ខណៈដែលសហភាពអឺរ៉ុបបានបង្ហាញជំហរថា ភាពល្អប្រសើរនៃការគោរពសិទ្ធិនយោបាយ និងសិទ្ធិស៊ីវិលនៅកម្ពុជា ជាមូលហេតុនៃការពិចារណាមិនដកប្រព័ន្ធអនុគ្រោះពន្ធ EBA នោះ ក្រុមសង្គមស៊ីវិលលើកឡើងថា សិទ្ធិនយោបាយមិនទាន់មានភាពល្អប្រសើរ តាមការចង់បានរបស់សហភាពអឺរ៉ុបនៅឡើយទេ។
ដោយសារតែវិបត្តិជំងឺកូវីដ១៩ កាលពីដើមខែមិថុនានេះ វិស័យឯកជនដែលមានសមាគមរោងចក្រកាត់ដេរ (GMAC) សមាគមស្បែកជើងកម្ពុជា និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (Eurocham) បានស្នើសុំពន្យារពេលការដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) រយៈពេលមួយឆ្នាំ។ ការស្នើសុំនេះក៏ត្រូវបានគាំទ្រដោយរដ្ឋាភិបាលកម្ពុជាផងដែរ ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលលើកឡើងថា ជំហរនយោបាយរបស់រដ្ឋាភិបាលកម្ពុជាមិនផ្លាស់ប្តូរនោះទេ។
សហភាពអឺរ៉ុបបានសម្រេច កាលពីខែកុម្ភៈថា នឹងព្យួរដោយផ្នែកសម្រាប់កម្ពុជាប្រព័ន្ធអនុគ្រោះពន្ធ«គ្រប់មុខទំនិញលើកលែងសព្វាវុធ» ឬ Everything But Arms (EBA) ដែលកម្ពុជាទទួលបានតាំងពីឆ្នាំ ២០០១ មក។ ការព្យួរនេះនឹងចូលជាធរមាន ចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំនេះ។ ការព្យួរនេះនឹងប៉ះពាល់ទឹកប្រាក់ជាង ១ពាន់លានដុល្លារអាមេរិក នៃការនាំចេញសរុបរបស់កម្ពុជាទៅសហភាពអឺរ៉ុប។ ការសម្រេចព្យួរនេះធ្វើឡើង ក្រោមហេតុផលនៃការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
នៅក្នុងសារអ៊ីម៉ែលមួយតបនឹងសំណួររបស់ VOA អ្នកនាំពាក្យរបស់គណៈកម្មការសហភាពអឺរ៉ុបបានលើកឡើងថា សហភាពអឺរ៉ុបនឹងបន្តស្វះស្វែងរក «ការភ្ជាប់ទំនាក់ទំនងប្រកបដោយអត្ថន័យ» ជាមួយអាជ្ញាធរកម្ពុជា ហើយតាមដានស្ថានភាពសិទ្ធិមនុស្ស និងសិទ្ធិការងារនៅក្នុងប្រទេសកម្ពុជាឲ្យបានដិតដល់។
សហភាពអឺរ៉ុបបន្តថា៖ «ក្នុងករណីដែលកម្ពុជាបង្ហាញភាពរីកចម្រើនគួរឲ្យកត់សម្គាល់ ជាពិសេសទាក់ទងនឹងសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយនោះ គណៈកម្មការប្រហែលជាពិចារណាឡើងវិញលើការសម្រេចរបស់ខ្លួន និងមិនដកប្រព័ន្ធអនុគ្រោះពន្ធនោះទេ»។
អ្នកនាំពាក្យបញ្ជាក់ថា ការណ៍នេះស្របតាមច្បាប់របស់សហភាពអឺរ៉ុបទាក់ទងនឹងការដកប្រព័ន្ធអនុគ្រោះពន្ធ។
លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា សមាគមរង់ចាំការឆ្លើយតបជាផ្លូវការពីសហភាពអឺរ៉ុប។ លោកបន្តថា ការសម្រេចយ៉ាងណាគឺអាស្រ័យលើសហភាពអឺរ៉ុប បើទោះពួកគេគិតពីសិទ្ធិមនុស្ស និងសិទ្ធិនយោបាយក៏ដោយ។ លោកថា សមាគមក៏គ្មានគម្រោងស្នើទៅរដ្ឋាភិបាលឲ្យចរចាអ្វីនោះដែរ។
អ្នកធ្វើការលើវិស័យសិទ្ធិមនុស្សមើលឃើញថា រដ្ឋាភិបាលកម្ពុជាមិនទាន់បំពេញតាមការចង់បានរបស់សហភាពអឺរ៉ុបនៅឡើយទេ ក្នុងនោះមានការធ្វើឲ្យប្រសើរខាងសិទ្ធិនយោបាយដែលនៅតែមានការចាប់ខ្លួនសកម្មជនបក្សប្រឆាំង និងបន្ថែមពីនោះទៀត ស្ថានភាពកាន់តែអាក្រក់ក្នុងពេលមានវិបត្តិជំងឺកូវីដ១៩ នេះ។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ ថ្លែងប្រាប់ VOA ថាស្ថានភាពសិទ្ធិមនុស្ស ជាពិសេសសិទ្ធិនយោបាយ មិនទាន់មានអ្វីប្រែប្រួលគួរឲ្យកត់សម្គាល់គឺ «នៅតែមានភាពតានតឹងនៅឡើយ»។
