ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ស ខេង ឲ្យ​សមត្ថកិច្ច​បន្ត​បង្រ្កាប​គ្រឿង​ញៀន​ដែល​បន្ត​កើន​ឡើង​ក្នុង​ឆ្នាំ​២០២០


រូបឯកសារ៖ លោក​ស​ ខេង រដ្ឋមន្រ្តី​នៃ​ក្រសួង​មហាផ្ទៃ​ ថ្លែង​ទៅមន្រ្តី​ប៉ូលិស​និង​អភិបាល​នានា​ក្នុង​ការ​ប្រជុំ​នៃ​របាយការណ៍​បូកសរុបចំនួន​​ជន​​​អន្តោប្រវេសន៍​ នៅ​ថ្ងៃ​សុក្រ​ ទី​១៩ សីហា ឆ្នាំ​២០១៦ នៅ​រាជធានីភ្នំពេញ។​ (ឡេង ឡែន/វីអូអេ)
រូបឯកសារ៖ លោក​ស​ ខេង រដ្ឋមន្រ្តី​នៃ​ក្រសួង​មហាផ្ទៃ​ ថ្លែង​ទៅមន្រ្តី​ប៉ូលិស​និង​អភិបាល​នានា​ក្នុង​ការ​ប្រជុំ​នៃ​របាយការណ៍​បូកសរុបចំនួន​​ជន​​​អន្តោប្រវេសន៍​ នៅ​ថ្ងៃ​សុក្រ​ ទី​១៩ សីហា ឆ្នាំ​២០១៦ នៅ​រាជធានីភ្នំពេញ។​ (ឡេង ឡែន/វីអូអេ)

រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​លោក​ស ខេង ​នៅ​ថ្ងៃ​សុក្រ​នេះ បាន​ឲ្យ​ដឹង​ថា​ គ្រឿង​ញៀន​ប្រមាណ​៣តោន​ត្រូវ​បាន​រឹប​អូស​ កាល​ពី​ឆ្នាំ​២០២០ ដែល​កើន​ជាង​ឆ្នាំ​២០១៩ ហើយ​លោក​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​បន្ត​បង្រ្កាប​បទ​ល្មើស​គ្រឿង​ញៀន ជា​ពិសេស​នៅ​តាម​មូលដ្ឋាន​ភូមិ​ឃុំ​សង្កាត់។

ក្នុង​កិច្ច​ប្រជុំ​មួយ​ស្តី​ពី​ការ​កែ​សម្រួល​លក្ខណ​សម្បតិ្ត​នៃ​គោល​នយោបាយ​ភូមិ​ឃុំ​មានសុវត្ថិភាព ​នៅ​ទីស្តី​ការ​ក្រសួង​មហាផ្ទៃ​លោក​ ស ខេង មាន​ប្រសាសន៍​ឡើង​វិញ​នូវ​ពាក្យ​ ៣ ​ម៉ាត់​ដែល​លោក​បាន​ដាក់​ឲ្យ​ក្រុម​មន្ត្រី​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​ប្រើ​សម្រាប់​កម្ចាត់​គ្រឿង​ញៀន​គឺ៖ «កុំ​ពាក់​ព័ន្ធ​ កុំ​អន្តរាគមន៍ កុំ​លើ​ក​លែង» ជា​មួយ​ពួក​ឧក្រិដ្ឋ​ជន​គ្រឿង​ញៀន។

លោក​ថ្លែង​ពី​ការ​រឹបអូស​គ្រឿង​ញៀន​យ៉ាង​ដូច្នេះ៖ «កន្លង​ទៅ​ យើង​ចាប់​បាន​ច្រើន​ណាស់​ សុំ​ទោស​ ចាប់​បាន​ច្រើន​ណាស់ ​ដូច​ប្រមាណ ​៣ ​តោន ​៤​ តោន​នោះ...បាទ​ ៣ ​តោន»​។

លោក​បន្ថែម​ថា៖​ «អ៊ីចឹង​នៅ​ក្នុង​នេះ​បីកុំ​នេះ​ គឺ​ហាម​ កុំ​ពាក់​ព័ន្ធ​កុំ​អន្តរាគមន៍​ កុំ​លើក​លែង​ហើយ​អត្ថន័យ​នៅ​ក្នុង​ស្រាប់​ហើយ»។

បើ​តាម​គោល​នយោបាយ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិ​ភាព​នេះ អាជ្ញាធរតម្រូវ​ឲ្យមាន​វិធាន​ការ​ឲ្យ​បាន​ខ្លាំង​ក្លា​ជាង​មុន ​ក្នុង​ការ​បង្ការ​ទប់​ស្កាត់ការ​ចរាចរ ការ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿង​ញៀនខុស​ច្បាប់។

រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​បាន​លើក​ឡើង​វិធាន​ការ​ក្តៅ​នៅ​ពេល​ខាង​មុខ​នេះ ​គឺ​តម្រូវ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​បំបាត់​ឲ្យ​បាន​នូវ​ការ​ចរាចរ​គ្រឿង​ញៀន​និង​ប្រភពផលិត សម្រាប់​មូលដ្ឋាន «​គ្មាន​បទ​ល្មើស​គ្រឿង​ញៀន»។

លោក ស ខេង មាន​ប្រសាសន៍​ថា៖ «កាល​ពី​មុន​មក​យើង​និយាយ​ថា​បង្ការ​ទប់​ស្កាត់​អីណា​ តាំង​ពី​ការ​ដាំ​ដុះ​ការ​ជួញដូរ​ ការ​ធ្វើ​ចរាចរ​អី វា​វែង​ឆ្ងាយ​ពេក។ អ៊ីចឹង​ឥឡូវ​និយាយ​មួយ​ម៉ាត់​មក​ថា​ «គ្មាន​បទ​ល្មើស​ គ្រឿង​ញៀន»។

លោក​រដ្ឋ​មន្ត្រី​ក៏​ស្នើ​ឲ្យ​អាជ្ញាធរ​និង​អ្នក​ពាក់​ព័ន្ធ​មួយ​ចំនួន​ ត្រូវ​បន្ត​បង្ក្រាប​និង​ទប់​ស្កាត់​បទ​ល្មើស​គ្រឿង​ញៀន​គ្រប់​ប្រភេទ​ ឲ្យ​ទាន់​ពេល​វេលា​ នៅ​ពេល​បញ្ហា​គ្រឿង​ញៀន​នេះ ​បាន​រីក​រាលដាល​ដល់​ទី​ជន​បទ​កាន់​តែ​ច្រើន។

រូបឯកសារ៖ គ្រឿងញៀនដែល​ត្រូវបានរឹបអូស ត្រូវបានដុតបំផ្លាញនៅក្នុងទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹងការជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។
រូបឯកសារ៖ គ្រឿងញៀនដែល​ត្រូវបានរឹបអូស ត្រូវបានដុតបំផ្លាញនៅក្នុងទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹងការជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨។

បើ​តាម​របាយ​ការណ៍​របស់​អគ្គស្នងការ​ដ្ឋាន​នគរ​បាល​ជាតិ​អាជ្ញាធរ បាន​ចាប់​ខ្លួន​មនុស្ស​ ២១.៥៦៦​ នាក់​ ក្នុង​បទល្មើស​គ្រឿងញៀន​ចំនួន ​១០.៤៦១​ ករណី ដែល​កើន​ជាង​ឆ្នាំ​២០១៩ ដែលអាជ្ញាធរ​ចាប់​ខ្លួន​មនុស្ស​ចំនួន​ ២០.៤៩០​ នៅ​ក្នុង​ការ​បង្ក្រាប​បទ​លើ្មស​គ្រឿង​ញៀន​ចំនួន ៩.៨០៦ ​ករណី ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​វិទ្យុ​អាស៊ីសេរី​ ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២១។

ភាគ​ច្រើន​នៃ​គ្រឿង​ញៀន​ដែល​រឹប​អូស​បាន​ក្នុង​ចំនួន​៣​តោន​នោះ គឺ​ជា​ប្រភេទ​មេ​តំហ្វេតា​មីន (ICE)។​

លោក​ឧត្តម​សេនីយ៍​ឯក​ ឆាយ គឹមខឿន អ្នក​នាំ​ពាក្យ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ មាន​ប្រសាសន៍​ថា​បទ​ល្មើស​គ្រឿង​ញៀន ក្នុង​ឆ្នាំ​២០២០ កើន​ជាង​ឆ្នាំ​២០១៩។

នៅ​ក្នុង​ការ​អនុវត្ត​គោល​នយោបាយភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​ក្នុង​ពេល​ខាង​មុខ ​មន្ត្រី​នគរបាល​ជាតិ​ជាន់​ខ្ពស់​រូបនេះមិន​ទាន់អាច​វាយ​តម្លៃ​បាន​ថា​ បទ​លើ្មស​គ្រឿង​ញៀនអាច​នឹង​ថយ​ចុះ​ឬ​ក៏​កើន​ឡើង​បន្ត​ទៀត ​ពី​ព្រោះ​បទ​ល្មើស​នេះ​ខុសពី​បទ​ល្មើស​ដទៃ។

លោក​មាន​ប្រសាសន៍​ថា៖ «អ៊ីចេះ កើន​ឡើង​ឬ​ថយ​ចុះ​គ្រឿង​ញៀន​នេះ​ខុស​ពី​បទ​ល្មើស​ដទៃ យើង​ខំ​ប្រឹង​ចាប់​បាន​ច្រើន​ យើង​គិត​ថា​កើន​ឡើង​ ក៏​មិន​ត្រូវ​ដែរ​ ហើយ​បើ​យើង​បង្ក្រាបបាន​តិច​ យើង​ឃើញ​វា​មាន​តិច​មិន​ប្រាកដ​ថា ​វា​ថយ​ចុះ​ដែរ»។

លោក ​មាស​ វីរិទ្ធ​ អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​កម្ពុជា​ ប្រាប់​ VOA ថា​ ការ​ធ្លាក់​ចុះ​តម្លៃ​គ្រឿង​ញៀន​ ដោយ​សារ​តែ​ការ​ផលិត​ច្រើន​ហួស​តម្រូវ​ការ​ បាន​ជំរុញ​ឲ្យ​មាន​កំណើន​បទ​ល្មើស​គ្រឿង​ញៀន​ទាំង​ក្នុង​ប្រទេស​កម្ពុជា ​និង​បណ្តា​ប្រទេស​ផ្សេង​ទៀត។

លោក​ថា​ឧក្រិដ្ឋជន​គ្រឿង​ញៀន​ក៏​បាន​ទាញ​យក​ប្រយោជន៍​ពី​វិបត្តិ​ជំងឺ​ឆ្លង​កូវីដ​១៩ ដើម្បីចរាចរ​គ្រឿង​ញៀន​ឆ្លង​ដែនផង​ដែរ។

លោក​បញ្ជាក់​ថា៖ «បញ្ហា​កូវីដ​មនុស្ស​ខ្លាច​ខ្លាច​នៅ​តាម​ព្រំដែន ​ឆ្លង​កាត់​អី​មាន​ការ​រឹតត្បិត​អី​តែ​ពួក​ឧក្រិដ្ឋ​ជន​គាត់​អត់​មាន​ខ្លាច​ពី​រឿង​កូវីដ​កូអី...គាត់​លួច​ឆ្លង​ដែន។ តែ​កាល​ណា​មាន​បញ្ហា​គឺ​ពួក​ហ្នឹង​ច្រើន​តែ​ឆ្លៀត​ឱកាស​ ឆ្លង​ដែន​ស្រួល»។

លោក​បណ្ឌិត​ មាស នី អ្នក​សិក្សា​ស្រាវ​ជ្រាវ​ខាង​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នកឃ្លាំមើល​ស្ថានភាព​នយោបាយ​កម្ពុជា យល់​ថា​ ការ​ធ្វើ​ឲ្យ​បញ្ហា​នៃ​ការ​ជួញដូរ​ឬ​ប្រើ​ប្រាស់​គ្រឿង​ញៀន​មាន​ភាព​ធូរសា្រលនៅ​កម្ពុជា​ ស្ថិត​នៅ​ភាព​មិន​ប្រាកដ​ប្រជា ដោយ​សារ​ការ​អនុវត្ត​ច្បាប់​នៅ​មាន​លក្ខណៈ​ធូរ​រលុង ហើយ​ឈ្មួញធំ​ៗ​ដែលពាក់​ព័ន្ធ​និងនៅ​ពី​ក្រោយ​សកម្មភាព​ចរាចរ​ណ៍​គ្រឿង​ញៀន​ កម្រ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​យក​មក​ផ្តន្ទា​ទោស។

លោក​មាន​ប្រសាសន៍​ថា៖ «នេះ​ជា​បញ្ហា​ហើយ​បញ្ហា​នេះ​ ដូច​ជា​មិន​ទាន់​ថម​ថយ​ទៅ​ណា​ទេ​បាទ​។ យើង​មើល​ទៅ​រឿង​សំខាន់ គឺ​រដ្ឋាភិបាល​ត្រូវ​តែ​ប្តេជ្ញា​ចិត្ត​រក​ឲ្យ​ឃើញ​ពួក​ក្រុម​ដែល​នៅ​ពី​ខាង​ក្រោយ​ការ​ប្រើប្រាស់​ការ​នាំ​ចូល ការ​នាំ​ចូល​គ្រឿង​ញៀន​ហ្នឹង​វា​ជា​រឿង​សំខាន់»។

យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន​ដែល​បាន​ឡើង​កម្តៅ​ឡើង​ តាំង​ពី​ឆ្នាំ​២០១៧ ​មក​នោះ​ បាន​បង្ក​ការ​កក​ស្ទះចំនួន​អ្នក​ជាប់​ពន្ធនាគារ​ នៅ​តាម​ពន្ធនាគារ​នៅទូទាំង​ប្រទេស៕

XS
SM
MD
LG