ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្រ្តីជំនាញ៖ ស្ត្រី​ហ្វីលីពីន​១៣នាក់​ដែល​ពពោះ​ជំនួស​ត្រូវ​ឆ្លងកាត់​នីតិវិធី​តុលាការ​កម្ពុជា


រូបឯកសារ៖ ស្ត្រីស៊ីឈ្នួលពរពោះ នៅប្រទេសឥណ្ឌា ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៣។
រូបឯកសារ៖ ស្ត្រីស៊ីឈ្នួលពរពោះ នៅប្រទេសឥណ្ឌា ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៣។

មន្រ្តីជាន់​ខ្ពស់​នៃ​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញ​ដូរ​មនុស្ស អះអាង​ថា ​ស្ត្រី​ហ្វីលីពីន​ ១៣​ នាក់ ​ដែល​ពពោះ​ជំនួស​គេ កំពុង​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល​ពី​តុលាការ ខណៈ​ពួក​គេ​កំពុង​ស្នាក់​នៅ​មន្ទីរ​ពេទ្យ​មួយ​កន្លែង ​ដែលមាន​ការ​មើល​ថែ​ដោយ​អាជ្ញាធរ​កម្ពុជា។

កាល​ពី​ថ្ងៃ​ទី ២៣ ខែ​កញ្ញា ប៉ូលិស​កម្ពុជា​បាន​រក​ឃើញ​ស្ត្រី​ជន​ជាតិ​ហ្វីលី​ពីន​ចំនួន​ ២០ ​នាក់ ដែល​សង្ស័យ​ថាពាក់ព័ន្ធ​នឹង​ការ​ពពោះ​ជំនួស​ខុស​ច្បាប់​នៅ​កម្ពុជា ក្នុង​ពេល​កម្លាំង​សមត្ថកិច្ច​ឆ្មក់​ចូល​ផ្ទះ​វីឡា​មួយ​កន្លែងនៅក្នុង​ខេត្ត​កណ្តាល។ ក្នុង​ចំណោម​ស្រ្តី​ ២០​ នាក់​នោះ ស្រ្តី​ហ្វីលីពីន​ ៧​ នាក់​ ដែល​មិន​ទាន់​មាន​ផ្ទៃ​ពោះ​ ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​ហ្វីលីពីន​វិញ កាល​ពី​កន្លង​ទៅ។

អ្នកស្រី ជូ ប៊ុនអេង អនុ​ប្រធាន​អចិន្ត្រៃយ៍​គណៈ​កម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញ​ដូរ​មនុស្ស ប្រាប់​វីអូអេ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ មក​ដល់​ពេល​នេះ ស្រ្តី​ជន​ជាតិ​ហ្វីលីពីន​ ១៣​ នាក់ ​ដែល​មាន​ផ្ទៃ​ពោះ ​កំពុង​ស្ថិត​ក្នុង​ការ​មើល​ថែទាំ​ពី​ភាគី​កម្ពុជានៅ​ក្នុង​មន្ទីរ​ពេទ្យ។ អ្នកស្រី​ថា ​តុលាកា​រកម្ពុជា​នឹង​បន្ត​នីតិវិធី​លើ​ពួកគេ នៅ​ពេល​សម្រាល​កូន​រួច។ អ្នកស្រី​បញ្ជាក់​ថា ​ពួកគេ​បាន​ជាប់​បណ្តឹង​តុលាការ ពាក់ព័ន្ធ​នឹង​ការ​ពពោះ​ជំនួស​ដែល​អ្នកស្រី​ថា​ខុស​ច្បាប់​របស់​កម្ពុជា។

អ្នក​ស្រី​ថ្លែង​ថា៖ «គាត់​នៅ​ក្នុង​កម្ពុជា​តាម​ច្បាប់​កម្ពុជា​រហូត​ដល់​តែ​គាត់​កើត​កូន​ហើយ​គាត់​ត្រូវចូល​តុលាការ​វិញ ព្រោះ​យើង​រាល់​ថ្ងៃ​យើង​ថែទាំ​គាត់​ក្នុង​មន្ទីរ​ពេទ្យ ដើម្បី​រក្សា​កូន​ ដោយ​សារ​ទាំង​អស់​ហ្នឹង​ជា​ជន​រង​គ្រោះ»។

នៅ​ពេល​សួរ​ថា​ក្រោយ​ស្ត្រី​ទាំង​នោះ​សម្រាល​កូន​រួច តើ​កូន​ៗ​ពួកគេ​នឹង​ត្រូវ​ប្រគល់​ឱ្យ​ទៅ​អ្នក​ណា ឬ​ស្រ្តី​ទាំង​នោះ​ត្រូវ​មើល​ថែ អ្នកស្រី ជូ ប៊ុនអេង បញ្ជាក់​ថា៖ «អត់​មាន​ប្រគល់​អី​ទេ! ពេល​ហ្នឹង​ហើយ​យើង​ត្រូវ​និយាយ​គ្នា​ឱ្យ​ច្បាស់​ថា ​គាត់​ព្រម​យក​កូន​ទៅ​ណា បើ​សិន​គាត់​នៅ​តែ​បន្ត​លក់​ហ្នឹង​ទេ​ ហ្នឹង​ហើយ​ដែល​ត្រូវ​ផ្តន្ទា​ទោស​តាម​ហ្នឹង​»។

