ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​រាប់​ពាន់​នាក់​ភៀស​ខ្លួន​ទៅ​ប្រទេស​អ៊ូហ្គាន់ដា​ ខណៈ​មាន​អំពើ​ហិង្សារវាង​ក្រុម​ជនជាតិ​ភាគ​តិច​នៅ​​កុងហ្គោ


រូបឯកសារ៖ ក្រុម​គ្រសារ​ជន​ជាតិ​កុងហ្គោ​កំពុង​អង្គុយ​នៅ​ឯ​ជំរំ​ជន​ភៀស​ខ្លួន​ Kyangwali ក្នុង​ប្រទេស​អ៊ូហ្គាន់ដា កាល​ពី​ឆ្នាំ​២០១៨។
រូបឯកសារ៖ ក្រុម​គ្រសារ​ជន​ជាតិ​កុងហ្គោ​កំពុង​អង្គុយ​នៅ​ឯ​ជំរំ​ជន​ភៀស​ខ្លួន​ Kyangwali ក្នុង​ប្រទេស​អ៊ូហ្គាន់ដា កាល​ពី​ឆ្នាំ​២០១៨។

ទីភ្នាក់ងារ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​អង្គការ​សហប្រជាជាតិ ​UNHCR​ បាន​រាយការណ៍​ថា​ នៅ​ក្នុង​ខែ​មិថុនា​ មាន​ជន​ភៀស​ខ្លួន​មក​ពី​ប្រទេស​កុងហ្គោ​ប្រមាណ​៧,៥០០​នាក់​ បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​អ៊ូហា្គន់ដា​ ដើម្បី​គេច​ចេញ​ពី​អំពើ​ហិង្សា​រវាង​ក្រុម​ជន​ជាតិ​ភាគ​តិច​នៅ​ក្នុង​ប្រទេស។

អង្គការ​ UNHCR​ រាយការណ៍​ថា​ មាន​ជនភៀសខ្លួន​កុងហ្គោ​ប្រហែល​៣០០​នាក់​ កំពុង​ឆ្លង​កាត់​ព្រំដែន​ចូល​ក្នុង​ប្រទេស​អ៊ូហ្គាន់ដា​ជា​រៀង​រាល់​ថ្ងៃ​ ដែល​ចំនួន​នេះ​កើន​ឡើង​ជាង​ពីរ​ដង​ បើ​ធៀប​ទៅ​នឹង​ចំនួន​ជនភៀស​ខ្លួន​កាល​ពី​ខែ​ឧសភា។ ជន​ភៀស​ខ្លួន​ភាគ​ច្រើន​កំពុង​ភៀស​ខ្លួន​ឆ្លង​កាត់​ទន្លេ ​Lake Albert​ ពីខេត្ត ​Ituri ​ជា​ទីកន្លែង​ដែល​មាន​ការប៉ះ​ទង្គិច​ជា​ថ្មី​រវាង​ក្រុម​ Hema ​និងក្រុម ​Lendu​ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​៣​សែន​នាក់​បាត់​បង់​ទីជម្រក​នៅ​ក្នុង​ខែមិថុនា។ ​

អ្នក​នាំ​ពាក្យ​អង្គការ​ UNHCR​ លោក ​Andrej Mahecic​ បាន​ថ្លែង​ថា​ ក្រុម​ជន​ភៀស​ខ្លួន ដែល​បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​អ៊ូហ្គាន់ដា​បាន​និយាយ​ថា ​ពួក​គេភៀស​ខ្លួន​គេច​ចេញ​ពី​អំពើ​សាហាវ​ព្រៃផ្សៃ​នៅ​ក្នុង​ភូមិកំណើត​របស់​ពួក​គេ។

កន្លែង​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​នៅ​ឯ​ជំរំ​មិន​ផ្លូវ​ការ​សម្រាប់​ពលរដ្ឋ​ដែល​បាត់​បង់​ទី​ជម្រក​ និង​ជា​ជន​រងគ្រោះ​នៃ​អំពើ​ហិង្សា​នៅ​តំបន់ ​Iga Barriere ខេត្ត Ituri នៅ​ភាគ​ខាង​កើត​នៃ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ កាល​ថ្ងៃ​ទី​២៤ ខែ​មិថុនា ២០១៩។
កន្លែង​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​នៅ​ឯ​ជំរំ​មិន​ផ្លូវ​ការ​សម្រាប់​ពលរដ្ឋ​ដែល​បាត់​បង់​ទី​ជម្រក​ និង​ជា​ជន​រងគ្រោះ​នៃ​អំពើ​ហិង្សា​នៅ​តំបន់ ​Iga Barriere ខេត្ត Ituri នៅ​ភាគ​ខាង​កើត​នៃ​សាធារណ​រដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ កាល​ថ្ងៃ​ទី​២៤ ខែ​មិថុនា ២០១៩។

លោក ​Andrej Mahecic ​បាន​ថ្លែងថា៖ «ក្រុម​ប្រដាប់​អាវុធ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ គឺ​ជា​អ្នក​ដែល​បាន​វាយ​ប្រហារ​នៅ​ក្នុង​ភូមិ​ លួចប្លន់​ទ្រព្យ​សម្បត្តិ​ និង​ដុតបំផ្លាញ​ផ្ទះ​របស់​អ្នកភូមិ​ និង​បាន​សម្លាប់​បុរស ​ស្រ្តី ​និងកុមារ។ ពួក​ជន​ភៀសខ្លួន​ខ្លះ​បាន​ធ្វើ​ដំណើរ​ដោយ​យក​របស់​មាន​តម្លៃ​មក​ជាមួយ​ ដោយ​ពួក​គេ​ខ្លាច​ថា​មិន​អាច​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួកគេ​វិញ​បាន។ ជន​ភៀស​ខ្លួន​ផ្សេង​ទៀត​ដែល​បាន​រត់​ភៀស​ខ្លួន​ដោយសារ​ស្ថានភាព​គ្រោះថ្នាក់​មាន​សម្លៀក​បំពាក់​តិច​តួច​ប៉ុណ្ណោះ​យក​មក​ជាមួយ។ ជិត​២​ភាគ​៣​នៃ​ជន​ភៀស​ខ្លួន​គឺជា​កុមារ។ ពួក​គេ​ទាំងនោះ​មាន​អាយុ​ក្រោម​១៨​ឆ្នាំ»។​

