ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​មហា​ផ្ទៃ​បន្ថែម​ពេល​ពិភាក្សា​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​សេវា​ពពោះ​ជំនួស


រូបឯកសារ៖ ស្រ្តី ដែលស៊ីឈ្នួលពពោះឲ្យគេ នៅប្រទេស​ឥណ្ឌា។
រូបឯកសារ៖ ស្រ្តី ដែលស៊ីឈ្នួលពពោះឲ្យគេ នៅប្រទេស​ឥណ្ឌា។

ការ​តាក់​តែង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់​គ្រង​​សេវា​ពពោះ​កូន​ជំនួស​នេះ​ ​ធ្វើ​ឡើង​ក្រោយ​ពី​អាជ្ញាធរ​បាន​ចាប់​ខ្លួន​ស្ត្រី​ជន​ជាតិ​អូស្ត្រាលី​ម្នាក់​ ​និង​ពលរដ្ឋ​ខ្មែរ​២​នាក់​កាលពី​ឆ្នាំ​២០១៦​ ​ដោយ​ចោទ​ពីបទ​ ​«ធ្វើ​ជាអន្តរការី​រវាង​អ្នក​សុំ​ ​ហើយ​និង​ស្ត្រី​ពពោះ​ ​និង​សុំ​ឲ្យ​ផ្ដល់​ឯកសារ​ដោយ​ទុច្ចរិត»​ ​ក្រោយ​ពួក​គេ​បាន​ផ្ដល់​សេវា​នេះ។​ ​

សេចក្ដី​ព្រាង​ច្បាប់​ពាក់ព័ន្ធ​នឹង​ការ​គ្រប់​គ្រងសេវា​ពពោះជំនួស​ ​ដែល​រដ្ឋា​ភិបាលចាប់​ផ្តើម​ពិគ្រោះ​កាល​ពី​ដើម​ឆ្នាំ​២០១៧​ ​ត្រូវ​បាន​ពន្យារ​ពេល​ដាក់​ឆ្លង​ទៅ​គណៈ​រដ្ឋមន្រ្តី​ ​ដើម្បី​សិក្សា​ឲ្យ​កាន់​តែ​លម្អិត​បន្ថែម​ទៀត។​ ​នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​មហា​ផ្ទៃ។​

រូបឯកសារ៖ អ្នកស្រី​ ជូ ប៊ុនអេង រដ្ឋ​លេខាធិការ​ក្រសួង​មហា​ផ្ទៃ​ និង​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​ និង​ផ្លូវ​ភេទ​លើ​ស្ត្រី​ និង​កុមារ​។
រូបឯកសារ៖ អ្នកស្រី​ ជូ ប៊ុនអេង រដ្ឋ​លេខាធិការ​ក្រសួង​មហា​ផ្ទៃ​ និង​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស​ និង​ផ្លូវ​ភេទ​លើ​ស្ត្រី​ និង​កុមារ​។

​អ្នកស្រី​ ​ជូ ប៊ុនអេង​ ​រដ្ឋ​លេខា​ធិការ​ក្រសួង​មហាផ្ទៃ​ ​និង​ជាអនុ​ប្រធាន​អ​ចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​បង្ក្រាប​ការជួញដូរ​មនុស្ស​ ​និង​ផ្លូវ​ភេទ​លើស្ត្រី និង​កុមារ​ ​ថ្លែង​បែប​នេះ​ ​ក្រោយ​បញ្ចប់​ពិធី​ផ្សព្វផ្សាយ​របាយការណ៍​ឆ្នាំ​២០១៧​ ​និង​លើក​ទិសដៅ​ឆ្នាំ​២០១៨​ ​របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ ​នៅ​ថ្ងៃ​ទី២២​ ​ខែ​ឧសភា​ ​ឆ្នាំ​២០១៨។​

អ្នកស្រី​ ​ជូ ប៊ុនអេង​ ​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​ ​ការ​សម្រេច​ពន្យារ​ការ​អនុម័ត​ច្បាប់​ពាក់​ព័ន្ធ​នឹង​ការ​គ្រប់​គ្រងសេវា​ពរពោះ​ជំនួស​នេះ​ ​ធ្វើ​ឡើង​ដោយ​សារ​មាន​បញ្ហា​មិន​ច្បាស់លាស់​ជា​ច្រើន​ពាក់​ព័ន្ធ​ច្បាប់​របស់​កម្ពុជា​មួយ​ចំនួន​ដែល​កំពុង​នៅ​ជាធរ​មាន ពាក់​ព័ន្ធ​នឹង​ការ​ពរពោះ​ ​សញ្ជាតិ​ ​ការ​នាំ​ក្មេង​ចេញ​ទៅ​ក្រៅ​ប្រទេស​ ​ព្រម​ទាំង​ភាពទុច្ចរិត​នៃ​ការជួញដូរ​មនុស្ស​ជា​ដើម។​ ​ទោះយ៉ាងណា​ ​អ្នក​ស្រី​មិន​បាន​បញ្ជាក់​ថា​ ​ការ​ពន្យារ​ពេល​អនុម័ត​ច្បាប់​នេះ​ ​នឹង​ត្រូវ​ធ្វើ​ឡើង​រហូត​ដល់​ពេល​ណា​នោះ​ទេ។​

