ក្នុងចំណោមកុមារដែលបានកើតមកចំនួន១០០០នាក់ក្នុងប្រទេសកម្ពុជាគឺមាន២៨នាក់បានស្លាប់ទៅវិញនៅមុនពេលមានអាយុមួយឆ្នាំហើយមានកុមារ៣៥នាក់ក្នុងចំណោមមួយពាន់នាក់បានស្លាប់ទៅវិញមុនពេលមានអាយុប្រាំឆ្នាំ។ នេះបើតាមតួលេខចុងក្រោយដែលបង្ហាញដោយក្រសួងសុខាភិបាល។
ប៉ុន្តែទាំងនេះមិនមែនជារូបភាពស្រអាប់និងបរាជ័យដូចក្នុងគោលដៅផ្សេងទៀតនៃគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជាដែលបានបង្ហាញកន្លងមកទេ។ សម្រាប់គោលដៅទីបួននៃគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជាដែលផ្តោតលើការកាត់បន្ថយអត្រាមរណភាពកុមារបានផ្តល់ជោគជ័យច្រើនសម្រាប់ប្រទេសក្រីក្រមួយនេះ។
ប្រទេសកម្ពុជាបានកំណត់ថានឹងកាត់បន្ថយអត្រាមរណភាពកុមារអាយុក្រោម១ឆ្នាំនិងក្រោមប្រាំឆ្នាំឱ្យបានពាក់កណ្តាល បង្កើនការផ្តល់ថ្នាំបង្ការជំងឺដល់កុមារឱ្យបាន៩០ភាគរយ និងបង្កើនការបំបៅដោះម្តាយដល់កុមាររហូតដល់៦ខែឱ្យបានដល់៧០ភាគរយ។
យោងតាមក្រសួងសុខាភិបាលឱ្យដឹងថាអត្រាមរណភាពកុមារអាយុក្រោមមួយឆ្នាំត្រូវបានកាត់បន្ថយពី៩៥ក្នុងមួយពាន់កំណើតរស់នៅឆ្នាំ២០០០មកដល់២៨នាក់ក្នុងមួយពាន់កំណើតរស់នៅឆ្នាំ២០១៤។ នេះជាការសម្រេចបានល្អជាងផែនការដែលគ្រោងថាទម្លាក់មកតែត្រឹម៥០នាក់ប៉ុណ្ណោះ។
ដូចគ្នានេះដែរអត្រាមរណភាពកុមារអាយុក្រោមប្រាំឆ្នាំបានថយចុះពី១២៤នាក់ក្នុងឆ្នាំ១៩៩៨មកដល់៣៥នាក់ក្នុងមួយពាន់កំណើតរស់នៅឆ្នាំ២០១៤គឺបានល្អជាងផែនការថាកាត់បន្ថយមកនៅត្រឹម៦៥នាក់។
លោកស្រីវេជ្ជបណ្ឌិត ទង់ រ័ត្នថាវី ប្រធានមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារកបានពន្យល់ថាទាំងនេះគឺជាការរួមគ្នារវាងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលនិងមន្ត្រីនៅក្រសួងសុខាភិបាល ការដាក់ចេញយុទ្ធសាស្រ្តត្រឹមត្រូវ និងមានអន្តរាគមន៍។
យុទ្ធសាស្រ្តដែលប្រើមានច្រើនក្នុងនោះរួមមានការប្តូរឥរិយាបទទាំងអ្នកផ្តល់សេវានិងអ្នកទទួលសេវាសុខាភិបាលដូចជាត្រូវសម្រាលកូនដោយមានឆ្មបជំនាញជាដើម។
លោកស្រីបន្ថែមថា៖
«យើងដឹងថាអត្រាស្លាប់របស់ទារកទើបនឹងកើតវាពាក់ព័ន្ធនឹងការថែទាំស្រ្តីតាំងពីពេលពរពោះរហូតដល់ពេលសម្រាលនិងក្រោយសម្រាលនិងការថែទាំទារកក្រោយពេលកើតនេះតែម្តង។ ដូច្នេះយើងធ្វើឱ្យការសម្រាលកូនទាំងអស់ ការថែទាំពិនិត្យផ្ទៃពោះរហូតដល់ការសម្រាលនិងការថែទាំក្រោយសម្រាលនេះធ្វើយ៉ាងណាជាមួយនឹងឆ្មបជំនាញ»។