អ្នកស្រី ជូ ប៊ុនអេង បន្ថែម​ថា​ កម្ពុជា​នៅ​តែ​ស្វាគមន៍​ការ​សហការ​ពី​ភាគី​ហ្វីលី​ពីន ដើម្បី​ចូលរួម​ក្នុង​ការ​ស្វែង​រក​អ្នក​ពាក់ព័ន្ធ​ទាំង​អស់​ក្នុង​ករណី​នេះ ហើយ​ហ្វីលីពីន​ក៏​ត្រូវ​ចូល​រួម​គោរព​ទៅ​តាម​ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា​ដែរ។ អ្នកស្រី​អះអាង​ថា ​ករណី​នេះ​បាន​កើត​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ដូច្នេះ​អាជ្ញាធរ​កម្ពុជា​ត្រូវដោះស្រាយ​បញ្ហា​នេះ តាម​នីតិវិធី​ច្បាប់។

បើ​តាម​អ្នកស្រី ជូ ប៊ុនអេង អាជ្ញាធរ​កម្ពុជា​កំពុង​ស្វែង​ជន​ពាក់ព័ន្ធ​ថា ​តើ​ម្ចាស់​ទីតាំង ឬ​ក៏​អ្នក​រៀបចំ​សេវា​ពពោះ​ជំនួស​សម្រាប់​ស្រ្តី​ហ្វីលីពីន​ទាំង​នោះ​ជាជន​បរទេស​ ឬ​ជនជាតិ​ខ្មែរ។

ស្ថាន​ទូត​ហ្វីលី​ពីន​ប្រចាំ​នៅ​កម្ពុជា​ ប្រាប់​វីអូអេនៅ​ថ្ងៃ​សុក្រ​ថា​ ស្ថានទូត​បន្ត​សម្រប​សម្រួល​ជាមួយ​អាជ្ញាធរ​កម្ពុជា ដើម្បី​ពន្លឿន​ដំណោះស្រាយ​ទៅ​លើ​ករណី​នេះ។ ស្ថានទូត​បញ្ជាក់​ថា ​ស្ថានទូត​ធ្វើការ​ជាមួយ​ភ្នាក់ងារ​ពាក់ព័ន្ធ ដើម្បី​ធានា​ការ​ការពារ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ហ្វីលីពីន​នៅ​ក្រៅ​ប្រទេស។

ស្ថានទូត​បញ្ជាក់​ជា​ភាសាអង់គ្លេស​ដោយ​ប្រែជា​ភាសាខ្មែរថា៖ «ស្ថានទូត​នឹង​បន្ត​សហការ​ជាមួយ​ភ្នាក់ងារ​អនុវត្ត​ច្បាប់​និង​ដៃ​គូ​អន្តរ​ជាតិ ដើម្បី​ដោះស្រាយ​ការ​ជួញដូរ​មនុស្ស​គ្រប់​ទម្រង់»។

កាល​ពី​ដើម​ខែ​តុលា ភាគី​ហ្វីលីពីន​ធ្លាប់​បាន​បញ្ជាក់​ថា ​ខ្លួន​នឹង​ផ្តល់​ជំនួយ​ផ្លូវ​ច្បាប់​ចំពោះ​ស្រ្តី​ពពោះ​ជំនួស​គេ ចំនួន ​១៣ ​នាក់ ក្នុង​គោល​បំណង​ការពារ​សិទ្ធិ​របស់​ស្ត្រី​ហ្វីលីពីន​ទាំង​នោះ។

មន្រ្តី​ក្រសួង​ការបរទេស​ហ្វីលីពីន​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​របស់​ហ្វីលីពីន​ថា ​រដ្ឋាភិបាល​ហ្វីលីពីន​បាន​ផ្តល់​ជំនួយ​ដល់​ស្រ្តី​ពពោះ​ទាំង​នោះ ហើយ​អាជ្ញាធរ​ហ្វីលីពីន​នឹង​ធ្វើការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ធានា​ថា​មិន​មាន​ស្រ្តី​ហ្វីលីពីន​ផ្តល់​សេវា​ពពោះ​ជំនួស។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត យល់​ថា​ អាជ្ញាធរ​កម្ពុជា​ត្រូវ​តែ​មាន​ការ​ស៊ើប​អង្កេត​ឱ្យ​បាន​ច្បាស់​លាស់ ដើម្បី​ឱ្យ​ដឹង​ថា​ស្តី្រ​ទាំង​អស់​នោះ​គឺ​ជា​ជន​រង​គ្រោះ​ដោយ​ការ​បង្ខំ​ឱ្យ​មាន​ពពោះ​ជំនួស ឬ​ក៏​ពួកគេ​ចូល​រួម​នៅ​ក្នុង​ការ​ពពោះ​ជំនួស មុន​នឹង​សម្រេច​ដាក់​ទោស។

