ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ជើង​យន្តហោះ​ពី​ក្រុង​គែរ​ទៅ​ក្រុង​ប៉េកាំង​បង្ខំ​ចិត្តចុះ​ចត​ជាបន្ទាន់​ក្នុងប្រទេស​អ៊ូសបេគីស្ថាន ​


រូបឯកសារ​៖ យន្តហោះ Airbus A320 របស់​ក្រុមហ៊ុនអាកាសចរ​ EgyptAir ពេល​ហោះ​ឡើង។ ជើង​យន្តហោះ​ពី​ក្រុង​គែរ​ទៅ​ក្រុង​ប៉េកាំង​បង្ខំ​ចិត្តចុះ​ចត​ជាបន្ទាន់​ក្នុងប្រទេស​អ៊ូសបេគីស្ថាន ។

យន្តហោះ​ដឹកអ្នក​ដំណើរ​ប្រទេស​អេហ្ស៊ីប​មួយគ្រឿង​ ដែល​ហោះ​ទៅកាន់​ក្រុង​ប៉េកាំង ប្រទេស​ចិន​បានបង្ខំ​ចិត្តចុះ​ចត​ជាបន្ទាន់​ក្នុងប្រទេស​ អ៊ូសបេគីស្ថាន ​(Uzbekistan)​ កាល​ពី​ព្រឹក​ថ្ងៃពុធ​នេះ។

ក្រុមមន្ត្រី​អេហ្ស៊ីប​បាន​និយាយ​ថា ការ​ចុះចត​ជាបន្ទាន់​នៅឯ​ព្រលាន​យន្តហោះ​អន្តរជាតិ ​Urgench ​ដោយសារ​តែមាន​ការគំរាម​ដាក់​បំផ្ទុះ​គ្រាប់បែក​ក្លែងក្លាយ​មួយ ​តែ​ក្រោយ​មកគេ​គ្មានឃើញ​គ្រឿងផ្ទុះ​នោះ​ទេ។

មន្ត្រីម្នាក់​បាន​និយាយ​ថា ​យន្តហោះ​នេះត្រៀម​បន្ត​ដំណើរ​របស់ខ្លួន​ទៅមុខ​ទៀត។ នេះជា​ការគំរាម​បញ្ឆោត ​អរគុណ​ព្រះ​ជាម្ចាស់។

ជើង​យន្តហោះ​ MS955​ ដែលបាន​ចេញ​ដំណើរ​ពីក្រុងគែរ ​មានផ្ទុក​អ្នកដំណើរ ​១១៨​នាក់​ និង​បុគ្គលិក​ហោះហើរ​ចំនួន​១៧នាក់។

ជើង​យន្តហោះ​អេហ្ស៊ីប​បាន​ទទួលការ​គំរាម​ដាក់គ្រាប់​បែកជា​ច្រើន​លើក​ចាប់តាំង​ពី យន្ត​ហោះ​ប្រទេស​នេះ​បានធ្លាក់​ទៅក្នុង​សមុទ្រ​មេឌីទែរ៉ានេ​កាលពី​ខែមុន​ ក្នុង​ជើង ហោះ​ហើរ​ពីក្រុង​ប៉ារីស​ទៅកាន់​ក្រុង​គែរ។​ ការធ្លាក់​យន្តហោះ​ប្រភេទ​ Airbus ​320 នោះ​បាន​សម្លាប់​មនុស្ស​៦៦នាក់។​

ក្រុមអ្នក​ស៊ើបអង្កេត​កំពុង​ស្រាវជ្រាវ​អំពី​យន្តហោះ​ដែលបាត់​ចេញ​ពីរ៉ាដា ​កាលពី​ថ្ងៃទី ១៩ ខែ​ឧសភា​នោះ៕

XS
SM
MD
LG