បាតុករដ៏ច្រើនណែនណាន់តាន់តាប់នៅទូទាំងពិភពឥស្លាមបានធ្វើបាតុកម្មប្រឆាំងតវ៉ាសហរដ្ឋអាមេរិកកាលពីថ្ងៃសុក្របន្ទាប់ពីសហរដ្ឋអាមេរិកទទួលស្គាល់ទីក្រុងJerusalem ជារដ្ឋធានីរបស់អ៊ីស្រាអែលដែលការតវ៉ាប្រឆាំងនៅក្នុងតំបន់ហ្គាហ្សាបាននាំឲ្យបុរសជនជាតិប៉ាឡេស្ទីនម្នាក់ស្លាប់។
Mahmoud al-Masri អាយុ៣០ឆ្នាំជាជនជាតិប៉ាឡេស្ទីនបានត្រូវទាហានអ៊ីស្រាអែលសម្លាប់ក្នុងអំឡុងនៃការប៉ះទង្គិចនៅតាមបណ្តោយព្រំដែលតំបន់ហ្គាហ្សានិងអ៊ីស្រាអែលបន្ទាប់ពីជនជាតិប៉ាឡេស្ទីនបានអំពាវនាវឲ្យមាន«ទិវាចងកំហឹង»ដើម្បីតវ៉ាប្រឆាំងចំណាត់ការរបស់សហរដ្ឋអាមេរិក។ យោធាអ៊ីស្រាអែលបានបញ្ជាក់ថា ខ្លួនបានបាញ់មនុស្ស២នាក់នៅក្នុងទីក្រុង Khan Yunisភាគខាងត្បូងតំបន់ហ្គាហ្សាដោយបានចោទប្រកាន់ពួកគេថាជាអ្នកញុះញង់ឲ្យមានកូបកម្មហិង្សា។
យន្តហោះចំបាំងអ៊ីស្រាអែលក៏បានវាយប្រហារទៅលើទីដៅរបស់ជនសកម្មប្រយុទ្ធហាម៉ាសនៅក្នុងតំបន់ហ្គាហ្សាក្នុងការឆ្លើយតបទៅនឹងការបាញ់គ្រាប់រ៉ុកកែតចេញពីតំបន់នោះ។ ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានប្រាប់ឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ក៏១៥នាក់ដែរបានរងរបួសនៅក្នុងការវាយប្រហារនេះ។
បាតុកម្មក៏បានផ្ទុះឡើងកាលពីថ្ងៃសុក្រនៅក្នុងប្រទេសអ៊ីរ៉ាក់ ហ្ស៊កដានី ស៊ីរី ប៉ាគីស្ថាន លីបង់ ម៉ាឡេស៊ីនិងប្រទេសឥណ្ឌូណេស៊ី ដែលជាប្រទេសមានអ្នកកាន់សាសនាឥស្លាមដ៏ច្រើនបំផុតនៅក្នុងពិភពលោក។
សម្ព័ន្ធភាពអារ៉ាប់ដែលរួមមានប្រទេសជិត២០ នឹងជួបគ្នានៅថ្ងៃសៅរ៍នេះនៅក្នុងការខំប្រឹងប្រែងមួយដើម្បីធ្វើឲ្យជំហររួមគ្នាអំពីបញ្ហានេះ៕