លោក Martin Fayulu បេក្ខជនប្រធានាធិបតីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានប្តឹងលទ្ធផលនៃការបោះឆ្នោតនៅតុលាការ ដោយអះអាងថា លោកមានសំឡេងឈ្នះលើសលុបលើលោក Felix Tshisekedi បេក្ខជនប្រឆាំង។
សម្ព័ន្ធភាពប្រឆាំងរបស់លោក Fayulu បាននិយាយកាលពីថ្ងៃសុក្រថា លោកទទួលបានសំឡេងឆ្នោត ៦១% ដោយលើកយកតួលេខរបស់វិហារកាតូលិកដែលបានបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតចំនួន៤ម៉ឺននាក់នៅទូទាំងប្រទេសអាហ្វ្រិកកណ្តាលនេះ។ ក្រុមចម្រុះនេះបាននិយាយថា លោក Tshisekediបានឈ្នះ Fayulu ១៨%។ តាមច្បាប់ មានតែគណៈកម្មាធិការបោះឆ្នោតតែប៉ុណ្ណោះអាចប្រកាសលទ្ធផលនៃការបោះឆ្នោតនៅប្រទេសកុងហ្គោ។
លោក Fayulu ដែលដាក់ពង្រាយកងកម្លាំងនៅខាងក្រៅផ្ទះរបស់លោក បានអំពាវនាវឱ្យមានការរាប់សន្លឹកឆ្នោតដោយមនុស្សឡើងវិញ។ កាលពីថ្ងៃព្រហស្បតិ៍ ស.រ.អា.បានទាមទារឱ្យសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោបញ្ចេញលទ្ធផលត្រឹមត្រូវ នៃការបោះឆ្នោតនិងបានព្រមានអំពីការដាក់ទណ្ឌកម្មប្រឆាំងនឹងអ្នកដែលព្យាយាមធ្វើឱ្យអន្តរាយលទ្ធិប្រជាធិបតេយ្យនៅកុងហ្គោ។
លោក Corneille Nangaa ប្រធានគណៈកម្មាធិការបោះឆ្នោតបានប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្នុងទីក្រុង Kinshasa ថា លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី៣០ខែធ្នូ អាចត្រូវពន្យារពេល ដោយសារដំណើរការយឺតយ៉ាវ។ លោក Nangaa បាននិយាយថា មានសន្លឹកឆ្នោតតែ២០% ប៉ុណ្ណោះដែលត្រូវបានប្រមូលពីស្ថានីយ៍បោះឆ្នោតទូទាំងប្រទេសដែលខ្វះបណ្តាញផ្លូវថ្នល់។
លោកក៏បាននិយាយដែរថា ប្រព័ន្ធប្រមូលនិងចងក្រងសន្លឹកឆ្នោតសរុបមិនបានជួយដល់ដំណើរការនេះទេ។ គណៈកម្មការរៀបចំការបោះឆ្នោតគ្រោងប្រើអ៊ីនធឺណិតដើម្បីប្រមូលលទ្ធផលសរុប។ ប៉ុន្តែបានបោះបង់ផែនការនេះវិញ បន្ទាប់ពីក្រុមប្រឆាំងបានចោទប្រកាន់ថា ប្រព័ន្ធនេះងាយរងការលួចបន្លំ។ លទ្ធផលនៃការបោះឆ្នោតគ្រោងប្រកាសនៅថ្ងៃអាទិត្យដោយប្រធានាធិបតីថ្មី ដែលត្រូវឡើងកាន់អំណាចនៅថ្ងៃទី១៥ខែមករា៕