ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ចោទ​ប្រកាន់​ពលរដ្ឋ​៣​នាក់​ថា​«ញុះញង់​បង្កភាព​វឹកវរ​ក្នុង​សង្គម» ​ក្រោយ​ការតវ៉ា​នៅ​មុខ​ក្រសួង​ដែនដី


រូបឯកសារ៖ កម្លាំងប៉ូលិសមានសមត្ថកិច្ចយាមល្បាតនៅតុលាការខេត្តកោះកុង ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨។ (រូបថតផ្តល់ឲ្យ)
រូបឯកសារ៖ កម្លាំងប៉ូលិសមានសមត្ថកិច្ចយាមល្បាតនៅតុលាការខេត្តកោះកុង ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨។ (រូបថតផ្តល់ឲ្យ)

តុលាការ​ខេត្ត​កោះកុង​បាន​ចោទ​ប្រកាន់​ប្រជា​ពលរដ្ឋ​៣​នាក់​ជា​ស្រ្តី​រស់​នៅ​ក្នុង​ស្រុក​ស្រែ​អំបិល​ពី​បទ​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិ​សុខ​សង្គម​ ដែល​ពលរដ្ឋ​លើក​ឡើង​ថា ​ ដើម្បី​បំបិទ​សំឡេង ​និង​ការ​តវ៉ា​របស់​ពួកគេ។​

នៅ​ក្នុង​ដីកា​បង្គាប់​ឲ្យ​ចូល​ខ្លួន​ លោក​ ឡោ ក្រឹម​ ចៅ​ក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​ខេត្ត​កោះកុង​ បាន​កោះ​ហៅ​មនុស្ស​៣​នាក់​ គឺ​ឈ្មោះ​ផាវ ញ៉ឺង ​ឈ្មោះ​សេង លីន​ និង​ឈ្មោះ​ខន ផុន ​ដោយ​ចោទ​ពី​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិ​សុខ​សង្គម ​និង​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ ​ដែល​ប្រព្រឹត្ត​ទៅ​នៅ​មុខ​ក្រសួង​រៀបចំ​ដែនដី ​នគរូប​នីយកម្ម ​និង​សំណង់​ កាល​ពី​ថ្ងៃ​ទី​២៥ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៩។ ​ប៉ុន្តែ​ប្រជា​ពលរដ្ឋ​អះអាង​ថា​ ដីកា​នេះ​នគរបាល​ទើប​តែ​យក​មក​ឲ្យ​ពួក​គេ​ កាល​ពី​ពេល​ថ្មីៗ​នេះ។ ​ ពួក​គេ​បញ្ជាក់​ថា​ ការ​ចោទ​ប្រកាន់​ពីបទ​ញុះញង់​នេះ ​កើត​ឡើង​ក្រោយ​ពួក​គេ​ចេញ​មុខ​តវ៉ា​នៅ​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២១ ​ខែ​កញ្ញា​ឆ្នាំ​២០២០។​

តុលាការ​ខេត្ត​កោះកុង​បញ្ជាក់​ថា​ បើ​ពួក​គេ​ទាំង​៣​នាក់ ​មិន​ចូល​ខ្លួន​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី​៧​ ខែ​តុលា​នោះ​ទេ​ នោះ​តុលា​ការ​នឹង​ចេញ​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន។​

