ការប៉ះទង្គិចរវាងពួកបាតុករប៉ាឡេស្ទីននិងទាហានអ៊ីស្រាអែលនិងការតវ៉ាប្រ ឆាំងនានានៅតាមផ្លូវបានផ្ទុះឡើងកាលពីថ្ងៃព្រហស្បតិ៍នៅតំបន់ West Bankនិង Gaza នៅថ្ងៃបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ ត្រាំបានទទួលស្គាល់ជារដ្ឋធានីរបស់អ៊ីស្រាអែល។
ក្នុងតំបន់ West Bank ហ្វូងបាតុករបានចោលដុំថ្មដាក់កងទ័ពអ៊ីស្រាអែលហើយបានដុតកង់ឡាននៅក្នុងក្រុង Ramallah ដែលជាទីតាំងរដ្ឋាភិបាលប៉ាឡេស្ទីនដែលនៅទីនោះផ្សែងខ្មួលខ្មាញ់បានស្ថិតនៅលើក្រុងនោះ។ មានមនុស្សរាប់សិបនាក់បានរងរបួសស្រាលៗនៅក្នុងការប៉ះទង្គិចគ្នានោះ។
ក្នុងទីក្រុងសាសនា Bethlehem ដែលជាកន្លែងកំណើតព្រះយេស៊ូគ្រឹស្ត កងទ័ពអ៊ីស្រាអែលបានបាញ់កាណុងទឹកនិងឧស្ម័នបង្ហូទឹកភ្នែកទៅលើពួកបាតុករខណៈក្នុងតំបន់ Gaza ពួកបាតុករបានដុតរូបសំណាកប្រធានាធិបតីត្រាំនិងនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahuនិងដុតទង់ជាតិសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល។
ជនជាតិប៉ាឡេស្ទីនបានបិទហាងលក់ដូរទំនិញនិងសាលារៀននៅក្នុងការធ្វើកូដកម្មទូទៅមួយ ខណៈដែលលោក Ismail Haniyeh មេដឹកនាំរបស់ក្រុមជនសកម្មប្រយុទ្ធហាម៉ាសដែលត្រួតត្រាតំបន់ Gaza បានអំពាវនាវឲ្យមានការងើបបះបោរលើកទី៣របស់ជនជាតិប៉ាឡេស្ទីនប្រឆាំងនឹងអ៊ីស្រាអែល។ លោក Hassan Nasrallah មេដឹកនាំក្រុមជនសកម្មប្រយុទ្ធ Hezbollah របស់លីបង់បាននិយាយថា ការចរចាទាំងអស់នៅតំបន់មជ្ឈឹមបូព៌ារត្រូវតែបញ្ឈប់រហូតទាល់តែប្រធានាធិបតីត្រាំប្រែក្រឡះការសម្រេចអំពីទីក្រុង Jerusalem នេះ៕