ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជា្ញធរ​កម្ពុជា​រុញ​ដាក់​គ្នារឿង​របាយការណ៍​ទាហាន​វៀតណាម​សង់​សំណង់​រឹងមាំ​នៅ​ព្រំដែន​ខេត្ត​កណ្តាល


រូបឯកសារ៖ សកម្មភាពនគរបាលខេត្តកណ្តាល ត្រួតពិនិត្យតំបន់ព្រំដែនដែលយោធាវៀតណាមបានបោះតង់នៅលើតំបន់ដែលមិនទាន់មានភាពឯកភាពគ្នា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០។ (រូបថតដោយស្នងការដ្ឋាននគរបាលខេត្តកណ្តាល)

អាជ្ញាធរ​កម្ពុជា ​រួម​មាន​មន្រ្តី​កិច្ច​ការ​ព្រំដែន​និង​អភិបាល​ខេត្តកណ្តាល​ បាន​រុញ​ឲ្យ​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ក រណី​របាយ​ការណ៍​ដែល​ថា ទាហាន​វៀតណាម​សង់​សំណង់រឹង​មាំ​នៅ​ចម្ងាយ​ប្រមាណ ​១២០​ម៉ែត្រ​ ពី​ទីតាំង​ដែល​កម្ពុជា​កំពុង​ឈរ​ជើង។​

ភាព​ចម្រូង​ចម្រាស​នេះ​កើត​ឡើង ​ក្រោយស្នងការ​ប៉ូលិស​ខេត្ត​កណ្តាល លោក ឈឿង សុចិត្ត បាន​សរសេរ​របាយ​ការណ៍មួយ ចុះ​ថ្ងៃ​ទី​២៦ ខែសីហា ដាក់​ទៅ​អភិបាល​ខេត្ត​កណ្តាល។

លោក​បាន​រាយការណ៍​ថា កាលពី​ថ្ងៃ​២៥​ ខែ​សីហា​ កម្លាំង​នគរបាល​និង​យោធា​ការពារ​ព្រំដែន​កម្ពុជា​ចំនួន​ ១៥​នាក់ និង​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្អម​សំណ បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំងបោះ​តង់​ចាស់​របស់​យោធា​ការពារ​ព្រំដែន​វៀតណាម ​ក្នុង​ខេត្ត​អានយ៉ាង ​ដែល​នៅ​ទល់​នឹង​ភូមិ​ក្អមសំណ​ក្រោម​ឃុំ​ក្អម​សំណ​ ស្រុក​លើក​ដែក​ខេត្ត​កណ្តាល។ ពេល​នោះ ​អាជ្ញាធរ​ខ្មែរ​បាន​ជួប​ភាគី​វៀត​ណាម​កំពុង​សាងសង់​តង់​ថ្មី​ ដែល​ជា​ជម្រក​រឹងមាំ​សាង​សង់​ «អំពី​ឈើ​សសរ​ថ្ម​ កម្ពស់​ ៣ម៉ែត្រ ​បណ្តោយ​ ៥ម៉ែត្រ​ ទទឹង​ ៤​ម៉ែត្រ​ ដំបូល​ប្រក់​ស័ង្កសី​ ដោយ​ឃ្លាត​ពី​ខ្សែ​បន្ទាត់​ព្រំដែន​ដែល​កម្ពុជា​គ្រប់​គ្រង​បច្ចុប្បន្ន​ប្រមាណ ​១២០​ម៉ែត្រ។ ​

លោក​ ឈឿង សុចិត្ត ​បន្ត​ថា ​កម្លាំងកម្ពុជា​បាន​ទាម​ទារ​ឲ្យ​ភាគី​វៀតណាម​បញ្ឈប់​សកម្ម​ភាព​សាងសង់​តង់​ថ្មី។ ​ប៉ុន្តែ​ភាគី​វៀតណាម​បញ្ជាក់​ថា​ គេ​ធ្វើ​តាម​បញ្ជា​ថា្នក់​លើ​របស់​គេ​ ហើយ​ថ្នាក់​លើ​របស់​គេ​មាន​«គម្រោង​សាង​សង់​តង់​ថ្មី​ (ជា​ជម្រក​រឹងមាំ) ​ចំនួន ​៤​គោល​ដៅ​នៃ ​១០​គោល​ដៅ​ចាស់​ដែល​មាន​ស្រាប់»។​

