទ្ទាមគាំទ្រដោយរុស្សីនៅតែរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់គ្នាមួយដែលត្រូវបានសម្រេចកាលពីពេលមុនក្នុងខែនេះ។
អ្នកនាំពាក្យយោធាអ៊ុយក្រែនម្នាក់បាននិយាយថា ទាហានរដ្ឋាភិបាលបីនាក់បានត្រូវសម្លាប់ និងប្រាំពីរនាក់ទៀតបានត្រូវរបួសនៅក្នុងការប៉ះទង្គិចគ្នាជាមួយក្រុមទាមទារបំបែករដ្ឋនៅប៉ែកខាងកើតប្រទេស ដែលបង្ហាញឲ្យឃើញភាពមិនមាំទាំនៃបទឈប់បាញ់គ្នានេះ។
នៅក្នុងពិធីប្រគល់សញ្ញាប័ត្រមួយដល់ក្រុមនិស្សិតនាយទាហាន លោក Poroshenko បានមានប្រសាសន៍ថា ក្រុមយោធារបស់លោកប្រុងប្រៀបរូចជាស្រេច ដើម្បីបញ្ជូនអាវុធធុនធ្ងន់របស់ខ្លួនទៅកាន់បន្ទាត់ជួរមុខក្នុងប៉ែកខាងកើតនៃប្រទេសវិញ ប្រសិនបើភាពចលាចលនៅតែមានតទៅទៀតនោះ។លោកបាននិយាយថា កងទ័ពអ៊ុយក្រែន«ប្រុងប្រៀបគ្រប់ពេលវេលាដើម្បីតតាំងនឹងពួកសត្រូវ»។
មេដឹកនាំអ៊ុយក្រែនរូបនេះបានធ្វើការលើកឡើងដូចនេះ នៅពេលដែលប្រទេសអ៊ុយក្រែនបន្តដកអាវុធខ្លួន។
នៅក្នុងការសន្ទនាមួយតាមទូរសព្ទជាមួយលោកស្រី Angela Merkel អធិការបតីនៃប្រទេសអាល្លឺម៉ង់កាលពីថ្ងៃសុក្រ លោក Poroshenko ក៏បានសម្តែងការគាំទ្រដល់បេសកកម្មរក្សាសន្តិភាពរបស់សហភាពអឺរ៉ុបក្នុងប្រទេសអ៊ុយក្រែនផងដែរ៕