លោក​បន្ត​ថា ​កម្ពុជា​និង​ហ្វីលីពីន​គួរ​តែ​សហការ​គ្នាស៊ើប​អង្កេត​ឱ្យ​បាន​ហ្មត់​ចត់​ចំពោះ​ករណី​នេះ ដើម្បី​រក​ឱ្យ​ឃើញ​អ្នក​ពាក់ព័ន្ធក្នុង​បណ្តាញ​នៃ​ការ​ជួញដូរ​មនុស្ស​ពី​ហ្វីលី​ពីន​មក​កម្ពុជា​ ដើម្បី​ធានា​បាន​នូវការ​អនុវត្ត​ច្បាប់​ទៅ​លើ​អ្នក​ប្រព្រឹត្ត​ល្មើស និង​ការពារ​ជន​រងគ្រោះ។

លោក​ថ្លែង​ថា៖ «ភាគី​ទាំង​ពីរ ​បាន​ន័យថា ​កម្ពុជានិង​ហ្វីលី​ពីន​គួរតែ​សហការ​គ្នា​បន្ត​ក្នុងការ​ស៊ើប​អង្កេត​ទៅ​លើ​បទ​ល្មើស​នៃ​ការ​ជួញ​ដូរ​មនុស្ស​នេះ​ ព្រោះ​យើង​មើល​ទៅ​វា​ហាក់​ដូច​ជា​លក្ខណៈ​បណ្តាញ។ អ៊ីចឹង​ត្រូវ​តែ​មាន​ការ​សហការ​គ្នា ដើម្បី​ស៊ើប​អង្កេត​ទៅ​រក​អ្នក​ដែល​ពាក់ព័ន្ធ​ក្នុង​បណ្តាញ​នៃ​ការ​ជួញ​ដូរ​មនុស្ស​ពី​ហ្វីលីពីន​មក​កម្ពុជា»។

ប្រទេស​កម្ពុជា​មិន​មាន​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​សេវា​ស៊ី​ឈ្នួល​ពពោះ​ទេ ប៉ុន្តែ​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៦​ មក រដ្ឋាភិបាល​បាន​ចាប់​ផ្តើមហាម​ប្រាម​មិនឱ្យ​មាន​សេវា​កម្ម​នេះ។

កាល​ពី​ឆ្នាំ​ ២០១៨ ស្រ្តី​ខ្មែរមាន​ផ្ទៃ​ពោះ​ជាង​ ៣០​ នាក់ ​ត្រូវ​បាន​ឃាត់​ខ្លួន​ក្នុង​ប្រទេស​កម្ពុជា ដោយ​សារ​ផ្តល់​សេវា​ពពោះ​ជំនួស​នេះ។ ពួកគេ​ត្រូវ​បាន​តុលាការ​សម្រេច​ដាក់ឱ្យ​ស្ថិត​ក្រោម​ការ​ពិនិត្យ​ពី​បទ «អំពើ​លក់​-ជួញ​ដូរ​មនុស្ស​សម្រាប់​នាំ​ឆ្លង​ដែន»។ ស្រ្តី​ទាំង​នោះ​ក៏​តម្រូវ​ឱ្យធ្វើ​កិច្ចសន្យា​ជាមួយ​អាជ្ញាធរ​ថា​ត្រូវ​ចិញ្ចឹម​កូន​ទាំង​នោះ។

នៅ​ក្នុង​ករណី​ពពោះ​ជំនួស​នេះ កាល​ពី​ឆ្នាំ​ ២០១៧ តុលាការ​រាជធានី​ភ្នំពេញ​ក៏​ធ្លាប់​បាន​ផ្តន្ទា​ទោស​ស្រ្តី​ជនជាតិ​អូស្រ្តាលី​ម្នាក់ និង​បុរស-ស្រ្តី​ជន​ជាតិ​ខ្មែរ​ ២​ នាក់​ទៀត ជាប់​ពន្ធនាគារ​ ​១៨ ​ខែ ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​ជួល​ស្រ្តី​ខ្មែរឱ្យ​ពពោះ​ជំនួស។

គួរ​បញ្ជាក់​ថា ​កម្ពុជា​បាន​ក្លាយ​ជា​គោល​ដៅ​ដ៏​ពេញ​និយមមួយ​សម្រាប់​ការ​ផ្តល់​សេវា​ពពោះ​ជំនួស​ដែល​រដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​ថា​ជា​សេវា​ខុស​ច្បាប់ បន្ទាប់​ពីសេវា​ស៊ី​ឈ្នួល​ពពោះ​ជំនួស ត្រូវ​បាន​ហាម​ប្រាម​ក្នុង​ប្រទេស​ថៃ​ ​ឥណ្ឌា និង​នេប៉ាល់៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG