នៅឥណ្ឌា ពួកអ្នកគាំទ្រជិតកន្លះលាននាក់បានចូលរួមបុណ្យសពគ្រូប្រដៅសាសនាដែលសាវ័កដ៏ច្រើនរបស់លោកនៅឥណ្ឌា និងបរទេស។ ព្រះសង្ឃបានច្រៀងចម្រៀងថ្វាយអាទិទេពហិណ្ឌូនៅពេលដែលបុណ្យសព សាធ្យា សៃ បាបា (Sathya Sai Baba) ត្រូវបានធ្វើឡើងនៅក្នុងទីក្រុង ភុត្តាបារទី (Puttaparti) ដែលជាទីក្រុងដ៏តូចមួយនៅឥណ្ឌាភាគខាងត្បូងដែលជាទីកន្លែងដែលលោកបានរស់នៅ ហើយដែលបានធ្វើឲ្យលោកល្បីល្បាញ។ មនុស្សរាប់សែននាក់បានតម្រង់ជួរដើម្បីគោរពវិញ្ញាណក្ខន្ធចុងក្រោយដល់មេដឹកនាំសាសនាដែលពួកគេហៅថា«ព្រះមានជីវិត»។ អ្នកចូលរួម មានប្រជាពលរដ្ឋសាមញ្ញ មន្រ្តីជាន់ខ្ពស់ អ្នកនយោបាយជាន់ខ្ពស់ ហើយនឹងពាណិជ្ជករ។ ដោយមានការអំពាវនាវរបស់លោកទាក់ទិននឹងជំនឿសាសនាទាំងអស់ ព្រះសង្ឃទីបេ និងព្រះសង្ឃ ស៊ីខ (Sikh) ក៏ស្ថិតក្នុងចំណោមមនុស្សដែលបានសម្តែងការគោរពដល់គ្រូប្រដៅសាសនាដ៏ល្បីល្បាញបំផុតរបស់ឥណ្ឌានេះដែរ។
បណ្តាញទូរទស្សន៍ជាច្រើនបានផ្សាយបន្តផ្ទាល់ពីបុណ្យសពនេះ។ ផ្ទាំងដ៏ធំមួយបានត្រូវគេដាក់នៅក្នុងទីក្រុងដ៏តូចមួយសម្រាប់មនុស្សកាន់ទុក្ខរាប់ពាន់នាក់ដែលមិនអាចទៅជិតប្រអប់កញ្ចក់ដែលសាកសពរបស់លោកបានត្រូវគេរក្សាទុកនៅក្នុងនោះចាប់តាំងពីលោកបានទទួលមរណៈភាពពីព្រោះតែជំងឺសរីរាង្គក្នុងជន្មាយុ៨៤ព្រះវស្សា។
ទោះជាយ៉ាងណាក៏ដោយ ការបញ្ចុះសពជាលក្ខណៈឯកជន ដែលបានធ្វើឡើងនៅខាងក្រោយវាំងននក្រហមដោយមានវត្តមានសមាជិកគ្រួសារ ហើយនឹងសហការីជិតស្និទ្ធមួយចំនួនតូច។ សាសនាហិណ្ឌូជាទូទៅបូជា ក៏ប៉ុន្តែចំពោះមនុស្សដែលត្រូវបានគេចាត់ទុកជាមនុស្សពិសិដ្ឋជារឿយៗត្រូវគេបញ្ចុះ។ ទីកន្លែងបញ្ចុះរបស់លោកសាធ្យា សៃ បាបា នឹងក្លាយជាបូជនីយដ្ឋាន។លោកស្រី ម៉ាឡា ស្សានការ ដាស (Mala Shankar Das) ជាចិត្តវិទូនៅសាកលវិទ្យាល័យ ដែលី (Delhi University) និយាយថា លក្ខណៈសម្បត្តិរបស់លោក សាធ្យា សៃ បាបា បានជួយលោកឲ្យក្លាយជាធម្មជនដូចជាព្រះដែលមានបរិស័ទរាប់លាននាក់។ លោកស្រីបន្តថា៖
«គ្មានហេតុផលណាចំពោះជំនឿនេះទេ។ គ្មានតថភាពចំពោះជំនឿនេះទេ។វាគ្រាន់តែជាជំនឿមួយ។ ពួកគេចង់បានមនុស្សណាម្នាក់ដែលអាចផ្តល់ឲ្យពួកគេនូវការធូរស្រាលខាងផ្លូវចិត្ត នៅពេលដែលអស់លោកអ្នក និយាយទៅកាន់សាវ័កខ្លះ អ្វីដែលពួកគេគិត ជាការអស្ចារ្យអំពីលោក ពួកគេនិយាយថានៅពេលណាលោកក្រឡេកមើលយើង នៅពេលណាលោកប៉ះយើង យើងដូចជាបានទទួលប្រសិទ្ធិពរ ហើយអ្វីទៅជាល្អសម្រាប់យើង»។
ទោះបីជាធំដឹងក្តីឡើងក្នុងនាមជាអ្នកកាន់សាសនាហិណ្ឌូ លោក សាធ្យា សៃ បាបា បានទេសនាថា «មានសាសនាតែមួយ សាសនានៃក្តីស្រឡាញ់»។ សាវ័ករបស់លោករួមមានជនបរទេសជាច្រើន ហើយមជ្ឈមណ្ឌលរបស់លោកមាននៅក្នុង១២៦ប្រទេស។
ប្រែសម្រួលដោយ ជឹង ប៉ូជីន