ក្រសួងការបរទេសសហរដ្ឋអាមេរិកបានបង្ហាញនៅក្នុងរបាយការណ៍ជាលើកដំបូងបង្អស់មួយរបស់ខ្លួនអំពីកិច្ចប្រឹងប្រែងកើនឡើងរបស់រដ្ឋាភិបាលចិន នៅក្នុងការកែប្រែឡើងវិញនូវការយល់ដឹងរបស់ពិភពលោកអំពីប្រទេសចិន ដោយចំណាយអស់ទឹកប្រាក់រាប់ពាន់លានដុល្លារ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
កិច្ចប្រឹងប្រែងនេះរួមមានដូចជា ការទិញខ្លឹមសាររឿងនានា ការបង្កើតទំព័របណ្ដាញសង្គមអនឡាញក្លែងក្លាយដើម្បីចែកផ្សាយសាររបស់រដ្ឋាភិបាលចិន និងការប្រើការគាបសង្កត់ដើម្បីលុបចោលទំព័របណ្ដាញសង្គមអនឡាញណា ដែលខ្លួនមិនពេញចិត្តជាដើម។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានព្រមានថា យុទ្ធនាការព័ត៌មានសាកលរបស់រដ្ឋាភិបាលចិននៅទីបំផុតអាចធ្វើឱ្យប្រែប្រួលដល់ការសម្រេចចិត្តនានានៅលើពិភពលោកនិងបំផ្លាញដល់ផលប្រយោជន៍របស់សហរដ្ឋអាមេរិក។
រដ្ឋាភិបាលចិនបានរិះគន់លើរបាយការណ៍នេះ ដោយហៅរបាយការណ៍នេះថា «ជារបាយការណ៍ព័ត៌មានប្រឌិតដោយសារតែវាបង្ហាញខុសពីការពិតនិងសច្ចភាព»។ អ្នកនាំពាក្យស្ថានទូតចិនប្រចាំរដ្ឋធានីវ៉ាស៊ីនតោនបាននិយាយថា របាយការណ៍នេះ «គឺគ្រាន់តែជាឧបករណ៍មួយទៀតតែប៉ុណ្ណោះដើម្បីធ្វើឱ្យចិនចុះខ្សោយនិងទ្រទ្រង់អនុត្តរភាពរបស់សហរដ្ឋអាមេរិក»៕