មនុស្សរាប់ពាន់នាក់នៅទីក្រុងហុងកុង នៅថ្ងៃពុធនេះបានស្ម័គ្រចិត្តរើសយកសត្វចិញ្ចឹមក្នុងផ្ទះ Hamsters ដែលមើលទៅស្រដៀងសត្វកណ្ដុរ ដែលគេលែងចង់បាន បន្ទាប់ពីរដ្ឋាភិបាលបានចេញបទបញ្ជាឲ្យសម្លាប់សត្វទាំងនោះចោល ដោយសារការភ័យខ្លាចថាពួកវាចម្លងជំងឺកូវីដ១៩។ បទបញ្ជារបស់រដ្ឋាភិបាលហុងកុងបែបនេះ បាននាំឲ្យមានការភ័យខ្លាចថាម្ចាស់សត្វទាំងនោះនឹងបោះបង់ចោលសត្វចិញ្ចឹមរបស់ពួកគេ។
អាជ្ញាធរហុងកុងបានបញ្ជាកាលពីថ្ងៃអង្គារថា ឲ្យសម្លាប់សត្វ Hamsters ចំនួន២ពាន់ក្បាលមកពីហាងលក់សត្វចិញ្ចឹមក្នុងផ្ទះនិងកន្លែងផ្សេងៗទៀតរាប់សិបកន្លែង ក្រោយពីគេបានរកឃើញថាអ្នកធ្វើការម្នាក់ នៅហាងលក់សត្វមួយ នៅហុងកុង បានឆ្លងជំងឺកូវីដ១៩ ហើយក្រោយមកសត្វ Hamsters ចំនួន១១ក្បាល ត្រូវគេធ្វើតេស្តឃើញថាមានជំងឺកូវីដ១៩ដែរ។
ពួកអ្នកវិទ្យាសាស្ត្រនៅទូទាំងពិភពលោកនិងពួកអាជ្ញាធរសុខាភិបាលនិងពេទ្យសត្វនៅក្រុងហុងកុង បាននិយាយថា គ្មានភស្តុតាងថា សត្វដើរតួនាទីដ៏សំខាន់នៅក្នុងការចម្លងវីរុសកូរ៉ូណាទៅមនុស្សទេ។
ក៏ប៉ុន្តែ ដោយអនុវត្តគោលនយោបាយមិនឲ្យមានជំងឺកូវីដ១៩ រដ្ឋមន្ត្រីក្រសួងសុខាភិបាលហុងកុងលោកស្រី Sophia Chan បាននិយាយកាលពីថ្ងៃអង្គារថា លោកស្រីមិនអាចច្រានចោលលទ្ធភាពនៃការឆ្លងនោះទេ ហេតុដូច្នេះរដ្ឋាភិបាលមិនអាចប្រថុយបានទេ៕