នៅ​ថ្ងៃ​បន្ទាប់​ទៀត ​គឺ​ថ្ងៃទី​២៦ ​ខែ​សីហា​អភិបាល​ស្រុក​លើក​ដែក ​និង​កម្លាំង​ពាក់​ព័ន្ធ​បាន​ទៅ​ស្នើឲ្យ​ភាគី​វៀតណាម​បញ្ឈប់​ការ​សាងសង់​ជាបន្ទាន់​ នៅ​ចំណុច​ដដែល​នោះ ​ប៉ុន្តែ​ភាគីវៀតណាម​មិន​ព្រមបញ្ឈប់​ការ​សាង​សង់​នោះ​ឡើយ។​ នេះ​បើ​តាម​លិខិត​របស់​ស្នង​ការ​ខេត្ត​កណ្តាល។​

ស្នងការ​នគរបាលខេត្ត​កណ្តាល​លោក​ ឈឿង សុចិត្ត​ ដែល​ជា​អ្នក​ធ្វើ​របាយ​ការណ៍​នេះ​បាន​បដិសេធ​មិនអត្ថាធិប្បាយ ​ដោយ​រុញ​ទៅអភិបាល​ខេត្ត​កណ្តាល។​

ចំណែក​លោក​ គង់ សោភ័ណ្ឌ​ អភិបាល​ខេត្ត​កណ្តាល​ បាន​បដិសេធ​មិន​អត្ថាធិប្បាយ​លើ​ករណី​នេះ​ ដោយ​រុញ​ទៅ​គណៈ​កម្មាធិការ​ចម្រុះ​កិច្ច​ការ​ព្រំដែន។​

លោក​មាន​ប្រសាសន៍​ថា៖​ «យើង​កំពុង​តែ​ពិនិត្យ​ព័ត៌មាន​សព្វ​បែប​យ៉ាង។​ ឥឡូវ​ហ្នឹង​មាន​តែ​គណៈ​កម្មាធិការ​ចម្រុះ​ព្រំដែន​ទេ ​ដែល​អាច​មាន​បច្ចេក​ទេស​គ្រប់​គ្រាន់​ក្នុង​ការ​ឆ្លើយ​ជូន»។​

លោក ​វ៉ា គឹមហុង ​ប្រធាន​គណៈ​កម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា​បាន​ប្រាប់​ VOA​ នៅថ្ងៃ​ព្រហស្បតិ៍​និង​នៅ​ថ្ងៃ​សុក្រ​នេះ​ដូច​គ្នា​ថា លោក​មិន​ទាន់​បាន​ទទួល​របាយ​ការណ៍​នេះ​ទេ​ ហើយ​លោក​រុញ​ឲ្យ​សួរ​ទៅ​អភិបាល​ខេត្ត​កណ្តាល​វិញ។​

លោក​មាន​ប្រសាសន៍​ថា៖​ «ខ្ញុំអត់​ទាន់​ទទួល​របាយ​ការណ៍​ហ្នឹង​ទេ​ណា៎​ ដូច្នេះ​ខ្ញុំអត់​មាន​មតិ​អី​ទេ។ ​អូន​ឯង​ទៅ​សួរ​ខេត្ត​កណ្តាល ​ដែល​គេ​ចេញ​របាយ​ការណ៍​ហ្នឹង»។​

នៅ​ពេល​សួរ​ថា​ តើ​គណៈ​កម្មាធិការ​នឹង​សួរ​នាំ​រដ្ឋបាល​ខេត្ត​កណ្តាលអំពី​របាយ​ការណ៍​នេះ​ បើ​ទោះ​ជាមិន​ទាន់​ទទួល​របាយ​ការណ៍​លោក​ វ៉ា គឹមហុង​ មាន​ប្រសាសន៍​ថា៖​ «ឥឡូវ​ប្អូន​ឯង​ទៅ​សួរ​ប៉ូលិស​ទៅ​ក្រែង​ប្អូន​ឯង​ចង់​ដឹង! ​ខ្ញុំ​មិន​មែន​អ្នក​កាសែត​ឯណា»។​

បើ​តាម​លោក ​វ៉ា គឹមហុង ​សម្រាប់​ទំនាក់​ទំនង​រវាង​ប្រទេស​និង​ប្រទេស​ជា​ធម្មតា​ ត្រូវមាន​ការ​ជូន​ដំណឹង​គ្នា​ទៅ​វិញ​ទៅ​មក អំពី​ការ​ស្ថាបនា​សំណង់​អ្វី​មួយនៅ​តាម​ព្រំដែន។ ​ប៉ុន្តែលោក​ថា ​មិន​មាន​ការ​ចែង​ជា​ច្បាប់​ទម្លាប់​អ្វី​ទេ។​