អ្នក​ស្រី​បញ្ជា​ក់ថា៖​

«យើង​ត្រូវ​ការ​សិក្សា​ឲ្យ​បាន​ល្អ​ ​ពី​ព្រោះ​នេះ​គឺជា​លើក​ទី១​ ​ដែល​ពាក់​ព័ន្ធ​ដល់​កម្ពុជា​ ​អញ្ចឹង​យើង​គួរ​រៀន​សូត្រពី​ប្រទេស​ទាំង​ឡាយ​ដែល​គេ​បាន​និង​កំពុង​តែ​ធ្វើ​នៅ​ក្នុង​ពិភព​លោក។​ ​ពី​ព្រោះ​ច្បាប់​តែ​កាល​ណា​ដាក់​ចេញ​ទៅ​ហើយ​ ​យើង​ពិបាក​ត្រឡប់​ក្រោយ​ណាស់​ ​អញ្ចឹង​ហើយ​បាន​ជា​សម្តេច​ ​[ស ខេង]​ ​លោក​សំណូមពរ​ថា​សូម​ឲ្យ​ពន្យារការ​ដាក់​ទៅ​គណៈ​រដ្ឋ​មន្រ្តី​ ​និង​សភា​ ​ដើម្បី​ពិនិត្យ​ឲ្យ​អស់ គ្រប់​ជ្រុងជ្រោយ​ ​ជៀសវាង​យើង​ធ្វើ​ទៅ​ហើយ​យើង​ពិបាក​ត្រឡប់​ក្រោយ​វិញ»។​

ការ​តាក់​តែង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​គ្រប់​គ្រងសេវា​ពពោះ​កូន​ជំនួស​នេះ​ ​ធ្វើ​ឡើង​ក្រោយ​ពី​អាជ្ញាធរ​បាន​ចាប់​ខ្លួន​ស្ត្រី​ជន​ជាតិ​អូស្ត្រាលី​ម្នាក់​ ​និង​ពលរដ្ឋ​ខ្មែរ​២​នាក់​កាលពី​ឆ្នាំ​២០១៦​ ​ដោយ​ចោទ​ពីបទ​ ​«ធ្វើ​ជាអន្តរការី​រវាង​អ្នក​សុំ​ ​ហើយ​និង​ស្ត្រី​ពពោះ​ ​និង​សុំ​ឲ្យ​ផ្ដល់​ឯកសារ​ដោយ​ទុច្ចរិត»​ ​ក្រោយ​ពួក​គេ​បាន​ផ្ដល់​សេវា​នេះ។​ ​សាលា​ដំបូង​រាជធានី​ភ្នំពេញកាលពី​ដើម​ខែ​សីហា​ ​ឆ្នាំ​២០១៧​ ​បាន​សម្រេច​ឲ្យ​អ្នក​ទាំង​បី​ជាប់​ពន្ធនាគារ​១៨ខែ​ ​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ជួលស្រ្តី​ខ្មែរ​ឲ្យ​ពពោះ​ជំនួស​នេះ ខណៈ​ដែល​ច្បាប់​ពាក់​ព័ន្ធ​នឹង​ការ​ពពោះ​ជំនួស​នៅ​មិន​ទាន់​កើត​មាន​នៅ​ឡើយ។​

យ៉ាង​ណា​ក៏​ដោយ​ ​រហូត​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ការ​បញ្ជា​ក់ជា​ផ្លូវ​ការ​ណាមួយ​ដែល​ថា​ ​សេច​ក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រងសេវា​កម្ម​ពរពោះ​ជំនួស​ ​នឹង​ផ្ដល់​ភាពស្រប​ច្បាប់​ដល់​សេវា​នេះ​នៅ​កម្ពុជា ឬ​យ៉ាង​ណា​នោះ​ទេ។​

រូបឯកសារ៖ កញ្ញា សេង រាសី មន្ត្រីអង្គការសីលការ មានវត្តមានផ្ដល់កិច្ចសម្ភាស នៅការិយាល័យ VOA ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨។ (ទែន សុខស្រីនិត/VOA)
រូបឯកសារ៖ កញ្ញា សេង រាសី មន្ត្រីអង្គការសីលការ មានវត្តមានផ្ដល់កិច្ចសម្ភាស នៅការិយាល័យ VOA ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៨។ (ទែន សុខស្រីនិត/VOA)