លោកមានប្រសាសន៍ថា៖ «ថ្មីៗនេះ សហភាពអឺរ៉ុបហាក់ដូចជាកត់សម្គាល់ថា កម្ពុជាយើងមិនទាន់ធ្វើឲ្យមានភាពប្រសើរទេ ទាក់ទងនឹងសិទ្ធិពលរដ្ឋសិទ្ធិនយោបាយទេ»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក មានប្រសាសន៍ថា សិទ្ធិស៊ីវិលមួយចំនួនត្រូវបានរដ្ឋាភិបាលដោះស្រាយ តែមិនទាន់ឆ្លើយតបទៅនឹងការចង់បានរបស់សហភាពអឺរ៉ុបទេ។ លោកជំរុញឲ្យរដ្ឋាភិបាលទទួលស្គាល់ការណ៍ពិតអំពីអ្វីដែលជាការចង់បានរបស់សហភាពអឺរ៉ុប ដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធត្រឡប់មកវិញ ដើម្បីជួយដល់កម្មករកាត់ដេររាប់ម៉ឺននាក់។
លោកបញ្ជាក់ថា៖ «គេយល់ថា ការសម្រេចអីអស់ហ្នឹងមិនមែននៅក្នុងដៃអី EU (សហភាពអឺរ៉ុប) ទេ។សំខាន់គេពិនិត្យឃើញទៅថារឿងដែលមិនដោះស្រាយ គឺជារឿងរបស់រដ្ឋាភិបាលមិនមែនជារឿង EU (សហភាពអឺរ៉ុប) ទេ»។
លោក Phil Robertson នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ថ្លែងប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា ស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាកាន់តែអាក្រក់ទៅៗ ក្នុងឆ្នាំ២០២០នេះ។ លោកបន្តថា សមាជិកគណបក្សសង្រ្គោះជាតិជាង ៣២នាក់ ត្រូវបានឃុំឃាំង ខណៈប្រមាណ ៨០នាក់ទៀត ត្រូវដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន តែបន្តប្រឈមនឹងការចោទប្រកាន់ដដែល។ លោកបន្តថា ក្នុងឆ្នាំ២០២០នេះ មានការចាប់ខ្លួនអ្នកកាសែត ដូចជាលោក សុខ ឧត្តម និងលោក សុវណ្ណ រិទ្ធី ជាដើម។
លោកសរសេរនៅក្នុងសារអ៊ីម៉ែលថា៖ «ដូច្នេះសហភាពអឺរ៉ុបដឹងថា មិនមានស្ថានភាពសិទ្ធិមនុស្សប្រសើរឡើយក្នុងប្រទេសកម្ពុជា ហើយពួកគេអនុវត្តពេញទំហឹងនូវសេចក្តីសម្រេចរបស់ពួកគេ»។
អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ធ្លាប់បានថ្លែងប្រាប់ VOA ថា រដ្ឋាភិបាលគាំទ្រការស្នើសុំពន្យារពេលដកប្រព័ន្ធអនុគ្រោះពន្ធ ដើម្បីជាប្រយោជន៍របស់កម្មកររោងចក្រ តែលោកថា ជំហររបស់រដ្ឋាភិបាលគឺមិនផ្លាស់ប្តូរនោះទេ។ មិនផ្លាស់ប្តូរនោះលោក ផៃ ស៊ីផាន សំដៅថា ករណីរបស់លោក កឹម សុខា ស្ថិតក្នុងដៃតុលាការ ដែលលោកថា មិនអាចជ្រៀតជ្រែកបាន។ លោកបន្តថា កម្ពុជាបានគោរពគោលការណ៍ប្រជាធិបតេយ្យតាំងពីដើមមក។
ការព្យួរប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបនឹងប៉ះពាល់ផលិតផលស្បែកជើង និងសម្លៀកបំពាក់មួយចំនួន។ ទំនិញសម្រាប់ធ្វើដំណើរនិងស្ករត្រូវបានសម្រេចព្យួរទាំងស្រុង។ ការព្យួរបណ្តោះអាសន្ននេះនឹងប៉ះពាល់ដល់ការនាំចេញ គិតជាទឹកប្រាក់ប្រមាណ ១.១០០លានដុល្លារ ជារៀងរាល់ឆ្នាំ ដែលស្មើប្រមាណ ២០ភាគរយ នៃទំហំទឹកប្រាក់នៃការនាំចេញសរុបពីកម្ពុជា ដែលមានតម្លៃប្រមាណ ៥.៨០០ លានដុល្លារអាមេរិក។
រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវបានរិះគន់យ៉ាងខ្លាំងដោយសហគមន៍អន្តរជាតិបន្ទាប់ពីការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។ សហភាពអឺរ៉ុបបានរកឃើញថា រដ្ឋាភិបាលកម្ពុជារំលោភសិទ្ធិនយោបាយ «ជាប្រព័ន្ធនិងយ៉ាងធ្ងន់ធ្ងរ» ក្នុងនោះមានការចាប់ខ្លួននិងចោទប្រកាន់លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលតុលាការកំពូលរំលាយចោល និងការហាមឃាត់មន្ត្រីជាន់ខ្ពស់គណបក្ស ១១៨នាក់ មិនឲ្យធ្វើនយោបាយ៕