អ្នកស្រី ​ផាវ ញ៉ឺង​ អាយុ​៤៥​ឆ្នាំ ​រស់​នៅ​ក្នុង​ភូមិ​ព្រែក​ជីក​ ឃុំ​ជីខ​ក្រោម​ស្រុក​ស្រែ​អំបិល ​ ថ្លែង​ប្រាប់​VOA​នៅ​ថ្ងៃ​ពុធ​នេះ​ថា​អ្នក​ស្រី​មាន​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុម​ហ៊ុន​លីយ៉ុងផាត់ ​តាំង​ពី​ឆ្នាំ​២០០៧​ហើយ​មាន​ការ​ផ្តល់​ដី​ និង​សំណង​មួយ​ចំនួន​កាល​ពី​ឆ្នាំ​២០១៧។​ ប៉ុន្តែ​អ្នកស្រី​ថា​ អ្នកស្រី​មក​តវ៉ា​នៅ​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី​២១ ​ខែ​កញ្ញា ​ដើម្បី​សុំ​ឲ្យ​ធ្វើ​ប្លង់​កម្ម​សិទ្ធិ​សម្រាប់​ដី​របស់​អ្នកស្រី។ ​ អ្នកស្រី​បន្ត​ថា​ ដី​របស់​អ្នកស្រី​ស្ថិត​នៅ​ឆ្ងាយ ​ហើយ​មិន​មាន​ផ្លូវ​ធ្វើ​ដំណើរ​សមរម្យ​នោះ​ទេ។​

អ្នកស្រី​បញ្ជាក់​ថា​ ការ​តវ៉ា​ថ្មីៗ​នេះ​នាំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ថា ​អ្នកស្រី​ញុះញង់​ដែល​អ្នកស្រី​ថា​ ជា​រឿង​អយុត្តិ​ធម៌​សម្រាប់​អ្នកស្រី។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖​ «ការ​ចោទ​ប្រកាន់​នេះ​ខ្ញុំ​អត់​ទទួល​យក​តែ​ម្តង។​ខ្ញុំ​ច្រាន​ចោល​ហ្មង។​ថា​ខ្ញុំ​ញុះញង់ !​ ខ្ញុំ​ញុះញង់​រឿង​អី?គេ​ បើ​ដី​ផ្ទះ​ខ្ញុំ​អត់​ទាន់​បាន​បណ្ណកម្ម​សិទ្ធិ។ ខ្ញុំ​ទៅ​ដាក់​ស្នើ​សុំ​ប្លង់​កម្ម​សិទ្ធិ​ដី​ផ្ទះ​ខ្ញុំ»។​អ្នកស្រី​បន្ថែម​ថា៖ ​«ប្រសិន​បើ​អ្នក​ហ៊ាន​និយាយ​ដូច​ខ្ញុំ​ហើយ​ត្រូវ​បាន​គេ​ប្តឹង​ ហើយ​រដ្ឋ​មិន​បាន​ការពារ​បំពេញ​កាតព្វ​កិច្ច​ការពារ​ខ្ញុំ​ ថ្ងៃ​ក្រោយ​ប្រជា​ពលរដ្ឋ​ដទៃ​ទៀត ​គាត់​ធ្វើ​ម៉េច?»​

បើ​តាម​អ្នកស្រី​ផាវ ញ៉ឺង ដី​នៅ​តំបន់​នោះ​ត្រូវ​បាន​គេ​យក​ទៅ​លក់​ដូច្នេះ​ហើយ​ទើប​ពលរដ្ឋ​ដែល​បាន​ឃើញ​ការ​យក​ដី​លក់​នោះ​ទៅ​តវ៉ា​ដើម្បី​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ដឹង។​

ពលរដ្ឋ​ម្នាក់​ទៀត​អ្នកស្រី ​សេង លីន​ អាយុ​៥៣​ឆ្នាំ​ រស់​នៅ​ក្នុង​ឃុំ​ដង​ពែង​ ស្រុក​ស្រែ​អំបិល​ ដែល​មាន​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​លី យ៉ុងផាត់​ដែរ ​មាន​ប្រសាសន៍​ថា​នេះ​ជា​ការ​ចោទ​ប្រកាន់​ដែល​អយុត្តិធម៌​សម្រាប់​អ្នកស្រី។​អ្នកស្រី​មាន​ប្រសាសន៍​ថា ​អ្នកស្រី​បាន​ទទួល​ដី​ជា​សំណង​រួច​ហើយ​ ​ ប៉ុន្តែ​ដី​សហគមន៍​ដែល​នៅ​សេស​សល់​ត្រូវ​បាន​គេ​យក​ទៅ​លក់ ​ហើយ​អាជ្ញាធរ​មិន​បាន​ដឹង។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖ ​«អត់​សម​ហេតុ​ផល​ទេ។​ខ្ញុំ​អត់​បាន​ញុះញង់​ទៅ​ខូច​សង្គម​ឯណា​ទេ​ព្រោះ​អី​ខ្ញុំ​តវ៉ា​ដី​ដែល​សេស​សល់​ គេ​យក​លក់​ហ្នឹង​ទេ»។​

អ្នកស្រី​ស្នើ​ឲ្យ​តុលាការ​ចុះ​មក​ពិនិត្យ​មើល​ដី​ជាក់​ស្តែង​ថា​ តើ​មាន​គេ​យក​ដី​ទៅ​លក់ ​ឬ​យ៉ាងណា។​

អ្នកស្រី​បញ្ជាក់​ថា៖ ​«បើ​សិន​ជា​តុលាការ​ហ្នឹង​យុត្តិធម៌ ​ គាត់​ចុះ​មក​ហើយ។​បើ​សិន​ជា​តុលាការ​ហ្នឹង​អត់​យុត្តិធម៌​ គាត់​អត់​ចុះ​មក​ទេ ​ ពី​ព្រោះ​គាត់​ជឿ​តែ​ពាក្យ​សម្តី​គេ។​ គាត់​អត់​ទាន់​ឃើញ​កន្លែង​ទីតាំង​ដី​ផង»។​

VOA ​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក ​អ៊ុន សុវណ្ណធានី ​អ្នក​នាំពាក្យ​តុលាការ​ខេត្ត​កោះកុង​បាន​ទេ​កាល​ពី​ថ្ងៃ​អង្គារ និង​ថ្ងៃ​ពុធ​នេះ។ ​

កាល​ពី​ថ្ងៃ​ទី​២១​ ខែ​កញ្ញា ​ ​ប្រជា​ពលរដ្ឋ​រាប់​រយ​នាក់​ដែល​មាន​ដី​ធ្លី​ចម្រុះ​ក្នុង​ខេត្ត​កោះកុង​ ក្នុង​នោះ​មាន​ពលរដ្ឋ​៣​នាក់​ខាង​លើ​ដែល​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ ​ បាន​ឡើង​មក​តវ៉ា​នៅ​មុខ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយ​កម្ម ​និង​សំណង់​នៅ​ភ្នំពេញ ​ដោយ​មាន​ការ​យាម​កាម​ ដោយ​កម្លាំង​នគរបាល ​និង​សន្តិសុខ​ចម្រុះ​រាប់​សិប​នាក់។​

នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ចុះ​ថ្ងៃ​ទី​២១ ​ខែ​កញ្ញា ​ ក្រសួង​រៀបចំ​ដែន​ដី​បាន​លើក​ឡើង​ថា​ ការ​ទាមទារ​របស់​ប្រជា​ពលរដ្ឋ​ដែល​មក​ពី​ក្រុម​ចម្រុះ​«មិន​មាន​មូលដ្ឋាន​ផ្លូវ​ច្បាប់»​សម្រាប់​ក្រសួង​ដោះ​ស្រាយ​នោះ​ទេ។​

លោក ​ហ៊ុន ស៊ាងហាក់ ​អ្នក​សម្រប​សម្រួល​គម្រោង​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​មាន​ប្រសាសន៍​ថា​ការ​ចោទ​ប្រកាន់​នេះ​ជា​ការ​បំភិត​ភ័យ​ប្រជា​ពលរដ្ឋ ​និង​ប៉ះពាល់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពួក​គេ។​

លោក​មាន​ប្រសាសន៍​ថា៖ ​«អ៊ីចឹងបើ​គាត់​អនុវត្ត​នូវ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​គាត់ ​ ដែល​ធានា​ដោយ​ច្បាប់​ជាតិ​ឬ​ច្បាប់​អន្តរ​ជាតិ​វា​មិន​មែន​ជា​បទ​ល្មើស​ទេ។​វា​មិន​មែន​ជា​បទ​ព្រហ្មទណ្ឌ​អី​ទេ»។