កញ្ញា​ ​សេង រាសី​ ​អ្នក​សម្រប​សម្រួល​កម្មវិធី​សមភាព​យេនឌ័រ​ក្នុង​វិស័យ​នយោបាយ​នៃ​អង្គការ​សីលកា​ ​ប្រាប់​ ​VOA​ ​នារសៀល​ថ្ងៃ​អង្គារ​នេះ​ថា​ ​កញ្ញា​គាំទ្រ​ចំពោះ​ការ​សម្រេច​បង្កើន​ការ​សិក្សា​ ​និង​ស្រាវជ្រាវ​បន្ថែម​ពាក់​ព័ន្ធ​នឹង​ការបង្កើត​ច្បាប់​ស្តីពី​ការ​គ្រប់​គ្រង​ការ​ពពោះ​ជំនួស​ ​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ។​ ​កញ្ញា​បន្ថែម​ថា​ ​ការ​ពពោះ​ជំនួស​ ​គឺ​ជា​អាជីវកម្ម​មួយ​ដែល​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សិទ្ធិ​មនុស្ស​ ​ជា​ពិសេស​ស្រ្តី​ដែល​ជា​អ្នក​ពរពោះ​ជំនួស​ ​ដូច្នេះ​កញ្ញា​ថា​ ​រដ្ឋាភិបាល​គួរ​ជំរុញ​ធ្វើ​យ៉ាង​ណា​ឲ្យ​ច្បាប់​នេះ​ត្រូវ​បាន​ចេញ​យក​ទៅ​អនុ​វត្ត​ឲ្យ​បាន​ឆាប់។​

កញ្ញា​ ​សេង រាសី​ ​បញ្ជាក់​ថា៖​

​«គោល​គំនិត​របស់​ក្រសួង​តែ​ម្តង​ ​ជា​ពិសេស​ក្រសួង​យុត្តិធម៌​ ​ក៏​ដូចជា​ក្រសួង​កិច្ចការ​នារី​ ​ថាតើ​លោក​បង្កើត​ច្បាប់​មួយ​ហ្នឹង​គឺ​ដើម្បី​ហាមប្រាម​កុំ​ឲ្យ​មាន​អាជីវកម្ម​ហ្នឹង​តែ​ម្តង​ ​ឬ​មួយ​ក៏​បង្កើត​មក​ដើម្បី​គ្រប់​គ្រង​លើ​អាជីវកម្ម​មួយ​ហ្នឹង?​ ​បើ​ទោះ​បីជា​ករណីណាមួយ​ចេញ​មក​ក៏​ដោយ​ ​ខ្ញុំ​បញ្ជា​ក់​ហើយ​បញ្ជា​ក់​ទៀត​ថា​ ​ច្បាប់​នេះ​ត្រូវ​តែ​យុត្តិធម៌​សម្រាប់​ទាំង​អស់​គ្នា​ ​ហើយ​ឈរលើ​គោល​ការណ៍​សិទ្ធិ​មនុស្ស​ជា​ចម្បង​ ​ហើយ​ស្រប​តាម​គោល​ការណ៍​រដ្ឋធម្មនុញ្ញ​របស់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា»។​

ចាប់​ពីឆ្នាំ​២០១៥​មក​ ​កម្ពុជា​បាន​ក្លាយ​ជា​គោល​ដៅ​ដ៏​ពេញ​និយម​មួយ​សម្រាប់​ឪពុក​ម្តាយ​ ​ដែល​មាន​បំណង​ស្វែងរក​ឲ្យ​មាន​ការ​ស៊ី​ឈ្នួល​ពពោះ​ជំនួស​ ​បន្ទាប់ពី​សេវា​កម្ម​នេះ​ត្រូវ​បាន​ហាមប្រាម​ក្នុង​ប្រទេស​ថៃ​ ​ឥណ្ឌា​ ​និង​នេប៉ាល់។​

បើ​តាម​របាយការណ៍​ឆ្នាំ​២០១៧​ ​និង​លើក​ទិសដៅ​ឆ្នាំ​២០១៨​ ​របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ ​បាន​បង្ហាញ​ថា​ ​បទ​ល្មើស​ជួញ​ដូរ​មនុស្ស​ ​និង​អាជីវកម្ម​ផ្លូវ​ភេទ​ក្នុង​ឆ្នាំ​២០១៧​ ​មាន​ការ​កើន​ឡើង​បើ​ធៀប​នឹង​ឆ្នាំ​២០១៦​ ​ដោយ​សារ​មាន​បញ្ហា​ប្រឈម​ ​និង​ខ្វះខាត​មួយ​ចំនួន​ដូចជា​ ​ឧក្រិដ្ឋជន​មាន​ល្បិចកល​ខ្ពស់​ ​ការ​ត្រួត​ពិនិត្យ​ ​និង​គ្រប់​គ្រង​ពលករ​ចំណាក​ស្រុក​តាម​ព្រំដែន​មិន​ទាន់​បាន​ល្អ​ ​មន្រ្តី​មួយ​ចំនួន​នៅ​ខ្វះខាតសមត្ថភាព​ជា​ដើម៕

XS
SM
MD
LG