ក្នុង​កិច្ច​ពិភាក្សា​តុ​មូល​មួយ​ស្តីពី​ «តើ​កម្ពុជា​ត្រៀម​ខ្លួន​យ៉ាង​ដូច​ម្តេច​សម្រាប់​ថ្ងៃ​នេះនិង​ថ្ងៃ​ស្អែក»​ លោក​ សុខ ទូច ​ប្រធាន​រាជ​បណ្ឌិត្យ​សភា​កម្ពុជា ​ដែល​ចុះ​ស្រាវ​ជ្រាវ​ខ្សែ​បន្ទាត់​ព្រំដែន​ មាន​ប្រសាសន៍​ថា កម្ពុជា​ត្រូវ​ធ្វើ​កំណត់​ទូត​ទៅ​វៀត​ណាម​ ប្រសិន​បើ​មាន​ការ​សាង​សង់​នៅ​ជិត​កន្លែង​កម្ពុជា​ឈរ​ជើង​ ដែល​លោក​ថា ​ប្រទេស​ទាំង​ពីរ​មាន​កិច្ច​ព្រម​ព្រៀង​ជា​ការ​ជូន​ដំណឹង​គ្នា​ទៅ​វិញ​ទៅ​មក។​

លោក​មាន​ប្រសាសន៍​ថា៖ ​«​អ៊ីចឹង​កម្ពុជា​ត្រូវ​ធ្វើ​កំណត់​ទូត​ទៅ​វៀតណាមថា តើ​វៀតណាមបាន​គោរព​ (ការ​ព្រម​ព្រៀង​) ​ទោះ​បី​បាន​ធ្វើ​នឹង​ដី​របស់​អ្នក​ឯង​ក៏​ដោយ​ ប៉ុន្តែ​យើង​មាន​កិច្ច​ព្រម​ព្រៀង​ជាមួយ​នឹង​គ្នា។ [យើង]​ ត្រូវ​តែ​ធ្វើ​កំណត់​ទូត​ទៅ​ប្រទេស​វៀតណាម។ ​ទីពីរ ​បើ​មិន​ស្តាប់​កម្ពុជា​អង្វរ​ម្តង​ទៀត។​ ទីបី កម្ពុជា​អាច​ធ្វើ​ ១២០​ម៉ែត្រ​ ទល់​នឹង​ប៉ុស្តិ៍​ហ្នឹង​វិញ។​ ប៉ុស្តិ៍​ប៉ុណ្ណឹង​ថ្លៃ​ប៉ុន្មាន?»​

ប៉ុន្តែ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​លោក ​កុយ គួង ​ប្រាប់​ VOA ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា​ ក្រសួង​រង់ចាំ​របាយ​ការណ៍​ផ្លូវ​ការ​ពី​រដ្ឋបាល​ខេត្ត​កណ្តាល ​និង​គណៈ​កម្មាធិការ​កិច្ច​ការ​ព្រំដែន​សិន។​

លោក ​អ៊ុំ​ សំអាន​ អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្រ្គោះ​ជាតិ ​ដែល​ត្រូវបាន​រំលាយ​ដោយ​តុលាការ​កំពូល ​មាន​ប្រសាសន៍​ថា នេះ​ជា​ការ​រុញ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ ដោយ​ពុំ​មាន​ការ​ទទួល​ខុសត្រូវ។​

លោក ​អ៊ុំ សំអាន​ ដែល​កំពុង​ស្នាក់​នៅ​ក្រៅ​ប្រទេស​មាន​ប្រសាសន៍​ថា៖​ «នេះ​ជា​ការ​មិន​ទទួល​ខុស​ត្រូវ​របស់​អាជ្ញា​ធរ​ដែន​ដី​និង​គណៈ​កម្មាធិការ​ព្រំដែន ​ដែល​រុញ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ​អត់​ទទួល​ខុសត្រូវ​រឿង​ហ្នឹង។​ តាម​ពិត ​គាត់​(គណៈ​កម្មាធិការ​កិច្ចការ​ព្រំដែន)​ត្រូវ​ចុះ​ទៅ​មើល ​ចុះ​ទៅ​ដល់​កន្លែង​យួន​បោះ​តង់​ហ្នឹង​ តើ​វា​ចូល​ដី​ខ្មែរ​ឬ​ក៏​អត់​ ព្រោះ​អាជ្ញាធរ​ដែន​ដី​គាត់​អត់​ដឹង​ច្បាស់​ថា ​ព្រំដែន​យើង​នៅ​កន្លែង​ណា​ទេ»។​