លោក​បន្ថែម​ថា​ ក្នុង​រយៈ​ពេល​១២​ខែ​ គឺ​ចាប់​ពី​ខែ​មេសា ​ឆ្នាំ​២០១៩​ ដល់​ខែ​មីនា​ឆ្នាំ​២០២០​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​និង​អង្គការ​សង្គម​ស៊ីវិល​ផ្សេង​ទៀត​បាន​កត់​ត្រា​«ការ​ប្រើ​ប្រាស់​យុទ្ធសាស្រ្ត​បណ្តឹង​ផ្លូវ​ច្បាប់»​ប្រឆាំង​នឹង​ការ​ចូលរួម​ជា​សាធារណៈ​ចំនួន​១៣២​ករណី​ លើ​មនុស្ស​៣៧៩​នាក់​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សេរីភាព​បញ្ចេញ​មតិ​ និង​មិន​លើក​ទឹក​ចិត្ត​ក្នុង​ការ​ចូលរួម​របស់​ពលរដ្ឋ។ ​

យុទ្ធសាស្រ្ត​បណ្តឹង​ផ្លូវ​ច្បាប់​នេះ​គឺ​ជា​បណ្តឹង​ដែល​ធ្វើ​ឡើង​ពី​សំណាក់​រដ្ឋាភិបាល ​ឬ​ស្ថាប័ន​តុលាការ​ក្នុង​ទម្រង់​ជា​ទណ្ឌកម្ម​ផ្នែក​ព្រហ្មទណ្ឌ​ដូច​ជា​ការ​កោះ​ហៅ​មក​សាក​សួរ​ ឬ​ការ​ចោទ​ប្រកាន់​បទ​ព្រហ្មទណ្ឌ​ដោយ​តុលាការ។​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​លើក​ឡើង​ថា​ យុទ្ធសាស្រ្ត​បណ្តឹង​ផ្លូវ​ច្បាប់​នេះ​ត្រូវ​បាន​យក​មក​ប្រើប្រាស់​ជា​យុទ្ធ​សាស្រ្ត​មួយ​ក្នុង​ការ​បំភិត​បំភ័យ​បុគ្គល​ទាំង​ឡាយ​ តួអង្គ​សង្គម​ស៊ីវិល​ ថ្នាក់​ដឹកនាំ​សហគមន៍​ អ្នក​កាសែត ​អ្នក​ផ្សាយ​ព័ត៌មាន​និង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ឲ្យ​មាន​ការ​ភ័យ​ខ្លាច ​និង​នៅ​ស្ងៀម​ស្ងាត់។​

អ្នក​សម្រប​សម្រួល​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដ​ហុក ​ប្រចាំ​ខេត្ត​កោះកុង​ លោក​ថោង ច័ន្ទដារ៉ា​មាន​ប្រសាសន៍​ថា៖ ​«វាជា​ការ​គំរាម​កំហែង​បំភិត​បំភ័យ​ដល់​សិទ្ធិ​សេរីភាព​ជួប​ជុំ​របស់​ពួក​គាត់ ​ ដែល​គ្រាន់​តែ​ទៅ​តវ៉ា​ដោយ​សន្តិវិធី ​តាម​ដាន​ញត្តិ​របស់​ពួក​គាត់​ដែល​ដាក់​នៅ​ក្រសួង​ដែនដី​(ថា)​ តើ​មាន​ចំណាត់​ការ​ដល់​ណា​ហើយ។​ការ​ចោទ​ប្រកាន់​ពួក​គាត់​ទាំង​នេះ​មិន​មាន​មូលដ្ឋាន​ច្បាស់​លាស់​ទាល់​តែ​សោះ»៕

XS
SM
MD
LG