លោក​ Mahecic​ បាន​និយាយ​ថា ​នៅ​តាម​ជំរំ​ជន​ភៀស​ខ្លួន​ក្នុង​ប្រទេស​អ៊ូហ្គាន់ដា​ពោរ​ពេញ​ទៅ​ដោយ​ជន​ភៀស​ខ្លួន​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់។ លោក​បាន​ថ្លែង​បន្ថែម​ថា​ជន​ភៀស​ខ្លួន​ដែល​បាន​ឆ្លង​ចូល​មក​ដល់​ប្រទេស​អ៊ូហ្គាន់ដា ​បាន​ទទួល​ការពិនិត្យ​សុខភាព។ លោក​បាន​ថ្លែង​បន្ត​ថា​ ជន​ភៀស​ខ្លួន​ជា​ច្រើន​ត្រូវ​ការ​ការ​ថែទាំ​ផ្នែក​វេជ្ជសាស្រ្ត​ដើម្បី​ព្យាបាល​របួស​ ខណៈ​ពេល​ដែល​ពួកគេ​កំពុង​រត់​គេច​ពី​អំពើ​ហិង្សា។

លោក ​Mahecic ​បាន​ប្រាប់​ VOA ថា​ ពួក​គេ​ក៏​ត្រូវ​បាន​ពិនិត្យ​មើល​រក​មេរោគ​អេបូឡា​ផង​ដែរ។ ខេត្ត ​Ituri​ និង​ខេត្ត ​North Kivu​ នៃ​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោ​ កំពុង​ប្រឈម​នឹង​ការ​ផ្ទុះ​រាលដាល​នៃ​ជំងឺ​អេបូឡា។

អ្នក​នាំ​ពាក្យ​អង្គការ​ UNHCR​ លោក ​Andrej Mahecic​។
អ្នក​នាំ​ពាក្យ​អង្គការ​ UNHCR​ លោក ​Andrej Mahecic​។

លោក​ Mahecic​ បាន​បញ្ជាក់​ថា «កន្លែង​ពិនិត្យ​សុខភាព​នេះ​ត្រូវ​បាន​ដាក់​នៅ​កន្លែង​ដែល​ពួក​ជន​ភៀស​ខ្លួន​ធ្វើ​ដំណើរ​ឆ្លង​កាត់ ដើម្បី​ពិនិត្យ​សុខភាព​របស់​ពួក​គេ ​និង​រក​មើល​មេរោគ​អេបូឡា​ ដែល​ជន​ភៀស​ខ្លួន​អាច​ឆ្លង​មក​ជាមួយ។ ​មកទល់​នឹង​ពេល​នេះ​យើង​មិន​ទាន់​ពិនិត្យ​ឃើញ​មាន​អ្នក​ឆ្លង​មេរោគ​អេបូឡា​នៅ​ឡើយ​ទេ»។

លោក ​Mahecic​ បាន​ថ្លែង​ទៀត​ថា​ ជម្រក​និង​ជំនួយ​សង្គ្រោះ​បន្ទាន់​នានា​កំពុង​ត្រូវ​ការ​ជា​ចាំ​បាច់។ លោក​បាន​ថ្លែង​បន្ត​ថា ​ជនភៀស​ខ្លួន​ភាគ​ច្រើន​ក៏​ត្រូវ​ការ​ជំនួយ​ប្រឹក្សា​ផ្នែក​ចិត្តសាស្រ្ត​ចាំ​បាច់​ផងដែរ​ ដើម្បី​ជួយ​ឲ្យ​ពួកគេ​រួច​ផុត​ពី​ជំងឺ​បាក់​ស្បាត​ដោយសារ​បទពិសោធន៍​ដ៏​ឈឺ​ចាប់​ទាំងនេះ។

លោក​ Mahecic​ បាន​បញ្ជាក់​ប្រាប់​ថា​ ជា​អកុសល​ទីភ្នាក់ងារ​ផ្តល់​ជំនួយ​មនុស្សធម៌​គ្មាន​លទ្ធភាព​ផ្តល់​ជំនួយ​ចាំ​បាច់​នានាបាន​ទេ​ ក្នុង​ពេល​ឥឡូវ​នេះ​ ដោយសារ​តែ​ពួក​គេ​ខ្វះ​ថវិកា។ លោក​និយាយ​បន្ត​ថា​ សហគមន៍​អន្តរជាតិ​បាន​ផ្តល់​ជំនួយ​បាន​តែ​១៧​ភាគរយ​នៃ​ថវិកា​ដែល​ត្រូវការ​ចំនួន​១៥០​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ ​ដែល​អង្គការ​សហ​ប្រជាជាតិ​បាន​អំពាវនាវ​រក​ ដើម្បី​ជួយ​ដល់​ពួកជន​ភៀស​ខ្លួន​នៅ​ក្នុងប្រទេស​អ៊ូហ្គាន់ដា៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា

XS
SM
MD
LG