អតីត​តំណាង​រាស្ត្រ​ដែល​ធ្លាប់​ជាប់​ពន្ធនាគារ​ កាលពី​ឆ្នាំ​២០១៦ ​ពាក់ព័ន្ធ​នឹង​ការ​អធិប្បាយ​បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម​នោះ ​អះអាង​ថា ជា​យុទ្ធ​សាស្ត្រ​កន្លង​មក ​គឺ​នៅ​ពេល​វៀតណាម​ចង់​វាត​ទី​ដី​កម្ពុជា​នៅ​តំបន់​ណាមួយ​ វៀតណាម​ចង់​ចូល​ទៅ​កាន់​កាប់​តំបន់​នោះ​ឲ្យ​បាន​សិន​ រួច​ចរចា​តាម​ក្រោយ។​ លោក​ថា ​កម្ពុជា​តែង​តែ​ចាញ់​ប្រៀប​ការ​ចរចា​ជាមួយ​ភាគី​វៀតណាម។​

លោក​បន្ថែម​ថា៖​ «នៅ​ពេល​ដែល​គេ​ចរចា​កំណត់​ព្រំដែន​យួន​តែង​តែទាមទារ​ថា ​អាហ្នឹង​ដី​របស់​គេ។​ឲ្យ​តែ​គេ​បោះ​តង់​កន្លែង​ណា​ ដី​ដែល​ទាហាន​គេ​ឈរ​ជើង​កន្លែង​ណា គេ​ទាមទារ​កំណត់​ព្រំដែនកន្លែង​ហ្នឹង។ ​ដូច្នេះ​អាហ្នឹង​ជា​យុទ្ធសាស្រ្ត​របស់​យួន​ ដើម្បី​ឈ្លាន​ពាន​ទឹក​ដី​កម្ពុជា​យើង​ទេ»។​

វីអូអេ​មិនទាន់​អាច​សុំការ​អធិប្បាយ​ពី​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា តាម​រយៈ​អ៊ីម៉ែល​បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​សុក្រ​នេះ។​

កាល​ពី​ខែ​ឧសភា​ ​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​ជំទាស់​និង​បានទាមទារ​ឲ្យ​ភាគី​វៀតណាម​រុះរើ​ការ​បោះ​តង់​ចំនួន ​៣១​កន្លែង​ នៅ​តាម​តំបន់​ព្រំដែន​ហើយ​រក្សា​តំបន់​ ដែល​មិន​ទាន់​មាន​ការ​ឯក​ភាព​គ្នា​ឲ្យ​នៅ​ស្ថានភាព​ដដែល។​ ក្រសួង​ការ​បរទេស​កម្ពុជា​ក៏​ធ្លាប់​បាន​កោះ​ហៅ​ឯក​អគ្គ​រដ្ឋទូត​វៀតណាម​ប្រចាំ​កម្ពុជា​ឲ្យ​មក​បំភ្លឺ​អំពី​ករណី​វៀតណាម​បោះ​តង់​ ៣១​កន្លែង​នោះ​ដែរ។​ ប៉ុន្តែ​ រហូត​មក​ទល់​ពេលនេះ​គេ​មិន​ទាន់​ដឹង​ថា​ ភាគី​វៀតណាម​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​នោះ​ទេ។​

គណៈ​កម្មាធិការ​ចម្រុះ​កិច្ច​ការ​ព្រំដែន​របស់​រដ្ឋាភិបាល​កម្ពុជា​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​កម្ពុជា ​និង​វៀតណាម​បាន​សម្រេច​បោះ​បង្គោល​ព្រំដែន​និង​ខណ្ឌ​សីមា​បាន ​៨៤​ភាគ​រយ ហើយ​គណៈ​កម្មាធិការ​នេះ​អះអាង​ថា​ មិន​ធ្វើ​ឲ្យ​ជាតិ​និង​ប្រជា​ជន​ខាត​បង់ទឹក​ដី​ឡើយ៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG