ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​សង្កេតការណ៍​និយាយ​ថា​រដ្ឋាភិបាល​កម្ពុជា បន្តឹង​ការ​ក្ដាប់​អំណាច​នៅ​ឆ្នាំ​២០១៩


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្រុម​អ្នក​សង្កេតការណ៍​និយាយ​ថា​នៅ​ឆ្នាំ​២០១៩​នេះ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ លោក ហ៊ុន សែន បាន​ពង្រឹង​អំណាច​របស់​លោក ដោយ​ការ​ផ្ដោត​លើការ​គំរាមកំហែង​បក្ស​ប្រឆាំង និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​តិចតួច​ដល់​សិទ្ធិមនុស្ស ក្រោយ​ពី​ការ​គំរាម​របស់​សហភាព​អឺរ៉ុប ក្នុង​ការ​ដក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម «‍សព្វ​មុខ​ទំនិញ​លើកលែង​សព្វាវុធ» Everything But Arms ឬ​ហៅ​កាត់​ថា EBA ដែល​អនុញ្ញាត​ឱ្យ​កម្ពុជា​នាំ​ទំនិញ​សព្វសារពើ​លើកលែង​តែ​កាំភ្លើង​និង​អាវុធយុទ្ធភណ្ឌ​ ចូល​ក្នុង​ទី​ផ្សារ​អឺរ៉ុប។

លោក​ Phil Robertson នាយក​រង​អង្គការ​ Human Rights Watch ប្រចាំ​តំបន់​អាស៊ី បាន​មាន​ប្រសាសន៍​ថា​៖ «‍យើង​មើលឃើញ​កម្ពុជា​ពិតប្រាកដ និង​រដ្ឋាភិបាល​កម្ពុជា​ពិត​ប្រាកដ ដែល​រំលោភ​សិទ្ធិមនុស្ស ពុករលួយ​និង​គ្មាន​លក្ខណៈ​ប្រជាធិបតេយ្យ»។​

លោក​បន្ត​ថា៖ «‍ស្ថានការណ៍​នេះ គ្មាន​អ្វី​ប្រែប្រួល​ទាល់​តែ​សោះ ទាំង​ទម្រង់ សណ្ឋាន និង​របៀប​គឺ​នៅ​ដដែល​ក្នុង​ពេល​មួយ​ឆ្នាំ​មក​នេះ»។

មេដឹកនាំ​ស្ដីទី​នៃ​បក្ស​ប្រឆាំង​ ដែល​កំពុង​និរទេស​ខ្លួន គឺ​លោក សម រង្ស៊ី ដំបូង​ឡើយ​បាន​ប្រកាស​កាល​ពី​ដើម​ឆ្នាំ​២០១៩​ថា​លោក​នឹង​វិល​ត្រឡប់​ចូល​កម្ពុជា​វិញ​ ប៉ុន្តែ​ក្រោយ​មក គឺ​នៅ​ខែ​សីហា លោក​បាន​បញ្ជាក់​ថា លោក​នឹង​វិលត្រឡប់​នៅ​ថ្ងៃ​ទី​៩​ខែ​វិច្ឆិកា ដែល​ត្រូវ​ជា​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​របស់​កម្ពុជា។

រដ្ឋាភិបាល ក៏​បាន​ឆ្លើយតប​ដោយ​ការ​បង្ក្រាប​ភ្លាមៗ​ទៅលើ​សកម្មជន​បក្ស​ប្រឆាំង ដោយ​បាន​ចាប់ខ្លួន​មនុស្ស​ជាច្រើន​នាក់ ដោយ​ចោទប្រកាន់​ពួកគេ​ពី​បទ​ «‍សមគំនិត ផ្ដួល​រំលំ​រដ្ឋាភិបាល»។

លោក​ Phil Robertson និយាយ​ថា ការណ៍​នេះ គឺ​ជា​សូចនាករ​ដ៏​សំខាន់​មួយ​ដែល​បង្ហាញ​ថា​គណបក្ស​កាន់អំណាច បាន​ពង្រឹង​អំណាច​របស់​ខ្លួន​ក្នុង​អំឡុង​ឆ្នាំ​២០១៩​នេះ។

លោក​ថ្លែង​ថា៖ «‍ការ​ផ្លាស់ប្ដូរ​ធំ​បំផុត​គឺ​ការ​ចាប់ខ្លួន​មនុស្ស​កាន់តែ​ច្រើន​ជាង​មុខ​ឆ្ងាយ និង​ការ​ឃុំ​ខ្លួន​អ្នក​ទោស​នយោបាយ​មុន​ពេល​កាត់​ទោស និង​បញ្ជូន​ពួកគេ​ចូល​គុក ដោយ​សារ​តែ​ពួកគេ​បាន​អនុវត្ត​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​របស់​ខ្លួន»៕

XS
SM
MD
LG