ចំពោះអត្រានៃការបំបៅដោះម្តាយដល់កុមារអាយុក្រោម៦ខែ កម្ពុជាទទួលបានជោគជ័យល្អ។ កម្ពុជាមានផែនការបង្កើនសមាមាត្រនៃទារកត្រូវបំបៅដោះម្តាយដល់អាយុ៦ខែពី១១,៤%នៅឆ្នាំ២០០០ឱ្យដល់៤៩ភាគរយក្នុងឆ្នាំ២០១៥ប៉ុន្តែបានកែសម្រួលដោយដំឡើងរហូតដល់៧០ភាគរយវិញ ហើយនៅតែ អាចសម្រេចបាន។ យោងតាមរបាយការណ៍ គោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ចេញផ្សាយដើមឆ្នាំ២០១៤ឱ្យដឹងថាមានកុមារក្រោម៦ខែប្រមាណ៧៤ភាគរយទទួលបានការបំបៅដោយទឹកដោះម្តាយ។ តួលេខនេះកាន់តែខ្ពស់ទៀតនៅតាមបណ្តាខេត្ត ដូចជាខេត្តមណ្ឌលគិរីនិងរតនគិរីមាន៨៧ភាគរយនិងខេត្តស្វាយរៀងមានរហូតដល់៩៩ភាគរយ។ យ៉ាងណាក៏ដោយរបាយការណ៍នេះក៏ ទទួលស្គាល់ដែរថាជោគជ័យនេះដោយសារតែពលរដ្ឋកម្ពុជាមិនសូវនិយមបំបៅដោះកូនដោយទឹកដោះគោទេ។
ប៉ុន្តែសម្រាប់ទិសដៅលើការផ្តល់វ៉ាក់សាំងដល់កុមារឱ្យបាន៩០ភាគរយនៅឆ្នាំ២០១៥មិនសម្រេចបានទេគឺបានតែ៧៩ភាគរយប៉ុណ្ណោះ។
លោកស្រី ទង់ រ័ត្នថាវី បានបញ្ជាក់ថា៖
«ជាការពិតតួលេខរបស់យើងហើយនឹងគោលដៅរបស់យើងគឺយើងបានប្រឹងប្រែងខ្លាំងណាស់នៅក្នុងការមិនត្រឹមតែផ្តល់ការគ្របដណ្តប់វ៉ាក់សាំងកញ្ជ្រិលឱ្យដល់គោលដៅទេគឺយើងឈានទៅកាន់លុបបំបាត់កញ្ជ្រិលតែ ម្តងនៅក្នុងប្រទេសកម្ពុជាយើង ហើយយើងឃើញថាការពិតបើសិនជាយើងពិនិត្យមើលលទ្ធផលវាហាក់បីដូចជាទាបជាងអ្វី ដែលយើងដាក់គោលដៅ។ ប៉ុន្តែយើងបានធ្វើការងារជាច្រើននៅក្នុងការលុបបំបាត់ដោយសារយើងផ្តល់ថ្នាំបង្កាពីរដងទៀតហើយនឹងបន្ថែមវ៉ាក់សាំងជាច្រើន»។
លោកស្រី កែ សុវណ្ណរត៍ ប្រធានគណៈកម្មការសុខាភិបាលនិងកិច្ចការនារីនៃសភាជាតិកម្ពុជា បានបញ្ចេញប្រតិកម្មដោយប្រយ័ត្នប្រយែង៖
«យើងពិនិត្យទៅលើតួលេខយើងមិនគួរសប្បាយទេ។ ពីព្រោះហេតុអ្វី? តួលេខនេះគ្រាន់តែជារឿងមួយទេយើងធ្លាប់បានឃើញ ហើយពេលខ្លះតួលេខអត់ឆ្លុះ បញ្ចាំងពីការពិតជាក់ស្តែងទេ។ ហេតុអ្វីបានជាខ្ញុំនិយាយអញ្ចឹងពីព្រោះរយៈពេលពី ២០០០ដល់២០១៤គឺ១៤ឆ្នាំហើយបើសិនជាយើងមើលការកែទម្រង់ក្នុងវិស័យសុខាភិបាលគឺនៅមានចំណុចខ្វះខាត»។
ចំណុចខ្វះខាតដែលលោកស្រី ចង់សំដៅលើនោះ មានជាច្រើនក្នុងនោះ គឺ៖
«ការផ្តល់សេវាសាធារណៈរបស់យើងគឺនៅ មានរើសអើង កន្លែងសុខភាពមាតានិងទារករដ្ឋកំណត់ហើយថាមិនយកលុយទេប៉ុន្តែយើងឃើញថាអត់មានប្រសិទ្ធភាពទេហើយមួយទៀតយើងពិបាកក្នុងការកាត់បន្ថយណាស់ដោយសារយើងមើលលើមធ្យោបាយដឹកជញ្ជូន។ ជួនកាលតំបន់នោះ ដាច់ស្រយ៉ាលគាត់មិនអាចឆ្លងទន្លេនៅ មន្ទីរពេទ្យបង្អែករបស់ឃុំបានទេគាត់ត្រូវមកស្រុកឬមួយមកខេត្តក្នុងករណីស្ថានភាពសុខភាព របស់គាត់។ ឡានជួនកាលមានតែ ឡានតែអត់សាំង មានឡានអត់តៃកុង ជួនកាលត្រូវទារលុយទារអី។ ហ្នឹងហើយជាយើងគិតទៅលើក្រមសីលធម៌គឺថាយើងនៅ មានកម្រិត»។
យ៉ាងណាក៏ដោយបញ្ហាប្រឈមនៅតែមានរវាងគ្រួសារដែលរស់នៅទីក្រុងនិងជនបទ។ យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់អង្គការយូនីសេហ្វចេញផ្សាយក្នុងឆ្នាំ២០១៣ឱ្យដឹងថាកុមារដែលរស់នៅក្នុងខេត្តដាច់ស្រយ៉ាលដូចជារតនគិរីឬស្ទឹងត្រែងមានភាពប្រថុយប្រថានដែលអាចស្លាប់មុនពេលអាយុ៥ឆ្នាំច្រើនជាងកុមារដែលនៅទីក្រុងភ្នំពេញដល់ទៅបីដង។
រដ្ឋាភិបាលកម្ពុជាក៏ទទួលស្គាល់ដែរថាគម្លាតសុខភាពរវាងកុមារជនបទនិងទីក្រុងនេះជាការឆ្លុះបញ្ចាំងពីជីវភាពរស់នៅ ទ្រព្យសម្បត្តិនិងការពង្រីកសេវាមិនស្មើគ្នាដែលតម្រូវឱ្យមានការលុបបំបាត់គម្លាតនេះ។
អ្នកជំនាញបានដាក់កំហុសមួយផ្នែកមកលើបញ្ហាកង្វះអាហារូបត្ថម្ភសម្រាប់ម្តាយនិងកុមារហើយបានអះអាងដែរថា ប្រទេសកម្ពុជាខាតបង់ប្រាក់ចំណូលរហូតដល់ ៨៨,៧លានដុល្លារអាមេរិកបណ្តាលមកពីអត្រាមរណៈនៃកុមារអាយុក្រោម៥ ឆ្នាំ ដោយសារកង្វះអាហារូបត្ថម្ភរបស់ម្តាយ ដែលមិនគ្រប់ទម្ងន់ និងស្គាំងស្គម ការបំបៅកូននឹងទឹកដោះមិនបានល្អនិងកង្វះមីក្រូសារជាតិជាដើម។
លោកឡៅ សុខារម្យ អគ្គលេខាធិការនៃក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទបានបញ្ជាក់ថា៖
«ជារៀងរាល់ឆ្នាំកុមារកម្ពុជាអាយុក្រោមប្រាំឆ្នាំច្រើនជាង៦០០០នាក់ស្លាប់ដោយសារបញ្ហាកង្វះ អាហារូបត្ថម្ភរបស់មាតា ទម្ងន់មិនគ្រប់គីឡូ ទាបស្គមស្គាំង ការអនុវត្តផ្តល់ចំណីអាហារបន្ថែមដល់ទារកនៅមានកម្រិតតិចតួចនិងបញ្ហាកង្វះមីក្រូសារជាតិ»។
លោកស្រី ជូលី ជុង (Julie Chung) នាយិការងបេសកម្មសហរដ្ឋអាមេរិកនៅទីក្រុងភ្នំពេញ មានប្រសាសន៍នៅក្នុងសន្និសីទស្តីពីអាហារូបត្ថម្ភដោយស្នើឱ្យកម្ពុជាយកចិត្តទុកដាក់ផ្តល់អាហារមានជីវជាតិគ្រប់គ្រាន់ដល់ប្រជាពលរដ្ឋ ជាពិសេសស្ត្រីមានផ្ទៃពោះនិងកុមារដែលមានអាយុក្រោម២ឆ្នាំ។
«ការដាក់ទុនទៅលើអាហារូបត្ថម្ភរបស់កុមារអាយុក្រោម២ឆ្នាំ គឺជាការបណ្តាក់ទុនលើផ្នែកសុខភាពរបស់ប្រទេសទាំងមូល»។
ថ្វីបើមានជោគជ័យលើផ្នែកនេះក៏ដោយ ប៉ុន្តែបើប្រៀបធៀបនឹងបណ្តាប្រទេសក្នុងតំបន់ កម្ពុជានៅអាក្រក់ជាងប្រទេសមួយចំនួននៅក្នុងតំបន់នៅឡើយ។ ដូចជាប្រទេសថៃមានអត្រាមរណភាពកុមារអាយុក្រោម៥ឆ្នាំចំនួន១៣ នាក់ ក្នុង១០០០កំណើតរស់ ប្រទេសវៀតណាមមាន ២៤នាក់ និងឥណ្ឌូនេស៊ី ២៩នាក់ជាដើម។ កម្ពុជាគ្រាន់បើតែជាងប្រទេសឡាវ ដែលមានអត្រាមរណភាពកុមារ៧១នាក់និងភូមាមាន៥១នាក់។ នេះបើយោងតាមតួលេខឆ្នាំ២០១៣របស់ធនាគារពិភពលោក៕